និស្សិតជាច្រើននាក់នៅខេត្តសៀមរាប ប្រតិកម្មនឹងសាកលវិទ្យាល័យមួយដែលពួកគាត់រៀនបានយកឈ្មោះនិស្សិតទាំងអស់ ទៅគាំទ្រគម្រោងអភិវឌ្ឍន៍ខេត្តរួមគ្នា ជាមួយប្រទេសវៀតណាម និងឡាវ (CLV) ដែលពួកគាត់មិនពេញចិត្ត។
ក្រុមនិស្សិតទាំងនោះទាមទារឱ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យមួយនេះសុំទោសនិស្សិតជាសាធារណៈ និងដកឈ្មោះពួកគាត់ចេញពីញត្តិគាំទ្រគម្រោងអភិវឌ្ឍន៍ ដែលបង្កឱ្យប៉ះពាល់ដល់បូរណភាពទឹកដី។
និស្សិតរាប់រយនាក់(២០០ )ភាគច្រើនកំពុងសិក្សានៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia) ក្នុងខេត្តសៀមរាបបង្ហាញទស្សនទានក្នុងខ្ទង់បញ្ចេញមតិឬខាំមិន (Coment) ក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់សាលាមួយនេះផ្សេងៗគ្នា។
ពួកគាត់ទើសចិត្ត នឹងញត្តិគាំទ្រអភិវឌ្ឍន៍ខេត្តរួមគ្នា ជាមួយប្រទេសវៀតណាម និងឡាវ (CLV)ថា ជាភាពអាត្មានិយមមួយ ដោយមិនខ្វល់ពីជោគវាសនាជាតិ ខណៈដែលពលរដ្ឋមួយនគរកំពុងព្រួយបារម្ភខ្លាចបាត់បង់ទឹកដីបន្ថែមទៀត។
ក្រុមនិស្សិតទាំងនោះ បានចាត់ទុកទង្វើរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យមួយនេះបានយកកិត្តិយស របស់ពួកគាត់ទៅញ៉ាំញីក្នុងរឿងនយោបាយមិនត្រឹមត្រូវ ដើម្បីយកមុខមាត់ផ្គាប់ចិត្តអ្នកនយោបាយព្រោះតែផលប្រយោជន៍របស់ខ្លួន។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ ថ្មីៗនេះ បានសរសេរញត្តិគាំទ្រថា យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យ និងនិស្សិត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនទាំងឡាយណាដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដី។
សាលាប្រកាសប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល បំផ្លាញសមិទ្ធផលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនខ្មែរ។
ឆ្លើយតបរឿងនេះនិស្សិតសិក្សាសកលវិទ្យាល័យនេះ គឺលោក ហ្វូ ឈី ទាមទារឱ្យនាយកសាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ សរសេរលិខិតសុំទោស ដែលយកឈ្មោះពួកលោក ទៅគាំទ្រគម្រោងអភិវឌ្ឍន៍ខេត្តរួមគ្នាជាមួយប្រទេសវៀតណាម CLV ដោយមិនបានពិគ្រោះយោបល់ជាមួយនិស្សិតជាមុននោះឡើយ។
លោកថា ទង្វើរបស់សាលាមិនឆ្លុះបញ្ចាំងពីឆន្ទៈរួម របស់និស្សិតនោះទេធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត ហើយកំពុងពិចារណាឈប់រៀនសាលានេះ។
លោក ហ្វូ ឈី៖ «បើខាងសាលាចេញហើយដាក់ឈ្មោះតែគ្នាគាត់បានហើយ កុំយកឈ្មោះនិស្សិតមកប្រើប្រាស់ពួកយើងភាគច្រើនមិនទាក់ទងរឿងហ្នឹងទេ បើសាលាចេញលិខិតបេះដូងស្រឡាញ់ខ្ញុំនឹងអាចដូរសាលាព្រោះអីខ្ញុំអត់ត្រូវការសាលាបែបហ្នឹងទេ»។
និស្សិតម្នាក់ទៀតថ្លែងលាក់ឈ្មោះថា ញត្តិរបស់សាលាធ្វើឡើងដោយមិនបានសួរនាំ និងស្ទង់មតិឱ្យបានទូលំទូលាយ ជាមួយក្រុមនិស្សិតនោះឡើយ។
កញ្ញាបញ្ជាក់ថា គណៈគ្រប់គ្រងសាលាបានសរសេរញត្តិគាំទ្រគម្រោងអភិវឌ្ឍន៍ CLV ដោយខ្លួនឯង ភ្ជាប់នឹងឈ្មោះនិស្សិតទាំងអស់ ដែលពួកគាត់មិនពេញចិត្ត។
ថ្លែងលាក់ឈ្មោះ៖ «ពីមុនមកនៅពេលមានកម្មវិធីឬមានរឿងអីផ្សេងៗតែងតែឱ្យសិស្សស្ទង់ស្រង់មតិ តែនេះខាងសាលាអត់បានធ្វើបែបហ្នឹងទេ គឺសម្រេចចិត្តឯងៗ ដែលនិស្សិតមិនបានចូលរួមគាំទ្រសូម្បីតែម្នាក់ ក្នុងនាមខ្ញុំជានិស្សិតខ្ញុំអត់សប្បាយចិត្ត អត់គាំទ្រទៅលើគម្រោងមួយហ្នឹងដែរ»។
និស្សិតម្នាក់ទៀតថ្លែងលាក់ឈ្មោះដែរ បានចាត់ទុកទង្វើរបស់សាលាគឺជាការំលោភសិទ្ធិរបស់ពួកគាត់ធ្ងន់ធ្ងរ ព្រោះនិស្សិតស្ទើរតែទាំងអស់ មិនគាំទ្រគម្រោងអភិវឌ្ឍន៍ CLV ដូចអ្វីដែលគណៈគ្រប់គ្រងសាលាបានសរសេរក្នុងញត្តិនោះទេ។
ថ្លែងលាក់ឈ្មោះ៖ «ដាក់ឈ្មោះខ្ញុំ ខ្ញុំអត់សប្បាយចិត្តហើយខ្ញុំអត់គាំទ្រជាដាច់ខាតព្រោះគេយកឈ្មោះនិស្សិតចូលទាំងដែលខ្ញុំជាសមីខ្លួនផ្ទាល់គេអត់បានស្រង់មតិយើង មានការហួសចិត្តជាខ្លាំង ហើយអត់សប្បាយចិត្តទេ សម្រាប់ខ្ញុំ ខ្ញុំអត់គាំទ្រដាច់ខាតក្នុងការដាក់ទាំងបួនខេត្តជា(CVL)»។
ក្នុងខ្ទង់បញ្ចេញមតិ ឬខាំមិន(Comment) ផ្នែកខាងក្រោមញត្តិគាំទ្ររបស់សាកលវិទ្យាល័យសៅស៍អ៊ីសថ៍ អេយសៀ និស្សិតរាប់រយនាក់ បង្ហាញការហួសចិត្តចំពោះទង្វើរបស់សាលាមួយនេះ ដោយនិស្សិតខ្លះ ចង់ប្តូរសាលារៀន និងនិស្សិតខ្លះទៀតស្នើឱ្យសាលាដកឈ្មោះ និស្សិតចេញពីញត្តិគាំទ្រនេះជាបន្ទាន់។
រីឯនិស្សិតមួយចំនួនទៀតទាមទារឱ្យនាយកសាលាបង្ហាញតារាងឈ្មោះជាក់លាក់មួយ ថាតើនិស្សិតណាខ្លះដែលគាំទ្រគម្រោងអភិវឌ្ឍន៍ខេត្តរួមគ្នាជាមួយវៀតណាមនេះ?
មកទល់ពេលនេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ នៅមិនទាន់ឆ្លើយតប និងបកស្រាយចំពោះប្រតិកម្មរបស់ក្រុមនិស្សិតទាំងនេះ នៅឡើយទេ។
ដោយឡែកវិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ លោក សៀន សុវណ្ណា បាននៅឡើយទេ នៅថ្ងៃទី ៣០ កក្កដា។
កាលពីថ្ងៃទី២៣ ខែកក្កដា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែនបានថ្លែងសារគំរាមជាសាធារណៈព្រមានប្រើវិធានការច្បាប់ចំពោះអ្នកដែលរិះគន់តំបន់អភិវឌ្ឍន៍ត្រីកោណពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម។
ភ្លាមៗនោះ ក្រសួងស្ថាប័នរដ្ឋរួមទាំង ក្រសួងអប់រំ មន្ត្រីជាន់ខ្ពស់ ក្រុមឧកញ៉ា និងតុលាការ ជាដើម បានហៃអើតាមគ្នាដោយសរសេរញត្តិជាបន្តបន្ទាប់បង្ហាញពីការគាំទ្រលោក ហ៊ុន សែន នឹងគម្រោងអភិវឌ្ឍន៍ CLV។
រីឯអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ទង្វើរបស់ក្រុមនិស្សិតជារឿងល្អ ដើម្បីការពារបូរណភាពទឹកដី កុំឱ្យលោក ហ៊ុន សែន ធ្វើអ្វីៗតាមទំនើងចិត្តដោយមិនខ្វល់ចំពោះការរិះគន់។
លោក អ៊ុំ សំអាន៖ «សាកលវិទ្យាល័យយកពួកនិស្សិតទៅគាំទ្រការកាត់ដីខ្មែរយើងទៅឱ្យយួន ការកាត់បួនខេត្តទៅឱ្យយួនទង្វើវាចូលរួមក្បត់ជាតិដើម្បីកាត់ទឹកដីខ្មែរយើងឱ្យយួនហើយ។ ឯទង្វើនិស្សិតនោះជាទង្វើស្នេហាជាតិ អ៊ីចឹងខ្ញុំសុំសរសើរចំពោះទង្វើនោះ»។
ជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ពន្យល់ថា និស្សិតមានសិទ្ធិពេញលេញ ក្នុងការសម្ដែងមតិ មិនពេញចិត្ត នឹងទង្វើណាមួយដែលនាំឱ្យប៉ះពាល់ដល់បូរណភាពទឹកដី។
លោកថា ពេលដែលនិស្សិតមានមនសិការជាតិ នឹងរួមចំណែកការពារអធិបតេយ្យជាតិ ធ្វើឱ្យលោក ហ៊ុន សែន និងបក្ខពួកនឹងមិនហ៊ានធ្វើអ្វីផ្តេសផ្តាសស្រេចតែចិត្តនោះឡើយ។
លោក ម៉ែន ណាត៖ «សាកលវិទ្យាល័យមួយចំនួនដែលប្រើឈ្មោះនិស្សិតប្រើឈ្មោះសាលាទៅគាំទ្រជាមួយរដ្ឋាភិបាលនៅរឿងដែលមិនត្រឹមត្រូវ ព្រោះយើងមើលឃើញលើគោកថារដ្ឋាភិបាលលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នេះកំពុងតែធ្វើទឹកដីសម្បទានជាតិមួយជ្រុងទៀត»។
ក្រុមនិស្សិតព្រមានថា ប្រសិនបើគណៈគ្រប់គ្រងសាកលវិទ្យាល័យមួយនេះមិនដកឈ្មោះនិស្សិតចេញពីញត្តិគាំទ្រគម្រោងអភិវឌ្ឍន៍ CLV នេះទេ ពួកគាត់នឹងមិនបន្តការសិក្សានៅសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (University of South-East Asia)នេះទេ។
ពួកគាត់អះអាងថា ការយកឈ្មោះនិស្សិតទៅពាក់ព័ន្ធក្នុងរឿងនយោបាយមិនសមទំនងបែបនេះ នឹងប៉ះពាល់ដល់ជោគវាសនាជាតិ និងភាពថ្លៃថ្នូររបស់យុវជនជំនាន់នេះ ដែលស្អប់ខ្ពើមវប្បធម៌ហៃអើតាមគ្នារបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន ព្រោះតែលាភសក្ការៈ និងដំណែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។