គណបក្ស​មិន​ជាប់ឆ្នោត​ខ្លះ​បង្ហាញ​ជំហរ​មិន​ពេញចិត្ត​រឿង​តួនាទី​ក្នុង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់

0:00 / 0:00

ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ពី​ការ​រក្សាទុក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មក គណបក្ស​មួយ​ចំនួន​ដែល​មិន​ជាប់ឆ្នោត​សភា​តំណាងរាស្ត្រ បង្ហាញ​ជំហរ​ខុសៗ គ្នា ដោយ​បក្ស​ខ្លះ​សាទរ​ក្នុង​ការចូលរួម ខ្លះ​មិន​ពេញចិត្ត និង​ខ្លះ​ទៀត​បង្ហាញ​ភាព​ស្ទាក់ស្ទើរ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ មើល​ឃើញ​ថា ការប្រកាស​របស់​លោក ហ៊ុន សែន ជា​យុទ្ធសាស្ត្រ​ប៉ះប៉ូវ​គណបក្ស​ដែល​ចាញ់​ឆ្នោត និង​ដើម្បី​លុបបំបាត់​សំឡេង​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី។

លទ្ធផល​បឋម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០២៣ នេះ បង្ហាញ​ថា មាន​គណបក្ស​តែ ២ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​ជាង​គេ និង​គណបក្ស​រាជា​និយម​ ហ៊្វុនស៊ិនប៉ិច (FUNCINPEC) ដែល​ទទួល​បាន​អាសនៈ​សភា​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។ ទោះបីជា​មាន​លទ្ធផល​បែប​នេះ​ក្ដី ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​មិន​ឱ្យ​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា ខាតបង់​ថវិកា​ឃោសនា និង​ពេល​វេលា​ទទេៗ នោះ​ឡើយ ដោយ​លោក​បាន​ប្រកាស​ពី​ការ​រក្សា​ទុក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​ធ្វើ​ជា​រង្វាន់​លួងចិត្ត និង​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ។

ទោះជា​យ៉ាង​ណា​ក្ដី គណបក្ស​មួយ​ចំនួន នៅតែ​រក្សា​គោលជំហរ មិន​ទទួល​យក​តួនាទី​ក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សេក សុជាតិ ឱ្យ​ដឹង​ថា ការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ថ្មី​នេះ មិនមែន​ជា​ជម្រើស​របស់ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នោះ​ឡើយ។ លោក​បន្ត​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​គោលការណ៍​គិតគូរ​ពី​ប្រយោជន៍​ជាតិ​ជាធំ ជា​ជាង​ការ​ចូលរួម ដើម្បី​ទទួល​បាន​តំណែង​តួនាទី​នៅ​ក្នុង​ស្ថាប័ន ដែល​មិន​ឯករាជ្យ និង​គ្មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។

"សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហ្នឹង យើង​យល់​ថា ការ​ចូល​ទៅ​ (ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់) ហ្នឹង រយៈ​កាល ៥ឆ្នាំ​កន្លង​មក​ហើយ​ហ្នឹង យើង​អត់​ទាន់​ឃើញ​របាយការណ៍​រីក​ចម្រើន​អី​យ៉ាង​ម៉េច។ អ៊ីចឹង​យើង​គិត​ថា ការ​ចូល​ទៅ​ក៏​មិនទាន់​មាន​ប្រសិទ្ធ​ភាព​អី​ខ្លាំង​ខ្លា​អី​ច្រើន​សម្រាប់​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល។ ស្ដាប់​មើល​ទៅ​យើង​អត់​ឃើញ​មាន​របាយការណ៍​រីក​ចម្រើន​ទេ​សម្រាប់​គណបក្ស​ដែល​គាត់​បាន​ចូល​មួយ​អាណត្តិ​កន្លងមក»។

ចំណែក​ឯ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ កក្កដា ​ថា លោក​មិន​ទទួល​យក​តួនាទី​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ​ទេ ដែល​លោក​អះអាង​ថា ជា​តំណែង​ខុសច្បាប់ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ទេ។ លោក​មើល​ឃើញ​ថា តួនាទី​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​នេះ គឺជា​ឧបករណ៍​បម្រើ​នយោបាយ​ឱ្យ​គណបក្ស​កាន់​អំណាច ដែល​បេក្ខភាព​គណបក្ស​នយោបាយ​ទាំង​នោះ ចាំតែ​ស្រែក​បន្ទរ​គាំទ្រ​សេចក្ដី​សម្រេច​របស់​គណបក្ស​កាន់​អំណាច និង​វាយប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង​ណា ដែល​មាន​​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។ លោក ក្រវ៉ាញ ដារ៉ន ចាត់ទុក​អ្នក​ដែល​ទទួលយក​តួនាទី​ក្នុង​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺជា​អ្នក​នយោបាយ​អាត្មានិយម ក្បត់​ឆន្ទៈ​ពលរដ្ឋ ដែល​ធ្វើ​នយោបាយ​បម្រើ​ជន​ផ្ដាច់ការ ដើម្បី​លាភសក្ការៈ។

លោក ក្រវ៉ាញ ដារ៉ន៖ « គេ​សរសេរ​សំបុត្រ​ពី​ទីស្ដីការ​នាយករដ្ឋមន្ត្រី និង គ . . ប ហ្នឹង ៥​កៅអី មក​ឱ្យ​ខ្ញុំ ខ្ញុំ​សរសេរ​បដិសេធ​ទៅ​វិញ។ កុំ​ធ្វើ​ក្លែងក្លាយ កុំ​លួច​កៅអី​គេ​ហើយ យក​កៅអី​ហ្នឹង​មក​ឱ្យ​ខ្ញុំ ខ្ញុំ​មិន​ទទួល​របស់​ជា​ចោរ ខ្ញុំ​មិនមែន​ធ្វើ​ដើម្បី​សម្លាប់​ជាតិ​ឯង​ឡើយ »

រីឯ ប្រធាន​គណបក្ស​ខ្មែរ​អភិរក្សនិយម លោក រៀល ខេមរិន្ទ្រ វិញ បាន​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ ក្នុង​ការ​សម្រេច​ចិត្ត​ទទួលយក​តំណែង​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នេះ។ លោក រៀល ខេមរិន្ទ្រ បញ្ជាក់​ថា លោក​នឹង​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​គណបក្ស​ដើម្បី​សម្រេច​រឿង​នេះ ហើយ​លោក​នឹង​គោរព​តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស។

លោក រៀល ខេមរិន្ទ្រ៖ « ចំពោះ​បញ្ហា​នេះ ដោយសារតែ​ខ្ញុំ​មិនដែល​បាន​ប្រឡូក នៅ​ក្នុង​ក្រុម​ឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់​យោបល់ ខ្ញុំ​អត់​ដែល​បាន​ចូល។ អ៊ីចឹង ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា ការងារ​ហ្នឹង វា​មាន​ប្រយោជន៍អ្វី​ខ្លះ។ ប៉ុន្តែ​បើ​តាមដែល​ខ្ញុំ​ដឹង ដូចជា មានការ​ជួយ​ពន្យល់ ជួយ​សម្រប​សម្រួល ឬក៏​ជួយ​ដោះ​ស្រាយ​បញ្ហា​ន​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែរ »

ចំណែក​ឯ គណបក្ស​នគរ​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស គ្មាន​ឈ្មោះ​ក្នុង​បញ្ជី គ.ជ.ប នោះ គណបក្ស​នេះ រីករាយ​ទទួលយក តំណែង​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ប្រសិនបើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី អនុ​ញាតិ។

អនុប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ លោក ហួត សុខដុម ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម​(Telegram)​ថា មូលហេតុ​ដែល​គណបក្ស​នគរ​ប្រជាធិបតេយ្យ​បង្ហាញ​ពី​គោលជំហរ​ចូលរួម​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នេះ គឺ​ដើម្បី​មានឱកាស​បម្រើ​ប្រជាពលរដ្ឋ តាមរយៈ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ពិត អំពី​ភាព​មិន​ប្រក្រតី​ពី​ភាព​អសកម្ម​និង​ពី​អំពើពុករលួយ​ ​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​មួយ​ចំនួន ដែល​បាន​ឃុបឃិត គ្នា​ធ្វើ​ឱ្យ​ខូចខាត​ដល់​ផល​ប្រយោជន៍ជាតិ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ការចូលរួម​ថែរក្សា​ការពារ​សន្តិភាព។

ទោះជា​បែបនេះ​ក្ដី អតីតប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ គឺអ្នកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ដែល​ទទួល​បាន​តួនាទី​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ កាលពី​ឆ្នាំ២០១៨ នោះ អ្នកស្រី​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចប់​តួនាទី​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​នេះ​ក្រោយ​ពី​លោក​​​មានការ​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ២០១៩។


វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​បន្ថែម​បានទេ នៅ​ថ្ងៃ​ទី៣១ កក្កដា។

ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន កាលពី​ឆ្នាំ២០១៨ ក្រោយ​ព្រឹត្តិការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ដ៏​ចម្រូងចម្រាស។ កាលនោះ ប្រធាន អនុប្រធាន និង​តំណាង​ផ្សេងទៀត​នៃ​គណបក្ស​ចំនួន១៤ ដែល​មិនបាន​កៅអី​ក្នុង​រដ្ឋសភា បាន​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​នៃ​ឧត្ដមក្រុមប្រឹក្សា​នេះ និង​ក្លាយ​ជា​ឯកឧត្ដម លោកជំទាវ តាម​ការតែងតាំង​ដោយ​អនុក្រឹត្យ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី។

ទាក់ទងនឹងរឿងនេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា សមិទ្ធផល​ដែល​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ សម្រេច​បាន​នា​រយៈពេល​កន្លងមក​នេះ គឺ​មិន​សមាមាត្រ ទៅ​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ឡើយ។ លោក​យល់ឃើញ​ថា លោក ហ៊ុន សែន នៅ​បន្ត​រក្សា​ក្រុមប្រឹក្សា​នេះ​ក្រោម​ហេតុផល​ចំនួន​បី ទី​មួយ​គឺ​ប្រយោជន៍​នយោបាយ ជាង​ប្រយោជន៍សាធារណៈ។ ទីពីរ គឺ​ដើម្បី​ស្អំ​ចិត្ត​គណបក្ស​ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​សភា ដើម្បី​ឱ្យ​ពួក​គេ​ចុះញ៉ម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ហេតុផល​ទី៣ ដើម្បី​កាត់​បន្ថយ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក វ៉ន ចាន់ឡូត៖ « ខ្ញុំ​គិត​ថា​ប្រសិនបើ​រាជរដ្ឋាភិបាល ចង់​ទាញ​យក​ការ​គាំទ្រ​ពិតប្រាកដ​មែន​ទី​មួយ​ការ​ចំណាយ​ណា​ដែល​ឥតប្រយោជន៍ វា​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​គួរតែ​លុបបំបាត់​ចោល មិន​គួរ​ចំណាយ​ទេ។ ទីពីរ ការ​ចំណាយ​ទាំងនោះ​បើ​អាច​គួរតែ​យក​មក​ប៉ះប៉ូវ ឬក៏​បន្ថែមបន្ថយ​ទៅ​នឹង​អ្នក​ដែល​មានសមត្ថកិច្ច មាន​តួនាទី​ពិតប្រាកដ​នៅ​ក្នុង​ការ​បម្រើ​រាស្ត្រ »

ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន១៩ ដែល​បាន​ចូលរួម​ការបោះឆ្នោត​កាល​ឆ្នាំ២០១៨ មាន​គណបក្ស​ចំនួន៣ ដែល​មិន​ចូលរួម​នៅ​ក្នុង​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​របស់​លោក ហ៊ុន សែន នេះ។ គណបក្ស​ទាំងនោះ រួមមាន​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)។

មន្ត្រី​គណបក្សប្រឆាំង ដែល​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណបក្ស​កាន់អំណាច​រិះគន់​ថា ក្រុម​គណបក្ស​នយោបាយ​ណា ដែល​ចូលរួម​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា និង​ផ្ដល់​យោបល់​នេះ គឺជា​ក្រុម​ល្មោភ​អំណាច ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ខ្ជះខ្ជាយ​ថវិកាជាតិ ដើម្បី​បង្កើត​ឆាក​ល្ខោន​ឱ្យ​ល្អមើល​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។