អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ចូលសួរសុខទុក្ខសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស នៅថ្ងៃទី១៧ ខែសីហា។ លោកចាត់ទុកថា ការឃុំខ្លួនអ្នកទាំងនោះ គឺជារឿងអយុត្តិធម៌ ដែលរដ្ឋាភិបាលគួរតែប្រគល់សេរីភាពជូនពួកគាត់វិញ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន អំពាវនាវឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយឲ្យមានសេរីភាពឡើងវិញ ព្រោះការឃុំខ្លួនពួកគាត់ក្នុងពន្ធនាគារជិត ២ឆ្នាំមកនេះ គឺជារឿងអយុត្តិធម៌មិនសមនឹងកំហុសឡើយ។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ថ្លែងថា សកម្មជនគណបក្សសង្គ្រោះជាតិភាគច្រើនធ្លាក់ខ្លួនឈឺ និងមានអារម្មណ៍ ធុញថប់ដោយសារពួកគាត់ជាប់ឃុំក្នុងបន្ទប់បង្អៀតណែន និងគ្មានអនាម័យ ហើយនៅក្នុងមន្ទីរឃុំឃាំងជាមួយអ្នកទោសឧក្រិដ្ឋលួចប្លន់ផ្សេងៗ អស់ រយៈពេលជិត ២ឆ្នាំ ហើយក្នុងនោះសកម្មជននយោបាយខ្លះជាប់ពីរដងទាំងមិនមានកំហុស។លោក បន្តថា ការកាត់ទោសអ្នកទាំងនោះឲ្យជាប់ឃុំរយៈពេលយូរឆ្នាំដោយសារការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា ការទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងការជជែកជាលក្ខណៈឯកជនតាមទូរស័ព្ទអំពីបញ្ហាជំងឺកូវីដ គឺជារឿងអយុត្តិធម៌រួចទៅហើយ។ លោក សុន ឆ័យ យល់ថា ផ្អែកតាមច្បាប់ និងសីលធម៌ រដ្ឋាភិបាល គួរតែប្រគល់សេរីភាពជូនពួកគាត់ឡើងវិញ ព្រោះគ្មានអ្វីដែលត្រូវបារម្ភថា ពួកគាត់អាចបង្កបញ្ហាដល់សង្គមជាតិឡើយ៖ « ចង់ឃើញរាជរដ្ឋាភិបាល បន្ធូរបន្ថយទោសឲ្យពួកគាត់ បានរស់នៅក្រៅពន្ធនាគារ វាជាការមួយ ដែលមានប្រយោជន៍ទាំងអស់គ្នាទេ។ក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាសមាជិកអាស៊ាន ដូចជា ភូមាអីចង់ឲ្យមានការស្រុះស្រួល ឬកុំឲ្យមានការដាក់ទោសលើអ្នកនយោបាយអីជាដើមនោះ ខ្ញុំគិតថា ជាកាតព្វកិច្ចមួយដែរ ដែលរដ្ឋាភិបាល ត្រូវតែដោះស្រាយបញ្ហាខ្លួនឯងក្នុងស្រុកយើងឲ្យជ្រះស្រឡះ ដើម្បីដំណើរការទៅការបោះឆ្នោត២០២៣ផង។យើងឃើញហើយមានការសន្យាពីសហគមន៍អន្តរជាតិផងថា ការបោះឆ្នោតល្អ ការមានសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការបំពេញកិច្ចការនយោបាយដោយសេរី តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនេះ វានឹងអាចធ្វើឲ្យប្រទេសសំខាន់ៗ ដែលធ្លាប់ជួយសេដ្ឋកិច្ចកម្ពុជា និងជួយកសាងឡើងវិញ ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងជួយគាំទ្រត្រឡប់មកវិញ ១០០ភាគរយជាដើម » ។
ការអំពាវនាវបែបនេះ គឺបន្ទាប់ពីអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងមេធាវីការពារក្ដីឲ្យសកម្មជននយោបាយ លោក សំ សុគង់ ព្រមទាំងមន្ត្រីបក្សភ្លើងទៀនផ្សេងទៀត បានចូលសួរសុខទុក្ខសកម្មជនបក្សប្រឆាំងចំនួន ២៣រូបនៅក្នុងពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា។ លោក សុន ឆ័យ ឲ្យដឹងដែរថា ក្នុងចំណោមអ្នកទោសនយោបាយ ដែលលោកបានជួបនោះ មានស្ត្រីម្នាក់ គឺលោកស្រី យក់ នាង មានវ័យជាង ៦០ឆ្នាំ ជាអតីតប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ ដោយសារតែលោកស្រីធ្វើសកម្មភាពជួយដល់គណបក្សភ្លើងទៀន៖ « យើងបានជម្រាបលោកស្រី យក់ នាង ថា យើងនឹងខំតាម ដែលអាចធ្វើបាន ដើម្បីជួយឲ្យបានលោកស្រី ចេញទៅព្រោះចាស់ហើយមានចៅមានអីនៅផ្ទះ។ ពិបាកមែនទែន ទឹកភ្នែក យំសោក .. អាណិតគាត់ដែរ។យើងបានឲ្យមេធាវីជួយមើលថា តើធ្វើម៉េចឲ្យបានគាត់ចេញទៅ គឺមិនមែនឲ្យអ្នកទាំងនោះចេញ មកមកចូលរួមជាមួយគណបក្សភ្លើងទៀនទេ ប៉ុន្តែដោយសារពួកគាត់ជាអតីតសង្គ្រោះជាតិ ហើយខ្ញុំក៏ជាអតីតសង្គ្រោះជាតិដែរ » ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
មកទល់ពេលនេះមានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលប្រមាណ ៦០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅភ្នំពេញ និងនៅខេត្តមួយចំនួន។ សកម្មជនភាគច្រើន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីដើមឆ្នាំ២០២០ តាមរយៈការលួចស្ដាប់កិច្ចសន្ទនាឯកជនរបស់ពួកគេតាមទូរស័ព្ទអំពីរឿងជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្ដី តុលាការមិនបានចោទប្រកាន់សមាជិកបក្សប្រឆាំងទាំងនេះ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នោះទេ ប៉ុន្តែតុលាការចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ញុះញង់ឱ្យយោធាមិនស្ដាប់បញ្ជា និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការចាប់ខ្លួននៅពេលនោះទៀតសោត គឺអាជ្ញាធរ តែងតែកុហកឲ្យពួកគាត់ទៅជួបអ្នកនេះ ឬអ្នកនោះ រួចហើយចាប់ដាក់ឡានយកទៅឃុំក្នុងពន្ធនាគារ ដោយមិនផ្តល់ដំណឹងដល់ក្រុមគ្រួសារនោះទេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ពន្ធនាគារ មានភាពចង្អៀតណែនខ្លាំង ដែលបង្កផលប៉ះពាល់ការរស់នៅ និងសុខភាពអ្នកជាប់ឃុំ។ លោក នៅតែ ជំរុញឲ្យអាជ្ញាធរពិចារណាដោះលែងអ្នកជាប់ឃុំ ដែលជិតផុតទោស ហើយបទល្មើសខ្លះ គួរតែឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ឬបទល្មើសខ្លះមិនគួរឃុំខ្លួនបណ្តោះអាសន្ននោះទេ ដូចជា ករណីសកម្មជនគណបក្សប្រឆាំងជាដើម ដែលគេមើលឃើញថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់៖ « យើងទទូចឲ្យអ្នកនយោបាយទាំងអស់នោះ សន្ទនា និងការចរចាគ្នា ដើម្បីដោះលែងសកម្មជនទាំងអស់នោះឡើងវិញ ដូចវប្បធម៌សន្ទនា ឬវប្បធម៌ ដែលអ្នកនយោបាយទាំងអស់នោះ ធ្លាប់ធ្វើកន្លងមក។ មួយទៀត យើងឃើញថា បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក៏ទាមទារឲ្យកម្ពុជាស្ដារបានន័យថា បើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពអង្គការសង្គមស៊ីវិល សារព័ត៌មាន ក៏ដូចជា អ្នកនយោបាយឲ្យបានទូលំទូលាយឡើងវិញ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ ប្រកបដោយបរិយាកាសមួយល្អ ហើយគេអាចទទួលស្គាល់ » ។
ក្រុមអង្គការជាតិ និងអន្តរជាតិ រួមទាំងប្រទេសប្រជាធិបតេយ្យផង តែងតែអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយឡើងវិញ ដោយឥតលក្ខខណ្ឌ ព្រោះការបន្តចាប់ខ្លួន និងឃុំខ្លួនសកម្មជនបក្សប្រឆាំង មិនមែនជាជម្រើសល្អក្នុងការដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យប្រទេសជាតិជួបវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ព្រមទាំងធ្វើឱ្យសង្គមជាតិទាំងមូលបែកបាក់កាន់តែខ្លាំងឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។