កូនៗ សកម្មជនគណបក្សភ្លើងទៀន ដែលជាប់ឃុំជិត ១ឆ្នាំ នៅពន្ធនាគារខេត្តពោធិ៍សាត់ ទាមទារតុលាការឱ្យដោះលែងឪពុក ឱ្យមានសេរីភាពជួបជុំគ្រួសារឡើងវិញ ព្រោះការចោទប្រកាន់នោះ ក្រោមហេតុផលនយោបាយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការឃុំខ្លួនមនុស្សដែលគ្មានកំហុស គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេ ហើយអំពាវនាវដល់រដ្ឋាភិបាលត្រូវបើកលំហប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ។
កូនៗ សកម្មជនគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់លើកឡើងថា តុលាការមិនគួរបន្តឃុំខ្លួនឪពុករបស់ពួកគេយូរបែបនេះទេ ពីព្រោះគាត់មិនបានប្រព្រឹត្តខុសច្បាប់ឡើយ។
កូនប្រុសសកម្មជនគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ ដែលកំពុងជាប់ពន្ធនាគារលោក ឈួន ឈឿង គឺលោក ឈឿង ឆុងលី ថ្លែងថា ចាប់តាំងពីអាជ្ញាធរឃុំខ្លួនឪពុករបស់លោកក្នុងគុក ដោយគ្មានកំហុសអស់រយៈពេលជិតមួយឆ្នាំមកនេះ ធ្វើឱ្យគ្រួសាររបស់លោករងនូវភាពអយុត្តិធម៌ និងជួបវិបត្តិសេដ្ឋកិច្ចក្នុងជីវភាពគ្រួសារ។ លោកឱ្យដឹងថា បច្ចុប្បន្នជំងឺតេតាណុស និងជំងឺរបេងឪពុករបស់លោកនៅតែធ្វើទុក្ខជាប្រចាំនៅក្នុងបន្ទប់ឃុំឃាំង ដែលបណ្ដាលឱ្យរាងកាយគាត់ទ្រុឌទ្រោម ហើយស្គមស្គាំងអស់កម្លាំងគួរឱ្យព្រួយបារម្ភជាខ្លាំង។ លោកស្រីទទូចស្នើសុំសាលាឧទ្ធរណ៍បាត់ដំបងជួយពន្លឿននីតិវិធីលើបណ្ដឹងជំទាស់នឹងសាលក្រមសាលាដំបូង ហើយដោះលែងឪពុក ព្រមទាំងសកម្មជន ដែលកំពុងជាប់ឃុំទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
លោក ឈឿង ឆុងលី៖ «គាត់អត់មានធ្វើអ្វីខុសផងមកចាប់គាត់អ៊ីចឹង ចាប់អត់ដឹងមូលហេតុ វាអយុត្តិធម៌សម្រាប់ក្រុមគ្រួសារខ្ញុំ ហើយខ្ញុំស្នើសុំឱ្យតុលាការដោះលែងគាត់ឱ្យបាននៅក្រៅឃុំ ណាមួយគ្រួសារអត់មានលទ្ធភាពទៅមើល ឬអើតគាត់អ៊ីចឹង សូមឱ្យតុលាការដោះលែងគាត់មក»។
ស្រដៀងគ្នានេះដែរ កូនប្រុសសកម្មជនគណបក្សភ្លើងទៀនខេត្តពោធិ៍សាត់ ដែលកំពុងជាប់ពន្ធនាគារម្នាក់ទៀត លោក អ៊ុក សៅវ៉ារិន គឺលោក អ៊ុក សៅសុភារ៉ា នៅតែអះអាងថា ឪពុករបស់លោក គឺជាមនុស្សស្អាតស្អំទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ ដោយមិនបានក្លែងបន្លំឯកសាររៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកចាត់ទុកការចាប់ឃុំខ្លួនឪពុកដាក់ពន្ធនាគារជិតមួយឆ្នាំមកនេះធ្វើឱ្យគ្រួសាររងការឈឺចាប់រកអ្វីមកប្រៀបផ្ទឹមមិនបាននោះទេ។ ទោះជាយ៉ាងណាក្ដី កូនសកម្មជនបក្សភ្លើងទៀនរូបនេះជឿជាក់ថាតុលាការនឹងមិនប្រគល់សេរីភាពជូនឪពុកឡើងវិញទេ បើសិនគ្មានដំណោះស្រាយផ្នែកនយោបាយណាមួយកើតឡើងនោះ។
លោក អ៊ុក សៅសុភារ៉ា៖ «ខ្ញុំមិនអាចទទួលយកបានទេ ចំពោះការចោទប្រកាន់របស់តុលាការថា ឪពុកខ្ញុំក្លែងបន្លំឯកសារសាធារណៈអីហ្នឹង រឿងអយុត្តិធម៌ហួសពីអយុត្តិធម៌ហើយ តែខ្ញុំមិនដឹងពួកគាត់យល់យ៉ាងណាទើបយកមនុស្ស ដែលគ្មានកំហុសទៅឃុំឃាំងឱ្យបែកពីក្រុមគ្រួសារ»។
លោក អ៊ុក សៅសុភារ៉ា ឱ្យដឹងថា បន្ទាប់ពីសវនាការកាលពីចុងខែតុលា សាលាឧទ្ធរណ៍បាត់ដំបងធ្លាប់បញ្ជាក់ថា សំណុំរឿងឪពុករបស់លោកនឹងប្រកាសសាលដីកាលើបណ្ដឹងទាស់ នៅថ្ងៃទី១៥ ខែវិច្ឆិកា ប៉ុន្តែជាក់ស្ដែងរយៈពេលជិតមួយខែមកហើយ ខាងតុលាការមិនទាន់ប្រកាសនៅឡើយ។
បេក្ខជនមេឃុំស្រែស្តុក ស្រុកកណ្តៀង គឺលោក ឈួន ឈឿង និងបេក្ខជនក្រុមប្រឹក្សាឃុំអន្សាចំបក់ ស្រុកក្រគរ លោក អ៊ុក សៅវ៉ារិន ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ចាប់ឃុំខ្លួននៅដើមខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធការរៀបចំបញ្ជីដាក់ពាក្យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥។ កាលពីខែកក្កដា និងខែសីហា សាលាដំបូងខេត្តពោធិ៍សាត់បានផ្ដន្ទាទោសពួកគាត់ដាក់ជាប់ពន្ធនាគារម្នាក់ ២ឆ្នាំ ពីបទ «ក្លែងបន្លំឯកសារសាធារណៈ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបងអ្នកស្រី ទៀត សំបូរ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែធ្នូ។
ទោះយ៉ាងណាក្ដី ក្រុមគ្រួសារ និងអង្គការសង្គមស៊ីវិលបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបង្ក្រាបសំឡេងគណបក្សនយោបាយដែលលេចធ្លោ និងជាដៃគូប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំខេត្តពោធិ៍សាត់លោក ចឹក ចិត្រ្តា មានប្រសាសន៍ថា សវនាការកន្លងមកសាលាដំបូងខេត្តពោធិ៍សាត់ពុំមានភស្តុតាង និងសាក្សីដាក់បន្ទុកលើលោក ឈួន ឈឿង និងលោក អ៊ុក សៅវ៉ារិន ដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់ថា ការបន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀនដែលគ្មានកំហុសដូច្នេះ គឺជារឿងអយុត្តិធម៌សម្រាប់សកម្មជននយោបាយ ដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ លោក ចឹក ចិត្រ្តា អំពាវនាវដល់រដ្ឋាភិបាលត្រូវបើកលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យបរិយាកាសនយោបាយល្អមុនការបោះឆ្នោតជាតិខាងមុខ និងបញ្ចៀសការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ។
លោក ចឹក ចិត្រ្តា៖ «ក្នុងនាមសង្គមស៊ីវិលទទូចអាជ្ញាធរតុលាការទម្លាក់ចោលការចោទប្រកាន់ពួកគាត់មុនពេលបោះឆ្នោតឆ្នាំ២០២៣ជិតមកដល់ ដើម្បីឱ្យការបោះឆ្នោតឆ្នាំ២០២៣ខាងមុខទទួលបានភាពយុត្តិធម៌ បើមិនដូច្នេះទេ នឹងធ្វើឱ្យប្រព័ន្ធសេរី លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែធ្លាក់ចុះធ្ងន់ធ្ងរដោយសារការព្យាយាមរឹតត្បិតលើប្រជាពលរដ្ឋដែលមាននិន្នាការផ្ទុយពីខ្លួន»។
កាលពីពេលថ្មីៗ នេះ សេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានឱ្យដឹងថា ក្នុងជំនួបរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ជាមួយលោក ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ លោក ចូ បៃឌិន ទាមទារឱ្យបើកចំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ និងទាមទារទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ។
ប៉ុន្តែសង្គមស៊ីវិលមើល សកម្មជនសង្គមឃើញថាមកដល់ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន មិនទាន់ឆ្លើយតបជាវិជ្ជមានណាមួយ ដើម្បីស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឱ្យប្រសើរនោះទេ ផ្ទុយទៅវិញសកម្មជននយោបាយ សកម្មជនសង្គម និងមេដឹកនាំសហជីពកាន់តែរងការរឹតត្បិត សិទ្ធិ និងជាប់ពន្ធនាគារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ខ្វះទំនួលខុសត្រូវចំពោះការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបនឹងសំណើរបស់សហគមន៍ជាតិនិងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។