ស្ថាប័ន​​ព័ត៌មាន​​នៅ​កម្ពុជា​​ផ្សាយ​​ច្រើន​​ពី​​វិបត្តិ​នៅ​អ៊ុយក្រែន តែ​​ព័ត៌មាន​​ខ្លះ​​ខ្វះ​គុណភាព

0:00 / 0:00

ការ​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន (Ukraine) ទាំង​កម្រោល​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​ (Vladimir Putin) ​បាន​​បង្ក​​ការ​​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក។ សង្គ្រាម​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​នេះ បាន​ស្ថិត​លើ​ទំព័រ​មុខ​នៃ​ស្ថាប័ន​ព័ត៌មាន​ជាទូទៅ ក្នុង​នោះ​ក៏​រួម​ទាំង​ស្ថាប័ន​ព័ត៌មាន​​នៅ​​កម្ពុជា​​ផង​ដែរ។

ស្ថាប័ន​ព័ត៌មាន​ទាំង​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​ព្រោងព្រាត​អំពី​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​ (Russia)​ ទៅ​​លើ​​ប្រទេស​អ៊ុយក្រែន​ (Ukraine)។ ស្ថាប័ន​ខ្លះ​​ផ្សាយ​​ស៊ីជម្រៅ ខ្លះ​ផ្សាយ​ខ្លីៗ​ផ្ដោត​លើ​ការវិវត្តន៍​នៃ​ព្រឹត្តិការណ៍ ប៉ុន្តែ​ក៏​មាន​ស្ថាប័ន​ខ្លះ​ទៀត​​ផ្សាយ​តែ​មួយ​ជ្រុង និង​មាន​ចរិត​គាំទ្រ​រុស្ស៊ី​ដែរ។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី ​(VOD) ​បាន​ចុះ​ផ្សាយ​ជា​ហូរហែ​តាំងពី​ថ្ងៃ​ដែល​រុស្ស៊ី​លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន កាល​ពី​ថ្ងៃទី២៤ ខែកុម្ភៈ។ អត្ថបទ​ដែល​ត្រូវ​បាន​ចុះផ្សាយ ជា​អត្ថបទ​បកប្រែ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ធំ២ៗ ដែល​និយាយ​អំពី​ការ​​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​​លោក​ខាងលិច​លើ​លើ​រុស្ស៊ី ការ​ខូចខាត​បង្ក​ឡើង​ដោយ​សង្គ្រាម និង​ដំណើរការ​ចរចា​រវាង​ភាគី​ជម្លោះ​ទាំងពីរ។

រីឯ​គេហទំព័រ​ព័ត៌មាន​ថ្មីៗ (Thmey Thmey) វិញ ស្ថាប័ន​នេះ​បាន​ចុះផ្សាយ​អត្ថបទ​ចំនួន ៦ ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។ ក្នុង​នោះ មាន​អត្ថបទ​មួយ​ដែល​វិភាគ​ថា «រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មិន​បង្កើត​សង្គ្រាម​លោក​លើក​ទី៣» ទេ ប៉ុន្តែ «ផ្ដើម​សង្គ្រាម​ត្រជាក់​ជំនាន់​ថ្មី»។

ដោយឡែក​វិទ្យុ​បារាំង​អន្តរជាតិ (RFI) វិញ ស្ថាប័ន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បារាំង​មួយ​នេះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជាច្រើន​អំពី​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ព័ត៌មាន​ទាំងនោះ មាន​តាំង​ពី​ដំណើរ​ដើម​ទង​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ការវិវត្តន៍​នៃ​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន ការ​ដាក់​ទណ្ឌកម្ម និង​ការ​តបត​វិញ​ពី​ភាគី​រុស្ស៊ី ការ​បាត់បង់​ជីវិត​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ-ហេដ្ឋារចនាសម្ពន្ធ ព្រមទាំង​ការ​គាំទ្រ​របស់​ប្រទេស​នានា​ចំពោះ​ជំហរ​អង់អាច​របស់​ពលរដ្ឋ​អ៊ុយក្រែន។​វិទ្យុ​បារាំង​អន្តរជាតិ (RFI) ទំនងជា​ស្ថាប័ន​ដែល​ផ្សាយ​ព័ត៌មាន​ច្រើន ស៊ីជម្រៅ និង​គ្រប់ជ្រុងជ្រោយ​ជាង​គេ​ក្នុង​ចំណោម​ស្ថាប័ន​ព័ត៌មាន​នៅ​កម្ពុជា​អំពី​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​នេះ។

ងាក​ទៅ​ស្ថាប័ន​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​ស្ថាប័ន​ព័ត៌មាន​របស់​រដ្ឋ​វិញ ពួកគេ​ក៏​បាន​ផ្សព្វផ្សាយ​ជាហូរហែ​ដែរ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​នេះ​ដែរ គ្រាន់​តែ​ស្ថាប័ន​ខ្លះ​ច្បិច​យក​តែ​ចំណុច​ខ្លីៗ ឬ​មិន​ហ៊ាន​សូម្បីតែ​ប្រើ​ពាក្យ​ថា «រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន»។

ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្វ្រេស ញ៉ូស៍​ (Fresh News)​ បាន​ចុះ​ផ្សាយ​រៀងរាល់​ថ្ងៃ​អំពី​វិបត្តិ​នៅ​អ៊ុយក្រែន​នេះ។ អត្ថបទ​ភាគច្រើន​ផ្ដោត​​លើ​​ការ​ដាក់ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោកសេរី​លើ​ប្រទេស​រុស្ស៊ី ប្រតិកម្ម​តប​របស់​រុស្ស៊ី​ចំពោះ​ទណ្ឌកម្ម​ទាំងនោះ ការខូចខាត និង​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ក្នុង​សង្គ្រាម​នេះ ព្រមទាំង​ការ​ស្នើសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​អ៊ុយក្រែន។

រីឯ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) វិញ ស្ថាប័ន​ព័ត៌មាន​របស់​រដ្ឋ​មួយ​នេះ​ក៏​បាន​ចុះផ្សាយ​ជា​ហូរហែ​អំពី​ព្រឹត្តិការណ៍​នេះ​ដែរ ប៉ុន្តែ​ការ​ផ្សាយ​ទាំងនោះ​ត្រឹមតែ​ជា​ព័ត៌មាន​ខ្លីៗ​ស្ដីពី​សកម្មភាព​ក្រុម​មេដឹកនាំ​រុស្ស៊ី ការ​ដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​សេរី​លើ​រុស្ស៊ី និង​ជំហរ​របស់​ប្រទេស​មួយចំនួន។ AKP យក​ព័ត៌មាន​ពី​ប្រភព​តែ​បី​ប៉ុណ្ណោះ​មក​បកប្រែ និង​ចុះផ្សាយ គឺ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ិនហួ (Xinhua) កាសែត​ប្រជាជន​របស់​ចិន (People's Daily) និង​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី (TASS)។ អត្ថបទ​ដែល AKP យក​មក​ចុះផ្សាយ​នោះ មិន​បាន​ពណ៌នា​ទង្វើ​របស់​រុស្ស៊ី​ថា ជា​ការ​ឈ្លានពាន​ឡើយ ហើយ​ក៏​មិន​បាន​បង្ហាញ​ពី​ការ​ខូចខាត និង​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែរ។

ចំណែក​គេហទំព័រ​ដើម​អំពិល (DAP) ដែល​តែង​ផ្សាយ​ការពារ​ផលប្រយោជន៍​ចិន និង​ប្រឆាំង​អាមេរិក​នៅ​កម្ពុជា​វិញ​នោះ ស្ថាប័ន​នេះ​ក៏​បាន​បកប្រែ​ព័ត៌មាន​អំពី​បញ្ហា​អ៊ុយក្រែន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​យក​មក​ចុះផ្សាយ​ដែរ។ ប៉ុន្តែ​ជាមួយគ្នា​នេះ ស្ថាប័ន​នេះ​បាន​ស្រង់​សំណេរ​មួយចំនួន ដែល​មាន​ចរិត​គាំទ្រ​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​យក​មក​ចុះ​ផ្សាយ។ ក្នុង​នោះ មាន​អត្ថបទ​មួយ​សរសេរ​ក្នុង​ន័យ​ថា សង្គ្រាម​លើ​អ៊ុយក្រែន​នៅពេល​នេះ កើត​ឡើង​ដោយសារ​តែ​ពួក​លោក​ខាងលិច​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជិត​ព្រំដែន​រុស្ស៊ី ហើយ​រុស្ស៊ី​លើកទ័ព​ចូល​អ៊ុយក្រែន​ដើម្បី​ទាមទារ​នូវ​អ្វី​ដែល​ខ្លួន​បាន​បាត់បង់​កាល​ពី​ជំនាន់​សហភាព​សូវៀត។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​សម្ពន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) លោក ណុប វី មាន​ប្រសាសន៍​ថា អ្នកសារព័ត៌មាន​គប្បី​គោរព​គោលការណ៍​វិជ្ជាជីវៈ ដោយ​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​គ្រប់ជ្រុងជ្រោយ​ទាក់ទង​នឹង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​នេះ។ លោក​បន្ថែម​ថា អ្នក​សារព័ត៌មាន​គួរ​ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​តែ​មួយ​ជ្រុង​ទៅ​តាម​ទំនោរ​របស់​ខ្លួន ព្រោះ​នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័ន្ត​ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​ជាក់ស្ដែង៖ « ខ្លឹមសារ​នៃ​ព័ត៌មាន​ហ្នឹង គួរតែ​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព និង​បរិបទ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ ឬ​មួយ​ចៀសវាង​ការ​ព្យាយាម​កេង​ចំណេញ​យក​ផល​ប្រយោជន៍​ណាមួយ​សម្រាប់​ក្រុម​បក្ខពួក ឬ​មួយ​ក៏​អ្នក​ដែល​មាន​និន្នាការ​ហ្នឹង។ អ៊ីចឹង​នេះ​ជា​រឿង​មួយ​សំខាន់​ណាស់​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​យើង​ជា​អ្នក​សារព័ត៌មាន ហើយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​ទទួល​បាន​ព័ត៌មាន​ពី​គ្រប់​ទិដ្ឋភាព ពី​គ្រប់​ជ្រុង ពី​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ហ្នឹង »

កងទ័ព​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ពេញទំហឹង ចាប់​តាំង​ពី​ថ្ងៃទី ២៤កុម្ភៈ ឆ្នាំ២០២២។ ការ​ឈ្លានពាន​របស់​រុស្ស៊ី​រយៈពេល​មួយ​សប្ដាហ៍​មក​នេះ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​រាប់​រយ​នាក់​បាត់បង់​ជីវិត ក្នុង​នោះ​ក៏​រួម​ទាំង​កុមារ​ផង​ដែរ។ ទោះជាយ៉ាងណា ប្រទេស​ជាច្រើន​បាន​នាំ​គ្នា​ថ្កោលទោស​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី និង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​នេះ ស្រប​ពេល​ពលរដ្ឋ​នៅ​គ្រប់ជ្រុងជ្រោយ​នៃ​ពិភពលោក​នាំ​គ្នា​បង្ហាញ​ជំហរ​គាំទ្រ​ប្រទេស​អ៊ុយក្រែន និង​ទទូច​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម​នេះ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។