ក្រសួងការបរទេសអាមេរិកថា ពលរដ្ឋកម្ពុជាពុំមានលទ្ធភាពអាចជ្រើសរើសរដ្ឋាភិបាលដែលពួកគេចង់បានឡើយ
2023.03.22

ក្រសួងការបរទេសអាមេរិកថា ពលរដ្ឋកម្ពុជាពុំមានលទ្ធភាពអាចជ្រើសរើសរដ្ឋាភិបាលដែលពួកគេចង់បានតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើយ។ ក្រសួងការបរទេសអាមេរិក លើកឡើងយ៉ាងដូច្នេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការអនុវត្តសិទ្ធិមនុស្សរបស់កម្ពុជា ទើបនឹងចេញផ្សាយកាលពីថ្ងៃទី២០ ខែមីនា។
មិនខុសពីបណ្ដាឆ្នាំមុនៗ សម្រាប់ឆ្នាំ២០២២ កន្លងទៅ ក្រសួងការបរទេសអាមេរិកបានកត់ត្រា និងរកឃើញនូវករណីរំលោភបំពានសិទ្ធិមនុស្សជាច្រើននៅកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើននៃករណីរំលោភបំពានទាំងនោះ គឺពាក់ព័ន្ធនឹងសេរីភាពនៃការចូលរួមក្នុងកិច្ចការនយោបាយ។
ក្រសួងការបរទេសអាមេរិក កត់សម្គាល់ថា បើទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាផ្ដល់ជូនពលរដ្ឋនូវលទ្ធភាពក្នុងការជ្រើសរើសរដ្ឋាភិបាលតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែលត្រូវធ្វើឡើងតាមរយៈសន្លឹកឆ្នោតជាសម្ងាត់ និងផ្អែកតាមសិទ្ធិបោះឆ្នោតជាសាកល និងស្មើភាពគ្នាក៏ដោយ ក៏លទ្ធភាពនៃការធ្វើដូច្នេះពុំមានឡើយសម្រាប់ពលរដ្ឋកម្ពុជា។ របាយការណ៍ក្រសួងការបរទេសអាមេរិកដដែលបន្តថា ផ្អែកតាមច្បាប់ រដ្ឋាភិបាលកម្ពុជាអាចរម្លាយគណបក្សនយោបាយណាមួយ និងហាមប្រាមមិនឱ្យបុគ្គលណាម្នាក់ធ្វើជាមេដឹកនាំគណបក្សនយោបាយ ឬក៏មិនឱ្យធ្វើនយោបាយពេញមួយជីវិតតែម្ដង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីសុំប្រតិកម្មជុំវិញការលើកឡើង និងការរកឃើញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកបានទេ កាលពីថ្ងៃទី២១ ខែមីនា។
កន្លងទៅ រដ្ឋាភិបាលកម្ពុជាតែងច្រានចោលករណីរំលោភបំពានសិទ្ធិមនុស្សនានា ដែលរកឃើញដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសលោកខាងលិច ដោយចាត់ទុកការរកឃើញទាំងនោះថា មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។
ទោះជាយ៉ាងណា ក្រសួងការបរទេសអាមេរិកក៏បានលើកឡើងពីការរឹតត្បិតតាមផ្លូវច្បាប់មួយចំនួនទៀតផងដែរ ទាក់ទងនឹងដំណើរការបោះឆ្នោត។ ជាក់ស្ដែង ច្បាប់កម្ពុជាហាមប្រាមមិនឱ្យគណបក្សនយោបាយប្រើប្រាស់សារជាសំឡេង រូបភាព ឬឯកសារជាលាយលក្ខណ៍អក្សររបស់បុគ្គលដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ។ លើសពីនេះទៀត ក្រមសីលធម៌របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏មានចែងពីការដាក់ពិន័យចំពោះអ្នកកាសែត ប្រសិនបើពួកគេ «បង្កការរំខានដល់ដំណើរការបោះឆ្នោត» សម្ភាសអ្នកបោះឆ្នោតណាម្នាក់ក្នុងការិយាល័យបោះឆ្នោត ឬផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលអាចប៉ះពាល់ដល់ «ស្ថិរភាពនយោបាយ» ឬបណ្ដាលឱ្យសាធារណជនបាត់បង់ទំនុកចិត្តលើការបោះឆ្នោតជាដើម។
ក្រសួងការបរទេសអាមេរិក ក៏មិនភ្លេចលើកឡើងពីដំណើរការនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ កាលពីដើមខែមិថុនា ឆ្នាំ២០២២។ ក្រសួងការបរទេសអាមេរិកថា បើទោះបីជាមានគណបក្សនយោបាយចំនួន១៧ ចូលរួមក៏ដោយ មានគណបក្សប្រឆាំងឯករាជ្យតែមួយគត់ ដែលទទួលបានការគាំទ្រច្រើន គឺគណបក្សភ្លើងទៀន។ ក្រសួងការបរទេសអាមេរិកកត់សម្គាល់ថា នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានហាមប្រាមមិនឱ្យបេក្ខជនគណបក្សភ្លើងទៀនជិត ១៥០នាក់ ឈរឈ្មោះបោះឆ្នោត ដោយលើកហេតុផលថាដោយសារតែពួកគេពុំចេះអក្សរ និងពុំបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗ ទៀត។ របាយការណ៍លើកឡើងថា មានសេចក្ដីរាយការណ៍អំពីភាពមិនប្រក្រតីជាច្រើននៅថ្ងៃបោះឆ្នោត ដួចជា វត្តមានរបស់មន្ត្រីសន្តិសុខ និងអាជ្ញាធរមូលដ្ឋាននៅក្នុង ឬនៅក្បែរការិយាល័យបោះឆ្នោត ភាពមិនប្រក្រតីនៃនីតិវិធីរាប់សន្លឹកឆ្នោត និងការរឹតត្បិតមិនសមស្របទៅលើក្រុមអ្នកឃ្លាំមើលការបោះឆ្នោតជាដើម។
ដោយឡែក ចំពោះអ្នកទោសនយោបាយវិញ ក្រសួងការបរទេសអាមេរិកកត់សម្គាល់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្អែកតាមការប៉ាន់ស្មានរបស់អង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការផ្នែកសិទ្ធិមនុស្សឱ្យដឹងថា នៅកម្ពុជា មានអ្នកទោសនយោបាយ និងជាប់ឃុំនយោបាយប្រមាណជា ៤០នាក់។
របាយការណ៍ បានដកស្រង់តួលេខផ្ដល់ដោយការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលរកឃើញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ យ៉ាងហោចណាស់មានករណីឃុំខ្លួនមនុស្សតាមទំនើងចិត្តប្រព្រឹត្តដោយអាជ្ញាធរកម្ពុជារហូតដល់ទៅ ៤ពាន់ករណី។ ក្រៅពីនោះ មានករណីចាប់ខ្លួនតាមទំនើងចិត្តយ៉ាងហោចណាស់ ៤៩ករណី ក្នុងនោះ ៤០នាក់ជាសកម្មជននយោបាយ ១នាក់ ជាអ្នកកាសែត និង ៨នាក់ជាសកម្មជនដីធ្លី។ របាយការណ៍ថាករណីចាប់ខ្លួនតាមទំនើងចិត្តនេះ អាចមានច្រើនជាងនេះ ព្រោះជនរងគ្រោះនៅតាមតំបន់ដាច់ស្រយាលអាចមិនបានដាក់ពាក្យប្ដឹង ដោយសារតែពួកគេពិបាកធ្វើដំណើរទៅការិយាល័យអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ឬព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមគ្រួសារពួកគេ។
របាយការណ៍ក្រសួងការបរទេសអាមេរិកដដែល ក៏បានលើកឡើងពីករណីឃាតកម្មប្រព្រឹត្តដោយភ្នាក់ងាររដ្ឋាភិបាលលើអតីតអនុប្រធានភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺលោក សួង ឌ័ន ក្នុងពេលឃាត់ខ្លួនដោយមន្ត្រីអាវុធហត្ថ កាលពីដើមខែសីហា ឆ្នាំ២០២២។
ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកក៏បានលើកឡើងពីករណីរំលោភបំពានសិទ្ធិមនុស្សដទៃទៀត ដូចជាករណីចង្អៀតណែនក្នុងពន្ធនាគារ ករណីរំលោភសិទ្ធិទទួលបានការកាត់ក្ដីដោយស្មើភាពគ្នា ករណីរំលោភសិទ្ធិការងារ សិទ្ធិកុមារ សិទ្ធិជនជាតិភាគតិចជាដើម អំពើពុករលួយ និងតម្លាភាពក្នុងរដ្ឋាភិបាលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។