ស្ត្រីសកម្មជនបក្សប្រឆាំងនៅភ្នំពេញម្នាក់ ដែលត្រូវជនមិនស្គាល់មុខពីរនាក់វាយធ្វើបាប កាលពីសប្ដាហ៍មុនថ្លែងថា សមត្ថកិច្ចព្រងើយកន្តើយក្នុងកាស្វែងរកយុត្តិធម៌សម្រាប់អ្នកស្រី។ មន្ត្រីសង្គមស៊ីវិលយល់ថា ការអនុវត្តច្បាប់របស់សមត្ថកិច្ចរបៀបនេះ បង្ហាញថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ច រើសអើងប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ហើយមិនគោរពគោលការណ៍យុត្តិធម៌ស្មើភាព។
ជនរងគ្រោះ អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា មិនសង្ឃឹមថា អ្នកស្រីនឹងទទួលបានយុត្តិធម៌ទេ ព្រោះមកទល់ពេលនេះ សមត្ថកិច្ចមិនដែលជូនដំណឹងអំពីភាពជឿនលឿននៃ ដំណើរការស៊ើបអង្កេតរកជនដៃដល់នោះទេ។ អ្នកស្រីយល់ថា ករណីហិង្សានេះ នឹងមិនខុសពីករណីសកម្មជនគណបក្សសង្គ្រោះជាតិ១២នាក់ទៀតដែរ គឺ សមត្ថកិច្ចមិនបានចាប់ ជនដៃដល់យកមកផ្ដន្ទាទោសឡើយ។ ជនរងគ្រោះបន្តថា ការបណ្ដោយឲ្យជនល្មើសរួចខ្លួនពីច្បាប់នេះ រឹតតែធ្វើឲ្យអ្នកស្រី និងក្រុមគ្រួសារ ព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព៖ « នៅពេលគេមិនទាន់រកជនដៃដល់ឃើញអ៊ីចឹង ខ្ញុំមានអារម្មណ៍ភិតភ័យដោយសារការធ្វើទុក្ខបុកម្នេញការវាយដំអីនេះ វាក្លាយជាអំពើមួយលែងមានច្បាប់ ទម្លាប់ក្នុងប្រទេស។ ចង់វាយនរណាក៏បាន ហើយពេលប្ដឹងផ្ដល់ហើយ មិនឮសូរអាជ្ញាធរហៅយើងទៅប្រាប់សួរនាំសាកសួរអីទេ។ ស្ងាត់ឈឹងទាំងអស់។ រឿងនេះជារឿងនយោបាយតែម្ដង » ។
អ្នកស្រី ទេព ច័ន្ទសុខខែយ៉ា អាយុ ៥១ឆ្នាំ គឺជាចៅសង្កាត់រងទី២ ជាប់ឆ្នោតនៅសង្កាត់អូរឬស្សី៤ របស់គណបក្សសង្គ្រោះជាតិ ត្រូវបានជនមិនស្គាល់មុខពីរនាក់ លួចវាយឲ្យដួលសន្លប់ កាលថ្ងៃទី៦ ខែធ្នូ។ បច្ចុប្បន្ន អ្នកស្រី កំពុងសម្ងំព្យាបាលជំងឺនៅទីកន្លែងមានសុវត្ថិភាពមួយ ដោយសារបារម្ភខ្លាចជនដៃដល់បន្តតាមធ្វើបាបអ្នកស្រីបន្តទៀត។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ករណី អាជ្ញាធរមិនដែលវែកមុខ និងនាំខ្លួនជនដៃដល់មកផ្ដន្ទាទោស តាមច្បាប់បែបនេះ គឺជៀសមិនផុតពីការរិះគន់នោះទេ។ លោកថ្លែងបន្តថា សមត្ថកិច្ចបន្ត ប្រើភាសាដដែលៗ ថា កំពុងស៊ើប អង្កេតកន្លងមកនេះ ប៉ុន្តែគ្មានលទ្ធផលនេះ គឺជាទម្លាប់របស់អាជ្ញាធរ ដោះសាតែប៉ុណ្ណោះ៖ « ទោះបីជាករណីនេះអាជ្ញាធរពន្យល់ថា កំពុងសិក្សា ឬស៊ើបអង្កេតក៏ដោយ ក៏មិនទាន់រកឃើញតម្រុយនៃអ្នកប្រព្រឹត្តល្មើសដែរ។ ដូច្នេះ នាំឲ្យគេរិះគន់ថា ជាការរើសអើងផ្នែកនយោបាយ ព្រោះពលរដ្ឋគ្រប់រូបរស់នៅក្នុងប្រទេស ត្រូវតែទទួលកិច្ចការពារសុវត្ថិភាព និងត្រូវតែទទួលបានយុត្តិធម៌ស្មើភាពគ្នាចំពោះមុខច្បាប់ » ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានទេនៅថ្ងៃទី១៤ ធ្នូនេះ។
យ៉ាងហោចណាស់មាន សកម្មជនគណបក្សប្រឆាំង ១៣នាក់ ហើយ ត្រូវជនល្មើសវាយប្រហារ ពេលវិបត្តិនយោបាយកើតឡើង ប៉ុន្តែមកទល់ពេលនេះ គ្មានសំណុំរឿងមួយណា ត្រូវសមត្ថកិច្ចបានរកឃើញជនល្មើសនោះទេ។ កន្លងមក សមត្ថកិច្ចលោក ហ៊ុន សែន ថ្លែងថា សមត្ថកិច្ចបន្តស៊ើបអង្កេតករណីទាំងនេះ ហើយថា សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីទាំងនោះជាករណីនយោបាយនៅឡើយទេ។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅ ចាត់ទុកអំពើហិង្សាកើតឡើងញឹកញាប់ទៅលើសកម្មជនបក្សប្រឆាំង ដោយសារតែការបញ្ចេញទស្សនៈនយោបាយ ស្របពេលរដ្ឋាភិបាលចេញបញ្ជាឲ្យបង្ក្រាបសកម្មជនបក្សប្រឆាំងនៅទូទាំងប្រទេស។
អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ កំពុងរងគ្រោះពីរដង។ ពួកគេមិនត្រឹមតែទទួលរងអំពើហិង្សាដោយសារទស្សនៈនយោបាយប៉ុណ្ណោះទេ ថែមទាំងមិនបានទទួលការគាំទ្រពីស្ថាប័នយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សង្គមស៊ីវិល ព្រួយបារម្ភពីការគំរាមកំហែងករណីហិង្សាទាំងនេះ នឹងធ្វើឲ្យប្រជាជនកម្ពុជារស់នៅក្នុងភាពភ័យខ្លាច មិនហ៊ានចូលរួមសកម្មភាពរឿងនយោបាយ ហើយនិទណ្ឌភាព បង្ហាញថា ស្ថាប័នយុត្តិធម៌ និងសមត្ថកិច្ច គ្មានឯករាជ្យ រើសអើងប្រជាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។