ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តតាកែវ លោក ទៀវ ពណ្ណរាយ កោះហៅ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ គឺលោក ថាវ រិទ្ធិ ឱ្យចូលរួមការជំនុំជម្រះនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៦ ខែតុលា ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា ការកោះហៅនេះ គឺជាការគំរាមកំហែងផ្នែកនយោបាយទៅលើសកម្មជនគណបក្សប្រឆាំង។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ថាវ រិទ្ធិ ប្រាប់វិទ្យុអាស៊ីថា ការកោះហៅសើរើឡើងវិញទាក់ទងនឹងសំណុំរឿងក្បត់ជាតិនេះ គឺជាការធ្វើទុកបុកម្នេញផ្នែកនយោបាយមកលើរូបលោក ខណៈពេលនេះលោកមានជំងឺប្រចាំកាយធ្ងន់ធ្ងរ និងមិនបានចូលរួមធ្វើនយោបាយជាមួយគណបក្សណាមួយឡើយ។ លោក ថាវ រិទ្ធិ ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល៨ថ្ងៃកាលពីឆ្នាំ២០១៩ ទាក់ទងនឹងផែនការវិលចូលស្រុករបស់លោក សម រង្សី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ ទោះជាមានដីកាគំរាមកំហែងម្ដងទៀតក្ដី លោក ថាវ រិទ្ធិ អះអាងថា លោកនឹងមិនចាកចេញពីប្រទេសកម្ពុជាឡើយ និងតស៊ូស្លាប់នៅលើទឹកដីមាតុភូមិកំណើតរបស់ខ្លួន។ ទោះជាយ៉ាងណា លោកស្នើដល់តុលាការខេត្តតាកែវ ឱ្យលើកលែងការចោទប្រកាន់មកលើរូបលោក ដើម្បីបង្ហាញពីគុណធម៌ផ្នែកនយោបាយ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រីធ្លាប់យោគយល់ដល់សកម្មជនគណបក្សសង្គ្រោះជាតិកន្លងមក ម្យ៉ាងវិញទៀតលោកកំពុងតែមានជំងឺគាបសរសៃឈាមប្រចាំកាយ និងមិនអាចធ្វើកិច្ចការអ្វីបាននោះឡើយនៅពេលបច្ចុប្បន្ន៖ « ខ្ញុំមិនចាកចេញទេលោកគ្រូ ខ្ញុំសុខចិត្តស្លាប់ក្នុងទឹកដីស្រុកកំណើត ភូមិកំណើតខ្ញុំ។ ខ្ញុំរស់ដោយសារថ្នាំទេរាល់ថ្ងៃនេះ បើសិនគ្មានថ្នាំពេទ្យ ខ្ញុំគ្មានសង្ឃឹមថាជីវិតខ្ញុំនៅទេ សេចក្ដីស្លាប់ចំពោះខ្ញុំនេះវាផុយណាស់ » ។
សមាជិកប្រតិបត្តិស្រុកត្រាំកក់គណបក្សសង្គ្រោះជាតិ លោក ថាវ រិទ្ធិ និងលោក កូយ ចន្ថា ដែលជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកត្រាំកក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តតាកែវ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយពីការឃុំខ្លួនបាន៨ថ្ងៃ សកម្មជនទាំងពីរត្រូវបានដោះលែងឱ្យមានសេរីភាពវិញទាំងយប់នៅថ្ងៃទី១៤ ខែវិច្ឆិការ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យមានការយោគយល់ដល់សកម្មជនគណបក្សសង្គ្រោះជាតិអស់។
ដូចគ្នានេះដែរ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក កូយ ចន្ថា លោកមិនទាន់ទទួលបានដីកាកោះហៅឱ្យចូលសវនាការនៅឡើយទេ ទោះជាយ៉ាងណា លោកចាត់ទុកការសើរើសំណុំរឿងចាស់រួមគំនិតក្បត់នេះ គឺជាការគំរាមកំហែងផ្នែកនយោបាយមកលើរូបលោក ខណៈរូបលោកបច្ចុប្បន្នគឺជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តតាកែវ។
ដីកាកោះហៅចុះថ្ងៃទី៣០ ខែសីហា ដោយព្រះរាជអាជ្ញារងនៃសាលាដំបូង ខេត្តតាកែវ លោក ទៀវ ពណ្ណរាយ កោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ លោក ថាវ រិទ្ធិ ឱ្យចូលជំនុំជម្រះនៅសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៦ ខែតុលា ដោយចោទប្រកាន់ពីបទ រួមគំនិតក្បត់។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា យល់ឃើញថា ការចេញសេចក្ដីកោះហៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ រួមគំនិតក្បត់នេះ គឺជាដំណើរការធម្មតារបស់តុលាការ។ ទោះជាយ៉ាងណា លោក សឹង សែនករុណា ថា ការកោះហៅនេះមិនមែនត្រឹមតែជាការគំរាមកំហែងដល់សកម្មជនគណបក្សដែលមាននិន្នាការមិនស្របគណបក្សកាន់អំណាចតែពីររូបនេះទេ តែបញ្ហានេះគឺអាចឱ្យសកម្មជនផ្សេងៗទៀតមានការភ័យខ្លាច និងមិនហ៊ានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោក ថា សកម្មភាពទាំងនេះបង្ហាញថា លំហនយោបាយនៅកម្ពុជាកាន់តែរឹតត្បិត ហើយលោកស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលគួរបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ មកដល់ ទើបអាចផ្ដល់ផលប្រយោជន៍ដល់ប្រទេសជាតិ៖ « ការកោះហៅបន្តបន្ទាប់បែបនេះ វាជាការបង្កើនក្ដីព្រួយបារម្ភជាថ្មី សម្រាប់យើងដែលជាសង្គមស៊ីវិល ហើយយើងចង់ឃើញនូវការបើកលំហរការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ » ។
កន្លងមក អ្នកវិភាគតែងតែលើកឡើងថា ប្រព័ន្ធតុលាការនៅកម្ពុជា គឺគ្រាន់តែជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។ ដោយឡែក អង្គការសង្គមស៊ីវិលក្នុងស្រុក អង្គការអន្តរជាតិ និងបណ្ដាប្រទេសប្រជាធិបតេយ្យ កន្លងមក តែងទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន លើកលែងរាល់បទចោទទៅលើសកម្មជននយោបាយ និងដោះលែងសកម្មជននយោបាយកំពុងជាប់ឃុំឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។