សាលាដំបូងខេត្តត្បូងឃ្មុំ បានផ្លាស់ប្ដូរកម្មវិធីពីសវនាការជំនុំជម្រះទៅជាសវនាការលើបណ្ដឹងសុំនៅក្រៅឃុំវិញ ពាក់ព័ន្ធនឹងសំណុំរឿងរបស់សកម្មជននយោបាយ និងសកម្មជនដីធ្លីសរុប៨ នាក់ កាលពីថ្ងៃទី២៤ កុម្ភៈ។ ក្រុមមេធាវីលើកឡើងថា សវនាការនេះមានភាពអយុត្តិធម៌សម្រាប់ជនជាប់ចោទ ដោយសារអាជ្ញាធរបានដាក់ខ្នោះដៃពួកគេនៅក្នុងបន្ទប់សវនាការ។
សាលាដំបូងខេត្តត្បូងឃ្មុំសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លីសរុប ៨នាក់ ក្រោយបញ្ចប់សវនាការនៅថ្ងៃទី២៤ កុម្ភៈ។ ក៏ប៉ុន្តែសវនាការមុនអង្គសេចក្ដីនេះ ប្រព្រឹត្តទៅដោយមានការរិះគន់ខ្លាំងពីមេធាវី និងមន្ត្រីសិទ្ធិមនុស្ស ពីព្រោះតុលាការសាកសួរជនជាប់ចោទដោយមិនព្រមដោះខ្នោះដៃពួកគេឡើយ។
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សប្រឆាំងលោក សំ សុគង់ ប្រាប់អាស៊ីសេរីក្រោយពេលចេញពីសវនាការថា ការដាក់ខ្នោះដៃលើកូនក្ដី គឺជារឿងអយុត្តិធម៌មិនអាចទទួលយកបានឡើយ។ លោក សំ សុគង់ បានស្នើសុំដល់អង្គជំនុំជម្រះឱ្យដោះខ្នោះដៃរបស់ជនជាប់ចោទចេញដែរ ប៉ុន្តែចៅក្រមធ្វើមិនដឹងមិនឮ ហើយបន្តសួរដេញដោលរហូតដល់ចប់សវនាការ។ បន្ថែមពីនេះ កូនក្ដីរបស់លោកបានព្យាយាមបកស្រាយ នៅចំពោះមុខអង្គជំនុំជម្រះថា ពួកគេមានសុខភាពទ្រុឌទ្រោម និងមានជីវភាពខ្វះខាតក្នុងគ្រួសារ ហើយសុំឱ្យតុលាការដោះលែងនៅក្រៅឃុំ ប៉ុន្តែត្រូវបានតុលាការបដិសេធ៖ «សវនាការថ្ងៃនេះមិនអាចទទួលយកបានទេ ហើយជាចុងក្រោយគឺ អ្នកស្រីចៅក្រម បានសម្រេចមិនព្រមដោះលែងកូនក្ដីទាំងអស់ ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នទេ ដោយសំអាងហេតុថា នៅក្នុងរឿងនេះមានតម្រុយពិរុទ្ធភាព ហើយជនជាប់ចោទផ្សេងៗ ទៀត បានគេចខ្លួនហើយហ្នឹង ដើម្បីធានាឱ្យជនជាប់ចោទទាំងអស់ហ្នឹងបង្ហាញខ្លួន ឬក៏បង្ហាញមុខនៅពេលសវនាការលើកក្រោយ។ ប៉ុន្តែក្រុងមេធាវីយល់ថា ល័ក្ខណ៍ទាំងអស់នេះមិនមានការចាំបាច់ទេ » ។
ក្រុមមេធាវីការពារក្ដី ទាមទារឱ្យសមត្ថកិច្ចបញ្ឈប់ការដាក់ខ្នោះដៃកូនក្ដីរបស់ពួកគាត់ នៅក្នុងបន្ទប់សវនាការនាពេលក្រោយទៀត ព្រោះនេះជាការរំលោភសិទ្ធិជនជាប់ចោទធ្ងន់ធ្ងរ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ លោក ថេង ជាង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៤ ខែកុម្ភៈ ដោយសារទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
សំណុំរឿងនេះមានជនជាប់ចោទសរុប ១៤នាក់ ក្នុងនោះ ៨នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ និង ៦នាក់ទៀត កំពុងរត់គេចខ្លួន។ ក្នុងចំណោមអ្នកជាប់ឃុំ ទាំង ៨នាក់ មាន ៦ នាក់ ជាសកម្មជនបក្សប្រឆាំង មានជាអាទិ៍ លោក ស៊ូ យាន លោក ម៉ក់ សំអាន និងលោកស្រី ខន ទន។ ចំណែកពីរនាក់ទៀត ពួកគេជាតំណាងសហគមន៍កសិករ និងសកម្មជនដីធ្លី រួមមាន លោក ផុន សុផល និងលោក សែម ចំណាន។ តុលាការចោទប្រកាន់ពួកគេផ្សេងៗ គ្នា ពីបទផ្ដើមគំនិត សមគំនិត និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អាជ្ញាធរបានចាប់ខ្លួនពួកគេជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ ដោយសាររឿងពាក់អាវដែលមានពាក្យថា អរគុណសន្តិភាពតែត្រូវគោរពមាត្រា២ នៃរដ្ឋធម្មនុញ្ញ និងការប្រមូលផ្ដុំគ្នាតវ៉ានៅមុខស្ថានទូតចិន នៅរាជធានីភ្នំពេញ អំឡុងខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា។
តុលាការខេត្តត្បូងឃ្មុំគ្រោងបើកសវនាការជំនុំជម្រះលើអង្គសេចក្ដីនៃសំណុំរឿងនេះនៅថ្ងៃទី២៤ កុម្ភៈ ក៏ប៉ុន្តែដោយសារមេធាវីរបស់ជនជាប់ចោទម្នាក់ បានស្នើសុំពន្យារពេល ទើបតុលាការសម្រេចលើកពេលសវនាការអង្គសេចក្ដី។ ក៏ប៉ុន្តែ តុលាការបានសម្រេចបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់សកម្មជន៨ នាក់ ជំនួសវិញ តាមសំណើរបស់ក្រុមមេធាវី។
មេធាវីសមាគមអាដហុក (ADHOC) លោក សំ ទិត្យសីហា ដែលការពារក្តីឱ្យសកម្មជនដីធ្លីទាំងពីររូបនៅក្នុងសំណុំរឿងនេះ សោកស្ដាយដែលតុលាការមិនអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំ ទោះជាពួកគាត់មានហេតុផលសមស្របយ៉ាងណាក្តី។ លោកបញ្ជាក់ថា កូនក្តីរបស់លោកស្នើសុំនៅក្រៅឃុំ ព្រោះពួកគាត់មានសុខភាពមិនសូវល្អ និងមានកាតព្វកិច្ចចិញ្ចឹមបីបាច់កូន និងថែរក្សាប្រពន្ធដែលកំពុងមានផ្ទៃពោះ។ លោកស្នើឱ្យតុលាការពន្លឿនការជំនុំជម្រះ ដើម្បីផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក៖ «បើបើសិនបន្តអូសបន្លាយពេលឃុំខ្លួនបណ្ដោះអាសន្ន ឬក៏មិនកំណត់ពេលវេលាច្បាស់លាស់ទាក់ទងនឹងការអាហ្នឹងវាធ្វើឱ្យប៉ះពាល់ទៅដល់អ្នកជាប់ឃុំធ្វើឱ្យបាត់បង់សិទ្ធិ ឬក៏ធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់គាត់ផងដែរ » ។
តុលាការខេត្តត្បូងឃ្មុំមិនទាន់កំណត់ពេលជាក់លាក់ដើម្បីជំនុំជម្រះរឿងក្តីនេះនៅឡើយទេ បន្ទាប់ពីបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនទាំង ៨នាក់។
ក្នុងថ្ងៃសវនាការនេះ អាជ្ញាធរបានដាក់កងកម្លាំងចម្រុះប្រមាណ ៦០នាក់ នៅខាងមុខតុលាការ និងរឹតត្បិតមិនឱ្យសាច់ញាតិ និងអ្នកគាំទ្រជនជាប់ចោទតាមឃ្លាំមើលសវនាការនៅមុខតុលាការឡើយ។
បងស្រីសកម្មជនគណបក្សប្រឆាំងលោក ព្រៅ ចាន់ធឿន គឺលោកស្រី ព្រៅ ង៉ោ ថ្លែងថា ប៉ូលិសបានបណ្ដេញពួកលោកស្រីដែលមានគ្នាប្រមាណ ៦០នាក់ចេញពីមុខតុលាការ។ ស្ត្រីវ័យ ៤៦ឆ្នាំរូបនេះ ចាត់ទុកទង្វើរបស់ប៉ូលិសនេះថា ជាការធ្វើបាបខ្មែរគ្នាឯង ធ្វើឱ្យពួកលោកស្រីមានការឈឺចាប់៖ «ដូចថាឃើញបងប្អូនខ្ញុំប្រុសៗ ពីរបីនាក់អីរោមជិតតែម្ដង ម៉ូតូមកហើយមកទៀត។ ស្រីៗ ក៏ដេញដែរ គេដេញចេញទៅឱ្យឆ្ងាយដូចថាអត់ស្គាល់ខ្មែរគ្នាឯង ខ្ញុំអន់ចិត្តឡើងស្រក់ទឹកភ្នែក។ចង់និយាយថា បើសិនណាខ្មែរដូចគ្នា បើធ្វើអីចឹងនៅពេលជនជាតិគេយកដីយកទឹក ម្ល៉េះជនជាតិវៀតណាមនិងថៃយកដីបានទេ ខ្ញុំនឹកឃើញជាតិខ្មែរដូចគ្នាធ្វើដល់ថ្នាក់ហ្នឹង » ។
អាស៊ីសេរីមិនទាក់ទងស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
ទោះជាយ៉ាងណាក្ដី ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា ចាត់ទុករឿងនេះថា ជាការរឹតត្បិត និងរំលោភសិទ្ធពលរដ្ឋដោយខុសច្បាប់ ព្រោះការតាមដានសវនាការ គឺជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ៖ «ខ្ញុំគិតថារឿងនេះ ទំនងមកពីអាជ្ញាធរខ្លាចអ្នកដែលមកជួបជុំគ្នាហ្នឹងបង្កឱ្យមានជាបញ្ហាអីផ្សេងៗ មិនមែនជារឿងបញ្ហាដើម្បីការពារសុវត្ថិភាព ឬក៏សន្តិសុខសាធារណៈ ឬដើម្បីសណ្ដាប់សាធារណៈអីសំខាន់ទេ។ សំខាន់ទំនន់មកពីអាជ្ញាធរអាចខ្លាចពលរដ្ឋប្រមូលផ្ដុំគ្នាក្រោកឡើងតវ៉ាណាកើតឡើង » ។
ចំណែកការដាក់ខ្នោះដៃសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លីនៅក្នុងបន្ទប់សវនាការវិញ លោកនី សុខា និយាយថា ជាការរំលោភសិទ្ធជនជាប់ចោទធ្ងន់ធ្ងរ ពីព្រោះតុលាការមិនទាន់កាត់ក្ដីថា ពួកគេ មានទោស ឬមិនមានទោសនៅឡើយទេ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ កុម្ភៈ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន ព្រះសង្ឃខ្មែរថាវរៈ សកម្មជនសង្គម និងក្រុមយុវជនចំនួន ៧០នាក់ហើយ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ ញុះញង់ និងបទប្រមាថថ្នាក់ដឹកនាំ ដែលជាបទចោទពេញនិយមរបស់ព្រះរាជអាជ្ញា ហើយត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សមើលឃើញថា ជាការចោទប្រកាន់តាមទំនើងចិត្ត។
កាលពីឆ្នាំ២០២០ តុលាការខេត្តត្បូងឃ្មុំបានផ្ដន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៧នាក់ ឱ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពីបទ រួមគំនិតក្បត់ ខណៈសកម្មជនម្នាក់ទៀតនៅខេត្តកំពតក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ ឆ្នាំ ក្នុងបទចោទដូចគ្នានេះដែរ។ អ្នកតាមដានស្ថានការណ៍ ចាត់ទុកការចាប់ខ្លួនការចោទប្រកាន់ និងការផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងទាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង និងសំឡេងរិះគន់រដ្ឋាភិបាលឱ្យអស់ពីកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។