មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំក្រុងសួង ខេត្តត្បូងឃ្មុំ គឺលោក អ៊ុំ យ៉េត អាយុ ៦៨ ឆ្នាំត្រូវបានអាជ្ញាធរដោះលែងឲ្យមានសេរីភាព នៅរសៀលថ្ងៃទី២៨ ខែធ្នូ ក្រោយពេលលោកបានអនុវត្តទោសជាប់ពន្ធនាគារចប់រយៈពេលមួយឆ្នាំគត់។
ប្រពន្ធលោក អ៊ុំ យ៉េត គឺលោកស្រី ងួន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីថា លោក អ៊ុំ យ៉េត មានសុខភាពដូចធម្មតា ដោយគ្រាន់តែឡើងសម្ពាធឈាមបន្តិច។ លោកស្រី ប្រាប់ថា ក្រោយចាកចេញពីពន្ធនាគារភ្លាម លោកត្រូវបានក្រុមញាតិ មិត្ត និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៅទទួល និងស្វាគមន៍យ៉ាងកក់ក្ដៅនៅមុខពន្ធនាគារ។ លោកស្រីប្រាប់ថា លោក អ៊ុំ យ៉េត មិនបាក់ស្មារតី មិនចុះចាញ់ឡើយ ហើយលោកនឹងនៅតែចូលរួម និងគាំទ្រសកម្មភាពអ្នកប្រជាធិបតេយ្យបន្តទៀត។
នគរបាលខេត្តត្បូងឃ្មុំ បានចាប់ខ្លួន សមាជិកប្រតិបត្តិក្រុងសួងលោក អ៊ុំ យ៉េត និងសមាជិកបក្សប្រឆាំង សកម្មជនដីធ្លី សរុបចំនួន ៨ នាក់ ដាក់ឃុំក្នុងពន្ធនាគារកាលពីចុងឆ្នាំ២០២០ ដោយចោទពួកគាត់ញុះញង់ពាក់ព័ន្ធនឹងការជួបជុំគ្នាហូបនំបញ្ចុករង់ចាំទទួលមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីបក្សប្រឆាំង លោក សម រង្ស៊ី។
ក្នុងបទចោទនេះ មានជនជាប់ចោទសរុប ១៤ នាក់ តែនគរបាលចាប់បាន ៨នាក់ ឯអ្នកផ្សេងទៀតកំពុងរត់គេចខ្លួន។ ក្នុងសំណុំរឿងដដែលនេះ នៅសល់សកម្មជន ៣ នាក់ទៀត កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តត្បូងឃ្មុំ គឺលោកស្រី ទន ខន លោក ព្រៅ ចាន់ធឿន និងលោក ម៉ក់ សំអាន។ អ្នកទាំងនេះ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។