ប្រមុខការពារជាតិកម្ពុជាបានលើកឡើងថា មកដល់ពេលនេះ ពុំទាន់មានកិច្ចពិភាក្សាណាមួយជាមួយក្រុមប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក ឬអូស្ត្រាលី ក្នុងការចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញនៅឡើយទេ។ លោកបន្តថា មកដល់ពេលនេះ មានតែមិត្តចិនដែលមានសមានចិត្តជួយឧបត្ថម្ភសព្វបែបយ៉ាង ដើម្បីឱ្យប្រទេសទាំងពីរអាចដំណើរការសមយុទ្ធយោធាប្រចាំឆ្នាំជាមួយគ្នាឡើងវិញ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ បាញ់ បានថ្លែងថា កម្ពុជានៅមានការខ្វះខាតច្រើនទាំងសម្ភារៈយោធានិងមធ្យោបាយផ្សេងៗ បម្រើដល់ការធ្វើសមយុទ្ធ ហើយប្រសិនប្រទេសណាចង់ធ្វើសមយុទ្ធយោធារួមគ្នា ដូចកម្ពុជាបានធ្វើជាមួយចិននៅពេលនេះ គឺត្រូវផ្គត់ផ្គង់ឱ្យបានសព្វគ្រប់និងពេញលេញតាមតម្រូវការរបស់កម្ពុជា ទើបកម្ពុជាអាចចាប់ផ្ដើមសមយុទ្ធជាមួយគ្នាបាន។
លោក ទៀ បាញ់៖ «ដូច្នេះ!អ្នកខ្លះបានតែថាទេ ខ្ញុំថា បើមានបំណងមែនទែន អញ្ជើញមក អញ្ជើញមកពិភាក្សាឱ្យជាក់ស្ដែងពិតប្រាកដមក តើអាចទទួលខុសត្រូវកម្រិតណា ប៉ុន្តែវាអត់មាន មានតែភាគីចិនមួយ ហើយជានិច្ចកាល តែងតែជំរុញ ដូចឃើញស្រាប់ហើយ ដឹកសម្ភារៈមក ហើយសម្ភារៈមួយចំនួននេះ គាត់អត់យកទៅវិញទេ»។
លោក ទៀ បាញ់ បន្ថែមថា ផ្នែកយោធាចិនបានជួយជ្រោមជ្រែងទាំងស្រុងក្នុងដំណើរការធ្វើសមយុទ្ធយោធានាគមាសឆ្នាំ២០២៣នេះ មានដូចជា ការទំនុកបម្រុងផ្ដល់គ្រាប់បាញ់ គ្រាប់រំសេវផ្ទុះ ប្រេងសាំង និងឧបករណ៍យោធាជាច្រើនទៀត គឺសុទ្ធតែភាគីចិនដឹកយកមកកម្ពុជាទាំងអស់។ លោកបន្ថែមថា អ្វីដែលត្រូវអរគុណនិងជាមោទកភាពដ៏ធំធេង គឺយោធាចិនប្រគល់ឧបករណ៍យោធាទាំងអស់ឱ្យកម្ពុជាសម្រាប់ប្រើប្រាស់ដោយមិនដឹកត្រឡប់ទៅវិញឡើយ ក្រោយចប់ការធ្វើសមយុទ្ធ។
រដ្ឋមន្ត្រីការពារជាតិបានលើកឡើងបែបនេះ នៅក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ភ្នំជុំសែនរីករាយ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ មេសា ក្រោមប្រធានបទប្រតិបត្តិការការពារសន្តិសុខ និងការជួយសង្គ្រោះមនុស្សធម៌។ សមយុទ្ធនេះធ្វើឡើងរយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដោយមានកងទ័ពកម្ពុជាចូលរួមជាង២៧០០នាក់ និងកងទ័ពរំដោះប្រជាជនចិនចំនួន២៥៧នាក់។

មេបញ្ជាការតំបន់ខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនលោក វេ វិនហួយ (Wei Wenhui) បានលើកឡើងនៅក្នុងពិធីនេះដែរថា នេះជាសមយុទ្ធជោគជ័យលើកទី៥ របស់កងទ័ពកម្ពុជានិងចិន និងជាសមយុទ្ធដែលមានកម្រិតបញ្ជាខ្ពស់ជាងមុន ទំហំសមយុទ្ធធំជាងមុន មេរៀនសមយុទ្ធកាន់តែស៊ីជម្រៅជាងមុន ជាពិសេសសមយុទ្ធនេះ ដែលពីមុនមានតែកម្លាំងជើងគោក ប៉ុន្តែត្រូវបានពង្រីកមានកងទ័ពជើងទឹកចូលរួមជាលើកដំបូង។
មេបញ្ជាការកងទ័ពចិនរូបនេះបន្តថា សមយុទ្ធលើកនេះ ជាការផ្សព្វផ្សាយទស្សនទានការពារសន្តិភាពរបស់ចិននិងកម្ពុជា ហើយភាគីទាំងពីរសុទ្ធតែជាប្រទេសសំខាន់នៅក្នុងតំបន់ ដែលមានទំនួលខុសត្រូវយ៉ាងធំក្នុងការការពារសន្តិសុខ និងភាពរុងរឿងនៅក្នុងតំបន់ និងពិភពលោក។ លោក វេ វិនហួយ បន្ថែមថា ចិនជំរុញការអភិវឌ្ឍសន្តិភាពនៅក្នុងពិភពលោក ការកសាងជោគវាសនារួម ការគោរពសិទ្ធិនៃការជ្រើសរើសមាគ៌ាអភិវឌ្ឍ និងរបបនយោបាយរបស់ប្រទេសនីមួយៗ អនុវត្តជាក់ស្ដែងពហុភាគីនិយម ប្រឆាំងឯកតោភាគីនិយម គាំពារនិយម និងប្រឆាំងនយោបាយអាងអំណាចជាដើម។ លើសពីនេះលោកក៏បញ្ជាក់ថា ប្រទេសចិនធ្វើនយោបាយលក្ខណៈការពារជាតិមិនធ្វើអនុត្តរភាព ឬការពង្រីកឥទ្ធិពល ឬវាទទីជារៀងរហូត។
លោក វេ វិនហួយ៖ «កងទ័ពចិនជាកម្លាំងខ្លាំងក្លាមួយ សម្រាប់ការពារសន្តិភាពតំបន់និងពិភពលោក។ ការកើនឡើងនៃកម្លាំងកងទ័ពចិន គឺជាការកើនឡើងនៃកម្លាំងស្រលាញ់សន្តិភាព។ កងទ័ពចិនរីករាយថ្ពក់ដៃជាមួយកងទ័ពនៃប្រទេសស្រលាញ់សន្តិភាព បង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រ ពង្រីក និងពង្រឹងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ជំរុញកិច្ចសហប្រតិបត្តិការ ប្រកៀកស្មាគ្នាឆ្លើយតបទៅនឹងការគំរាមកំហែងរួម»។
ការលើកឡើងពីមន្ត្រីយោធាជាន់ខ្ពស់កម្ពុជា និងចិននៅពេលនេះ បានធ្វើឡើងស្របពេលក្រុមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក នៅតែព្រួយបារម្ភថា ចិនកំពុងមានមហិច្ឆតាដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសមួយចំនួន ក្នុងនោះប្រទេសដែលមានសក្ដានុពល ដូចជាប្រទេសកម្ពុជា ប្រទេសហ្គីណេ (Equatorial Guinea) និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)។ នេះបើតាមរបាយការណ៍វាយតម្លៃចេញផ្សាយនៅដើមខែមីនានេះ ដោយបណ្ដុំភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងចំនួន១៧ស្ថាប័ន ក្នុងនោះរួមទាំងភ្នាក់ងារ ស៊ី.អាយ.អេ (CIA)។
បច្ចុប្បន្ន មូលដ្ឋានទ័ពជើងទឹករាម ដែលជាចំណុចក្ដៅមួយនៃទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក កំពុងស្ថិតក្នុងការសាងសង់ពង្រីកទីតាំងកាន់តែធំជាងមុន ក្រោមជំនួយពីប្រទេសចិន។ កាលពីចុងខែមីនា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា លោក ហ៊ុន សែន បានធ្វើអនុប្រយោគផ្ទៃដីជិត ២០០ហិកតារ (១៨៧ហិកតារ) ពីឧទ្យានជាតិសមុទ្រព្រះសីហនុរាម ខេត្តព្រះសីហនុ ដោយមួយផ្នែកប្រគល់ទៅឱ្យទីបញ្ជាការដ្ឋានការពារអាកាស និងមួយផ្នែកទៀតសម្រាប់ដាក់ប្រព័ន្ធរ៉ាដាកងទ័ពជើងទឹក។
ជុំវិញការលើកឡើងរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញអ្នកស្រី ស្តេហ្វានី អារហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិក នៅថ្ងៃ៦ មេសា ថា សហរដ្ឋអាមេរិកបានប្ដេជ្ញាធ្វើការងារជាមួយដៃគូនៅក្នុងតំបន់ ដើម្បីគាំទ្រចក្ខុវិស័យរួមសម្រាប់សេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកតាមដានស្ថានភាពនយោបាយបណ្ឌិត សេង សារី យល់ថា វាជារឿងចម្លែកនៅក្នុងវិស័យការទូត នៅពេលលោក ទៀ បាញ់ បានលើកឡើងថា សហរដ្ឋអាមេរិក ឬបណ្ដាប្រទេសលោកខាងលិច មិនទាន់មានការផ្ដួចផ្ដើមមកពិភាក្សាជាមួយកម្ពុជាដើម្បីធ្វើសមយុទ្ធយោធារួមគ្នា។ លោកបន្តថា ជាទូទៅ គំនិតស្នូលនៃការសមយុទ្ធយោធាចែករំលែកបទពិសោធន៍ គឺប្រទេសដែលមានបច្ចេកទេសកងទ័ពខ្សោយជាង ឬមានសព្វាវុធអន់ជាង គួរតែជាអ្នកស្នើទៅបណ្ដាប្រទេសដែលមានកាអភិវឌ្ឍរីកចម្រើនខាងផ្នែកយោធា ដើម្បីធ្វើសមយុទ្ធទទួលបានបទពិសោធន៍។
លោក សេង សារី៖ «ប៉ុន្តែនៅពេលដែលយើងឮថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ថា អាមេរិក ឬក៏បណ្ដាប្រទេសលោកសេរីមួយចំនួន មិនទាន់មកទំនាក់ទំនងមកកម្ពុជា ដើម្បីធ្វើសមយុទ្ធយោធានេះ ហាក់ដូចជា អាមេរិកនិងបណ្ដាប្រទេសផ្សេងៗហ្នឹង ចង់មកសិក្សាពីបទពិសោធន៍យោធានៅកម្ពុជា ដែលអំឡុងពេលយោធាកម្ពុជា នៅមើលឃើញថា ជាកងទ័ព ឬវិស័យយោធា ដែលខ្សោយជាងបណ្ដាលោកសេរីទាំងនោះ»។

លោកបន្តថា នៅពេលកម្ពុជាបង្ហាញជំហរមិនស្វាគមន៍ ឬមិនមានចេតនា ចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាមួយបណ្ដាប្រទេសលោកសេរី នោះនឹងធ្វើឱ្យកម្ពុជាត្រូវបានគេមើលឃើញថា លម្អៀងកាន់តែខ្លាំងទៅប្រទេសចិន ហើយនឹងធ្វើឱ្យទំនាក់ទំនងកម្ពុជានិងបណ្ដាប្រទេសលោកសេរី កាន់តែឃ្លាតឆ្ងាយពីគ្នាថែមទៀត។
លោក សេង សារី លើកឡើងទៀតថា អ្វីដែលលោកព្រួយបារម្ភបំផុតនៅពេលនេះ គឺកម្ពុជាអាចនឹងក្លាយជាទីលានសង្វៀនសម្រាប់ប្រកួតប្រជែងអំណាចរវាងក្រុមប្រទេសសេរី និងក្រុមប្រទេសកុម្មុយនិស្ត ហើយបើដូច្នេះមែន នោះអាចនឹងធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងដានប្រវត្តិសាស្ត្រចាស់ គឺការកើតមានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃសម្លាប់ពលរដ្ឋអស់រាប់លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។