ក្រុម​គ្រូបង្រៀន​ ​ប្តឹង​ក្រសួង​អប់រំ​​​រឿង​លុប​ឈ្មោះ​ពួក​គេ​ចេញ​​ពី​ក្របខណ្ឌ​ដោយ​អយុត្តិធម៌​

ដោយ ហេង រស្មី
2019.01.17
រ៉ុង ឈុន ២០១៩ ៦២២ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី (ខាងនៅ​ឆ្វេង) នៃ​លោក​ រ៉ុង ឈុន​ ដែល​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពេល​យក​បណ្តឹងទៅ​ដាក់​នៅ​សាលាដំបូង​រាជធានី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ពី​បណ្តាញ​សង្គម

អតីតបុគ្គលិក​អប់រំ និង​គ្រូបង្រៀន​មួយ​ចំនួននាំគ្នា​​ដាក់​បណ្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១៦ មករា​ ដើម្បីសុំ​ឱ្យតុលាការ​ជួយ​រកខុស​ត្រូវ​រឿង​​​​ក្រសួង​អប់រំលុប​ឈ្មោះ​ពួក​គេ​ចេញ​​ពី​ក្របខណ្ឌ។ ក្រសួង​អប់រំ​បានបណ្តេញ​​គ្រូបង្រៀន​ចំនួន​ ១៣នាក់ចេញ​ពី​ក្របខណ្ឌ​ កាល​ពី​ពេលដើម​ឆ្នាំ២០១៨ ​កន្លងទៅ ដោយ​លើក​ហេតុ​ផល​ថា ពួក​គេ​មិន​មក​បំពេញ​តាម​ច្បាប់​កំណត់។

ទីប្រឹក្សា​​សមាគម​គ្រូបង្រៀន​កម្ពុជាឯករាជ្យ​ និង​ជា​អតីត​សមាជិក​ គ..ប លោក​ រ៉ុង ឈុន​ ដែល​តំណាង​ឱ្យ​គ្រូ​បង្រៀន​ ១០នាក់​ផ្សេង​ទៀត ថ្លែង​ថា ពួក​លោក​មិន​សុខ​ចិត្ត​នឹង​ប្រកាស​របស់​ក្រសួង​អប់រំ​ស្តីពី​ការ​លុប​ឈ្មោះ​ពួក​លោក​ចេញ​ពី​ក្របខណ្ឌ​ក្រសួង​នោះ​ឡើយ​ ​ព្រោះ​វិធានការ​នេះ​​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាម​នីតិវិធី​រដ្ឋបាល​ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នោះ​ឡើយ។ លោក​ប្តឹង​សុំ​ឱ្យ​តុលាការ​ចាត់​ការ​រឿង​នេះ​​ដោយ​យុត្តិធម៌​ និង​ផ្តល់​ក្របខណ្ឌ​ឱ្យ​ពួក​លោក​ឡើង​វិញ៖ «សម្រេច​ចិត្ត​ប្តឹង​ដើម្បីសុំ​ឱ្យ​តុលាការ​ចេញ​សាលក្រម​លុប​​ប្រកាស​របស់​ក្រសួង​អប់រំ​ ដែល​ចុះ​ថ្ងៃ​ទី៣០ មករា ២០១៨ ហ្នឹង»

កាល​ពី​ដើម​ឆ្នាំ ២០១៨ កន្លង​ទៅ ក្រសួង​អប់រំ​ យុវជន និង​កីឡា បាន​សម្រេច​លុប​ឈ្មោះ​បុគ្គលិក​អប់រំ និងគ្រូ​បង្រៀន​ចេញ​ពី​ក្របខណ្ឌ​ក្រសួង​ជាប​ន្ត​បន្ទាប់ សរុប​ចំនួន​ ១៣នាក់ ដោយ​លើក​ហេតុ​ផល​ថា ពួក​គេ​បោះបង់​ចោល​ការងារ​ និង​មួយ​ចំនួន​ទៀត​អវត្ត​មាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

ទោះជា​យ៉ាង​ណា​ក្ដី បុគ្គលិក​អប់រំ និង​ក្រុម​គ្រូ​បង្រៀន​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​នោះ អះអាង​ថា ពួក​គេ​មិន​​​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ​។ បុគ្គលិក​អប់រំ​ទាំងនោះ​បកស្រាយ​ថា ពួក​គេ​បាន​ដាក់ពាក្យ​សុំ​អនុញ្ញាត​ឱ្យ​ស្ថិត​នៅក្រៅ​ក្រប​ខ័ណ្ឌ​ដើម​ ដើម្បី​ទៅ​បម្រើ​ការ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្រុម​ប្រឹក្សា​ស្រុក​ខណ្ឌ ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត។ ក៏​ប៉ុន្តែក្រោយ​ពេល​​របប​ក្រុង​ភ្នំពេញ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ​ នៅ​ខែ​វិច្ឆិកា ឆ្នាំ២០១៧ នោះ​ម​ក ពួក​គេ​ក៏​ត្រូវ​បាត់​បង់​តួនាទី និង​លាលែង​ចេញ​ពី​តំណែង​នោះ​វិញ។ ក្រុម​បុគ្គលិក​អប់រំ​បន្ត​ថា ក្រោយ​ពី​អស់​តួនាទី​នៅ​អង្គភាព​ថ្មី ពួក​គេ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្របខណ្ឌ​ក្រសួង​អប់រំ​វិញ ក៏​ប៉ុន្តែ​មិន​ត្រឹម​តែ​មិន​បាន​ចេញ​ប្រកាស​ឱ្យ​ពួក​គេ​ចូល​បម្រើ​ការងារ​វិញ​នោះ​ទេ ក្រសួង​ថែម​ទាំង​បាន​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​ក្រប​ខណ្ឌ​ដើម​នេះ​ទៀតផង។

អាស៊ីសេរី​មិន​អាច​ទាក់ទងរដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំ​វិញ​បណ្តឹង​របស់​ក្រុម​​​គ្រូ​បង្រៀន​នេះ​​បាន​ទេ នៅ​ថ្ងៃ​ទី១៦ មករា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ លោក ឌី ខាំប៉ូលី ក៏​មិន​លើក​ទូរស័ព្ទ​ដូច​គ្នា។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក​ សន ជ័យ យល់​ថា បុគ្គលិក​អប់រំ​ និង​គ្រូ​បង្រៀន​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពីក្របខណ្ឌនោះ មិន​បាន​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​​ឡើយ​។ លោក​​ជំរុញ​ឱ្យ​មាន​ការ​ជជែក​គ្នា​​រវា​ងក្រសួង​អប់រំ​ និង​ភាគីគ្រូបង្រៀន​​ ដើម្បី​​រក​ដំណោះស្រាយ​រួម​មួយ​ ​កុំ​ឱ្យ​រឿង​នេះ​អូស​បន្លាយបន្តទៅ​​ទៀត៖ «រឿង​នេះ​នៅ​តែ​អាច​ជជែក​គ្នា​បាន​ នៅពេល​ដែល​ភាគី​ពាក់ព័ន្ធ​ព្យាយាម​ដោះស្រាយ​​នៅក្នុង​កម្រិត​បច្ចេកទេស​ ឬ​ក៏​នៅក្នុង​កម្រិត​រដ្ឋបាល​សាធារណៈ វា​អាច​មាន​ផល​ចំណេញ​ច្រើន​ទៅវិញ​ទៅមក​។ ធ្វើ​យ៉ាង​ម៉េច​កុំ​ឱ្យ​ទិដ្ឋភាព​នេះ​វា​កាន់​តែ​ស្មុគស្មាញ​ទៅៗ»

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ ក៏​ស្នើឱ្យ​ក្រសួងអប់រំ​ពិចារណា​ផ្តល់​ក្របខណ្ឌ​ដល់​ក្រុម​គ្រូបង្រៀន​ទាំង​នោះ​វិញ​ផងដែរ ដោយសារ​ពួក​គាត់​ជា​ធន​ធាន​មនុស្ស​ដ៏​សំខាន់​ និង​មាន​សក្តានុពល​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។