តើ​លោក ទេព នីថា ជា​នរណា?

0:00 / 0:00

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​បោះឆ្នោត​ជ្រើសរើស​លោក ទេព នីថា ដែល​ជា​អគ្គលេខាធិការ គ.ជ.ប ចាស់ ឲ្យ​បន្ត​កាន់​តំណែង​នេះ​ជា​ថ្មី​ទៀត​សម្រាប់​អាណត្តិ​របស់ គ.ជ.ប ថ្មី។

លោក ទេព នីថា ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ដូចជា​សិស្ស​បាន​ប្រលង​ជាប់​នៅ​ពេល​លោក​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន គ.ជ.ប ជ្រើសរើស​ឲ្យ​ធ្វើជា​អគ្គលេខាធិការ គ.ជ.ប ជា​ថ្មី​ទៀត បើ​ទោះ​ជា​លោក​បាន​កាន់​តំណែង​នេះ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ​ក្តី។

កើត​ក្នុង​ឆ្នាំ​១៩៥៤ នៅ​រាជធានី​ភ្នំពេញ ក្នុង​ត្រកូល​មន្ត្រី​រាជការ លោក ទេព នីថា មាន​បងប្អូន​បង្កើត​ទាំង​អស់​ចំនួន ៦​នាក់ ប៉ុន្តែ ៤​នាក់ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។

ដោយសារ​បាន​កើត​ក្នុង​ត្រកូល​មន្ត្រី​រាជការ​នៅ​ក្នុង​ទីក្រុង លោក ទេព នីថា មាន​ឱកាស​សិក្សា​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​ភ្នំពេញ ហើយ​នៅ​មុន​សម័យ​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៥ លោក​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​គរុកោសល្យ។

បន្ទាប់​ពី​ពួក​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩ លោក ទេព នីថា ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​មន្ត្រី​រាជការ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​បន្ត​នៅ​សហភាព​សូវៀត ផ្នែក​សង្គមវិទ្យា និង​វិទ្យាសាស្ត្រ​សង្គម ហើយ​ក្រោយ​មក​ក៏​បាន​ទៅ​សិក្សា​ផ្នែក​គ្រប់គ្រង​នៅ​ប្រទេស​វៀតណាម អស់​រយៈពេល ២​ឆ្នាំ​បន្ថែម​ទៀត។ នៅ​រវាង​ឆ្នាំ​១៩៩៧-​១៩៩៨ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​ប្រវត្តិ​ការងារ​វិញ លោក​បាន​ធ្វើ​ជា​គ្រូពេទ្យ​នៅ​ខេត្ត​ព្រះវិហារ នៅ​ឆ្នាំ​១៩៧៩ ហើយ​នៅ​ឆ្នាំ​១៩៨០ លោក​បាន​មក​ធ្វើការ​នៅ​សមាគម​យុវជន​មួយ​នៅ​ភ្នំពេញ។ រហូត​ដល់​ឆ្នាំ​១៩៩៧ លោក​បាន​ចូល​ធ្វើ​ការ​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​មាន​តួនាទី​ជា​នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ ហើយ​ចាប់​ពី​ឆ្នាំ​២០០៣ មក លោក​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អគ្គលេខាធិការ​នៃ គ.ជ.ប។

​លោក ទេព នីថា ឲ្យ​ដឹង​ថា លោក​មិន​មាន​វត្តមាន​នៅ​ភ្នំពេញ នោះ​ទេ ពេល​ដែល គ.ជ.ប កំពុង​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី ប៉ុន្តែ​នៅ​ពេល​ទទួល​ដំណឹង​ថា លោក​ត្រូវ​បាន គ.ជ.ប ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​ជា​ថ្មី​ឡើង​វិញ លោក ទេព នីថា ថ្លែង​ថា លោក​មិន​ត្រឹមតែ​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​ក៏​ថែមទាំង​ភ្ញាក់ផ្អើល​ទៀត​ផង ដោយសារ​លោក​ថា នៅ​ក្នុង​ការ​ជ្រើសរើស​លើក​នេះ មាន​បេក្ខជន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ច្រើន។

លោក ទេព នីថា៖ «វា​ដូចជា​រឿង​កូនសិស្ស​ប្រលង​ជាប់ ឬ​ដូចជា​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ហើយ​ត្រូវ​បាន​ជ្រើសរើស។ ខ្ញុំ​សប្បាយចិត្ត​ដោយសារតែ​ការ​ជ្រើសរើស​លើក​នេះ មាន​ការ​ប្រកួតប្រជែង​ច្រើន និង​មាន​ការ​តាមដាន​ច្រើន អ៊ីចឹង​ទេ ការ​ដែល​បាន​ជ្រើសរើស​នេះ ជា​កិត្តិយស​មួយ​ដែរ ហើយ​ក៏​សូម​អរគុណ គ.ជ.ប ដែល​បាន​ជ្រើសរើស​ខ្ញុំ ព្រមទាំង​អគ្គលេខាធិការ​រង ៤​រូប​ទៀត»

កិច្ចប្រជុំ​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ដឹក​នាំ​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក (កណ្ដាល) ដើម្បី​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។
កិច្ចប្រជុំ​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដែល​ដឹក​នាំ​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក (កណ្ដាល) ដើម្បី​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។ (RFA/Brach Chev)

ក្នុង​មុខ​តំណែង​ជា​អគ្គលេខាធិការ នៃ គ.ជ.ប លោក ទេព នីថា នឹង​ទទួល​ខុសត្រូវ​រួម និង​ទទួល​បន្ទុក​គ្រប់គ្រង​ផ្ទាល់​ទៅ​លើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​រដ្ឋបាល​របស់ គ.ជ.ប។

លោក ទេព នីថា ឲ្យ​ដឹង​ថា អ្វី​ដែល​លោក​ចាប់​ផ្ដើម​ធ្វើ​មុន​គេ គឺ​រៀបចំ​ធ្វើ​សមាហរណកម្ម​មន្ត្រី គ.ជ.ប ទៅ​ក្នុង​ស្ថាប័ន​ថ្មី​តាម​លក្ខន្តិកៈ​ដោយ​ឡែក​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ចំណុច​សំខាន់​មួយ​ទៀត គឺ​ការ​ត្រៀម​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​ធ្វើ​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧។

​លោក ទេព នីថា៖ «ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជាមួយ​អគ្គលេខាធិការ​រង ៤​រូប​ទៀត ហើយ​អាច​ថា​សមាសភាព​នេះ​មាន​លក្ខណៈ​ចម្រុះ។ ទោះ​យ៉ាង​ណា​ក៏ដោយ យើង​មាន​ច្បាប់​មួយ​ជា​បន្ទាន់​ដើម្បី​យើង​រៀបចំ​អនុវត្ត​បទបញ្ជា នីតិវិធី ព្រម​ទាំង​ក្រម​សីលធម៌​នៃ​មន្ត្រី​បោះឆ្នោត ហើយ​ដោយ​ផ្អែក​លើ​បន្ទាត់​នេះ ផ្អែក​លើ​ច្បាប់​នេះ ដែល​យើង​អាច​ពង្រឹង​កម្លាំង​ទាំង​អស់​គ្នា​ដើម្បី​អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​ភារកិច្ច​រៀបចំ​ការ​បោះ​ឆ្នោត តាម​ការ​ដឹកនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត»

បើ​ទោះ​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​លោក ទេព នីថា ក្តី កន្លង​មក​ក៏​មាន​ការ​រិះគន់​ជា​ហូរហែ​ដែរ​ថា លោក ទេព នីថា ដែល​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​នេះ​អស់​ជាង ១០​ឆ្នាំ​ទៅ​ហើយ​នោះ មិន​គួរ​ដាក់​ពាក្យ​ប្រកួតប្រជែង​ជា​ថ្មី​ទៀត​នោះ​ទេ ហើយ​គួរ​ទុក​ឱកាស​ឲ្យ​អ្នកថ្មី​ដែល​មាន​សមត្ថភាព មាន​គំនិត​ថ្មី​ចូល​បំពេញ​តួនាទី​នេះ​វិញ​ម្ដង ដើម្បី​ធ្វើ​ឲ្យ​ស្ថាប័ន គ.ជ.ប រឹត​តែ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ​ចោទ​ប្រកាន់​ថា​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច​ដូច​ពេល​កន្លង​មក។

​លោក ទេព នីថា ឆ្លើយ​តប​ថា លោក​មាន​សិទ្ធិ​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ដូច​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត ហើយ​លោក​ក៏​មាន​សមត្ថភាព​និង​បទពិសោធន៍​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​នេះ​បន្ត​ទៀត។

ចំពោះ​អ្នក​រិះគន់​លោក​យ៉ាង​ណា​នោះ លោក ទេព នីថា ថា​វា​ជា​ការ​យល់​ឃើញ​របស់​ពួកគេ៖ «ជា​ធម្មតា យើង​ធ្វើ​អី​ក៏ដោយ​វា​មិន​បាន​ល្អ ១០០% នោះ​ទេ ហើយ​ធ្វើ​អី​ក៏ដោយ​មិន​ដែល​មាន​អ្នក​ណា​ស្រឡាញ់​យើង​ទាំង​អស់​ដែរ អ៊ីចឹង​ទេ​តែង​មាន​អ្នក​ស្អប់​អ្នក​ស្រឡាញ់ មាន​ការ​ងារ​ខ្លះ​ធ្វើ​បាន ខ្លះ​ធ្វើ​មិន​បាន តែ​ជា​ទូទៅ​ខ្ញុំ​ធ្វើ​ការងារ​បោះឆ្នោត​កន្លង​មក​នេះ គឺ​យើង​បាន​សម្រេច​ការ​បោះឆ្នោត​ប៉ុន្មាន​លើក​ចប់​ចុង​ចប់​ដើម ទោះបីជា​ក្រោយ​ការ​បោះឆ្នោត​មាន​បញ្ហា​ខ្លះ​ក៏ដោយ តែ​ខ្ញុំ​គិត​ថា បញ្ហា​ខ្លះ វា​មិនមែន​កើត​ឡើង​ដោយសារ​ការ​បោះឆ្នោត​ទេ តែ​វា​ទាក់ទង​ទៅ​រឿង​ប្រកួតប្រជែង​នយោបាយ​ច្រើន​ជាង»

​លោក ទេព នីថា សង្កត់​ធ្ងន់​ថា ដើម្បី​វាយ​តម្លៃ​ការងារ​របស់ គ.ជ.ប ឬ​មន្ត្រី​ណា​ម្នាក់​ក្នុង គ.ជ.ប គេ​ត្រូវ​ពិនិត្យ​មើល​ច្បាប់ នីតិវិធី ឬ​បទបញ្ជា​ផ្ទៃក្នុង គ.ជ.ប ជា​មុន​សិន រួច​មើល​ការ​អនុវត្ត​ជាក់ស្ដែង​របស់​ពួកគេ។ លោក​ថា បើ​គ្រាន់តែ​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​និន្នាការ​នយោបាយ​ទេ គេ​មិន​អាច​រក​ឃើញ​ភាព​ត្រឹមត្រូវ​របស់ គ.ជ.ប ឡើយ។

​យ៉ាង​ណា​ក៏ដោយ ចាប់​តាំង​ពី គ.ជ.ប ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៧ ហើយ​បាន​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចំនួន ៤​លើក​រួច​មក គណបក្ស​ប្រឆាំង និង​អ្នក​សង្កេតការណ៍​បោះឆ្នោត​តែង​រអ៊ូរទាំ​ពី​ភាព​មិន​ប្រក្រតី​នានា​ដែល​បាន​កើត​ឡើង​មុន​និង​ក្នុង​ពេល​បោះឆ្នោត។ ពួកគេ​ចោទ​ប្រកាន់​ថា គ​.​ជ​.​ប មិន​ឯករាជ្យ ហើយ​តែង​លំអៀង​ទៅ​រក​បក្ស​កាន់​អំណាច។ ប្រការ​នេះ វា​ផ្ទុយ​ទៅ​នឹង​បាវចនា​របស់ គ​.​ជ​.​ប ដែល​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត សច្ចៈ យុត្តិធម៌ និង​តម្លាភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។