ព្រឹទ្ធសភានឹងបើកសម័យប្រជុំពេញអង្គនីតិកាលទី៣ លើកទី៩ ដើម្បីពិភាក្សាជុំវិញសំណើសុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដែលស្នើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។ គណបក្សប្រឆាំង និងសង្គមស៊ីវិល ចាត់ទុកថា នេះជាការដាក់សម្ពាធផ្នែកនយោបាយ ហើយថា វានឹងធ្វើឱ្យស្ថានការណ៍នយោបាយកាន់តែតានតឹង។
សម័យប្រជុំពេញអង្គពេញអង្គព្រឹទ្ធសភានៅថ្ងៃទី១ ខែកញ្ញា នឹងមានរបៀបវារៈតែមួយគត់ គឺការពិភាក្សាលើសំណើសុំដកអភ័យឯកសិទ្ធិ អ្នកស្រី ថាក់ ឡានី។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី៣១ ខែសីហា ថា ព្រឹទ្ធសភាប្រកាន់ជំហរប្រជុំដកអភ័យឯកសិទ្ធិរបស់អ្នកស្រី ថាក់ ឡានី បើទោះជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពីខាងគណបក្ស សម រង្ស៊ី ស្នើសុំលុបចោលក៏ដោយ។
លោកថា អ្នកស្រី ថាក់ ឡានី តែងបដិសេធការចោទប្រកាន់ ដូចនេះវាជារឿងដែលត្រូវអនុវត្តតាមនីតិវិធីតុលាការ ដែលមិនអាចគ្រាន់តែសុំទោសជាសាធារណៈដូចគណបក្សប្រឆាំងស្នើនោះឡើយ៖ «គណៈកម្មាធិការអចិន្ត្រៃយ៍រកឃើញថា គាត់អត់បានទទួលស្គាល់ពីកំហុសរបស់គាត់ ថាបានមានប្រសាសន៍ដោយឆ្គាំឆ្គង ឬក៏ជ្រុលហួសអ្វីផង គឺថាគេកាត់តទេ។ អ៊ីចឹងបានជាមេធាវីរបស់សម្ដេចដាក់ពាក្យបណ្ដឹងដើម្បីឱ្យអនុវត្តទៅតាមនីតិវិធីច្បាប់»។
ប្រធានស្ដីទីគណបក្ស សម រង្ស៊ី និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លោក ទាវ វណ្ណុល ថ្លែងថា លោកបានស្នើឱ្យព្រឹទ្ធសភាលុបចោលកិច្ចប្រជុំនោះ ដោយលើកហេតុផលថា វាជារឿងបញ្ចេញមតិដែលគួរដោះស្រាយដោយការសុំទោសជាសាធារណៈវិញ ជាជាងបើកកិច្ចប្រជុំដកអភ័យឯកសិទ្ធិ។ លោកហៅករណីនេះថា ជាការគាបសង្កត់ផ្នែកនយោបាយមកលើគណបក្សប្រឆាំងដែលនឹងធ្វើឱ្យស្ថានការណ៍នយោបាយកាន់តែតានតឹង៖ «នេះជារឿងកំប៉ិកកំប៉ុកបំផុតក្នុងការបញ្ចេញមតិ។ វាមិនមែនដូចជាតុលាការចោទថា ជាបទបរិហារកេរ្តិ៍ និងញុះញង់ឱ្យមានអសន្តិសុខក្នុងសង្គមនោះទេ»។
កាលពីដើមខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្តឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទាក់ទងនឹងការចោទថា រូបលោកនិងរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។ លោកប្ដឹងសុំឱ្យតុលាការផ្ដន្ទាទោសលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ចំនួន ១០០រៀល (មួយរយរៀល)។
មេធាវីតំណាងរបស់អ្នកស្រី ថាក់ ឡានី លោក សំ សុគង់ បញ្ជាក់ថា លោកកំពុងតាមដាននីតិវិធីរបស់ព្រឹទ្ធសភា។ លោកថា បើទោះជាមិនសូវមានសង្ឃឹមក្តី លោកនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីតស៊ូមតិផ្នែកច្បាប់ចំពោះករណីនេះ។
រដ្ឋធម្មនុញ្ញមាត្រា ១០៤ ថ្មី ចែងថា សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។ ព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសម្ដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។
ករណីនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្ដីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាជាបន្ទាន់ដើម្បីសម្រេច។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
ព្រឹទ្ធសភាមានសមាជិកទាំងអស់ ៦១រូប។ នៅអាណត្តិទី៣ នេះ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប គណបក្ស សម រង្ស៊ី មាន ១១រូប ២រូប តែងតាំងដោយព្រះមហាក្សត្រ និង ២រូបផ្សេងទៀត ជ្រើសតាំងដោយរដ្ឋសភា។ នេះមានន័យថា ការដកអភ័យឯកសិទ្ធិអ្នកស្រី ថាក់ ឡានី អាចធ្វើបានដោយងាយ ព្រោះសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា មានសំឡេងលើសពីពីរភាគបីទៅទៀត។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា ការដកអភ័យឯកសិទ្ធិអ្នកស្រី ថាក់ ឡានី មិនមែនជារឿងល្អនោះទេ ពីព្រោះវានឹងបង្ហាញពីការអនុវត្តនីតិវិធីរបស់ស្ថាប័នជាតិ ស្ថិតនៅក្រោមសម្ពាធនយោបាយ។
លោកថា ករណីនេះផ្ដើមចេញពីការចោទប្រកាន់គ្នា ទាក់ទងនឹងឃាតកម្មលើបណ្ឌិត កែម ឡី ដូចនេះជម្រើសល្អបំផុត គឺការវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធដែលនៅពីក្រោយខ្នងមកផ្ដន្ទាទោសតាមច្បាប់៖ «មកទល់ឥឡូវ ដូចជាអត់មានអីចលាចលក្នុងសង្គមទេ ដោយសាររឿងគាត់និយាយហ្នឹងទេ។ បើសិនជាមានហានិភ័យ ឬមានចលាចលដោយសារពាក្យសម្ដីរបស់គាត់ អាហ្នឹងទើបជាបទល្មើសមួយដែលគួរតែចាត់វិធានការតាមផ្លូវច្បាប់។ មួយទៀតយើងដឹងហើយថា ការនិយាយអ៊ីចឹងវាអាចប៉ះពាល់ទៅដល់កិត្តិយស តែខ្ញុំគិតថា អ្នកនយោបាយគួរតែជជែកគ្នាតាមបែបនយោបាយ ឬក៏អាចជាការសុំទោសជាសាធារណៈដូចការលើកឡើងអ៊ីចឹង»។
គិតមកដល់ពេលនេះ សមាជិករដ្ឋសភា និងព្រឹទ្ធសភាគណបក្សប្រឆាំង ៧រូបហើយ ដែលត្រូវបានតុលាការកាត់ទោស និងឃុំខ្លួននៅពន្ធនាគារ ព្រមទាំងជាប់បណ្ដឹងនៅតុលាការ។ អ្នកជាប់ឃុំរួមមាន លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន។ ចំណែកអ្នកកំពុងជាប់បណ្ដឹងរួមមាន លោក សម រង្ស៊ី លោក កឹម សុខា លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា និងអ្នកស្រី ថាក់ ឡានី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។