គ្រួសារ​ជន​រង​គ្រោះ​សង្ស័យ​ការ​ស្លាប់​សកម្ម​ជន​បក្ស​ប្រឆាំង​លោក ជឿន សារឹម ពាក់​ព័ន្ធ​រឿង​នយោ​បាយ

ដោយ មួង ណារ៉េត
2022.04.12
Share on WhatsApp
Share on WhatsApp
គ្រួសារ​ជន​រង​គ្រោះ​សង្ស័យ​ការ​ស្លាប់​សកម្ម​ជន​បក្ស​ប្រឆាំង​លោក ជឿន សារឹម ពាក់​ព័ន្ធ​រឿង​នយោ​បាយ លោក ជឿន សារឹម អនុ​ប្រធាន​ប្រតិ​បត្តិ​គណបក្ស​​ភ្លើង​ទៀន​នៅ​ខណ្ឌច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ដែល​អាជ្ញាធរ​​អះអាង​​ថា បាន​​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ពីថ្ងៃ​ទី៩ ខែមេសា នៅ​ម្តុំ​ស្ពាន​ស្លាគូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។
រុប៖ ហ្វេសប៊ុក លោក ជឿន សារឹម

គ្រួសារ​​ជន​រង​គ្រោះ​នៅ​តែ​មាន​​​មន្ទិល​​សង្ស័យ​​ចំពោះ​​ការ​​ស្លាប់​​របស់​លោក ជឿន សារឹម ​ថា​អាច​ជាប់​​ពាក់​​ព័ន្ធ​​រឿង​​នយោ​បាយ ព្រោះ​​ជន​រង​គ្រោះ​រូប​នេះ​ធ្លាប់ទទួល​​រង​​​ការ​​គំរាម​​កំហែង​​ពី​​សំណាក់​​អាជ្ញា​ធរ និង​​រង​​ការ​​លប​​វាយ​​ប្រហារ​​នឹងដំបង​​ពី​​ជន​​មិន​​ស្គាល់​​មុខ​​ដោយ​​សារ​​សកម្ម​ភាព​​គាំទ្រ​​គណបក្ស​​សង្គ្រោះ​​ជាតិ និងបន្ត​​គាំទ្រ​​គណបក្ស​​ភ្លើង​​ទៀន។ ប៉ុន្តែ​បើ​ទោះ​ជា​មិន​បាន​ឃើញ​ភាគី​ម្ខាង​ទៀត​នៅកន្លែង​កើត​ហេតុ​ក៏​ដោយ ក៏​មន្ត្រី​នគរ​បាល​ចរាចរណ៍​អះ​អាង​ថា មូល​ហេតុ​នៃ​ការស្លាប់​របស់​លោក ជឿន សារឹម គឺ​​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​ចរាចរណ៍។​ មន្រ្តី​សង្គម​ស៊ីវិល​បន្ត​ទទូច​​ឱ្យ​​អាជ្ញាធរ​​ស៊ើប​​អង្កេត​​ដោយ​​ឯក​រាជ្យ តម្លាភាព​​ជុំវិញ​​មូល​​ហេតុ​​នៃ​ការ​​ស្លាប់​​នេះ ដើម្បី​បញ្ចៀស​ការ​ចោទ​ប្រកាន់។

អាជ្ញាធរ​​​អះអាង​​​ថា លោក ជឿន សារឹម អនុ​ប្រធាន​​ប្រតិ​បត្តិ​​គណបក្ស​​​ភ្លើង​​ទៀន​​នៅ​ខណ្ឌ​ច្បារ​​អំពៅ រាជ​ធានី​​ភ្នំពេញ បាន​​​ស្លាប់​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ គ្រួសារ​នៅ​តែ​មាន​​​មន្ទិល​​សង្ស័យ​​ចំពោះ​​ការ​​ស្លាប់​នេះ​ទំនង​ពាក់​ព័ន្ធ​រឿងនយោបាយ​ដដែល។ គ្រួសារ​លោក ជឿន សារឹម នឹង​មិន​ប្តឹង​ផ្តល់​ទៅ​សមត្ថកិច្ចទេ ពី​ព្រោះ​ពួក​គេ​ពុំ​មាន​លទ្ធភាព និង​គ្មាន​មាន​ជំនឿថា​អាជ្ញាធរ​នឹង​ស៊ើប​អង្កេតដោយ​ឯករាជ្យ និង​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ខណៈ​សកម្ម​ជន​បក្ស​​ប្រឆាំង​ដែលបាន​ស្លាប់ និង​រង​គ្រោះ​ពី​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​កន្លង​ទៅ​សមត្ថកិច្ច​មិន​ទាន់​ចាប់ ជនល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​បាន​នៅ​ឡើយ។

ប្រពន្ធ​​លោក ជឿន សារឹម គឺ​លោក​ស្រី សិទ្ធិ ស្រីតូច ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១២ ខែ​មេសា​ថា អាជ្ញាធរ​ភូមិ ឃុំ បាន​ត្រឹម​តែ​ប្រាប់​ថា ​ប្តី​របស់​លោកស្រី​អាច​ស្លាប់ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​បង្ហាញ​លទ្ធផល​ស្រាវ​ជ្រាវដែល​ធ្វើ​គ្រួសារ​​​អស់​​ចិត្ត និង​ទទួល​យក​បាន​​នោះ​ទេ។ ទោះ​យ៉ាង​ណា​លោក​ស្រីសង្កេត​ឃើញ​របួស​នៅ​លើ​សាក​សព​ប្តី​របស់​លោកស្រី ជា​ពិសេស​ផ្នែក​ខាងក្រោយ​ផុង​​លលាក៍​ក្បាល​អាច​ត្រូវ​គេ​លប​វាយ​ពី​ក្រោយ​ខ្នង ដែល​ធ្វើ​ឱ្យ​លោក​ស្រីសង្ស័យ​​ករណី​ស្លាប់​នេះ ទំនង​​ជាប់​​ពាក់​ព័ន្ធ​​រឿង​​នយោ​បាយ​កន្លង​មក។ ម្យ៉ាង​វិញទៀត​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ប្រាប់​ថា​ប្តី​លោកស្រី​ធ្លាប់​ទទួល​ការលប​វាយ​នឹង​ដំបង និង​គំរាម​កំហែង​តាម​ហ្វេសប៊ុន​ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ឱ្យ​ប្តីលោក​ស្រី​ប្រយ័ត្ន​ខ្លួន​ក្នុង​ពេល​ធ្វើ​សកម្មភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រឆាំង។

លោក​ស្រី ស្រីតូច ថា ប្តី​លោកស្រី​ដឹង​ខ្លួន​មុន​ហើយ​ថា​ សកម្មភាព​នេះ នឹងមាន​គ្រោះ​ថ្នាក់​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៖ «និយាយ​ចំគាត់​គ្រាន់​តែ​ខ្ទាត​អំបែង​ត្រូវ​បន្តិច​ទេ ប៉ុន្តែ​ក្បាល​គាត់ពីក្រោយ​ផត​ដូច​ត្រូវ​មួយ​ដំបង​ចឹង ការ​សង្ស័យ​របស់​ខ្ញុំ​ជា​ប្រពន្ធ​ខ្ញុំ​គិត​ថា​គេ​ប៉ុនប៉ង​ច្រើន​ជាង ព្រោះ​ប្តី​នៅ​ជា​មួយ​ខ្ញុំ​ច្រើន​តែ​គេ​មក​គំរាម​ ជួន​កាល​គេ​ឱ្យ​ខ្ញុំ​គំរាម​ប្តី ជួយ​កាល​គេ​ឱ្យ​ខ្ញុំ​អង្វេរ​ប្តី​ឱ្យ​ចុះ​ចូល​ទៅ ឱ្យ​ប្តី​ផ្អាក​សកម្មភាព​ខ្លះ​ទៅ​ស្រឡាញ់​ប្តី បើ​មិន​ខ្លាច​បាត់​បង់​ប្តី​ធ្វើ​តាម​ដំណើរ»។

ជុំវិញ​ការ​លើក​ឡើង​នេះ នគរបាល​ស្រុក​ត្រាំ​កក់ ទទួល​បន្ទុក​ចរាចរណ៍ លោក សេង ស៊ុនថន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ សមត្ថកិច្ច​បាន​ពិនិត្យ​មើល​នៅ​កន្លង​កើតហេតុ​ឃើញ​តែ​ជន​រង​គ្រោះ​ស្លាប់ និង​ម៉ូតូ ប៉ុន្តែ​ជន​បង្ក​រត់​គេច​ខ្លួន​បាត់។ លោក​ឱ្យដឹង​ថា​ បច្ចុប្បន្ន​ខាង​លោក​កំពុង​ស៊ើប​អង្កេត និង​ស្រាវ​ជ្រាវ​តាម​រយៈ​កាំ​មេរ៉ាសុវត្ថិភាព​តាម​ផ្លូវ​ជាតិ​លេខ៣ ក្បែរ​កន្លែង​កើត​ហេតុ ដើម្បី​ស្វែង​រក​មូល​ហេតុ​ពិតប្រាកដ និង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ។

លោក​បញ្ជាក់​ថា របាយ​ការណ៍​បឋម ដោយ​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា លោក ជឿន សារឹម ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍ ហើយ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ជម្រាប​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​ហើយ៖ «នៅ​កន្លែង​កើត​ហេតុ​បើ​យើង​មើល​ជាក់​ស្តែង​ គឺ​បុក​ឡាន​គេ​ពីក្រោយ ចឹង​ហ្វា​ម៉ូតូ​គាត់​បែក​អស់ បើ​នៅ​កន្លែង​កើត​ហេតុ​យើង​ឃើញ​តែ​ម៉ូតូ និងគាត់​ទេ​រង​គ្រោះ ហើយ​មធ្យោបាយ​ដែល​គាត់​ប៉ះ​ហ្នឹង​អត់​នៅ​កន្លែង​កើត​ហេតុ​ទេ ហើយ​ជំនាញ​យើ​ងកំពុង​ស្រាវ​ជ្រាវ​ដើម្បី​ស្វែង​រក​មធ្យោ​បាយ​ហ្នឹង»

លោក ជឿន សារឹម អនុ​​ប្រធាន​​ប្រតិ​បត្តិ​​គណបក្ស​​​ភ្លើង​​ទៀន​​នៅ​​ខណ្ឌ​ច្បារ​​អំពៅ រាជ​ធានី​​ភ្នំពេញបានស្លាប់ កាល​​ពី​ថ្ងៃ​ទី៩ ខែមេសា នៅ​លើ​ផ្លូវ​ជាតិ​លេខ៣ ​ម្តុំ​​ស្ពាន​​​ស្លាគូស ស្រុក​​ត្រាំកក់ ខេត្ត​​តាកែវ បន្ទាប់​​ពី​​លោក​ធ្វើ​ដំណើរដោយមធ្យោបាយ​ម៉ូតូ​​ពី​​ស្រុក​​កំណើត​​មក​​ភ្នំពេញ​​វិញ។ គណបក្ស​​ភ្លើង​​ទៀន និង​គ្រួសារជន​រង​គ្រោះ​នៅ​តែ​មាន​​​មន្ទិល​​សង្ស័យ​​ចំពោះ​​ការ​​ស្លាប់​នេះ​ទំនង​​ជាប់​​ពាក់​ព័ន្ធ​​រឿង​នយោ​បាយ ព្រោះ​​លោក ជឿន សារឹម ធ្លាប់​ទទួល​​រង​​ការ​​គំរាម​​កំហែង​​ពី​​សំណាក់​អាជ្ញា​ធរ និង​​រង​​ការ​​លប​​វាយ​​ប្រហារ​​នឹង​ដំបង​​ពី​​ជន​​មិន​​ស្គាល់​​មុខ​​ដោយ​​សារលោក​​បន្ត​​គាំទ្រ​គណបក្ស​ប្រឆាំង។

ជុំវិញ​​រឿង​​នេះ នាយក​​ផ្នែក​​ទូទៅ​​នៃ​​អង្គការ​​លីកា​ដូ​ ​លោក អំ សំអាត មាន​​ប្រសាន៍​ថា​សមត្ថកិច្ច​មិន​គួរ​សន្និដ្ឋាន​មូល​ហេតុ​នៃ​ការ​ស្លាប់​សកម្ម​ជន​​នយោ​​បាយ​​លោក ជឿន សារឹម ឆាប់​រហ័ស​បែប​នេះ​ទេ ដើម្បី​ជៀស​វាង​ការ​រិះ​គន់ និង​ចោទ​ប្រកាន់បញ្ហា​នយោ​បាយ​មុន​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ករណី​ព្រហ្ម​ទណ្ឌ​នេះ ទោះស្លាប់​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​រឿន​យោបាយ​ក៏​ដោយ ក៏​អាជ្ញាធរ​ត្រូវបង្ហាញ​ឆន្ទៈស៊ើប​អង្កេត​ដោយ​ឯករាជ្យ តម្លាភាព ដើម្បី​ស្វែង​រក​ការ​ពិត និង​ផ្តល់យុត្តិធម៌​ដល់​​ជន​រង​គ្រោះ​ដែរ៖ «ហើយ​ករណី​នេះ​បើ​ដូច​ក្រុម​គ្រួសារ​គាត់​លើក​ឡើង គាត់​ត្រូវបាន​គេ​គំរាម​កំហែង ត្រូវ​បាន​គេ​លប​វាយ​ម្តង​ហើយ អាហ្នឹង​វា​នឹង​មាន​ការ​ចោទប្រកាន់​ជា​ច្រើន​ទៀត ថា​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ ចឹង​ចំណុច​នេះ​ហើយដែល​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ទទូច​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ តម្លាភាព និង​យុត្តិធម៌»

លោក ជឿន សារឹម គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិនៅ​សង្កាត់​ច្បារ​អំពៅ២ និង​បច្ចុប្បន្ន​លោក​ជាអនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ច្បារ​អំពៅ និង​ឈរ​ជា​បេក្ខ​ជនលេខ​រៀង​ទី២​ នៅ​សង្កាត់​ច្បារ​អំពៅ២ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ​ខាង​មុខនេះ។  កាល​នៅ​មាន​ជីវិត​លោក​តែង​បញ្ចេញ​មតិ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល និង​អំពើ​អយុត្តិ​ធម៌​សង្គម​នៅ​លើ​បណ្តេញ​សង្គម​ហ្វេស​ប៊ុក​ជា​ហូហែ ជាពិសេស​សកម្ម​ភាព​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩ រហូត​ដល់​ត្រូវ​បាន​គេ​គំរាម​កំហែង និង​លប​វាយ​នឹង​ដំបង​បណ្តាល​ឱ្យរបួស​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ​២០២០។ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ស្ទើរ​គ្រប់​រូប​ភាពយ៉ាង​ណា​ក្តី ក៏​លោក​នៅ​តែ​បន្តសកម្មភាព​នយោ​បាយ​របស់​ខ្លួន​ជា​មួយ​គណបក្ស​ភ្លើង​ទៀន និង​តែងតែបញ្ចេញ​មតិ​រិះគន់រដ្ឋាភិបាល​ឯកបក្សនិង​បញ្ហានៅក្នុងសង្គមជាបន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។