គ្រួសារជនរងគ្រោះនៅតែមានមន្ទិលសង្ស័យចំពោះការស្លាប់របស់លោក ជឿន សារឹម ថាអាចជាប់ពាក់ព័ន្ធរឿងនយោបាយ ព្រោះជនរងគ្រោះរូបនេះធ្លាប់ទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងរងការលបវាយប្រហារនឹងដំបងពីជនមិនស្គាល់មុខដោយសារសកម្មភាពគាំទ្រគណបក្សសង្គ្រោះជាតិ និងបន្តគាំទ្រគណបក្សភ្លើងទៀន។ ប៉ុន្តែបើទោះជាមិនបានឃើញភាគីម្ខាងទៀតនៅកន្លែងកើតហេតុក៏ដោយ ក៏មន្ត្រីនគរបាលចរាចរណ៍អះអាងថា មូលហេតុនៃការស្លាប់របស់លោក ជឿន សារឹម គឺដោយសារគ្រោះថ្នាក់ចរាចរណ៍។ មន្រ្តីសង្គមស៊ីវិលបន្តទទូចឱ្យអាជ្ញាធរស៊ើបអង្កេតដោយឯករាជ្យ តម្លាភាពជុំវិញមូលហេតុនៃការស្លាប់នេះ ដើម្បីបញ្ចៀសការចោទប្រកាន់។
អាជ្ញាធរអះអាងថា លោក ជឿន សារឹម អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ គ្រួសារនៅតែមានមន្ទិលសង្ស័យចំពោះការស្លាប់នេះទំនងពាក់ព័ន្ធរឿងនយោបាយដដែល។ គ្រួសារលោក ជឿន សារឹម នឹងមិនប្តឹងផ្តល់ទៅសមត្ថកិច្ចទេ ពីព្រោះពួកគេពុំមានលទ្ធភាព និងគ្មានមានជំនឿថាអាជ្ញាធរនឹងស៊ើបអង្កេតដោយឯករាជ្យ និងយុត្តិធម៌ដល់ជនរងគ្រោះ ខណៈសកម្មជនបក្សប្រឆាំងដែលបានស្លាប់ និងរងគ្រោះពីការធ្វើទុក្ខបុកម្នេញកន្លងទៅសមត្ថកិច្ចមិនទាន់ចាប់ ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយ។
ប្រពន្ធលោក ជឿន សារឹម គឺលោកស្រី សិទ្ធិ ស្រីតូច ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែមេសាថា អាជ្ញាធរភូមិ ឃុំ បានត្រឹមតែប្រាប់ថា ប្តីរបស់លោកស្រីអាចស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែអាជ្ញាធរមិនបានបង្ហាញលទ្ធផលស្រាវជ្រាវដែលធ្វើគ្រួសារអស់ចិត្ត និងទទួលយកបាននោះទេ។ ទោះយ៉ាងណាលោកស្រីសង្កេតឃើញរបួសនៅលើសាកសពប្តីរបស់លោកស្រី ជាពិសេសផ្នែកខាងក្រោយផុងលលាក៍ក្បាលអាចត្រូវគេលបវាយពីក្រោយខ្នង ដែលធ្វើឱ្យលោកស្រីសង្ស័យករណីស្លាប់នេះ ទំនងជាប់ពាក់ព័ន្ធរឿងនយោបាយកន្លងមក។ ម្យ៉ាងវិញទៀតប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះប្រាប់ថាប្តីលោកស្រីធ្លាប់ទទួលការលបវាយនឹងដំបង និងគំរាមកំហែងតាមហ្វេសប៊ុនពីជនមិនស្គាល់អត្តសញ្ញាណ ឱ្យប្តីលោកស្រីប្រយ័ត្នខ្លួនក្នុងពេលធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង។
លោកស្រី ស្រីតូច ថា ប្តីលោកស្រីដឹងខ្លួនមុនហើយថា សកម្មភាពនេះ នឹងមានគ្រោះថ្នាក់នៅថ្ងៃណាមួយជាក់ជាមិនខាន៖ «និយាយចំគាត់គ្រាន់តែខ្ទាតអំបែងត្រូវបន្តិចទេ ប៉ុន្តែក្បាលគាត់ពីក្រោយផតដូចត្រូវមួយដំបងចឹង ការសង្ស័យរបស់ខ្ញុំជាប្រពន្ធខ្ញុំគិតថាគេប៉ុនប៉ងច្រើនជាង ព្រោះប្តីនៅជាមួយខ្ញុំច្រើនតែគេមកគំរាម ជួនកាលគេឱ្យខ្ញុំគំរាមប្តី ជួយកាលគេឱ្យខ្ញុំអង្វេរប្តីឱ្យចុះចូលទៅ ឱ្យប្តីផ្អាកសកម្មភាពខ្លះទៅស្រឡាញ់ប្តី បើមិនខ្លាចបាត់បង់ប្តីធ្វើតាមដំណើរ»។
ជុំវិញការលើកឡើងនេះ នគរបាលស្រុកត្រាំកក់ ទទួលបន្ទុកចរាចរណ៍ លោក សេង ស៊ុនថន ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបានពិនិត្យមើលនៅកន្លងកើតហេតុឃើញតែជនរងគ្រោះស្លាប់ និងម៉ូតូ ប៉ុន្តែជនបង្ករត់គេចខ្លួនបាត់។ លោកឱ្យដឹងថា បច្ចុប្បន្នខាងលោកកំពុងស៊ើបអង្កេត និងស្រាវជ្រាវតាមរយៈកាំមេរ៉ាសុវត្ថិភាពតាមផ្លូវជាតិលេខ៣ ក្បែរកន្លែងកើតហេតុ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងរកយុត្តិធម៌ដល់ជនរងគ្រោះ។
លោកបញ្ជាក់ថា របាយការណ៍បឋម ដោយសមត្ថកិច្ចសន្និដ្ឋានថា លោក ជឿន សារឹម ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយអាជ្ញាធរមូលដ្ឋានបានជម្រាបទៅក្រុមគ្រួសារជនរងគ្រោះរួចហើយ៖ «នៅកន្លែងកើតហេតុបើយើងមើលជាក់ស្តែង គឺបុកឡានគេពីក្រោយ ចឹងហ្វាម៉ូតូគាត់បែកអស់ បើនៅកន្លែងកើតហេតុយើងឃើញតែម៉ូតូ និងគាត់ទេរងគ្រោះ ហើយមធ្យោបាយដែលគាត់ប៉ះហ្នឹងអត់នៅកន្លែងកើតហេតុទេ ហើយជំនាញយើងកំពុងស្រាវជ្រាវដើម្បីស្វែងរកមធ្យោបាយហ្នឹង»។
លោក ជឿន សារឹម អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្លាប់ កាលពីថ្ងៃទី៩ ខែមេសា នៅលើផ្លូវជាតិលេខ៣ ម្តុំស្ពានស្លាគូស ស្រុកត្រាំកក់ ខេត្តតាកែវ បន្ទាប់ពីលោកធ្វើដំណើរដោយមធ្យោបាយម៉ូតូពីស្រុកកំណើតមកភ្នំពេញវិញ។ គណបក្សភ្លើងទៀន និងគ្រួសារជនរងគ្រោះនៅតែមានមន្ទិលសង្ស័យចំពោះការស្លាប់នេះទំនងជាប់ពាក់ព័ន្ធរឿងនយោបាយ ព្រោះលោក ជឿន សារឹម ធ្លាប់ទទួលរងការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងរងការលបវាយប្រហារនឹងដំបងពីជនមិនស្គាល់មុខដោយសារលោកបន្តគាំទ្រគណបក្សប្រឆាំង។
ជុំវិញរឿងនេះ នាយកផ្នែកទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាន៍ថាសមត្ថកិច្ចមិនគួរសន្និដ្ឋានមូលហេតុនៃការស្លាប់សកម្មជននយោបាយលោក ជឿន សារឹម ឆាប់រហ័សបែបនេះទេ ដើម្បីជៀសវាងការរិះគន់ និងចោទប្រកាន់បញ្ហានយោបាយមុនការបោះឆ្នោត។ លោកបន្តថា ករណីព្រហ្មទណ្ឌនេះ ទោះស្លាប់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ឬរឿនយោបាយក៏ដោយ ក៏អាជ្ញាធរត្រូវបង្ហាញឆន្ទៈស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែរ៖ «ហើយករណីនេះបើដូចក្រុមគ្រួសារគាត់លើកឡើង គាត់ត្រូវបានគេគំរាមកំហែង ត្រូវបានគេលបវាយម្តងហើយ អាហ្នឹងវានឹងមានការចោទប្រកាន់ជាច្រើនទៀត ថាជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ចឹងចំណុចនេះហើយដែលអង្គការសង្គមស៊ីវិលនៅតែទទូចឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ តម្លាភាព និងយុត្តិធម៌»។
លោក ជឿន សារឹម គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅសង្កាត់ច្បារអំពៅ២ និងបច្ចុប្បន្នលោកជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌច្បារអំពៅ និងឈរជាបេក្ខជនលេខរៀងទី២ នៅសង្កាត់ច្បារអំពៅ២ សម្រាប់ការបោះឆ្នោតអាណត្តិទី៥ ខាងមុខនេះ។ កាលនៅមានជីវិតលោកតែងបញ្ចេញមតិរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល និងអំពើអយុត្តិធម៌សង្គមនៅលើបណ្តេញសង្គមហ្វេសប៊ុកជាហូហែ ជាពិសេសសកម្មភាពគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ រហូតដល់ត្រូវបានគេគំរាមកំហែង និងលបវាយនឹងដំបងបណ្តាលឱ្យរបួសធ្ងន់ធ្ងរកាលពីឆ្នាំ២០២០។ ទោះរងការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាពយ៉ាងណាក្តី ក៏លោកនៅតែបន្តសកម្មភាពនយោបាយរបស់ខ្លួនជាមួយគណបក្សភ្លើងទៀន និងតែងតែបញ្ចេញមតិរិះគន់រដ្ឋាភិបាលឯកបក្សនិងបញ្ហានៅក្នុងសង្គមជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។