មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​ឲ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ

ដោយ មួង ណារ៉េត
2022.04.20
មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​ឲ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ លោក សម រង្ស៊ី ប្រធាន​​ស្តី​ទី​គណបក្ស​​សង្គ្រោះ​ជាតិ ក្នុងសន្និសីទសារព័ត៌មាន​អំពី​ស្ថានការណ៍នយោបាយ កាល​ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥​។
រូប៖ RFA

​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​នេះ​ ​អាច​បើក​​ដំណើរការ​​ឡើងវិញ​បាន​។​

ការ​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ដើម្បីឲ្យ​គណបក្សប្រឆាំង​ ​ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ពាក់កណ្តាល​ប្រទេស​ ​បើក​ដំណើរការ​ឡើងវិញ​នេះ​ ​ត្រូវ​បាន​មន្រ្តី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ត​ធ្វើ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ​។​

បើ​តាម​ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​​១​៩​ ​ខែ​​មេសា​ថា ​បេសកកម្ម​នេះ​ ​គឺ​គ្មានអ្វី​ប្រែប្រួល​នោះ​ទេ​ ​គឺ​ពួកគាត់​នៅតែ​បន្ត​ទាមទារ​បក្ស​នេះ​មកវិញ​ឲ្យខាងតែ​បាន​៖ «យើងនៅតែទាមទាររបបលោក​ ​ហ៊ុន​ ​សែន​ ​នៅទីក្រុងភ្នំពេញ​ ​បើផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើវិញ​ ​ពីព្រោះការរម្លាយគណបក្សសង្គ្រោះជាតិនោះ​ ​រម្លាយលើក្រដាសមែន​ ​តែរម្លាយយ៉ាងខុសច្បាប់​ ​ហើយវាផ្ទុយពីឆន្ទៈប្រជារាស្រ្តពាក់កណ្តាលនគរដែលគាំទ្រសង្គ្រោះជាតិ​ ​រម្លាយសង្គ្រោះជាតិ​ ​ដូចជារម្លាយឆន្ទៈប្រជារាស្រ្តអ៊‌ីចឹងមិនអាចធ្វើអ៊‌ីចឹងបានទេផ្ទុយស្រឡះពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ​ ​ដូច្នេះ​ អ្វីដែលយើងទាមទារពីដើមទីមក​ ​គឺយើងនៅតែទាមទារដដែល»។​

កន្លងមក​សហគមន៍​អន្តរជាតិ​ ​មាន​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​ផង​ ​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ​ដែរ​ ​ដោយ​ប្រទេស​ទាំងនេះ​ ​បាន​ដាក់ទណ្ឌកម្ម​មន្រ្តី ​និង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ជាហូរហែ​។​

សហភាព​អឺរ៉ុប​ ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​២០​% ​ពី​កម្ពុជា​។​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​កាត់ផ្តាច់​ជំនួយ​ទាំងអស់​ ​ដែល​ធ្លាប់​ផ្តល់​ដល់​កម្ពុជា​ ​លើកលែងតែ​ជំនួស​មនុស្សធម៌​។​ ​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

ក្នុង​សប្តាហ៍​នេះ​ ​លោក​ ​សម​ ​រង្ស៊ី ​ថា​ លោក ​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ ​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ប្រ៊ុចសែល​​ (Brussels) ​ប្រទេស​ប៊ែល​ហ្ស៊ិក​​ (​Belgium​)​ ​ដើម្បី​ជួប​មន្រ្តី​សហភាព​អឺរ៉ុប​ ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។​

ក្នុងពេលជាមួយគ្នា​នេះ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​​ដឹង​កាលពី​ថ្ងៃ​ទី​​១៩​ ​ខែ​​មេសា​ដែរ​​ថា ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​កំពុង​រៀបចំ​គម្រោង​ធ្វើបាតុកម្ម​​ប្រឆាំង​វត្តមាន​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ដែល​គ្រោង​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​-​អាមេរិក​ ​នៅដើម​ខែ​​ឧសភា​។​ ​អ្នកស្រី​បញ្ជាក់​ថា​ ​បាតុកម្ម​នោះ​ ​គឺ​ដើម្បី​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ឲ្យ​ដោះស្រាយ​រឿង​ផ្តល់​នីតិសម្បទា​រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ​។​

ចំពោះ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​ឯណោះ​វិញ​ ​អ្នក​សិក្សាស្រាវជ្រាវ​អំពី​ការ​អភិបាល​សង្គម​ ​និង​នយោបាយ​ ​​លោក​បណ្ឌិត​ ​សេង​ ​សារី ​យល់ថា​ ​វា​ជា​រឿង​ស្មុគ​ស្មាញ​ធំ​មួយ​ ​សម្រាប់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​ក្នុង​ការ​តស៊ូ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​។​

លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថា ​បញ្ហា​លំបាក​នោះ​ គឺ​តុលាការ​មិនទាន់​សម្រេច​រឿងក្តី​លោក​ កឹម​ ​សុខា​ ​ដែល​ជាប់ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​តែម្តង​។​ ​បើ​ទោះបីជា​លោក​ ​សេង​ ​សារី​ ​ពុំ​មាន​សុទិដ្ឋិនិយម​​ថា​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​ ​ក៏​លោក​លើកទឹកចិត្ត​ឲ្យ​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ទាំងពីរ​រូប​ ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​លោក​ផ្តល់​ជា​ឱវាទ​ដល់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ ​ជ្រើសរើស​ជម្រើស​ថ្មី​មួយ​ ​ដែល​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​បើក​ច្រក​​ឲ្យ​មានកម្លាំង​នយោបាយ​ប្រឆាំង​​បន្ត​ក្តី​សង្ឃឹម ​និង​ដង្ហើម​តស៊ូ​នយោបាយ​នៅ​មូលដ្ឋាន​ ​គឺ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​៖ «លោក​ កឹម​ ​សុខា​ ​អាចបន្តតស៊ូដើម្បីគណបក្សសង្គ្រោះជាតិហ្នឹងមកវិញមកជាពិសេស​​ជាមួយនឹងលោក​ ​សម​ ​រង្ស៊ី ​ហើយចលនានយោបាយថ្មី​ ​ចលនាបន្តវេននៃមរតកនយោបាយរបស់លោក​ ​សម​ ​រង្ស៊ី ​ហ្នឹងក៏បន្តតស៊ូនៅក្នុងឆាកនយោបាយ​ ​អាហ្នឹងយើងមើលទៅដូចជាចែកគ្នាលេង​ ​ដើម្បីធ្វើយ៉ាងម៉េចឲ្យវាមានតុល្យភាព​ ​ហើយបង្ហាញជាពិសេសលោក​ កឹ​ ​សុខា​ ​អាចបង្ហាញអំពីការតស៊ូដើម្បីឲ្យបានសង្គ្រោះជាតិមកវិញផង​ ​ទន្ទឹមនឹងនោះ​ ​ចលនាថ្មីក៏បន្តចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនោះទៅ»។​

ការយល់​ឃើញ​របស់​លោក​ ​សេង​ ​សារី​ ​មាន​ភាព​ស្របគ្នា​ទៅ​នឹង​ទស្សនៈ​របស់​លោក​ ​សម​ ​រង្ស៊ី ​ដែល​លោក​អះ​អា​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​​អត់​បាត់បង់​តម្លៃ​ទៅណា​នោះ​ទេ​ ​ទោះ​ជា​នៅ​ទី​ក្រុងភ្នំពេញ​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បិទផ្លូវ​គណបក្ស​នេះ​យ៉ាងណាក្ដី​។​ ​លោក​ ​សម​ ​រង្ស៊ី ​ជឿជាក់​ថា​ ​ពលរដ្ឋ​ដែល​ធ្លាប់​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅតែ​ស្រឡាញ់​ និង​ជឿជាក់​លើ​គណបក្ស​នេះ​។​

ប៉ុន្តែ​លោក​ថា​ ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ក្នុង​ការ​ជ្រើសរើស​គាំទ្រ​ និង​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​សិន​ ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ​ ​បើ​ពលរដ្ឋ​ទុកចិត្ត​និង​ជឿជាក់​ថា​ គណបក្ស​នោះ​ ​មាន​ជំហរ​ប្រជាធិបតេយ្យ​ ​សេរីភាព​ ​យុត្តិធម៌​ ​និង​ជួយ​ពលរដ្ឋ​ទន់ខ្សោយ​ក្រីក្រ​៖ «ចំពោះការតស៊ូនៅលើទឹកដីប្រទេសកម្ពុជា​ ​បើគ្មានជម្រើសអ្វីទេ​ ​ពីព្រោះការបោះឆ្នោតនេះជិតមកដល់​​​ហើយ​ ​ឲ្យប្រជាពលរដ្ឋលោកគិតទៅលោកថ្លឹងថ្លែងខ្លួនលោកទៅ​​ថា​ មានគណបក្សណា​ ដែលមានជំហរដូចគណបក្សសង្គ្រោះជាតិ​ ​ជំហរហ្នឹងអត់មានទោសពៃរ៍​​អីទេ​ ​យើងមានជំហរយ៉ាងណា​ ​ប្រជារាស្រ្តនឹងគាំទ្រយើងតាមហ្នឹង»

សហគមន៍​អន្តរជាតិ​ខាង​ប្រទេស​លោកសេរី​ ​ឈរ​នៅ​ខាង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ​ក្នុង​ការ​ទាមទារ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​ប៉ុន្តែ​​ការប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ថ្មី​ ​ជំនួស​គណបក្ស​​សង្គ្រោះ​ជាតិ​ ​ក្នុងពេលដែល​ការ​តស៊ូ​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ​ ​មិនទាន់​បាន​សម្រេច​នៅឡើយ​បែប​នេះ​ ​រង​ការរិះគន់​ ​ថា​ធ្វើ​មិន​ចំ​គោលដៅ​។​

អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ​ ​ថា ​អ្នក​ប្រជាធិបតេយ្យ​ ​ត្រូវ​មាន​គោលដៅ​ពិតប្រាកដ​មួយ​​​គឺ ​ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យខាងតែ​បាន​ ​ព្រោះ​ការ​ទាមទារ​គណបក្សប្រឆាំង​ដែលគេ​រម្លាយ​ទាំង​ខុសច្បាប់​​នេះ​ ​គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ​បើ​ទោះបីជា​មិនបាន​ ​១០០​ភាគរយ​ ​ក៏​ត្រូវ​បាន​ចំណែក​ណាមួយ​សមរម្យ​ដែរ​។​

លោក​ ​គឹម​ ​សុខ​ ​ថា បើ​ការ​ទាមទារ​នេះ​ ​ខុស​គោលដៅ​ ​នោះ​វា​នឹង​ធ្វើ​ឲ្យកម្លាំង​ទាមទារ​រក​យុត្តិធម៌​នេះ​ចុះ​ខ្សោយ៖ «​ប្រសិនបើទៅចូលរួមការបោះឆ្នោត​ ​នៅពេលដែលវិបត្តិនយោបាយដ៏ធំ​ ​គេប្លន់អំណាចតែម្តង​ ​ប្លន់អំណាចពីគណបក្សសង្គ្រោះជាតិ​ ​អត់ទាន់មានដំណោះស្រាយអ្វីទាំងអស់​ ​បែរទៅជាចូលរួមការបោះឆ្នោតដែលគេរៀបចំ​ ​ដូច្នេះធ្វើឲ្យកម្លាំងនៃការទាមទារដើម្បីយុត្តិធម៌ហ្នឹងកាន់តែរួញទៅ​ ​ហើយគឺជាការផ្តល់ផលប្រយោជន៍ទៅដល់គណបក្សប្រជាជនកម្ពុជាធំធេងណាស់​ ​ធ្វើបែបហ្នឹង​»។​

លោក​ ​គឹម​ ​សុខ​ ​ថា បើ​អ្នកនយោបាយ​ធ្វើសកម្មភាព​មិន​ត្រូវ​ទិស​ ​នោះ​មិន​ត្រឹមតែ​នាំឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​វង្វេង​នោះ​ទេ​ ​សូម្បីតែ​សហគមន៍​អន្តរជាតិ​ក៏​អាច​វង្វេង​នោះ​ដែរ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​លោក​ថា​ គណបក្សប្រឆាំង​​បែរជា​ធ្វើឲ្យ​អារម្មណ៍​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ធូរ​ស្បើយ​ទៅវិញ​។​ ​លោក​ ​គឹម​ ​សុខ​ ​ថា​ ដើម្បី​ឲ្យកម្លាំង​ទាម​ទារសង្គ្រោះ​ជាតិ​មកវិញ​ ​គឺ​នៅ​មូល​ ​គឺ​ទាល់តែ​អ្នកនយោបាយ​គណបក្សប្រឆាំង​នេះ​ ​មិន​បែកខ្ញែក​គ្នា​។​

ដូចគ្នា​នេះ​ដែរ​អ្នក​អ្នកឃ្លាំមើល​សង្គម​ម្នាក់ទៀត​យល់ស្រប​ថា​ ​ដើម្បី​ទាមទារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ ​ជាពិសេស​ ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​​​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​បាន​ ​គឺ​ទាល់តែ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ ​មានសំឡេង​តែមួយ​ ​ពោល​គឺ​ សារ​នយោបាយ​ឲ្យ​ស្រប​ទៅ​នឹង​សកម្មភាព​។​

អ្នកជំនាញ​ច្បាប់​ ​និង​កិច្ចការ​អន្តរជាតិ​កញ្ញា​ ​សេង​ ​ធារី​ ​នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​​​ថា ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​បាន​ ​គឺ​ទាល់តែ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ ​និង​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ ​និង​ធ្វើ​ពហិការ​ការបោះឆ្នោត​ខាងមុខនេះ​ ​ព្រោះ​ការចូលរួម​ការបោះឆ្នោត​នោះ​ ​គឺជាការចូលរួមផ្តល់ភាពស្របច្បាប់ដល់រដ្ឋាភិបាលលោក​ ​ហ៊ុន​ ​សែន​ ​ដែលធ្វើបាបគណបក្ស​​សង្គ្រោះជាតិតែប៉ុណ្ណោះ​៖ «គណបក្សសង្គ្រោះជាតិនៅរស់រវើក ពីព្រោះប្រជាពលរដ្ឋអត់ទាន់ទទួលស្គាល់ថារបបផ្ដាច់ការអាចរម្លាយបាន មិនអាចរម្លាយបាន ពីព្រោះមិនស្របរដ្ឋធម្មនុញ្ញ ឆ្នាំ២០២២ នេះ ២០២៣ ធ្វើពហិការនីតិវិធីនយោបាយបោះឆ្នោត កុំចុះឈ្មោះ កុំធ្វើឃោសនា កុំលើកស្លា ហ្នឹងហើយដែលអាចធ្វើឲ្យសង្គ្រោះជាតិជាគណបក្សរស់ឡើងវិញ​»

ដូចគ្នានេះដែរ​ ​សកម្មជនគណបក្សសង្គ្រោះជាតិមួយរូប​ ​ដែលធ្លាប់រស់នៅប្រទេសកូរ៉េខាងត្បូងឯណោះ​ គឺលោក​ ​យឹម​ ​ស៊ី​ណ​ន យល់ស្រប​​និងលើកទឹកចិត្តឲ្យមន្រ្តីគណបក្សសង្គ្រោះជាតិ​ ​បន្តសកម្មភាពទាមទារឲ្យគណបក្សសង្គ្រោះជាតិ​ ​បើកដំណើរឡើងវិញ​ ​ប៉ុន្តែ​​លោកមិនយល់ស្របតាមយុទ្ធសាស្រ្តរបស់លោក​ ​សម​ ​រង្ស៊ី ​នោះឡើយ

អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ​ ​ប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោក​ ​យឹម​ ​ស៊ី​ ​ចោទលោក​ ​សម​ ​រង្ស៊ី ​និងមន្រ្តីបក្សប្រឆាំងមួយចំនួនទៀត​ ​ថាខ្លួនមួយកំពុងតែជិះទូកពីរ​ ​ព្រោះធ្វើសកម្មភាព​​ទាមទារឲ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ​ ​ប៉ុន្តែបែរជាបង្ហាញជំហរគាំទ្រគណបក្សភ្លើងទៀន​ ​ឲ្យចូលរួមបោះឆ្នោតនាពេលខាងមុខនេះទៅវិញ៖ «ប៉ុន្តែបើគាត់នៅជើងមួយជាន់សង្គ្រោះជាតិ ជើងមួយជាន់ភ្លើងទៀន ខ្ញុំឃើញអនាគតនៃនយោបាយរបស់លោក សម រង្ស៊ី នៅតែមិនមានភាពច្បាស់លាស់ ហើយក៏មិនបានទទួលការគាំទ្រណាមួយជាក់លាក់ ពេញលេញពីពលរដ្ឋនៅតាមមូលដ្ឋានដែរនោះទេ»

ប៉ុន្តែ​ ​លោក​ ​សម​ ​រង្ស៊ី ​ថារឿងគណបក្សភ្លើងទៀន​ ​និងគណបក្សសង្គ្រោះជាតិ​ ​គឺជារឿងពីរដាច់ពីដោយឡែកគ្នា​ ​ព្រោះលោកអះអាងថា​ ពួកលោកនៅតែស្មោះស្ម័គ្រ​ ​និងរក្សាគុណតម្លៃរបស់គណបក្សសង្គ្រោះជាតិដដែល

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​បារម្ភ​ថា ការ​បន្ត​តែង​តាំង​អ្នក​មាន​ប្រវត្តិ​ជា​ឧក្រិដ្ឋជន ធ្វើ​ជា​ទី​ប្រឹក្សា​លោក ហ៊ុន សែន និង​រដ្ឋាភិបាល ធ្វើ​ឱ្យ​ជាតិ​ខូច​ប្រយោជន៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។