មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​ថា​​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​ឲ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ

0:00 / 0:00

​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​ពួកគាត់​នៅតែ​បន្ត​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​នេះ​ ​អាច​បើក​​ដំណើរការ​​ឡើងវិញ​បាន​។​

ការ​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ដើម្បីឲ្យ​គណបក្សប្រឆាំង​ ​ដែល​មាន​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ពាក់កណ្តាល​ប្រទេស​ ​បើក​ដំណើរការ​ឡើងវិញ​នេះ​ ​ត្រូវ​បាន​មន្រ្តី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ត​ធ្វើ​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មក​ហើយ​។​

បើ​តាម​ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​សម​ ​រង្ស៊ី ​​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​​១​៩​ ​ខែ​​មេសា​ថា ​បេសកកម្ម​នេះ​ ​គឺ​គ្មានអ្វី​ប្រែប្រួល​នោះ​ទេ​ ​គឺ​ពួកគាត់​នៅតែ​បន្ត​ទាមទារ​បក្ស​នេះ​មកវិញ​ឲ្យខាងតែ​បាន​៖ «យើងនៅតែទាមទាររបបលោក​ ​ហ៊ុន​ ​សែន​ ​នៅទីក្រុងភ្នំពេញ​ ​បើផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើវិញ​ ​ពីព្រោះការរម្លាយគណបក្សសង្គ្រោះជាតិនោះ​ ​រម្លាយលើក្រដាសមែន​ ​តែរម្លាយយ៉ាងខុសច្បាប់​ ​ហើយវាផ្ទុយពីឆន្ទៈប្រជារាស្រ្តពាក់កណ្តាលនគរដែលគាំទ្រសង្គ្រោះជាតិ​ ​រម្លាយសង្គ្រោះជាតិ​ ​ដូចជារម្លាយឆន្ទៈប្រជារាស្រ្តអ៊‌ីចឹង! មិនអាចធ្វើអ៊‌ីចឹងបានទេ! ផ្ទុយស្រឡះពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ​ ​ដូច្នេះអ្វីដែលយើងទាមទារពីដើមទីមក​ ​គឺយើងនៅតែទាមទារដដែល»។​

​កន្លងមក​សហគមន៍​អន្តរជាតិ​ ​មាន​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​ផង​ ​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​នេះ​ដែរ​ ​ដោយ​ប្រទេស​ទាំងនេះ​ ​បាន​ដាក់ទណ្ឌកម្ម​មន្រ្តី ​និង​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ជាហូរហែ​។​

សហភាព​អឺរ៉ុប​ ​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​២០​% ​ពី​កម្ពុជា​។​ ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ​កាត់ផ្តាច់​ជំនួយ​ទាំងអស់​ ​ដែល​ធ្លាប់​ផ្តល់​ដល់​កម្ពុជា​ ​លើកលែងតែ​ជំនួស​មនុស្សធម៌​។​ ​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​ច្បាប់​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

ក្នុង​សប្តាហ៍​នេះ​ ​លោក​ ​សម​ ​រង្ស៊ី ​ថា​ លោក ​និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​ ​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​ប្រ៊ុចសែល​​ (Brussels) ​ប្រទេស​ប៊ែល​ហ្ស៊ិក​​ (​Belgium​)​ ​ដើម្បី​ជួប​មន្រ្តី​សហភាព​អឺរ៉ុប​ ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​។​

​ក្នុងពេលជាមួយគ្នា​នេះ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​​ដឹង​កាលពី​ថ្ងៃ​ទី​​១៩​ ​ខែ​​មេសា​ដែរ​​ថា ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​ ​កំពុង​រៀបចំ​គម្រោង​ធ្វើបាតុកម្ម​​ប្រឆាំង​វត្តមាន​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ដែល​គ្រោង​នឹង​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អា​ស៊ាន​-​អាមេរិក​ ​នៅដើម​ខែ​​ឧសភា​។​ ​អ្នកស្រី​បញ្ជាក់​ថា​ ​បាតុកម្ម​នោះ​ ​គឺ​ដើម្បី​ផ្ញើ​សារ​ដល់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ឲ្យ​ដោះស្រាយ​រឿង​ផ្តល់​នីតិសម្បទា​រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ​។​

ចំពោះ​បរិយាកាស​នយោបាយ​នៅ​ក្នុង​ប្រទេស​ឯណោះ​វិញ​ ​អ្នក​សិក្សាស្រាវជ្រាវ​អំពី​ការ​អភិបាល​សង្គម​ ​និង​នយោបាយ​ ​​លោក​បណ្ឌិត​ ​សេង​ ​សារី ​យល់ថា​ ​វា​ជា​រឿង​ស្មុគ​ស្មាញ​ធំ​មួយ​ ​សម្រាប់​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ ​ក្នុង​ការ​តស៊ូ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​។​

លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថា ​បញ្ហា​លំបាក​នោះ​ គឺ​តុលាការ​មិនទាន់​សម្រេច​រឿងក្តី​លោក​ កឹម​ ​សុខា​ ​ដែល​ជាប់ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​តែម្តង​។​ ​បើ​ទោះបីជា​លោក​ ​សេង​ ​សារី​ ​ពុំ​មាន​សុទិដ្ឋិនិយម​​ថា​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​ ​ក៏​លោក​លើកទឹកចិត្ត​ឲ្យ​មេដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ទាំងពីរ​រូប​ ​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​លោក​ផ្តល់​ជា​ឱវាទ​ដល់​អ្នកគាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ ​ជ្រើសរើស​ជម្រើស​ថ្មី​មួយ​ ​ដែល​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដើម្បី​បើក​ច្រក​​ឲ្យ​មានកម្លាំង​នយោបាយ​ប្រឆាំង​​បន្ត​ក្តី​សង្ឃឹម ​និង​ដង្ហើម​តស៊ូ​នយោបាយ​នៅ​មូលដ្ឋាន​ ​គឺ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​៖ «លោកកឹម​ ​សុខា​ ​អាចបន្តតស៊ូដើម្បីគណបក្សសង្គ្រោះជាតិហ្នឹងមកវិញមក! ជាពិសេស​​ជាមួយនឹងលោក​ ​សម​ ​រង្ស៊ីហើយចលនានយោបាយថ្មី​ ​ចលនាបន្តវេននៃមរតកនយោបាយរបស់លោក​ ​សម​ ​រង្ស៊ីហ្នឹងក៏បន្តតស៊ូនៅក្នុងឆាកនយោបាយ​ ​អាហ្នឹងយើងមើលទៅដូចជាចែកគ្នាលេង​ ​ដើម្បីធ្វើយ៉ាងម៉េចឲ្យវាមានតុល្យភាព​ ​ហើយបង្ហាញជាពិសេសលោកកឹ​ ​សុខា​ ​អាចបង្ហាញអំពីការតស៊ូដើម្បីឲ្យបានសង្គ្រោះជាតិមកវិញផង​ ​ទន្ទឹមនឹងនោះ​ ​ចលនាថ្មីក៏បន្តចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនោះទៅ»។​

​ការយល់​ឃើញ​របស់​លោក​ ​សេង​ ​សារី​ ​មាន​ភាព​ស្របគ្នា​ទៅ​នឹង​ទស្សនៈ​របស់​លោក​ ​សម​ ​រង្ស៊ី ​ដែល​លោក​អះ​អា​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​​អត់​បាត់បង់​តម្លៃ​ទៅណា​នោះ​ទេ​ ​ទោះ​ជា​នៅ​ទី​ក្រុងភ្នំពេញ​ ​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បិទផ្លូវ​គណបក្ស​នេះ​យ៉ាងណាក្ដី​។​ ​លោក​ ​សម​ ​រង្ស៊ី ​ជឿជាក់​ថា​ ​ពលរដ្ឋ​ដែល​ធ្លាប់​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅតែ​ស្រឡាញ់​ និង​ជឿជាក់​លើ​គណបក្ស​នេះ​។​

ប៉ុន្តែ​លោក​ថា​ ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ ​ក្នុង​ការ​ជ្រើសរើស​គាំទ្រ​ និង​បោះឆ្នោត​ឲ្យ​គណបក្ស​ណាមួយ​សិន​ ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ​ ​បើ​ពលរដ្ឋ​ទុកចិត្ត​និង​ជឿជាក់​ថា​ គណបក្ស​នោះ​ ​មាន​ជំហរ​ប្រជាធិបតេយ្យ​ ​សេរីភាព​ ​យុត្តិធម៌​ ​និង​ជួយ​ពលរដ្ឋ​ទន់ខ្សោយ​ក្រីក្រ​៖ «ចំពោះការតស៊ូនៅលើទឹកដីប្រទេសកម្ពុជា​ ​បើគ្មានជម្រើសអ្វីទេ​ ​ពីព្រោះការបោះឆ្នោតនេះជិតមកដល់​​​ហើយ​ ​ឲ្យប្រជាពលរដ្ឋលោកគិតទៅលោកថ្លឹងថ្លែងខ្លួនលោកទៅ​​ថាមានគណបក្សណាដែលមានជំហរដូចគណបក្សសង្គ្រោះជាតិ​ ​ជំហរហ្នឹងអត់មានទោសពៃរ៍​​អីទេ​ ​យើងមានជំហរយ៉ាងណា​ ​ប្រជារាស្រ្តនឹងគាំទ្រយើងតាមហ្នឹង»

​សហគមន៍​អន្តរជាតិ​ខាង​ប្រទេស​លោកសេរី​ ​ឈរ​នៅ​ខាង​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ​ក្នុង​ការ​ទាមទារ​ឲ្យ​ស្តារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​ ​ប៉ុន្តែ​​ការប្រកាស​គាំទ្រ​គណបក្ស​នយោបាយ​ថ្មី​ ​ជំនួស​គណបក្ស​​សង្គ្រោះ​ជាតិ​ ​ក្នុងពេលដែល​ការ​តស៊ូ​ទាមទារ​យក​គណបក្ស​សង្គ្រោះ​ជាតិ​មកវិញ​ ​មិនទាន់​បាន​សម្រេច​នៅឡើយ​បែប​នេះ​ ​រង​ការរិះគន់​ ​ថា​ធ្វើ​មិន​ចំ​គោលដៅ​។​

អ្នកវិភាគ​នយោបាយ​លោក​ ​គឹម​ ​សុខ​ ​ថា ​អ្នក​ប្រជាធិបតេយ្យ​ ​ត្រូវ​មាន​គោលដៅ​ពិតប្រាកដ​មួយ​​​គឺ ​ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យខាងតែ​បាន​ ​ព្រោះ​ការ​ទាមទារ​គណបក្សប្រឆាំង​ដែលគេ​រម្លាយ​ទាំង​ខុសច្បាប់​​នេះ​ ​គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ​បើ​ទោះបីជា​មិនបាន​ ​១០០​ភាគរយ​ ​ក៏​ត្រូវ​បាន​ចំណែក​ណាមួយ​សមរម្យ​ដែរ​។​

​លោក​ ​គឹម​ ​សុខ​ ​ថា បើ​ការ​ទាមទារ​នេះ​ ​ខុស​គោលដៅ​ ​នោះ​វា​នឹង​ធ្វើ​ឲ្យកម្លាំង​ទាមទារ​រក​យុត្តិធម៌​នេះ​ចុះ​ខ្សោយ៖ «​ប្រសិនបើទៅចូលរួមការបោះឆ្នោត​ ​នៅពេលដែលវិបត្តិនយោបាយដ៏ធំ​ ​គេប្លន់អំណាចតែម្តង​ ​ប្លន់អំណាចពីគណបក្សសង្គ្រោះជាតិ​ ​អត់ទាន់មានដំណោះស្រាយអ្វីទាំងអស់​ ​បែរទៅជាចូលរួមការបោះឆ្នោតដែលគេរៀបចំ​ ​ដូច្នេះធ្វើឲ្យកម្លាំងនៃការទាមទារដើម្បីយុត្តិធម៌ហ្នឹងកាន់តែរួញទៅ​ ​ហើយគឺជាការផ្តល់ផលប្រយោជន៍ទៅដល់គណបក្សប្រជាជនកម្ពុជាធំធេងណាស់​ ​ធ្វើបែបហ្នឹង​»។​

​លោក​ ​គឹម​ ​សុខ​ ​ថា បើ​អ្នកនយោបាយ​ធ្វើសកម្មភាព​មិន​ត្រូវ​ទិស​ ​នោះ​មិន​ត្រឹមតែ​នាំឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​វង្វេង​នោះ​ទេ​ ​សូម្បីតែ​សហគមន៍​អន្តរជាតិ​ក៏​អាច​វង្វេង​នោះ​ដែរ​។​ ​ក្នុងពេលជាមួយគ្នា​នេះ​ ​លោក​ថា​ គណបក្សប្រឆាំង​​បែរជា​ធ្វើឲ្យ​អារម្មណ៍​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ធូរ​ស្បើយ​ទៅវិញ​។​ ​លោក​ ​គឹម​ ​សុខ​ ​ថា​ ដើម្បី​ឲ្យកម្លាំង​ទាម​ទារសង្គ្រោះ​ជាតិ​មកវិញ​ ​គឺ​នៅ​មូល​ ​គឺ​ទាល់តែ​អ្នកនយោបាយ​គណបក្សប្រឆាំង​នេះ​ ​មិន​បែកខ្ញែក​គ្នា​។​

​ដូចគ្នា​នេះ​ដែរ​អ្នក​អ្នកឃ្លាំមើល​សង្គម​ម្នាក់ទៀត​យល់ស្រប​ថា​ ​ដើម្បី​ទាមទារ​សិទ្ធិមនុស្ស​ ​និង​ប្រជាធិបតេយ្យ​ ​ជាពិសេស​ ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​​​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​បាន​ ​គឺ​ទាល់តែ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ ​មានសំឡេង​តែមួយ​ ​ពោល​គឺ​ សារ​នយោបាយ​ឲ្យ​ស្រប​ទៅ​នឹង​សកម្មភាព​។​

អ្នកជំនាញ​ច្បាប់​ ​និង​កិច្ចការ​អន្តរជាតិ​កញ្ញា​ ​សេង​ ​ធារី​ ​នៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​​​ថា ​ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​បាន​ ​គឺ​ទាល់តែ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ ​និង​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ​ ​ប្រើប្រាស់​សិទ្ធិ​តវ៉ា​ ​និង​ធ្វើ​ពហិការ​ការបោះឆ្នោត​ខាងមុខនេះ​ ​ព្រោះ​ការចូលរួម​ការបោះឆ្នោត​នោះ​ ​គឺជា​ការចូលរួម​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ធ្វើបាប​គណបក្ស​​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ​៖ «គណបក្ស សង្គ្រោះ ជាតិ នៅ រស់រវើក ពីព្រោះ ប្រជាពលរដ្ឋ អត់ ទាន់ ទទួលស្គាល់ ថា របប ផ្ដាច់ការ អាច រម្លាយ បាន មិន អាច រម្លាយ បាន ពីព្រោះ មិន ស្រប រដ្ឋធម្មនុញ្ញ ឆ្នាំ ២០២២ នេះ ២០២៣ ធ្វើ ពហិការ នីតិវិធី នយោបាយ បោះឆ្នោត កុំ ចុះឈ្មោះ កុំ ធ្វើ ឃោសនា កុំ លើកស្លា ហ្នឹងហើយ ដែល អាច ធ្វើឲ្យសង្គ្រោះជាតិ ជា គណបក្ស រស់ ឡើងវិញ ​»។​

​ដូចគ្នា​នេះ​ដែរ​ ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ ​ដែល​ធ្លាប់​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ឯណោះ​ គឺលោក​ ​យឹម​ ​ស៊ី​ណ​ន ​យល់ស្រប​​និង​លើកទឹកចិត្ត​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​ ​បន្ត​សកម្មភាព​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បើក​ដំណើរ​ឡើងវិញ​។​ ​ប៉ុន្តែ​​លោក​មិន​យល់ស្រប​តាម​យុទ្ធសាស្រ្ត​របស់​លោក​ ​សម​ ​រង្ស៊ី ​នោះ​ឡើយ​។​

​អតីតប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​លោក​ ​យឹម​ ​ស៊ី​ណ​ន​ ​ចោទ​លោក​ ​សម​ ​រង្ស៊ី ​និង​មន្រ្តី​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ​ថា​ខ្លួន​មួយ​កំពុងតែ​ជិះទូក​ពីរ​ ​ព្រោះ​ធ្វើសកម្មភាព​​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បើក​ដំណើរការ​ឡើងវិញ​ ​ប៉ុន្តែ​បែរជា​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ​ឲ្យ​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខនេះ​ទៅវិញ៖ «ប៉ុន្តែ បើ គាត់ នៅ ជើង មួយ ជាន់ សង្គ្រោះ ជាតិ ជើង មួយ ជាន់ ភ្លើង ទៀន ខ្ញុំ ឃើញ អនាគត នៃ នយោបាយ របស់ លោក សម រង្ស៊ី នៅតែ មិន មាន ភាព ច្បាស់លាស់ ហើយក៏ មិនបាន ទទួលការ គាំទ្រ ណាមួយ ជាក់លាក់ ពេញលេញ ពី ពលរដ្ឋ នៅ តាម មូលដ្ឋាន ដែរ នោះ ទេ»។​

​ប៉ុន្តែ​ ​លោក​ ​សម​ ​រង្ស៊ី ​ថា​រឿង​គណបក្ស​ភ្លើង​ទៀន​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​គឺជា​រឿង​ពី​រដាច់​ពី​ដោយឡែក​គ្នា​ ​ព្រោះ​លោក​អះអាង​ថា​ ពួក​លោក​នៅតែ​ស្មោះស្ម័គ្រ​ ​និង​រក្សា​គុណ​តម្លៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។