លោក ហ៊ុន ម៉ាណែត មិន​ទទួល​សំណើ​​ដោះលែង​អ្នក​ជាប់​ឃុំ​មនសិការ

0:00 / 0:00

ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត បដិសេធ​មិន​ទទួល​លិខិត​របស់​បក្ស​កម្លាំង​ជាតិ​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ។ គណបក្ស​កម្លាំង​ជាតិ​ចាត់ទុក​ការ​មិន​ទទួលយក​លិខិត​នេះ​គឺជា​ការរើសអើង​នយោបាយ ហើយ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់តែ​ដាំ​ក្បាល​ចុះ។

ស្របពេល​ប្រជាពលរដ្ឋ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ទន្ទឹម​រង់ចាំ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​«​ហ៊ុន​»​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស គណបក្ស​កម្លាំង​ជាតិ កាលពី​ថ្ងៃទី​២៤ ខែធ្នូ បាន​ដាក់​លិខិត​នៅ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ប៉ុន្តែ លិខិត​នេះ មិន​ត្រូវ​បាន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ទទួល​យក ហើយក៏​មិន​បាន​បញ្ជាក់ ពី​ហេតុផល​ច្បាស់លាស់​នោះ​ដែរ។

នៅក្នុង​លិខិត​ដាក់​ស្នើសុំ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គណបក្ស​កម្លាំង​ជាតិ​លើកឡើង​ថា​អ្នក​ជាប់ឃុំ​មនសិការ ជាច្រើន​នាក់​បាន​ទទួលរង​នូវ​ពាក្យ​ប​បណ្ដឹង ការ​ចោទ​ប្រកាន់ និង​កំពុង​ជាប់ឃុំ​យ៉ាង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ ដែល​រដ្ឋាភិបាល គួរតែ​ពិចារណា​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ទន្ទឹម​នឹង​នោះ​គណបក្ស​កម្លាំងជាតិ​បារម្ភ​ថា ប្រសិនបើ​អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​សង្គម សកម្មជន​ព្រំដែន និង​សកម្មជន​ដីធ្លី​ជាដើម មិន​ត្រូវ​បាន​ដោះលែង ហើយ​បន្ត​ទទួលរង​នូវ​ការចោទប្រកាន់​កាន់តែ​ច្រើន​ថែមទៀត​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់ កិត្តិយស​របស់​រាជរដ្ឋាភិបាល និង​ធ្វើ​ឱ្យ​ស្ថានភាព សិទ្ធិមនុស្ស និង​លំហ​ប្រជាធិបតេយ្យ កាន់តែ​រួម​តូច​ចង្អៀត។

គណបក្ស​កម្លាំង​ជាតិ​អះអាង​ថា ការ​មិន​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម និង​សេដ្ឋកិច្ចជាតិ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស កម្ពុជា​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សភា​អឺរ៉ុប​បន្ថែម​ទៀត និង​មិនអាច​ទទួល​បាន ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​មកវិញ​នោះ​ដែរ​។ បន្ថែម​ពី​នោះ គណបក្ស​កម្លាំង​ជាតិ​លើកឡើង​ថា ប្រទេស​កម្ពុជា​នឹង​កាន់តែ​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច សង្គម ជាពិសេស​បញ្ហា​បំណុល​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធ្ងន់ធ្ងរ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែធ្នូ ថា គួរ​ឱ្យ​សោកស្ដាយ​ដែល​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បដិសេធ​មិន​ទទួលយក​លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ​។ លោក​ថា នេះ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ​។ លោក​បញ្ជាក់​ថា ការ​ដាក់​លិខិត​ស្នើសុំ ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ជាប់ឃុំ​មនសិការ​នេះ គឺជា​ការជំរុញ​បន្ថែម ឱ្យ​រដ្ឋាភិបាល គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​។ លោក​បន្ត​ថា ប្រសិនបើ រដ្ឋាភិបាល មិន​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ កម្ពុជា​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាច្រើន​បន្ថែម​ទៀត។

លោក រ៉ុង ឈុន៖ «គណបក្សប្រឆាំង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ ការ​ធ្វើ​សកម្មភាព​នយោបាយ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ហ្នឹង​។ ដូច្នេះហើយ បើ​យើង​មានការ​ដោះលែង យើង​បាន​បើក​លំហ​នយោបាយ ហើយ​យើង​មានការ​គោរព​សិទ្ធិមនុស្ស បញ្ឈប់​ការ​ចាប់​ចង អាហ្នឹង យើង​នឹង​រក្សា​ការ​អនុគ្រោះ​ពន្ធ ក៏ដូចជា​ការដែល​បាត់បង់​ហ្នឹង​ដែល​យើង​នឹង​ទទួល​ត្រឡប់​បាន​មក​វិញ»។

ការ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកនយោបាយ​របស់​គណបក្ស​កម្លាំង​ជាតិ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​សភា​អឺរ៉ុប កាលពី​ខែវិច្ឆិកា បាន​ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​ឡើង​វិញ​លើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» (EBA) ដែល​នៅសល់​ចំនួន ៨០% ជាមួយ​កម្ពុជា និង​ពិចារណា​ដាក់ទណ្ឌកម្ម​ជាក់លាក់​លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ផ្នែក​នយោបាយ ប្រសិនបើ​កម្ពុជា​នៅតែ​រឹងរូស​មិន​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​វិញ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ដដែល​នេះ​ថា បច្ចុប្បន្ន​កម្ពុជា គ្មាន​អ្នក​ទោស​នយោបាយ ឬ អ្នក​ជាប់ឃុំ​មនសិការ ដូច​ការ​លើកឡើង​របស់​បក្ស​កម្លាំង​ជាតិ​នោះ​ទេ។ លោក​ថា អ្នក​ជាប់ឃុំ​ទាំងនោះ​ភាគច្រើន គឺជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង ជាពិសេស​មាន​ចេតនា​ញុះញង់ និង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាដើម​។ ជាង​នេះ​ទៀត លោក​ថា បច្ចុប្បន្ន កម្ពុជា​ពុំ​ខ្វល់​ពី​ការរិះគន់ ពាក់ព័ន្ធ ការរំលោភ​សិទ្ធិមនុស្ស និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះថា សព្វថ្ងៃ​កម្ពុជា​មាន​ប្រជាធិបតេយ្យ និង​មាន​ការគោរព​សិទ្ធិមនុស្ស​បាន​ពេញលេញ​រួច​មក​ហើយ។

លោក សុខ ឥសាន៖ «​នៅ​កម្ពុជា​អត់​មាន​អ្នក​ទោស​នយោបាយ​ទេ មានតែ​សកម្មជន​គណបក្ស​នយោបាយ ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​ពិរុទ្ធភាព​ដែល​ត្រូវ​តុលាការ កាត់ទោស​។ ការជំរុញ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ទៅ​ស្នើ​នោះ ហ្នឹង​គ្រាន់តែ​ជា​គំនិត របស់​ពួកគាត់​ទេ​។ នៅក្នុង​សង្គមជាតិ ការអភិវឌ្ឍន៍​ជាតិ​កំពុងតែ រីកចម្រើន​ទៅមុខ មាន​ន័យ​ថា កម្ពុជា​អត់​មានការ​រំលោភ​លទ្ធិប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស​ទេ»។

បើ​ទោះជា​មានការ​អះអាង​បែបនេះ​ក្កី អ្នកឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម សង្កេត​ឃើញ​ថា​ចាប់តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​គឺ គណបក្ស​សង្គ្រោះ​ជាតិ​មក ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​កាន់តែ​ខ្លាំង។ ចំណែក​បញ្ហា​នយោបាយ​បាន​ជាប់​គាំង​ជិត​១០​ឆ្នាំ​មក​ហើយ មក​ទល់​សព្វថ្ងៃ។ ករណី​នេះ​បាន​ជះឥទ្ធិពល អាក្រក់​ដល់​ស្ថានភាព​សេដ្ឋកិច្ច ធ្វើ​ឱ្យ​កម្មករ​ខ្វះ​ការងារ​ធ្វើ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​ធ្វើ​ចំណា​ស្រុក រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា យោង​តាម​មាត្រា​៣៥​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា​សេចក្ដីស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ រួម​និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​គឺ ត្រូវ​បាន​ទទួល​ការ​ដោះស្រាយ ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​អង្គការ​រដ្ឋ។ ដូច្នេះ លោក​ថា ការដែល​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​មិន​ទទួល​សំណើ របស់​មន្ត្រី បក្ស​កម្លាំង​ជាតិ​នេះ ហាក់​ដើរ​ផ្ទុយ​ទៅ​នឹង​ច្បាប់។

បន្ថែម​ពី​នោះ លោក​ថា ការ​ស្នើសុំ​ឱ្យ​ដោះលែង​អ្នកនយោបាយ​នេះ គឺជា​រឿង​ល្អ ព្រោះថា​កន្លងទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ ក៏បាន​ឃើញ​ដែរ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ អ្នកការពារ សិទ្ធិមនុស្ស និង សកម្មជន​បរិស្ថាន​ជាដើម​នោះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

លោក អំ សំអាត «សូមអ្នក​នយោបាយ​ទាំងអស់​តម្កល់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ ហើយ​អាច​ដោះស្រាយ​គ្នា​តាម​នីតិវិធី បើសិនជា​សកម្មជន​ទាំងអស់​នោះ អាច​សម្រួល​ឱ្យ​ដោះលែង​បាន ក៏​វា​ជា​ការ​មួយ​បើក​លំហ​សេរីភាព​ទាំងអស់​ហ្នឹង ដែល​ឆ្លើយតប​នឹង​ការរិះគន់​របស់​សហគមន៍​អន្តរជាតិ និង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​បាន​ដែរ»។

កាលពី​ថ្ងៃទី​១១​ខែធ្នូ អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) បាន​បង្ហាញថា ជិត​១​ឆ្នាំ​២០២៤​នេះ រដ្ឋាភិបាល​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន ពលរដ្ឋ​យ៉ាងហោចណាស់ ១០២​នាក់ រួមមាន​សកម្មជន​ន​យោ​បាយ សហជីព សិស្ស​និស្សិត សកម្មជន​ការពារ​បរិស្ថាន អ្នកសារព័ត៌មាន និង​ពលរដ្ឋ​សាមញ្ញ​ដទៃទៀត ដោយសារ​សកម្មភាព​អនុវត្ត​សិទ្ធិ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។