ជនភៀសខ្លួនខ្មែរម្នាក់ជាសកម្មជនគណបក្សភ្លើងទៀនសុខចិត្តរស់នៅឆ្ងាយពីប្រពន្ធកូនតស៊ូធ្វើនយោបាយដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលថា ជនភៀសខ្លួនដោយសារនយោបាយហើយរត់ទៅក្រៅប្រទេសមកពីពួកគេប្រព្រឹត្តខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែសម្រួលឲ្យមានភាពធូរស្រាលផ្នែកនយោបាយ ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ។
ដោយសារឃើញភាពអយុត្តិធម៌ក្នុងសង្គមកាន់តែច្រើនសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ដែលកំពុងភៀសខ្លួននៅប្រទេសថៃប្ដូរផ្ដាច់ធ្វើនយោបាយជាមួយគណបក្សភ្លើងទៀនដើម្បីឲ្យមានការផ្លាស់ប្ដូរប្រកបដោយតម្លាភាពនៅកម្ពុជា។
សកម្មជនគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ផន ផាន់ណា ប្រាប់វិទ្យុអាស៊ីសេរីថា លោកភៀសខ្លួនមកប្រទេសថៃប្រាំខែហើយ ដោយចាកចេញពីប្រពន្ធកូនដើម្បីបម្រើសង្គមដូចជាធ្វើយុទ្ធនាការឲ្យពលករទៅចូលរួមបោះឆ្នោតនៅពេលខាងមុខនិងចុះជួយពន្យល់ពលករនៅថៃ ឲ្យយល់ដឹងពីអត្ថប្រយោជន៍នៅពេលយើងជ្រើសរើសបានថ្នាក់ដឹកនាំល្អ។ លោកបន្តថា លោករស់ឆ្ងាយពីប្រពន្ធកូន ហើយប្រពន្ធទើបនឹងឆ្លងទន្លេបានជិតមួយខែលោកមិនអាចនៅមើលថែប្រពន្ធកូនបានទេ ដោយសារលោកឮដំណឹងពីមេធាវីលោកថា តុលាការកាត់ទោសឲ្យលោកជាប់ពន្ធនាគារប្រាំឆ្នាំ។
លោក ផន ផាន់ណា៖ «អ៊ីចឹងបើសិនជាប្រជាពលរដ្ឋខ្មែរយើងយល់ដឹងពីសិទ្ធិខ្លួនឯងហ៊ានក្រោកឡើងតវ៉ាណាមានរឿងអីអសកម្មរឿងអយុត្តិធម៌គឺក្លាយជាពលរដ្ឋសកម្មគឺហ៊ានក្រោមឡើងតវ៉ាទាំងអស់គ្នាយល់ពីសិទ្ធិយល់ពីច្បាប់របស់ខ្លួនឯងក្រោកឡើងទាំងអស់គ្នាខ្ញុំជឿថា ស្រុកខ្មែរនឹងមានការអភិវឌ្ឍលឿនណាស់»។
លោក ផន ផាន់ណា ឲ្យដឹងទៀតថា លោកធ្លាប់ចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េដោយដឹកនាំពលករឲ្យងាកមកចេះឈឺឆ្អាលរឿងជាតិ។ លោកមើលឃើញយុវជនសព្វថ្ងៃមិនសូវខ្វាយខ្វល់ពីបញ្ហាការរំលោភសិទ្ធិមនុស្ស និងបញ្ហានៅក្នុងសង្គមទើបប្រទេសមិនជឿនលឿន។
លោក ផន ផាន់ណា៖ «គិតពីការងារដែលសង្គមដែលត្រូវជួយបង្រៀនជួយបណ្ដុះបណ្ដាលក្មេងៗឲ្យគាត់ចេះអក្សរផងនិងឆ្លៀតធ្វើការងារគណបក្សចុះជួបពលករជួបអីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដោយសារតែបងប្អូននៅប្រទេសថៃនេះ សូម្បីតែព័ត៌មានបោះឆ្នោតសូម្បីតែរឿងចុះឈ្មោះបោះឆ្នោតអីគឺគាត់អត់ដឹងអត់ទទួលព័ត៌មានបានផងនឹង»។
លោក ផន ផាន់ណា មានអាយុ៣៤ឆ្នាំ កើតក្នុងគ្រួសារកសិករមួយក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពតមានបងប្អូន ៧នាក់ លោកជាកូនទី៧។
ចំណែកលោកស្រី សែម កក់ ជាប្រពន្ធ លោក ផន ផាន់ណា ដែលកំពុងថែទាំកូនខ្ចីនៅទីក្រុងភ្នំពេញប្រាប់ថា លោកស្រីជួបការលំបាកដោយសារប្ដីនៅឆ្ងាយមិនអាចមើលថែលោកស្រីនិងកូនបានតែលោកស្រីនឹងពុះពារមិនបាក់ទឹកចិត្តឡើយ ព្រោះប្ដីលោកស្រីកំពុងធ្វើរឿងដែលត្រឹមត្រូវ។ លោកស្រីមានមោទនភាពនឹងការលះបង់របស់ប្ដី ហើយលោកស្រីក៏ចង់ឃើញប្រទេសជាតិមានសន្តិភាពពិតប្រាកដដែរ។
លោកស្រី សែម កក់៖ «យើងក៏វាពេញចិត្តខាងហ្នឹងដែរអ៊ីចឹងទៅឱ្យគាត់តស៊ូទ្រាំលំបាក។ ពេលខ្លះហត់ហត់នឹងតស៊ូតែម្នាក់ឯងដែរហ្នឹង!ចង់ឱ្យគាត់ឈប់ដែរហ្នឹងតែនឹងឃើញថា បើគាត់មិននេះ!បើគាត់មិនលះបង់វាពិបាកគ្មាននរណាលះបង់ទេ»។
លោកស្រី សែម កក់ កំពុងបីបាច់រក្សាកូនតូចពីរនាក់កូនបងអាយុ២ខួបនិងកូនពៅអាយុជិតមួយខែក្នុងបន្ទុករស់នៅដោយពឹងផ្អែកលើប្រាក់សន្សំពីមុនព្រោះមិនអាចរកប្រាក់ចំណូលបាន។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន លើកឡើងថា កម្ពុជាកំពុងមានសន្តិភាពពេញលេញហើយពលរដ្ឋរស់នៅសុខសាន្ត។លោកបន្តថា អ្នកនយោបាយនៅក្រៅប្រទេសចេះតែចោទប្រកាន់ថា រដ្ឋាភិបាលរំលោភសិទ្ធិមនុស្សហើយបង្កអុកឡុកឲ្យមានអសន្តិសុខក្នុងសង្គម។
លោក សុខ ឥសាន៖ «យើងក៏វាពេញចិត្តខាងហ្នឹងដែរដល់អ៊ីចឹងទៅឲ្យគាត់តស៊ូលំបាក។ ពេលខ្លះហត់តស៊ូម្នាក់ឯង ចង់ឲ្យគាត់ឈប់ដែរ។ ប៉ុន្តែនឹកឃើញបើគាត់មិននេះ!បើគាត់មិនលះបង់វាពិបាកគ្មានអ្នកណាលះបង់»។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីរូបនេះគេមើលឃើញថា រដ្ឋាភិបាលតែងធ្វើទុក្ខបុកម្នេញដល់សកម្មជននយោបាយសកម្មជនបរិស្ថាន និងអ្នកតស៊ូមតិដោយប្រើប្រព័ន្ធតុលាការចាប់ដាក់ពន្ធនាគារជាដើម។
ជុំវិញរឿងនេះដែរតំណាងបណ្ដាញកសាងសន្តិភាពសហគមន៍លោក សេង សុខហេង យល់ថាកម្ពុជានៅមិនទាន់ដោះស្រាយវិបត្តិជម្លោះនយោបាយដ៏រ៉ាំរ៉ៃបានទេ ព្រោះនៅតែមានអ្នកនយោបាយភៀសខ្លួនទៅក្រៅប្រទេសដោយសារពួកគេមានមតិផ្ទុយពីរដ្ឋាភិបាល។ យ៉ាងណាលោកស្នើរដ្ឋាភិបាលសម្រួលស្ថានភាពនយោបាយឲ្យល្អប្រសើរជាងបច្ចុប្បន្នវិញដើម្បីប្រយោជន៍ជាតិ។
លោក សេង សុខហេង៖ «តាមពិតទៅនៅពេលដែលទំនាស់នយោបាយរវាងនយោបាយកើតឡើង ដែលមិនអាចផ្សះផ្សាគ្នាយើងយកទំនាស់បុគ្គលមកលាយឡំនឹងរឿងប្រទេសជាតិហ្នឹងវាធ្វើឲ្យប៉ះពាល់ច្រើនទៅដល់ផលប្រយោជន៍ជាតិដូចជាការវិនិយោគឬក៏គោលការណ៍នានារបស់អន្តរជាតិពីសហគមន៍អឺរ៉ុបពីអាមេរិកអីជាដើមគឺវាត្រូវបានខាតបង់ខ្លាំងមែនទែន»។
បច្ចុប្បន្នមានសកម្មជនគណបក្សសង្គ្រោះជាតិ ជាង៤០នាក់កំពុង ភៀសខ្លួននៅប្រទេសថៃ ដោយសារអាជ្ញាធរកម្ពុជាធ្វើទុក្ខបុកម្នេញមកលើពួកគេ។ លោក ផន ផាន់ណា មានគោលជំហរថាទោះជាលោកជួបការលំបាកដោយសារព្រាត់ប្រាសប្រពន្ធកូនក៏ដោយក៏លោកនៅតែមានឆន្ទៈចូលរួមជាមួយបក្សប្រឆាំងដើម្បីធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅប្រទេសថៃលោកនឹងខិតខំណែនាំពលករកុំភ្លេចទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។