ពលរដ្ឋ​រិះគន់​របប​ក្រុងភ្នំពេញ​ដែល​ចំណាយ​លុយ​សន្ធឹកសន្ធាប់​លុប​លាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន

ដោយ ម៉ៅ សុធានី
2021-09-25
Share
ពលរដ្ឋ​រិះគន់​របប​ក្រុងភ្នំពេញ​ដែល​ចំណាយ​លុយ​សន្ធឹកសន្ធាប់​លុប​លាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​ខ្លួន លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ឯកសារ​ដែល​ដាក់​នៅ​ក្រសួង​យុត្តិធម៌​អាមេរិក បង្ហាញ​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន លោក ជុំ សុន្ទរី បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខវីស (Qorvis Communications) កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ២០២១។
Photo Courtesy

ប្រជា​ពលរដ្ឋមួយចំនួន​ខកចិត្ត​ដែល​របប​ក្រុងភ្នំពេញ ចំណាយ​លុយ​ដ៏​ច្រើន សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឬ​ឡប់ប៊ី (Lobby) អាមេរិក ឲ្យ​ជួយ​ការពារ​ទង្វើ​រំលោភសិទ្ធិ​មនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួកគាត់​យល់​ថា របប​ឯបក្ស​មួយ​នេះ គួរតែ​កែលម្អ​ទង្វើ​អាក្រក់​របស់ខ្លួន ហើយ​ទុក​លុយ​ទាំងនោះ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ គឺជា​រឿង​ល្អ និង​អាច​ស្តារ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​បាន​ឡើង​វិញ

ប្រជា​ពលរដ្ឋមួយ​ចំនួន​បញ្ចេញ​ប្រតិកម្ម​ថា ការដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំណាយ​លុយ​ជិត​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ជួល​ក្រុមហ៊ុន​ឡប់ប៊ី​អាមេរិក ដើម្បី​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ចំណុច​វិជ្ជមាន​អំពី​កម្ពុជា និង​ជួយ​ទប់ស្កាត់​ការអនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម គឺជា​ការចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍ ហើយ​កាន់តែ​ធ្វើ​របប​នេះ​ឲ្យ​មានកេរ្តិ៍ឈ្មោះ​អាក្រក់​ថែមទៀត។

ប្រជាពលរដ្ឋ​មួយរូប​រស់នៅ​ខេត្តសៀមរាប​លោក នង ធារ៉ា ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា បន្ត​វាយប្រហារ​អាមេរិក​ជា​សាធារណៈ​និង​បន្ត​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ឥត​ស្រាកស្រាន្ត នោះ​ការ​ចំណាយលុយ​ជាតិ​យ៉ាងច្រើន​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល ដើម្បី​ជួយ​ចរចារ​ជាមួយ​រដ្ឋាភិបាល​អាមេរិក ឲ្យ​ផ្លាស់ប្តូរ​ជំហរ​មកលើ​កម្ពុជា​នេះ គឺ​មិនអាច​ជោគជ័យ​ទៅរួច​ឡើយ​។ លោក​យល់​ថា រដ្ឋាភិបាល គួរតែ​ទុក​លុយ​នេះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ពី​វិបត្តិ​កូវីដ​ឲ្យ​បាន​ពេញដៃពេញជើង ព្រោះ​ពេល​នេះ គ្រួសារ​របស់លោក​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​ក្រហម ឬ​តំបន់​បិទ​ខ្ទប់​មិន​ទាន់ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ«ខ្ញុំ​ពិតជា​សោកស្តាយ​មែនទែន​ក្នុងនាម​ជា​យុវជន​ម្នាក់ ព្រោះ​មួយខែ ៧​ម៉ឺន​ដុល្លារ​វា​ចំណាយ​អត់​ប្រយោជន៍​។ បើ​យើង​គ្រាន់តែ​គោរព​សិទ្ធិមនុស្ស ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​សេរី និង​យុត្តិធម៌​ទៅ វា​គ្រប់សព្វ​បែបយ៉ាង​ហើយ​យើង​ក៏​ទទួលបាន​អនុគ្រោះ​ព័ន្ធ​អី​ផ្សេងៗ​ទៀត និង​ល្អ​សម្រាប់​មុខមាត់​កម្ពុជា​ផង។ ប៉ុន្តែ​បែរ​ជា​គាត់​ចំណាយលុយ​អត់​ប្រយោជន៍ ហើយ​ជិះជាន់​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស នយោបាយ និង​បរិស្ថាន​ទៅវិញ»។

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ លោកស្រី ជា ពិសី លើកឡើង​ថា រដ្ឋាភិបាល មិនគួរ​ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក ដើម្បី​ការពារ​ផលប្រយោជន៍ និង​មុខមាត់​ផ្ទាល់ខ្លួន​នោះទេ ក្នុង​គ្រា​ដែល​ពលរដ្ឋ កំពុងមាន​ជីវភាព​លំបាក និង​ជំពាក់​បំណុល​វ័ណ្ឌក​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ«ខ្ញុំ​អត់​គាំទ្រ​រឿងនេះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​គាត់​យក​ថវិកា​ដែល​ចំណាយ​នោះ យក​មក​ចំណាយ​លើ​ប្រជាពលរដ្ឋ ព្រោះ​អី​មិនមែន​តែ​ខ្ញុំ​ទេ គឺ​មាន​ប្រជាបលរដ្ឋ​ច្រើន​គ្រួសារ ដែល​លំបាក​វេទនា​ខ្លាំង​មែនទែន។ តាំងពី​ប្រាក់ខែ​ប្តី​ដែល​ធ្លាប់​ធ្វើការ ក៏​អត់​មានការ​ងារ​ធ្វើ ដោយសារ​គេ​ផ្អាក​ពេល​ក​វីដ​នេះ ហើយ​ធនាគារ​មិន​អធ្យាស្រ័យ ឲ្យ​យើង​ទាំងស្រុង​ទេ»។

ស្រដៀង​គ្នា​នេះដែរ ពលករ​ខ្មែរ​មួយរូប​ដែល​កំពុង ធ្វើការ​នៅក្នុង​ខេត្ត​សមុទ្រ​ប្រាកាន (Samut Prakan)​ប្រទេស​ថៃ លោក នូវ ប៊ុនរ័ត្ន និយាយថា វា​មិនមែនជា​រឿង​ថ្មី​ទេ​ដែល​របប​លោក ហ៊ុន សែន ចំណាយលុយ​ឥត​ប្រយោជន៍ ដើម្បី​មុខមាត់​ផ្ទាល់ខ្លួន ហើយ​មើល​រំលង​ទុក្ខលំបាក​របស់​ប្រជា​ពលរដ្ឋ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ពលករ​ក្នុងប្រទេស​ថៃ​។ ពលករ​រូប​នេះ​យល់​ថា ទោះបីជា​របប​លោក ហ៊ុន សែន ខំ​ជួល​ក្រុមហ៊ុន​ឡប់ប៊ី​អាមេរិក​ក្តី ក៏​មិន​អាច​បិទបាំង​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ទេ៖ «បើ​រដ្ឋាភិបាល មានចិត្ត​ស្រលាញ់​ប្រជា​ពលរដ្ឋ​ពិតប្រាកដ ប្រហែលជា​គាត់​ទុក​លុយ​នោះ​ជួយ​ប្រជាពលរដ្ឋ​វិញ​ដែល​កំពុងតែជួបប្រទះ​បញ្ហា​កូវីដ-១៩ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់គាត់​ធ្លាក់ចុះ​ខ្លាំង​។ បើ​បង្វែរ​លុយ​នោះ មកជួយ​វិញ ខ្ញុំ​គិតថា​ប្រជាប្រិយភាព​គាត់​កាន់តែ​កើនឡើង​ហើយ​ប្រជាពលរដ្ឋ ក៏​គោរព​ស្រលាញ់​គាត់​ឡើងវិញ​ដែរ»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បែប​នេះ គឺ​បន្ទាប់​ពី​បប​ក្រុងភ្នំពេញ ចំណាយ​ប្រាក់​ជិត ៧​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឬ​ឡប់​ប៊ី (Lobby)​ថ្មី​មួយទៀត​នៅ​សហរដ្ឋអាមេរិក ដើម្បី​ផ្តល់​សេវាកម្ម​ជួយ​លុបលាង​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់ខ្លួន ខណៈ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កំពុង​ជំរុញ​ការអនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កំពូលៗ​នៅ​កម្ពុជា​រួមមាន​ទាំង​លោក ហ៊ុន សែន ផងដែរ។ ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ថ្មី​នេះ​ឈ្មោះ​ខវីស (Qorvis Communications )​ដែល​ល្បីល្បាញ​ខាង​ធ្វើជា​តំណាង​ឲ្យ​របប​មួយចំនួន​ដែលមាន​កេរ្តិ៍ឈ្មោះ​អាក្រក់​បំផុត​នៅលើ​ពិភពលោក​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស

ឯកសារ​ដែល​ដាក់​នៅ​ក្រសួងយុត្តិធម៌​អាមេរិក បង្ហាញ​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​រដ្ឋធានី​វ៉ា​ស៊ីន​តុ​ន លោក ជុំ សុន្ទរី បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខ​វី​ស កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​។​ជា​ថ្នូរ​នឹង​ប្រាក់​ឈ្នួល​ប្រចាំខែ​ជិត​៧​ម៉ឺន​ដុល្លារ​(៦៩.៣០០) ក្រុមហ៊ុន​ខ​វី​ស បាន​ព្រមព្រៀង​ផ្តល់​សេវាកម្ម​ផ្នែក​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេវាកម្ម​ផ្នែក​សារគមនាគមន៍​បែប​យុទ្ធសាស្ត្រ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​បង្កើន​ការយល់ដឹង​របស់​សាធារណជន​រួមទាំង​ការធ្វើដំណើរ និង​ទេសចរណ៍​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការឆ្លើយ​តប​រឿងនេះ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល នៅ​ថ្ងៃទី២៤ និង ២៥ កញ្ញា​។​ទោះជា​យ៉ាងណា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន អះអាងថា ការជួល​ក្រុមហ៊ុន ដើម្បី​ឲ្យ​ជួយ​សម្របសម្រួល ឬ​ឡប់​ប៊ី​នេះ គឺជា​រឿង​ស្របច្បាប់​ដែល​ប្រទេស​ផ្សេងៗ​ទៀត ក៏​ធ្លាប់ធ្វើ​បែបនេះ​ដែរ ដើម្បី​ឲ្យ​សហរដ្ឋអាមេរិក បានទទួល​ស្គាល់ និង​យល់​ពី​អ្វីដែល​កើត​មាន ហើយ​ឆ្លើយតប​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស​នីមួយៗ។

ជុំវិញ​រឿងនេះ ប្រធាន​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា ការប្រើ​វិធី​បញ្ចុះបញ្ចូល​ដើម្បី​រក្សា​មុខមាត់ ឬ​កុំ​ឲ្យ​មាន​ការដាក់​សម្ពាធ​ពី​អាមេរិក​នេះ នឹង​មិន​មាន​ប្រសិទ្ធភាព​លើ​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​នោះទេ។ លោក​យល់​ថា វិធី​ល្អ​បំផុត​គឺមាន​តែ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ ដែល​មិន​ចាំបាច់​ចំណាយលុយ​ហើយ​ចំណេញ​ទាំង​មុខ​មាត់​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​ទាំងមូល​«ខ្ញុំ​យល់ថា ប្រសិនបើ​រដ្ឋាភិបាល ជួល​ក្រុមហ៊ុន​ឡប់ប៊ី គឺជា​រឿង​មួយ​ដែល​ខ្ជះខ្ជាយ​ទៅលើ​ការចំណាយ​ថវិកា​ទេ​។ យើង​មើលទៅ ទោះបីថា ក្រុមហ៊ុន​នោះ គាត់​ខំធ្វើការ​ឡប់​ប៊ីយ៉ា​ង​ណាក៏ដោយ គេ​(​អាមេរិក​) ក៏​មើល​ទិដ្ឋភាព​ជារួម ឬ​ទិដ្ឋភាព​ជាក់ស្តែង​នៅ​កម្ពុជា​យើង​ដែរ ដូច្នេះ​យើង​មិនបាច់​ខិតខំ​ជួល​ក្រុមហ៊ុន​ទៅ​ឡប់ប៊ី​ទេ ព្រោះ​ពួកគេ​ក៏​មានអ្នក​តាមដាន​ស្ថានការណ៍​ហ្នឹង​ដែរ មុនគេ​ធ្វើ​អ្វីៗ​មួយ»។

នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​របប​ក្រុងភ្នំពេញ បាន​ចំណាយលុយ​ជាតិ​រាប់សែន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ដើម្បី​ជួល​ក្រុមហ៊ុន​អាមេរិកាំង​ដែល​ជំនាញ​ច្បាប់ និង​ទំនាក់ទំនង​សាធារណៈ​ឲ្យ​ផ្ដល់​សេវាកម្ម​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​និង​ស្ថាប័ន​នីតិប្បញត្តិ ដើម្បី​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​សហរដ្ឋអាមេរិក មកលើ​កម្ពុជា​។ ការជួល​ក្រុមហ៊ុន​ឡប់​ប៊ី​អាមេរិក​ទាំងនេះ ធ្វើឡើង​ស្រប​ពេលដែល​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ កំពុងដំណើរការ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក នាំ​របប​ក្រុងភ្នំពេញ និង​ច្បាប់​ស្ដីពី​ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ការ​គាស់​រំលើង​លទ្ធិប្រជាធិបតេយ្យ​ប្រព្រឹត្ត​ដោយ​ក្រុម​លោក ហ៊ុន សែន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)

មើល​មតិ​ទាំង​អស់.

ratha
ratha says:
Sep 27, 2021 12:31 AM

របបឧក្រឹដ្ឋកម្មនេះ មិនដែលខ្លាចនឹងចំណាយលុយដើម្បីការពារអំណាចរបស់ខ្លួនម្តងណាឡើយ តែបើលុយសម្រាប់ជួយពលរដ្ឋក្នុងគ្រាអាសន្នដោយវិបត្តកូវិត១៩ទើបមិនហ៊ានចំណាយ នេះដែលយើងដឹង ចុះដែលយើងមិនដឹង?

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល