ភរិយារបស់ជនជាប់ចោទ ដែលជាសកម្មជនគណបក្សប្រឆាំង ត្អូញត្អែរថា តុលាការរើសអើង និងបំពានសិទ្ធិរបស់គាត់ ដោយដេញគាត់ មិនឲ្យចូលរួមស្ដាប់សវនាការសាធារណៈ ដែលកាត់ក្ដីប្ដីគាត់។
រីឯអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សវិញ ពួកគាត់ថាអាជ្ញាធរមិនគួរធ្វើដូច្នេះនោះឡើយ ព្រោះការធ្វើបែបនេះ មិនត្រឹមតែរើសអើងនយោបាយទេ គឺខុសច្បាប់ទៅទៀត។
ភរិយារបស់សកម្មជនគណបក្សសង្គ្រោះជាតិថា នេះមិនមែនជាលើកទីមួយទេ ដែលលោកស្រី និងក្រុមគ្រួសារ រងការរើសអើងនយោបាយ និងបំពានសិទ្ធិយ៉ាងដំណំ ដែលសូម្បីតែសិទ្ធិស្របច្បាប់ ក្នុងការចូលស្ដាប់សវនាការជំនុំជម្រះក្ដីប្ដីលោកស្រី ក៏រងការរឹតត្បិតនោះដែរ។
ភរិយាលោក កាក់ កុម្ភារ លោកស្រី ព្រំ ចន្ថា រម្លឹករឿងកាលពីលោកស្រីរង់ចាំជួបប្តីនៅតុលាការកំពូល គឺលោកស្រី និងកូនត្រូវរង់ចាំផ្លូវប្តីឡើងតុលាការ ដូចទៅសុំភ្លើងយក្ស ព្រោះនៅទីបំផុតលោកស្រី មិនឃើញគេដឹកប្ដីលោកស្រីទៅតុលាការតាមការគ្រោងទុក៖ «ខ្ញុំទៅអង្គុយចាំគាត់អើយអង្គុយ នៅក្នុងបន្ទប់រង់ចាំហ្នឹង។ ប៉ុន្តែគេអត់យកអ្នកទោសមកតែម្ដង។ អត់ទេ ! បោកពួកខ្ញុំរហូត។ និយាយទៅ មិនដឹងថាពួកខ្ញុំហ្នឹងជាគ្រាប់បែក ឬក៏មានអាវុធឬក៏យ៉ាងម៉េច ឬក៏កាវវិទ្យាសាស្ត្រដាក់ទៅជាប់ស្អិតគ្នា ទើបមិនឲ្យជួបក្រុមគ្រួសារ ខ្ញុំដូចឆ្ងល់។ ខ្ញុំហួសចិត្ត នេះគឺវាហួសហេតុ។ ខ្ញុំអត់យល់»។
ការមិនយល់នេះ កើតមានជាថ្មីម្ដងទៀត កាលពីថ្ងៃទី១៤ ខែមករា គឺពេលដែលលោក កាក់ កុម្ភារ ត្រូវនាំខ្លួនមកសវនាការសាធារណៈ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ក្តី។ ប៉ុន្តែលោកស្រី ព្រំ ចន្ថា មិនត្រឹមតែត្រូវកងសន្តិសុខ មិនឲ្យចូលទៅស្ដាប់សវនាការនោះទេ គឺពួកគេដេញលោកស្រីទីណាត់ទីណែង សូម្បីតែឈររង់ចាំផ្លូវប្តី នៅមុខតុលាការនោះ ក៏គេមិនឲ្យឈរដែរ៖ «ឲ្យតែប្រពន្ធសាច់ញាតិអ្នកនយោបាយ គឺមិនអាចចូលបានទាំងអស់។ យកប៉ូលិស យកប្រជាការពារមកខារឃាំងតែម្ដង។ សូម្បីតែខ្ញុំទៅឈរមុខតុលាការហ្នឹង ក៏មិនជាន់មុខតុលាការផង។ កៀងខ្ញុំដល់បាក់ទូក កៀងខ្ញុំចូលក្នុងស្តាត។ ខ្ញុំចង់សួរថា ខ្ញុំមកហ្នឹង គឺមកដើម្បីប្ដី ដើម្បីចូលស្ដាប់សវនាការ តើប្ដីខ្ញុំខុសអ្វី ? ចោទពីបទអ្វី ? ខ្ញុំចង់ស្ដាប់ខ្លាំង។ ហេតុអ្វីមិនឲ្យសាច់ញាតិទៅចូលស្ដាប់ ? ដូចខ្ញុំមានសិទ្ធិខ្លាំងណាស់ ព្រោះខ្ញុំជាប្រពន្ធរបស់គាត់»។
តាមច្បាប់កម្ពុជា រាល់សវនាការត្រូវធ្វើឡើងជាសាធារណៈ លើកលែងតែមានករណីពិសេសអ្វីមួយ ដែលតម្រូវឲ្យធ្វើជាអសាធារណៈ ដូចជា ក្នុងករណីសំណុំរឿងអនីតិជន ឬដោយសារតែវិធានការការពារសាក្សីជាដើម។ ក្នុងសវនាការសាធារណៈបែបនេះ មិនថាតែក្រុមគ្រួសារជនជាប់ចោទទេ ដែលមានសិទ្ធិចូលរួមតាមដាន សូម្បីតែសាធារណៈជនទូទៅ ក៏ត្រូវបានអនុញ្ញាតឲ្យចូលស្ដាប់សវនាការនោះដែរ។
ប៉ុន្តែ បើទោះបីជាលោកស្រី ព្រំ ចន្ថា ជាប្រពន្ធរបស់ជនជាប់ចោទក្ដី និងទោះបីជាសវនាការធ្វើឡើងជាសាធារណៈ ហើយសាច់ញាតិផ្ទាល់របស់ជនជាប់ចោទ គួរតែមានសិទ្ធិ និងអាទិភាពក្នុងការចូលរួមស្ដាប់សវនាការនោះក្តី ក៏កៅអីក្នុងសាលសវនាការ កាលពីថ្ងៃទី១៤ ខែមករានោះ គឺបែរជាបម្រុងទុកសម្រាប់មន្ត្រីទូត និងអង្គការសង្គមស៊ីវិលទៅវិញ។
លោកមេធាវី ឡោ ជុនធី ដែលការពារក្តីឲ្យជនជាប់ចោទ ប្រាប់អាស៊ីសេរីថា នៅថ្ងៃនោះ លោកបានឃើញគេរៀបបន្ទប់សវនាការ ដោយទុកគម្លាតគ្នាពីកន្លែងអង្គុយមួយទៅកន្លែងអង្គុយមួយទៀត ទំនងជា ដើម្បីរក្សាគម្លាតតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្នុងការបង្ការជំងឺកូវីដ-១៩។
លោក ឡោ ជុនធី ថ្លែងថា មន្ត្រីទូត និងអង្គការសង្គមស៊ីវិល ដាក់ពាក្យសុំមុន ទើបពួកគាត់មានកន្លែងអង្គុយ ឯក្រុមគ្រួសារជនជាប់ចោទបែរជាគ្មានកន្លែងទៅវិញ៖ «ខាងទូតខាងអីហ្នឹងគេដាក់សុំទៅតុលាការមុន។ ដូច្នេះគេរៀបកន្លែងហ្នឹង ឃើញគេដាក់កន្លែងអង្គុយចន្លោះៗ អ៊ីចឹង។ ទាល់យើងមានឈ្មោះមុន ទើបបានចូល »។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ជុំវិញ ការហាមឃាត់ក្រុមគ្រួសារជនជាប់ចោទ មិនឲ្យចូលស្តាប់សវនាការសាធារណៈនេះ បាននៅឡើយទេ។
ប៉ុន្តែអ្នកច្បាប់យល់ថា ការបំបិទសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារជនជាប់ចោទ មិនឲ្យចូលរួមស្តាប់សវនាការ បើទោះជាមានលេសយ៉ាងណាក៏ដោយ គឺមិនត្រឹមត្រូវនោះទេ។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ លោកមេធាវី សុក សំអឿន ថា សវនាការត្រូវបើកជាសាធារណៈ ដូច្នេះត្រូវតែអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូប រួមទាំងក្រុមគ្រួសារជនជាប់ចោទផង បានចូលស្ដាប់។ លោកបន្ថែមថា មន្ត្រីតុលាការដឹងជាមុនរួចទៅហើយថា សំណុំរឿងនេះ មានជនជាប់ចោទច្រើនគ្នា ដូច្នេះតុលាការគួរតែលៃលកយ៉ាងណា រកបន្ទប់សវនាការដែលធំទូលាយ ដើម្បីឲ្យមនុស្សចូលរួមបានច្រើន មិនត្រូវយកសាលតូចមកបើកសវនាការ រួចហើយយកលេសថា អត់មានកន្លែងអង្គុយកើតទេ៖ «ហើយបើមិនអ៊ីចឹងទេ ដាក់វីដេអូមកក្រៅ ឲ្យគេមើលអ៊ីចឹងទៅណា ! យើងមានវិធីច្រើនយ៉ាងតើ បើយើងចង់គោរពសិទ្ធិហ្នឹងនោះ។ មិនមែនអត់វិធីទេ។ តែអស់លោកអស់ហ្នឹង គាត់យកបញ្ហារដ្ឋាភិបាល (administration) យកទៅដាក់សម្ពាធសិទ្ធិសេរីភាពអស់ហ្នឹង »។
ការដាក់សម្ពាធលើសិទ្ធិសេរីភាពរបស់ក្រុមគ្រួសារជនជាប់ចោទបែបនេះ បើតាមមន្ត្រីសិទ្ធិមនុស្សឯណោះវិញ លោកយល់ឃើញថា ជាការបំពានធ្ងន់ធ្ងរដល់សិទ្ធិរបស់ពលរដ្ឋ និងបន្ថែមបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរ ដល់ក្រុមគ្រួសារជនជាប់ចោទ។
អ្នកនាំពាក្យអង្គការអាដហុក លោក ស៊ឹង សែនករុណា ថារឿងនេះ ជាការផ្តល់ភាពអយុត្តិធម៌ផ្ទួនៗ ដល់ក្រុមគ្រួសារជនជាប់ចោទ៖ «ធម្មតាទេ ក្រុមគ្រួសារគាត់មានបញ្ហា មានទុក្ខលំបាកមួយទៅហើយ។ រីឯផលប៉ះពាល់នោះ គឺប៉ះពាល់ដល់ខាងផ្លូវចិត្តរបស់គាត់ហ្នឹង កាន់តែធ្ងន់ធ្ងរឡើង ព្រោះការកាត់ផ្ដាច់របៀបហ្នឹង គាត់មានការពិបាកទ្វេដង។ រឿងលំបាកគេចោទប្រកាន់ប្ដីហើយ គឺគ្មានសិទ្ធិក្នុងការទៅដឹងឮ ស្ដាប់រឿងប្តី ហើយទៅជួបប្ដី ដើម្បីដឹងពីសុខទុក្ខក្នុងដំណើររឿងហ្នឹងទៅទៀត»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសិទ្ធិមនុស្សរូបនេះ មិនភ្ញាក់ផ្អើលពេកទេ ដ្បិតលោកយល់ថា សំណុំរឿងសកម្មជនគណបក្សប្រឆាំងទាំងនេះ គឺជាសំណុំរឿងនយោបាយ។ លោក ស៊ឹង សែនករុណា បន្ថែមថា ការចាត់ការលើសំណុំរឿងដែលមានលក្ខណៈនយោបាយបែបនេះ ច្រើនតែមានភាពចម្លែកខុសប្រក្រតី និងប្រាសចាកពីនីតិវិធីត្រឹមត្រូវនៃច្បាប់៖ «កន្លងមកយើងតែងតែចាត់ទុកថាការចាប់ខ្លួន និងការចោទប្រកាន់ផ្សេងៗ ទាំងអស់ ក្នុងករណីសកម្មជននយោបាយ គឺជារឿងដែលមិនមែនអនុវត្តច្បាប់អ្វីនោះទេ »។
តុលាការកម្ពុជា រងការរិះគន់ថា អនុវត្តស្តង់ដារពីរ និងជាឧបករណ៍បម្រើនយោបាយបក្សកាន់អំណាច ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង។
អង្គការគម្រោងយុត្តិធម៌ពិភពលោក រកឃើញសន្ទស្សន៍នីតិរដ្ឋនៅកម្ពុជា ធ្លាក់ចុះដល់បាតតារាង គឺធ្លាក់ទាបប្រាំឆ្នាំជាប់ៗ គ្នា គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ដោយក្នុងឆ្នាំ២០២០ កន្លងទៅ កម្ពុជាជាប់លេខ ១២៧ ក្នុងចំណោម ១២៨ប្រទេស។ ចំណាត់ថ្នាក់នេះ មានន័យថា ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជា ជាពិសេស ប្រព័ន្ធតុលាការ គឺអាក្រក់បំផុត បើប្រៀបធៀបទៅនឹងប្រព័ន្ធនីតិរដ្ឋនៃប្រទេស ១២៦ ផ្សេងទៀត។
ក្នុងស្ថានភាពបែបនេះ សកម្មជនបក្សប្រឆាំង និងក្រុមគ្រួសាររបស់ពួកគាត់ ត្រូវបន្តតស៊ូមតិនៅក្រៅតុលាការ ដូចជាដើរតវ៉ាតាមផ្លូវ និងយកញត្តិទៅដាក់តាមស្ថានទូតបរទេស និងទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីឲ្យមានការដោះលែងអ្នកជាប់ឃុំ ដែលត្រូវបានចាប់ខ្លួនដោយសារមូលហេតុនយោបាយទាំងនោះ។ ជារឿយៗ ការតវ៉ានេះ ក៏រងការបង្ក្រាប រារាំង និងវាយដំពីកងសន្តិសុខយ៉ាងដំណំ។
ទោះជាយ៉ាងនេះក្តី លោកស្រី ព្រំ ចន្ថា ដែលសរសើរវីរភាពលោក កាក់ កុម្ភារ មិនដាច់ពីមាត់ និងគាំទ្រជំហរប្តីលោកស្រីឥតងាករេនោះ នៅតែជឿជាក់ថា ប្តីលោកស្រី និងអ្នកទោសមនសិការឯទៀត មិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះឡើយ។ លោកស្រី ប្ដេជ្ញាថា នឹងមិនរាថយ ក្នុងការតស៊ូមតិ ដើម្បីសេរីភាពរបស់ប្តីលោកស្រី និងអ្នកទោសមនសិការទាំងអស់៖ «ឆន្ទៈខ្ញុំទាមទារដល់គោលដៅ ដើម្បីរកដំណោះស្រាយឲ្យប្ដីខ្ញុំ។ អត់មានរឿងឈប់ទេ ព្រោះប្ដីខ្ញុំអត់ខុស។ ខ្ញុំក៏អត់ខុស។ តើគ្រាន់តែប្ដីជាអ្នកនយោបាយ ខុសដែរ ? គ្រាន់តែយើងស្រែកទាមទារ ដើម្បីគ្រួសារយើងខុសដែរ ? អ៊ីចឹងវាអត់ត្រូវទេ។ ខ្ញុំត្រូវទៅរហូត ដើររហូតដល់មានដំណោះស្រាយដល់ប្ដីខ្ញុំ និងពួកខ្ញុំ »។
លោកស្រីថា ទោះគេមិនឲ្យលោកស្រីទៅជិតប្តី ឬចូលស្ដាប់សវនាការ ឲ្យតែលោកស្រីបានឃើញប្ដីពីចម្ងាយ ក៏អស់ចិត្តដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។