អតីត​តំណាងរាស្ត្រ​សង្គ្រោះជាតិ​ម្នាក់​ទៀត​គឺ​លោក តុ វ៉ាន់ចាន់ សុំ​ចុះ​ចូល​បក្ស​កាន់​អំណាច

អតីត​តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ លោក តុ វ៉ាន់ចាន់ ទទួល​បានការ​ប្រោស​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ ព្រះបរមនាថ សីហមុនី បន្ទាប់ពី​មាន​សំណើ​ទូល​ថ្វាយ​ព្រះករុណា​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

ព្រះរាជក្រឹត្យ​ចេញ​នៅ​ថ្ងៃទី​២៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា លោក តុ វ៉ាន់ចាន់ ត្រូវ​តុលាការ​កាត់ទោស​ចំនួន​៣​បទល្មើស ក្នុង​នោះ រួមមាន បទល្មើស​ទី​១ ត្រូវ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល កាលពី​ឆ្នាំ​២០២០។ បទល្មើស​ទី​២ ត្រូវ​ជាប់ពន្ធនាគារ​១០​ឆ្នាំ កាល​ពី​ខែ​មីនា ឆ្នាំ​២០២២ និង បទល្មើស​ទី​៣ ត្រូវ​ជាប់ពន្ធនាគារ​៨​ឆ្នាំ កាលពី​ខែ​មិថុនា ឆ្នាំ ២០២២។

ការ​លើកលែង​ទោស​នេះ បន្ទាប់ពី​លោក តុ វ៉ាន់ចាន់ បាន​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សុំ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ដោយ​បង្ហាញ​ជំហរ​ថា លោក​សុំ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​និង​ការពារ​ប្រទេសជាតិ។

ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើន​យុទ្ធនាការ​អូសទាញ សកម្មជន និង​មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​អ្នក​នៅ​ខាង​ក្រៅ​ពន្ធនាគារ និង​ក្នុង​ពន្ធនាគារ​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ខ្លួន ខណៈ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ កាន់តែ​ខិត​ជិត​ចូល​មក​ដល់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។