ពលរដ្ឋរស់នៅក្បែរព្រំដែនវៀតណាមខេត្តត្បូងឃ្មុំ ២១គ្រួសារ ស្នើឱ្យអាជ្ញាធរផ្តល់ដំណោះស្រាយដីធ្លី ក្រោយបោះបង្គោលព្រំដែនរួច
2023.03.15
ពលរដ្ឋជាច្រើនគ្រួសាររស់នៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ អំពាវនាវឱ្យអាជ្ញាធរផ្តល់ដំណោះស្រាយដីធ្លីរ៉ាំរ៉ៃជាង ១០ ឆ្នាំមកហើយ ក្រោយពីរដ្ឋាភិបាល បានបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមរួចរាល់។
អ្នកភូមិអះអាងថា ដីស្រែចម្ការកេរឪពុកម្ដាយរបស់ពួកគាត់បានបាត់បង់ បន្ទាប់ពីអាជ្ញាធរកំណត់ព្រំដែនរួច និងមានដីខ្លះទៀត អាជ្ញាធរដណ្តើមយកពីពលរដ្ឋ ហើយប្តឹងពួកគាត់ទៅតុលាការ។
ពលរដ្ឋ ២១ គ្រួសារ រស់នៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ បង្ហាញពីភាពអយុត្តិធម៌ខ្លោចផ្សាក្នុងចិត្ត ក្រោយពីអាជ្ញាធរខេត្តត្បូងឃ្មុំមិនដោះស្រាយ បញ្ហាដីធ្លីជូនពួកគាត់ បង្កឱ្យអ្នកភូមិលំបាកវេទនា ខ្វះខាតដីបង្កបង្កើនផលចិញ្ចឹមជីវិត ហើយធ្វើចំណាកស្រុក។
ពលរដ្ឋមានជម្លោះដីធ្លី លោក ឈិន ឆន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៤ មីនា ថា ពួកលោកបានទន្ទឹងរង់ចាំដំណោះស្រាយវិវាទដីធ្លីនេះជាច្រើនឆ្នាំមកហើយ ដើម្បីទទួលបានដីកសិកម្មដាំដុះ ចិញ្ចឹមជីវិត។
លោកថា កន្លងទៅ ពលរដ្ឋមានជម្លោះដីធ្លីសរុប ៥០គ្រួសារ ក៏ប៉ុន្តែដោយសារពួកគាត់បារម្ភពីសុវត្ថិភាព និងភ័យខ្លាចអាជ្ញាធរធ្វើបាប ក៏ឈប់ទាមទារដីទាំងនេះ ហើយបច្ចុប្បន្ននៅសល់តែ ពលរដ្ឋ ២១គ្រួសារប៉ុណ្ណោះ ដែលក្រាញននៀល រកដំណោះស្រាយ។
លោកអះអាងថា គ្រួសារលោកមានដីកសិកម្ម ៥ហិកតារ កាន់កាប់ជាច្រើនជំនាន់មកហើយ ពោលគឺ មុនឆ្នាំ១៩៧៩ ហើយក្រោយពីអាជ្ញាធរបោះបង្គោលព្រំដែន ជាមួយវៀតណាមរួច និងធ្វើក្រវាត់ព្រំដែន ធ្វើឱ្យដីរបស់លោកបាត់បង់ នៅសល់តែជាង ១ហិកតារប៉ុណ្ណោះ។
លោកបញ្ជាក់ថា ដីមួយហិកតារនោះ ក៏អាជ្ញាធរមិនទាន់ប្រគល់ឱ្យវិញដែរ ដោយលើកហេតុផលថា ត្រូវដកហូត ដើម្បីធ្វើជាដីសម្បទានសង្គមកិច្ច។
លោក ឈិន ឆន៖ «គាត់កាន់កាប់តាំងពីដូនតា គាត់បន្តកាន់កាប់បន្ទាប់ពីឆ្នាំ ១៩៧៩ មកដល់ ឆ្នាំ១៩៩៨ ចាកចេញ ដោយសារគំរាមកំហែងពីទាហានវៀតណាមរុញច្រាន។ ការទាមទារហ្នឹងច្រើន សល់ប៉ុន្មានគាត់អត់ហ៊ាន»។
អ្នកភូមិថា ដីមានជម្លោះនោះ សរុបជិត ១០០ ហិកតារ ក៏ប៉ុន្តែដោយសារពលរដ្ឋជាច្រើនគ្រួសារទៀត ភ័យខ្លាចមិនហ៊ានទាមទារ រកដំណោះស្រាយ ក៏ដកពាក្យបណ្តឹងវិញ។ បច្ចុប្បន្ន ដីដែលពលរដ្ឋបន្តទាមទារ នៅសល់តែ ៣៥ ហិកតារប៉ុណ្ណោះ ដែលឋិតនៅចំណុចប៉ុស្តិ៍នគរបាលឃុំចាន់មូល ស្រុកមេមត់ ជាប់ព្រំដែនប្រទេសវៀតណាម។
លោក ឈិន ឆន បន្ថែមថា កាលពីឆ្នាំ ១៩៩៨ ដីមានជម្លោះនោះ ត្រូវយោធាវៀតណាមដណ្តើមពីពលរដ្ឋខ្មែរ ហើយប្រជាជនវៀតណាម បានមកកាន់កាប់ដីរបស់ពួកលោកទាំងស្រុង។
ក៏ប៉ុន្តែក្រោយពីភាគីប្រទេសទាំងពីរ បានបោះបង្គោលកំណត់ព្រំដែនរួច យោធាវៀតណាម និង ប្រជាជនវៀតណាម ក៏ចាកចេញពីតំបន់នោះ រហូតដល់ឆ្នាំ២០២១ ពលរដ្ឋខ្មែរម្ចាស់ដី ក៏បន្តស្នើសុំកាន់កាប់ ដើម្បីធ្វើកសិកម្មដាំដុះឡើងវិញ តែត្រូវបានអាជ្ញាធរខ្មែររារាំង។
លោកបន្ថែមថា វិវាទដីធ្លីនេះ បណ្តាលឱ្យអ្នកភូមិជួបការលំបាកច្រើន ធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា និងមានពលរដ្ឋជាច្រើនគ្រួសារទៀត ធ្លាក់ខ្លួនទីទ័លក្រខ្លាំង ដោយសារខ្វះខាតដីដាំដុះ។
លោក ឈិន ឆន៖ «ភូមិឃុំគាត់បានលើកជា ហេតុផលគំរាមខ្លះៗថា ដីហ្នឹងដីរដ្ឋ បើយើងនៅតវ៉ា និងដាំដំណាំលើដីនោះ នឹងមានការចាប់ចង។ គាត់គំរាមហើយ លើកហេតុផលហ្នឹង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអភិបាលស្រុកមេមត់ លោក ស្រែង លី បាននៅឡើយទេ។ ចំណែកអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ក៏មិនទាន់អាចទាក់ទងបានដែរ ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ក៏ប៉ុន្តែអភិបាលស្រុកមេមត់ លោក ស្រែង លី បានប្រាប់ក្រុមពលរដ្ឋថា ដីមានជម្លោះនោះ អាជ្ញាធរជាតិគ្រោងរៀបចំកំណត់ជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនគ្រួសារយោធិនពិការ និងយោធិនក្រីក្រ។
លោកថា អាជ្ញាធរនឹងផ្តល់ដំណោះស្រាយ ចែកដីឱ្យពលរដ្ឋក្នុងមួយគ្រួសារ ទំហំក្បាល ៣០ ម៉ែត្រ បណ្តោយ ៤០ម៉ែត្រ ។
ពលរដ្ឋម្នាក់ទៀត លោក ស៊ិន សូ ឱ្យដឹងថា មកទល់ពេលនេះ ជម្លោះដីធ្លីនេះ មិនត្រឹមតែគ្មានដំណោះស្រាយទេ ផ្ទុយទៅវិញ ពលរដ្ឋ ៣គ្រួសារ បានក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ ដោយសារតែតវ៉ាទាមទារដីរបស់ខ្លួន។
លោកថា កន្លងទៅ ពួកលោកបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ប៉ុន្តែមកទល់ពេលនេះគ្មានបានផលឡើយ។
លោក ស៊ិន សូ៖ «ចង់យកដីប្រជាជនហើយ ប្តឹងប្រជាជន វាអយុត្តិធម៌ណាស់សម្រាប់ពួកខ្ញុំ។ មិនមែនតែពួកខ្ញុំទេ ដូចប្រជាជនដទៃផ្សេងៗទៀតដែរ អយុត្តិធម៌ទាំងអស់គ្នាហ្នឹង»។
ជុំវិញរឿងនេះ អនុប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មមុនី ដែលធ្លាប់ចុះអង្កេតរឿងនេះ ឱ្យដឹងថា អាជ្ញាធរគួរតែផ្តល់ដំណោះស្រាយជាអាទិភាព ជូនពលរដ្ឋដែលរស់នៅកៀកព្រំដែន ដើម្បីជារបងរឹងមាំ ការពារអធិបតេយ្យជាតិ។
លោកយល់ថា ពលរដ្ឋក្រីក្រ នឹងកាន់តែទីទ័លក្របន្ថែមទៀត ប្រសិនបើអាជ្ញាធរនៅតែអូសបន្លាយពេលដោះស្រាយបញ្ហាប្រឈមទាំងនេះ ឱ្យជ្រះស្រឡះ។
លោក មាន ព្រហ្មមុនី៖ «មុនថា មានទំនាស់ឥលូវអត់ទំនាស់ទេ ហេតុអីមិនឱ្យពលរដ្ឋកាន់កាប់ ? យើងសំណូមពរទទូចឱ្យពន្លឿន ការដោះស្រាយហ្នឹង ចៀសវាងពលរដ្ឋចំណាកស្រុក ធ្លាក់ខ្លួនក្រីក្របន្តទៀត ព្រោះគាត់កំពុងក្រីក្រស្រាប់ផង»។
កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជូនដំណឹងឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ រកដំណោះស្រាយបញ្ហាដីធ្លីនេះជូនពលរដ្ឋទាំងនោះ។ ក្រសួងថា បើសិនបើពលរដ្ឋចូលទៅកាន់កាប់ដី និងអាស្រ័យផលកសិកម្ម តាមបណ្តោយព្រំដែន ក៏ជាផ្នែកមួយជួយការពារព្រំដែនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។