អាជ្ញាធរសម្រេចដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ចេញពីពន្ធនាគារខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ មករានេះ ក្រោយពីឃុំខ្លួនពួកគាត់គ្រប់ចំនួនកំណត់រយៈពេល ១ឆ្នាំ។ សកម្មជនបក្សប្រឆាំងទាំងពីរនាក់ចាត់ទុកការចាប់ឃុំខ្លួន និងការផ្ដន្ទាទោសពួកគាត់កន្លងមកនោះថា ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
សមាជិកគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំទាំងពីរនាក់ដែលត្រូវបានដោះលែងនៅពេលនេះ រួមមាន លោក ម៉ក់ សំអាន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំជាំក្រវៀន និងលោក ព្រៅ ចាន់ធឿន សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតឃុំមេមត់ ស្រុកមេមត់។
លោក ម៉ក់ សំអាន ថ្លែងប្រាប់អាស៊ីសេរីក្រោយចេញពីពន្ធនាគារថា លោកសោកស្ដាយដែលតុលាការផ្ដន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ទាំងដែលលោកមិនបានប្រព្រឹត្តបទល្មើសអ្វីនោះឡើយ។ លោកបញ្ជាក់ថា ទោះបីជាលោកបានរួចផុតពីការឃុំឃាំងក៏ដោយ ក៏លោកនៅតែមានអារម្មណ៍ឈឺចាប់ចំពោះករណីអយុត្តិធម៌ដែលបានកើតឡើងលើរូបលោកនេះដែរ៖ « គោលបំណងដែលខ្ញុំទៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ គឺខ្ញុំទៅចាំស្ដាប់អង្គសវនាការទេ មានតែប៉ុណ្ណឹង។ យើងអត់មានទៅធ្វើសកម្មភាពអ្វីសោះ គ្រាន់តែយើងមានបំណងទៅស្ដាប់អង្គសវនាការ បែរជាគេទៅចាប់យើង។ អាហ្នឹងជារឿងមួយដែលខ្ញុំមិនអាចទទួលយកបានទេ ខ្ញុំថា ជារឿងមួយអយុត្តិធម៌ ជារឿងមួយដែលគាបសង្កត់លើសិទ្ធិសេរីភាពរបស់ខ្ញុំទៅវិញទេ » ។
ស្រដៀងគ្នានេះ លោក ព្រៅ ចាន់ធឿន បានថ្កោលទោសអាជ្ញាធរ និងតុលាការដែលបានចាប់ឃុំខ្លួនលោករយៈពេល ១ឆ្នាំមកនេះ។ លោកចាត់ទុកករណីនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជារឿងអយុត្តិធម៌ ដែលមិនអាចទទួលយកបានឡើយ៖ « ក្នុងនាមជាពលរដ្ឋ គ្រាន់តែខ្ញុំទៅតាមដានសវនាការលើកទឹកចិត្តបងប្អូនអតីត ដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នា ចាប់ខ្ញុំមកដាក់គុកមួយឆ្នាំមកនេះ ចោទខ្ញុំពីបទ ( សមគំនិត ) ញុះញង់។ នេះជាទង្វើអយុត្តិធម៌សម្រាប់ខ្ញុំមែនទែន » ។
អាជ្ញាធរបានចាប់ខ្លួនលោក ម៉ក់ សំអាន និងលោក ព្រៅ ចាន់ធឿន កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២១ អំឡុងពេលពួកគាត់ទៅឃ្លាំមើលសវនាការជំនុំជម្រះក្ដីទ្រង់ទ្រាយធំលើមន្ត្រីបក្សប្រឆាំងនៅតុលាការក្រុងភ្នំពេញ។ តុលាការខេត្តត្បូងឃ្មុំបានផ្ដន្ទាទោសសមាជិកបក្សប្រឆាំងទាំងពីររូបនេះឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ ២លានរៀល ពីបទ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ សាលាឧទ្ធរណ៍ត្បូងឃ្មុំបានតម្កល់សាលក្រមផ្ដន្ទាទោសនេះ។
សកម្មជនបក្សប្រឆាំងទាំងពីររូបបញ្ជាក់ថា ទោះបីជាជាប់ឃុំគ្រប់ចំនួនហើយក៏ដោយ ក៏ពួកគាត់នៅតែតតាំងក្ដីនេះដល់ដំណាក់កាលចុងក្រោយ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការកំពូល ក្រោយពីពួកគាត់បានប្ដឹងសាទុក្ខប្រឆាំងនឹងសាលដីកាសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលសាទរចំពោះការដោះលែងសកម្មជននយោបាយទាំងពីររូប ព្រោះពួកគាត់អាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញ។ ប៉ុន្តែលោកគូសបញ្ជាក់ថា ចំណុចដែលគួរឱ្យសោកស្ដាយនោះ គឺពួកគាត់ទាំងពីរគ្រាន់តែអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន បែរជារងការចោទប្រកាន់ និងផ្ដន្ទាទោសតាមផ្លូវច្បាប់ទៅវិញ៖ « យើងជាអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សហ្នឹង សូមឱ្យតុលាការ ហើយនិងអាជ្ញាធរពិនិត្យពិចារណាទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ ហើយនិងការអនុវត្តច្បាប់ ជាជាងការចោទប្រកាន់គាត់ ហើយធ្វើឱ្យគេរិះគន់ទាក់ទងថា រឿងទាំងអស់ហ្នឹងជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់ » ។
គិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២២ នេះ សកម្មជននយោបាយ សកម្មជនបរិស្ថាន សមាជិកសង្គមស៊ីវិល និងអ្នករិះគន់រដ្ឋាភិបាល ជាង ៥០នាក់ទៀត នៅបន្តជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។ ភាគច្រើននៃអ្នកជាប់ឃុំទាំងនោះរងការចោទប្រកាន់ពីបទ «ញុះញង់» និង «រួមគំនិតក្បត់» ដែលជាបទចោទមានចរិតនយោបាយ។
ក្រោយចេញពីពន្ធនាគារ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ម៉ក់ សំអាន និងលោក ព្រៅ ចាន់ធឿន អះអាងដូចគ្នាថា ពួកលោកនឹងបន្តជីវិតនយោបាយជាមួយគណបក្សប្រឆាំងតទៅមុខទៀត ដោយគ្មានការភ័យខ្លាចឡើយ។ គណបក្សដែលអ្នកទាំងពីរគ្រោងទៅចូលរួមជាមួយនោះ គឺគណបក្សភ្លើងទៀន ព្រោះពួកលោកធ្លាប់គាំទ្រ និងរួមរស់ជាមួយគណបក្សនេះអស់រយៈពេលជិត ២០ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។