ប្រមុខ​ការ​ទូតអង់គ្លេស​បារម្ភពី​ការចាប់ខ្លួន​​សកម្មជន​​បរិស្ថាន និង​ករណី​ប្រធាន​​បក្សប្រឆាំង​​លោក កឹម ​សុខា ពេលជួប​​ប្រមុខ​​ការទូត​​កម្ពុជា​

0:00 / 0:00

បញ្ហាចម្រូងចម្រាស់​មួយចំនួន​ទាក់ទង​នឹងការបន្តឃុំខ្លួន​មេបក្ស​ប្រឆាំង លោក​ កឹម សុខា ការចាប់ឃុំខ្លួន​សកម្មជន​មាតាធម្មជាតិ ​ការធ្លាក់ចុះ​ សិទ្ធិ​មនុស្ស នយោបាយ សេរីភាព​បញ្ចេញ​មតិ ការរឹតត្បិតលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជាប្រធានបទ​សំខាន់​មួយដែល​លោករដ្ឋ​មន្ត្រីការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស (Great Britain) លោក ដូមីនិក​ ​រ៉ា​អាប់​ (​Dominic Raab) បាន​លើកទៅពិភាក្សា​ជាមួយ​​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​​​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​ ១ ថ្ងៃ​​របស់​​លោកនៅកម្ពុជា។

ក្នុង​ដំណើរមក​កាន់​កម្ពុជា ដោយផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ទំនាក់​ទំនង​ទ្វេភាគីរវាង​ចក្រភពអង់គ្លេស និង​កម្ពុជា​ លោកបានជួប​ជាមួយ​រដ្ឋ​មន្ត្រីការ​បរទេស​​កម្ពុជាលោក ប្រាក់ សុខុន និង​រដ្ឋ​មន្ត្រីបរិស្ថាន លោក សាយ សំអាល់។

លោក ដូមីនិក​ ​រ៉ា​អាប់ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថ្មីៗ ( cambodianess) នៅក្រោយ​ជំនួប​ទាំង​នោះ​ថា លោក​បាន​លើកឡើង​ពី​ក្ដីបារម្ភពី​ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ការឃុំខ្លួន​​ជាពិសេស​ គឺ​ករណី​ប្រធានគណបក្ស​​ប្រឆាំង​ លោក​ កឹម សុខា និង​សកម្មជនបរិស្ថាន​អង្គការ​មាតាធម្មជាតិ។ លោកបន្ត​ថា ​លោកបាន​បញ្ជាក់​​ច្បាស់ៗ​ថា មតិរិះគន់​ពី​ក្រុមប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា។ លោក​ថា​ ភាគីទាំងពីរ​បានជជែកវែកញែកពីបញ្ហា​នេះ នៅពេល​ដែល​គ្រប់គ្នា​ទទួលស្គាល់​ថា​ មតិរិះគន់ប្រឆាំង​​ និង​ការរិះគន់​របស់​ប្រព័ន្ធ​ផ្សព្វ​ធ្វើ​អោយ​ប៉ះពាល់​ ប៉ុន្តែ​​បាន​ផ្ដល់វិភាគ​ទាន​ដល់​ការពង្រឹង និង​កែលម្អ​រដ្ឋាភិបាល​។ លោក​​បញ្ជាក់ទៀតថា ​ការកែលម្អ​ស្ថានភាព​សិទ្ធិមុស្ស​ នឹង​ក្លាយ​ជាមូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​គោលនយោបាយ​សេដ្ឋកិច្ច និងផែនការទាក់ទាញ​អ្នកវិនិយោគ។ លោកបន្ត​ថា ​ចក្រភពអង់គ្លេស​នៅ​ទីនេះ ដើម្បី​ជួយ​ដល់​កំណែទម្រង់​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​កំពុង​ព្យាមយាម​ធ្វើឱ្យបាន​ស​ម្រេច។

Dominic_Raab_in_Cambodia_23_06_2021_02.jpg
(ឆ្វេង) ភាគីអង់គ្លេស ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅឯក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ (រូប៖ ក្រសួងការបរទេស)

ក្នុង​រឿង​នេះ​ដែរលោក ដូមីនិក​ ​រ៉ា​អាប់ បណ្ដាញ​ធ្វីតធ័រ​ (Twitter) ថា លោក​បានពិភាក្សា​ជាមួយ​សមភាគីលោក ប្រាក់ សុខុន អំពី​វិស័យ​អាទិភាព​រួម​គ្នា​ដូចជា ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​វិបត្តិនៅប្រទេស​មីយ៉ាន់ម៉ា ឬភូមា និង​​ថា ចក្រភពអង់គ្លេស​រង់ចាំ​ធ្វើ​ការកាន់​តែ​​ជិតស្និទ្ធ​ជាមួយ​កម្ពុជា អំឡុង​ពេល​កម្ពុជា​ដើរ​តួនាទី​ដ៏​សំខាន់​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២ ខាងមុខ។

ចំណែក​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ ​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាសព័ត៌មាន​កាលពីយប់ថ្ងៃទី២៣​ ខែមិថុនា​ថា ភាគីទាំងពីរ​​បាន​ពិភាក្សា​លើ​ការពង្រីក​ទំនាក់ទំនង​លើវិស័យ​មួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និង​បរិស្ថាន។ ក្នុង​នោះរួមទាំង​ការ​ទាក់ទាញ​អ្នកវិនិយោ​ និង​ការបង្កើតក្របខណ្ឌច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ។ ប្រភពដដែល​ឱ្យដឹង​ទៀតថា​ ភាគីទាំងពីរ​បានផ្លាស់ប្ដូរ​យោបល់គ្នា​ពីបញ្ហា​តំបន់​ និងអន្តរជាតិ​ពាក់ព័ន្ធ​ការ​ធ្វើ​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា ដូចជា​សេចក្ដីព្រៀង​ប្រតិបត្តិ​របស់​បណ្ដាភាគី​នៅសមុទ្រ​ចិនខាងត្បូង បញ្ហាប្រទេសនៅ​មីយ៉ាន់ម៉ា ឬភូមា ​និង​ការប្រែប្រួលអាកាសធាតុ។

ងាក​ទៅជំនួបដាច់ដោយឡែកមួយ​ទៀត​​រវាង​លោក ដូមីនិក​ ​រ៉ា​អាប់ ជាមួយ​រដ្ឋ​មន្ត្រីក្រសួង​បរិស្ថានវិញ ស្ថាន​ទូត​ចក្រភពអង់គ្លេស​ប្រចាំកម្ពុជាឱ្យ​ដឹងនៅ​លើទំព័រ​​ហ្វេសប៊ុករបស់​ខ្លួន​ថា លោក ដូមីនិក​ ​រ៉ា​អាប់ បាន​ពិភាក្សា​ជាមួយលោក សាយ សំអាល់​ អំពី​មហិច្ឆតា​ស្ដីពីអាកាស​ធាតុ​របស់​កម្ពុជា នៅមុន​ការ​មក​ដល់នៃកិច្ច​ប្រជុំ​​កំពូល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ (COP26)។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​ អំពីបញ្ហា​អាទិភាព​រួម​គ្នា​មួយ​ចំនួន ដូចជា ការងារ​ឆ្ពោះទៅកាន់​ការ​កំណត់​ការ​បំភាយ​ឧស្ម័ន​ត្រឹម​សូន្យ (NetZero) ការ​ដាំដើម​ឈើឡើងវិញ បញ្ហា​ជីវៈចម្រុះ និង​ពាណិជ្ជកម្ម​សត្វព្រៃខុស​ច្បាប់ជាដើម។

រីឯក្រសួង​បរិស្ថាន​វិញ ក្រសួង​ឱ្យដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោករដ្ឋ​មន្ត្រី សាយ សំអាល់ បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេសថា ចក្រភព​អង់គ្លេស​អាច​ជួយ​កម្ពុជា​បាន​ច្រើន​ក្នុង​វិស័យ​បរិស្ថាន ដូច​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្សក្នុងកិច្ច​ការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្កើន​ភាព​ជាដៃគូ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទិញ​ផលិត​ផល​ពី​ប្រទេសកម្ពុជា។ លោក សាយ សំអាល់ ថ្លែង​ទៀតថា ចក្រភព​អង់គ្លេស​អាច​ទិញ​ឥណទានកាបូន​ពីកម្ពុជា ហើយ​ថវិកា​នោះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ឱ្យ​ការ​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចមូលដ្ឋាន។

Dominic_Raab_in_Cambodia_23_06_2021_03.jpg
លោក ដូមីនិក​ ​រ៉ា​អាប់​ (​Dominic Raab) គោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបខ្មែរក្រហម ក្នុងពេលទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ (រូប៖ ស្ថានទូតអង់គ្លេស)

ប្រធានផ្នែក​កម្មវិធីស្រាវជ្រាវ និង​តស៊ូមតិនៃ​សមាគម​បណ្ដាញ​យុវជនកម្ពុជា​ (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋានលើការងារ​ការពារបរិស្ថានដែរ៖ « ទាំង​សង្គម​ស៊ីវិល ទាំងប្រជាពលរដ្ឋ​ ទាំង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដែល​នៅកម្ពុជា​ហ្នឹង គួរ​តែ​ជា​ចំណែក​មួយ​នៃកិច្ច​សហប្រតិបត្តិការ​ក្នុងការ​ប្រតិបត្តិការ​ការងារ​របស់ខ្លួន ( ចក្រភពអង់គ្លេស ) ជាជាង​តែ​ការធ្វើ​កិច្ច​សហប្រតិបត្តិការជាមួយរដ្ឋាភិបាល​​តែម្យ៉ាង ហើយ​ទទួល​បាន​ព័ត៌មាន​តែ​ពីរដ្ឋាភិបាល​តែម្យ៉ាង។ កន្លងមក​យើង​ដឹង​ហើយថា រដ្ឋាភិបាល​តែងតែ​ព្យាយាម​បង្ហាញ​តែចំណុច​ល្អ មិន​ហ៊ាន​បង្ហាញពី​ចំណុច​អាក្រក់។ បើ​អង់គ្លេស​ធ្វើ​បែបនេះ ហាក់​បីដូចជា គ្រាន់​តែ​មក​ធ្វើកិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះជន​រងគ្រោះ ចំពោះប្រជាពលរដ្ឋ និង​ចំពោះ​អនាគត​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នោះទេ »

កាល​នៅ​ជាសមាជិក​សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ​គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ ដែល​តែង​រិះគន់​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​ប្រជាធិប​តេយ្យ​នៅកម្ពុជា ប្រព្រឹត្តដោយ​របបលោក ហ៊ុន សែន។ ​ប៉ុន្តែ​ក្រោយ​ការ​ចាក​ចេញ​ពីសហភាពអឺរ៉ុប (Brexit) ចក្រភពអង់គ្លេសហាក់​ផ្លាស់​ប្តូរជំហរ​​ខ្លះ​វិញលើករណី​កម្ពុជា។ ជាឧទាហរណ៍ ចក្រភព​អង់គ្លេស​ប្រកាស​មិន​ផ្តាច់​ឋានៈអនុគ្រោះពន្ធ​ពី​កម្ពុជាទៅ​តាម​ចំណាត់​ការ​របស់​សហភាពអឺរ៉ុប​នោះឡើយ។ ជាមួយគ្នានេះ ស្ថាន​ទូត​ចក្រភពអង់គ្លេស​ប្រចាំកម្ពុជាក៏មិន​សូវ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​អំពីករណីរំលោភសិទ្ធិមនុស្ស ដូច​ស្ថាន​ទូត​ប្រទេស​លោក​សេរីដទៃទៀតដែរ។ ផ្ទុយទៅវិញ ប្រទេស​អង់គ្លេសហាក់ផ្តោតខ្លាំងលើបញ្ហាពាណិជ្ជកម្ម និងបំណងចង់ធ្វើជាភាពជាដៃគូកិច្ចសន្ទនាជាមួយអាស៊ាន។

មន្ត្រីបណ្ដាញ​យុវជនកម្ពុជាលោក ហេង គឹមហុង ដែល​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិដែរនោះ មើល​ឃើញថា ចក្រភពអង់គ្លេស​កំពុង​ស្វះស្វែង​រក​ការគាំទ្រ​ និង​ពង្រឹងទំនាក់​ទំនង​​របស់​ខ្លួនជាមួយ​ប្រទេស​នានា​លើ​ពិភពលោក ក្រោយ​ការ​ចាក​ចេញ​ពីសហភាពអឺរ៉ុប។ ប៉ុន្តែលោកថា បើចក្រភពអង់គ្លេស​គិតតែ​ពី​ប្រយោជន៍ផ្នែក​​ទំនាក់​ទំនង​អន្តរជាតិជាធំ ហើយផាត់ចោល​បញ្ហា​​សិទ្ធិមនុស្ស នោះមហាអំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​នឹងដើរ​តាម​គន្លង​របស់​ប្រទេសចិននៅថ្ងៃណាមួយ​ជាក់ជាមិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។