អាស៊ាន​ទទួល​យក​ប្រទេស​អ៊ុយក្រែន​ជា​សមាជិក​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍​ទី​៥០

0:00 / 0:00

ថ្ងៃទី១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (ASEAN) សមាគម​ប្រជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះសម្រេច​ទទួល​ប្រទេស​អ៊ុយក្រែន (Ukraine) ជា​សមាជិក​ទី​៥០នៃ​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍ហៅ​កាត់ (TAC)។ ទោះយ៉ាង​ណាអ្នកជំនាញ​នយោបាយ​ការ​បរទេស​ថានេះ​គ្រាន់​តែ​ជា​សមិទ្ធផលតិច​តួច​ទេព្រោះ​អាស៊ានដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជា​ប្រធាន​ប្ដូរវេន​មិន​បាន​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​របស់​ខ្លួន​នៅ​ប្រទេស​ភូមា​ឬ​មីយ៉ាន់ម៉ា (Myanmar) បាន​ជោគជ័យ​ឡើយ។

ការទទួល​យក​ប្រទេស​អ៊ុយក្រែនកំពុង​មាន​សង្គ្រាម​រ៉ាំរ៉ៃ​ជា​មួយ​រុស្ស៊ីមកធ្វើជា​សមាជិក​ភាព​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍ ពេលនេះ ភាគីទាំងពីរ​បាន​ចុះហត្ថលេខាមានការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​អាស៊ានតំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ប្រាក់ សុខុន ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែនលោក ដឹមីត្រូ គូលេបា (Dmytro Kuleba)។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសស្ដីពី​កិច្ចប្រជុំ​អាស៊ាន​លោក គង់ ភោគ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ថា អ៊ុយក្រែន​ក្លាយជា​សមាជិក​ទី​៥០​នៃ​សន្ធិសញ្ញា​នេះ។ លោក​បន្ត​ទៀត​ថាអាស៊ានបើកចំហ​ទទួល​ស្វាគមន៍​ការកសាង​មិត្តភាព​ជាមួយ​ប្រទេស​ដៃ​គូ​នានា។ លោក​លើក​ឡើង​ថាចំពោះ​បញ្ហា​ជម្លោះ​នៅ​អ៊ុយក្រែនដែល​បង្ក​ដោយ​រុស្ស៊ីកម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ានទាមទារ​បញ្ចប់​ជម្លោះ​នេះ​ដោយ​ការ​ចរចារ៖

«សន្ធិសញ្ញា​មួយ​មិន​មែន​ជា​រឿង​កើត​ឡើង​ញឹកញាប់​ទេហើយនេះ​ជា​មោទនភាព​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា​ដែរ​ថាយើង​អាច​បង្កើន​ភាព​ជា​ដៃគូក៏​ដូចជា​ទាក់ទាញចំណាប់​អារម្មណ៍​និង​ការ​គាំទ្រ​ប្រទេស​មក​ពី​ក្រៅ​តំបន់ពីព្រោះ​ដៃគូ​ទាំងអស់​នេះគឺ​មិនមែន​ក្នុង​តំបន់​អាស៊ីផង»។

មុនពេល​មាន​កិច្ចព្រមព្រៀង​នេះមាន​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទរវាង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន (Ukraine) លោក វ៉ូឡូឌីមៀ ហ៊្សែលឡិនស្គី (Volodymyr Zelensky)។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយនិង​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា យល់​ថាការ​បញ្ចូល​អ៊ុយក្រែនជា​សមាជិក TAC មិន​ទាន់អាច​រាប់​បញ្ចូល​ជា​សមត្ថផល​ធំ​នោះ​ទេ​ព្រោះ​ជម្លោះ​នយោបាយ​នៅ​ភូមាគឺ​អាស៊ានដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរវេន​ហាក់​គ្មាន​ពេល​អាច​ដោះស្រាយ​បាន​ទៀត​ទេ។ អ្នក​ជំនាញ​រូប​នេះឱ្យ​ដឹង​ទៀត​ថានៅ​ពេល​អ៊ុយក្រែនក្លាយជា​សមាជិកភាព​នៃ​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍នៅពេល​បន្ទាប់ គឺ​អាស៊ាននិង​អ៊ុយក្រែន​អាច​ក្លាយ​ជា​ដៃ​គូយុទ្ធសាស្ត្រលើ​វិស័យ​សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងសង្គមវប្បធម៌៖

«បើសិន​បើ​អ៊ុយក្រែន​ឧទាហរណ៍​ថាមាន​សកម្មភាព​ខ្លាំង​ថ្ងៃក្រោយ​ក្លាយ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​អ៊ីអ៊ីចឹង​ដែរបន្ទាប់​ពី​ដៃ​គូជជែក​ពិភាក្សា​គ្នាដៃគូយុទ្ធសាស្ត្រ​បើសិន​មាន​ពង្រីក​កិច្ចសហប្រតិបត្តិការ​ខ្លាំង​ក្លា​រីកចម្រើន​គ្រប់​វិស័យទៅទទួល​បាន​អត្ថប្រយោជន៍​ឬ​ក៏​ឈាន​ដល់​កិច្ចសហប្រតិបត្តិការ​ដូចគ្នា​បណ្ដា​រដ្ឋ​ឬ​មហាអំណាច​ធំៗ​ចិនសហរដ្ឋអាមេរិក ឬរុស្ស៊ីអ៊ីចឹងដែរបាទ»។

លោក ឯម សុវណ្ណារ៉ា ក៏​ចង់​ឃើញកម្ពុជា​ដែល​ប្រធាន​អាស៊ានសម្របសម្រួល​យ៉ាង​ណាជំរុញ​ឱ្យ​សហរដ្ឋអាមេរិកក្លាយ​ជា​ដៃ​សហការ​គ្រប់ជ្រុងជ្រោយ​ជា​មួយ​អាស៊ានខណៈ​ចិនបានក្លាយជា​ដៃ​គូរ​សហការ​គ្រប់​ជ្រុងជ្រោយជាមួយ​អាស៊ាន​រួច​ហើយ។

មេដឹកនាំ​ប្រទេស​អាស៊ានបាន​មក​ដល់​កម្ពុជាដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានដោយ​ឡែក​មេដឹកនាំ​ប្រទេស​ភូមា​ឬ​មីយ៉ាន់ម៉ាមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះទេ។ចំណែក​មេដឹកនាំ​ប្រទេស​ពាក់ព័ន្ធ​នានាក៏​បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ដែរ។

ថ្ងៃទី១​នៃកិច្ចប្រជុំ​កំពូល​អាស៊ាន​នេះមេដឹកនាំ​ប្រទេស​អាស៊ាន​ចំនួន​០៩​ប្រទេស​បាន​ចូល​គាល់​ព្រះមហាក្សត្រ សម្ដេចនរោត្តម សីហមុនី។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រធាន​អាស៊ាន​ប្ដូរវេនលើក​ឡើង​តាម​ទំព័រ​ហ្វេសប៊ុក​ថាការ​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​ភូមាចូលរួម​កិច្ចប្រជុំ​ពេល​នេះដោយ​សារ​មេដឹកនាំ​ភូមាអនុវត្តន៍​មិន​បាន​ពេញលេញ​នូវគោលការណ៍​កុងសង់ស៊ីស​៥​ចំណុច​របស់​អាស៊ាន។

ថ្ងៃ​ដដែល​នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ាន។ លោក ហ៊ុន សែន លើកឡើង​ថានេះ​ជា​វេទិកា​សំខាន់​សម្រាប់​សហគមន៍​ធុរកិច្ចជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជា​មួយ​ថ្នាក់​ដឹកនាំ​ប្រទេសនិង​ប្រធាន​ក្រុមហ៊ុន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ លោក ហ៊ុន សែន ក៏ជំរុញ​ទៅ​បណ្ដា​ប្រទេស​អាស៊ានអនុវត្តន៍​គោលនយោបាយ​បៃតង​អាស៊ានដើម្បី​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ផងដែរ៖

«ដើម្បី​រួម​ចំណែក​ក្នុងការ​ឆ្លើយតប​ហ្នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុគ្រោះ​ធម្មជាតិនិង​ការ​បំផ្លាញ​ដើម​កម្ពុជាបាន​លើកសំណើ​ឱ្យ​មាន​រៀបចំ​នូវ​កិច្ចព្រមព្រៀង​បៃតង​អាស៊ាន​សំដៅ​រួម​ចំណែក​ក្នុង​ការ​ជួយ​តម្រង់​ទិស​អាស៊ាន​ឆ្ពោះ​ទៅ​អនាគត​បៃតង​ប្រកប​ដោយ​ចីរភាព​និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់»។

ទោះជា​លោក ហ៊ុន សែន ប្រាប់​សហគមន៍​អន្តរជាតិឱ្យ​រួមគ្នា​លើក​ស្ទួយ​បរិស្ថាន​បៃតង​ក្ដី ប៉ុន្តែ រដ្ឋាភិបាល ហ៊ុន សែន រងការ​រិះគន់​ថាបាន​បណ្ដែត​បណ្ដោយ​ឱ្យ​មាន​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា។

នៅថ្ងៃ​ដដែល​នេះ​ដែរក៏មាន​កិច្ចប្រជុំ​អន្តរសភា​អាស៊ាន (អាយប៉ា-AIPA)។ កិច្ចប្រជុំនេះ​ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន។ ចំណែក​លោកនាយករដ្ឋមន្ត្រីក្នុង​នាម​ជា​ប្រធាន​អាស៊ានក៏​ចូលរួម​នេះ​ដែរ។កិច្ចប្រជុំនេះ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការក្នុង​សមាគមអាស៊ានក្នុង​គោលបំណង​រួមរបស់​អាស៊ានគឺ​សន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។

កិច្ចប្រជុំ​កំពូល​អាស៊ានចាប់​ផ្តើម​ពី​ថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា មាន​កិច្ចប្រជុំ​រួម​មាន៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី​៤០និង​លើកទី៤១។ កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន លើកទី២៥។ កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំ​កំពូល​អាស៊ាន-សាធារណរដ្ឋ​កូរ៉េខាងត្បូង​លើក​ទី​២៣។កិច្ចប្រជុំ​កំពូល​អាស៊ាន​បូកបីលើក​ទី​២៥កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​៣០​ឆ្នាំនៃទំនាក់ទំនង​ដៃ​គូ​សន្ទនា​អាស៊ាន-ឥណ្ឌា។ កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋអាមេរិក លើកទី១០។ កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី លើកទី២។ កិច្ចប្រជុំកំពូល​រំព្ញក​ខួប​នៃទំនាក់ទំនង​អាស៊ាន-កាណាដាកិច្ចប្រជុំកំពូល​អាស៊ាន-អង្គការ​សហប្រជាជាតិនិង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ាលើក​ទី​១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។