ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) អ្នកស្រី ណូលីន ហេយហ្សឺ (Noeleen Hayzer) រំឮកលោក ហ៊ុន សែន ឱ្យដោះស្រាយវិបត្តិភូមាស្របតាមឆន្ទៈ និងការចង់បានរបស់ពលរដ្ឋនៃប្រទេសនេះ។
ថ្លែងក្នុង កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយប្រធានថ្មីប្តូរវេនរបស់អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៣ ខែមករា ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា គូសបញ្ជាក់ថា ដំណោះស្រាយចំពោះវិបត្តិភូមា ចាំបាច់ត្រូវតែកើតចេញពីកិច្ចពិគ្រោះយោបល់ដោយផ្ទាល់ និងការស្តាប់ដោយយកចិត្តទុកដាក់ចំពោះគ្រប់ភាគីដែលរងគ្រោះដោយសារវិបត្តិនេះ។ អ្នកស្រី ក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការធ្វើឱ្យប្រសើរឡើងនៃការអនុវត្ត «កិច្ចព្រមព្រៀងរួម ៥ ចំណុច» ដែលអាស៊ានបានព្រមព្រៀងគ្នាកាលពីពេលកន្លងមក ក្នុងនោះក៏រួមមានការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការតម្រូវឱ្យគ្រប់ភាគីក្នុងជម្លោះនៅភូមាត្រូវអត់ធ្មត់ជាទីបំផុត។ អ្នកស្រី ណូលីន ហេយហ្សឺ ប្រាប់លោក ហ៊ុន សែន ថា ដំណើរការដោះស្រាយបញ្ហាភូមាដែលធ្វើឡើងស្របតាមឆន្ទៈរបស់ពលរដ្ឋភូមា ដើម្បីទទួលបាននូវសន្តិភាព ប្រជាធិបតេយ្យ និងអនាគតដែលមានគ្រប់ភាគីពាក់ព័ន្ធ ចាំបាច់ត្រូវតែមានការគាំទ្រដោយវិធីសាស្ត្រដោះស្រាយជាអន្តរជាតិផ្អែកតាមស្មារតីនៃការឯកភាពគ្នាក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកក្រោយជំនួបនេះដោយបញ្ជាក់ជាថ្មីថា គោលដៅសំខាន់របស់កម្ពុជា គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបទឈប់បាញ់នៅភូមា និងធ្វើយ៉ាងណាដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ។ លោក ហ៊ុន សែន ថ្លែងការពារដំណើរទស្សនកិច្ចរបស់លោកថា អាស៊ានមិនអាចនៅជាប់គាំងបែបនេះនោះទេ ដូច្នេះចាំបាច់ត្រូវចាប់យកឱកាសក្នុងការចរចា។
យ៉ាងណាក៏ដោយ ការថ្លែងរំឮករបស់មន្ត្រីអង្គការសហប្រជាជាតិប្រាប់ទៅប្រធានថ្មីទើបនឹងចូលកាន់តំណែងរបស់អាស៊ានបែបនេះ ទំនងជាចង់សម្តៅទៅដល់វិធីសាស្ត្រការទូតដែលកម្ពុជាបានព្យាយាមដោះស្រាយបញ្ហាភូមាទៅជួបមេដឹកនាំរដ្ឋប្រហារយោធាភូមាជាឯកតោភាគី ដោយគ្មានការយល់ព្រមជាមុនពីរដ្ឋសមាជិករបស់អាស៊ាន។ ដំណើរទស្សនកិច្ច និងការព្យាយាមបញ្ចុះបញ្ចូលឱ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាអាចវិលមកចូលរួមកិច្ចប្រជុំរបស់អាស៊ានឡើងវិញបានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ រងនូវការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋភូមា និងសហគមន៍អន្តរជាតិ។ ពួកគេថា ទង្វើនេះ គឺជាការប្រមាថដល់ពលរដ្ឋភូមា និងធ្វើឱ្យសមាគមអាស៊ានបែកបាក់។
ភ្លាមៗក្រោយដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមា កម្ពុជាបានបរាជ័យមិនអាចរៀបចំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ខាងមុខនេះបាន ដោយត្រូវសម្រេចលើកពេលកិច្ចប្រជុំដោយគ្មានកាលកំណត់។ កម្ពុជាអះអាងថា ការសម្រេចលើកពេលកិច្ចប្រជុំនេះ គឺដោយសាររដ្ឋមន្ត្រីការបរទេសអាស៊ានភាគច្រើន «លំបាក» ក្នុងការធ្វើដំណើរមកចូលរួមកិច្ចប្រជុំដោយផ្ទាល់។ ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលថា នេះគឺជាសញ្ញាណបង្ហាញឱ្យឃើញពីការមិនពេញចិត្តក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ាន ចំពោះការព្យាយាមដោះស្រាយបញ្ហានៅភូមារបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។