អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ស្នើឲ្យមានការកែសម្រួលក្បាលម៉ាស៊ីនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប និងបើកលំហសិទ្ធិពលរដ្ឋ គណបក្សនយោបាយ ក្នុងការចូលរួមការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ មន្ត្រីសង្គមស៊ីវិលគាំទ្រការលើកឡើងនេះ និងជំរុញទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ មានភាពសេរី ត្រឹមត្រូវនិងយុត្តិធម៌។
ការធ្វើទុក្ខបុកម្នេញលើគណបក្សក្រៅរដ្ឋាភិបាល អ្នកអត្ថាធិប្បាយសង្គម សកម្មជននយោបាយ កាលពីការបោះឆ្នោតឃុំសង្កាត់ និង ការរៀបចំការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ នៅតែស្ថិតក្នុងការឃ្លាំមើល និងការបារម្ភ ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។
លោក វិទិត មុនតាប៊ន ស្នើឲ្យមានការកែទម្រង់ថ្នាក់ដឹកនាំគ.ជ.ប ដោយមានភាពចម្រុះ ហើយសមាជិកស្ថាប័នបោះឆ្នោតទាំងនោះ ត្រូវស្ថិតនៅឆ្ងាយពីគណបក្សនយោបាយ។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លើកឡើងទៀតថា ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ អាជ្ញាធរមូលដ្ឋានត្រូវនៅឆ្ងាយពីការិយាល័យបោះឆ្នោត និងអនុញ្ញាតឲ្យពលរដ្ឋអាចឃ្លាំមើលសកម្មភាពរាប់សន្លឹកឆ្នោត ការបំពេញទម្រង់១១០២ ឲ្យបានត្រឹមត្រូវ និងរៀបចំកម្មវិធីកុំព្យូទ័របែងចែកអាសនៈឲ្យស្រួលយល់ជាងសព្វថ្ងៃនេះ៖ «សំណើដែលបានលើកឡើងមិនមែនសុទ្ធតែជាកំហុសរបស់គ . ជ . ប នោះទេ សំណើខ្លះគឺមិនបានឆ្លុះបញ្ចាំង នូវទិដ្ឋភាពច្បាប់ និងការអនុវត្តជាក់ស្ដែងនៅកម្ពុជាទេអ៊ីចឹង ស្នើសុំកុំឲ្យយល់ភណ្ឌ ច្រឡំ ថា គ . ជ . ប ត្រូវតែធ្វើតាមអនុសាសន៍»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន លើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែសីហា ដែលជាថ្ងៃចុងក្រោយនៃការបំពេញទស្សនកិច្ចរបស់លោកនៅកម្ពុជា។ លោករំលឹកទៅរដ្ឋាភិបាលឲ្យបញ្ចប់ ការយាយីបៀតបៀន លើគណបក្សក្រៅរដ្ឋាភិបាល និងអ្នកអត្ថាធិប្បាយសង្គម។
អ្នករាយការណ៍ពិសេសរូបនេះ ទាមទារឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ ហើយត្រូវកាត់បន្ថយអ្នកសង្កេតការណ៍ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាល ឬបក្សកាន់អំណាច។
ឆ្លើយតប ការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការទាមទារក្នុងន័យស្ថាបនា ដែលបញ្ចាំងពីការពិត នឹងត្រូវបានគ.ជ.ប លើកយកទៅពិចារណា។ ទោះយ៉ាងណា លោកថា អនុសាសន៍ខ្លះរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលលើកឡើងនោះគឺហួសពីសមត្ថកិច្ចគ.ជ.បដោះស្រាយ៖ «រដ្ឋាភិបាល មិនដែលទាត់ច្រានចោលទាត់ចោល អនុសាសន៍ណាល្អសម្រាប់ប្រទេសជាតិទេ គំនិតរបស់បុគ្គលណាម្នាក់ របស់ប្រជាពលរដ្ឋក្ដី អង្គការសង្គមស៊ីវិលក្ដី អ្នករាយការណ៍ពិសេសក្ដី អង្គការអន្តរជាតិក្ដីបរទេសក្ដី គឺថា យើងយកអនុសាសន៍មកពិនិត្យពិចារណា អ្វីដែលជាគំនិតល្អ យើងខំប្រឹងកែប្រែនូវខ្វះខាតរបស់យើង ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនកម្ពុជារបស់យើងទូទាំងប្រទេស»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយរឿងនេះបន្ថែមពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី២៦ ខែសីហា។
ទោះយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន សមាជិក លើកឡើងថា សំណើនេះជាសិទ្ធិរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិ ប៉ុន្តែ លោកអះអាងថាការបោះឆ្នោតឃុំសង្កាត់កន្លងទៅមានពលរដ្ឋ និងគណបក្សនយោបាយច្រើនចូលរួមក្នុងការបោះឆ្នោត។ លោកថ្លែងអះអាងទៀតថា រដ្ឋាភិបាល ទទួលយកអនុសាសន៍ទាំងឡាយដែលឆ្លុះបញ្ចាំងពីការពិត និងមិនរំលោភអធិបតេយ្យភាពរបស់កម្ពុជា៖ «រដ្ឋាភិបាលមិនដែលទាត់ច្រានចោលទាត់ចោល អនុសាសន៍ណាល្អសម្រាប់ប្រទេសជាតិទេគំនិតរបស់បុគ្គលណាម្នាក់ របស់ប្រជាពលរដ្ឋក្ដី អង្គការសង្គមស៊ីវិលក្ដី អ្នករាយការណ៍ពិសេសក្ដី អង្គការអន្តរជាតិក្ដីបរទេសក្ដី គឺថា យើងយកអនុសាសន៍មកពិនិត្យពិចារណា អ្វីដែលជាគំនិតល្អ យើងខំប្រឹងកែប្រែនូវខ្វះខាតរបស់យើង ដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ប្រជាជនកម្ពុជារបស់យើងទូទាំងប្រទេស»។
ទោះលោក ហង្ស ពុទ្ធា លើកឡើងបែបនេះ ប៉ុន្តែ ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយក្រៅរដ្ឋាភិបាល តែងតែរិះគន់ថា ស្ថាប័នបោះឆ្នោតបោះឆ្នោតមួយនេះ មិនបានផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ និងគណបក្សនយោបាយ ជឿជាក់ថា ស្ថាប័នបោះឆ្នោតមួយនេះ បំពេញការងារដោយឯករាជ្យ និងអព្យាក្រឹត្យនោះទេ។ ជាក់ស្ដែង សព្វថ្ងៃនេះប្រធាន គ.ជ.ប បានកើតចេញពីរដ្ឋាភិបាលឯកបក្ស និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ។ ចំណែកសមាជិក គ.ជ.ប មួយចំនួនសុទ្ធតែមានទំនាក់ទំនងស្និទ្ធជាមួយគណបក្សកាន់អំណាច។
ទាក់ទងរឿងនេះដែរ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា ការទាមទារទាំងនេះរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិពេលនេះគឺដូចគ្នានឹងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលនាពេលកន្លងទៅដែរ។ ទោះយ៉ាងណាលោកថា រដ្ឋាភិបាល និងគ.ជ.ប មិនទាន់ទទួលបានឆ្លើយតបជាវិជ្ជមាននៅឡើយទេ។ លោករំពឹងថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរស្ដាប់តាមអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ សម្រាប់បំពេញភាពខ្វះចន្លោះរបស់ខ្លួន ដើម្បីឲ្យការបោះឆ្នោតខាងមុខមានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ដែលធ្វើគ្រប់ភាគីអាចទទួលយកបាន៖ «បាទយើងលើកទឹកចិត្ត សូមឲ្យយកទៅពិចារណា សូមឲ្យយកទៅធ្វើការកែទម្រង់តាមសំណូមពរ វាមិនសូវមានបញ្ហា ព្រោះអីគណបក្សនយោបាយ គេមានជំនឿច្រើនកាលណាគេស្នើសុំអ៊ីចឹង គេទុកចិត្តណា ចង់និយាយអ៊ីចឹង គេមានជំនឿស្ថាប័នរៀបចំការបោះឆ្នោត»។
ទាក់ទងការទាមទារកែទម្រង់ស្ថាប័នបោះឆ្នោត នេះដែរ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ក៏មានគម្រោងដាក់លិខិតទៅរដ្ឋាភិបាល និងគ.ជ.ប ស្នើកែលំអ និងឲ្យមានបង្កបរិយាកាសល្អសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ គ.ជ.ប បានយល់ព្រមឱ្យតំណាងគណបក្សទាំង៤ជួបនៅថ្ងៃទី៣១ ខែសីហា ដើម្បីពិភាក្សាលើសំណើទាំងនោះ។
ទន្ទឹមនឹងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្នើឲ្យមានការកែលំអការបោះឆ្នោតឆ្នាំ២០២៣ នេះ លោក វិទិត មុនតាប៊ន ក៏បានរិះគន់ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥កន្លងទៅនេះ មានការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង និងការរារាំងពលរដ្ឋក្នុងការតាមដានការរាប់សន្លឹកឆ្នោតជាដើម។ ដូចគ្នានេះដែរ ក្រុមអង្គការសង្គមស៊ីវិល ក៏ធ្លាប់បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា ការបោះឆ្នោតថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅមានការគំរាមកំហែងពលរដ្ឋម្ចាស់ឆ្នោតក្នុងថ្ងៃបោះឆ្នោត ដែលបង្កឡើងដោយអាជ្ញាធរមូលដ្ឋាន។
លោក វិទិត មុនតាប៊ន បានរៀបចំធ្វើរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីដើមខែមិថុនា ក្នុងបំពេញទស្សនកិច្ចជាង១០ថ្ងៃរបស់លោកកម្ពុជានេះដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ពីបញ្ហាសិទ្ធិមនុស្ស។ លោកនឹងឡើងថ្លែងការណ៍ពីអ្វីដែលលោករកឃើញ ក្នុងកិច្ចក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នៅក្នុងខែតុលា ឆ្នាំ២០២២ ខាងមុខ។
លោក វិទិត មុនតាប៊ន ថា ការចុះផ្ទាល់មកកម្ពុជាពេលនេះ ដើម្បីឲ្យរបាយការណ៍របស់លោក មានតុល្យភាព ហើយព័ត៌មាននេះមានយុត្តិធម៌ ដែលជាប្រយោជន៍ក្នុងការជួយកែលំអស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។