ស្របពេលដែលអាជ្ញាធរទើបតែបង្ខំឱ្យអង្គការសង្គមស៊ីវិលលុបបទចម្រៀង “ឈាមបាតុករ” ដែលច្រៀងរៀបរាប់ពីហេតុការណ៍អាជ្ញាធរបង្ក្រាបបាតុករដោយហិង្សានៅផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤ នោះ ពេលនេះកូនប្រុសច្បងបុរសខ្លាំងរបស់កម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់ កំពុងស្វែងរកការគាំទ្រពីកម្មករតាមរយៈថ្នាក់ដឹកនាំសហជីពដែលស្និទ្ធនឹងបក្សកាន់អំណាច។ ប្រធានសហជីពឯករាជ្យ ចាត់ទុកករណីនេះថា ជានយោបាយប្រជាភិថុតិ ដែលបក្សកាន់អំណាចឃោសនានៅមុនការបោះឆ្នោត។
មន្ត្រីបក្សប្រឆាំងរិះគន់ថាសកម្មភាពផ្សារភ្ជាប់ខ្លួនរបស់លោក ហ៊ុន ម៉ាណែត ទៅនឹងសហជីពមិនបានឆ្លុះបញ្ចាំងពីការខ្វល់ខ្វាយយកចិត្តទុកដាក់ពិតប្រាកដចំពោះកម្មករនោះឡើយ។ពួកគាត់ថាអ្នកបន្តវេនបក្សកាន់អំណាចរូបនេះកំពុងប្រើប្រាស់ថ្នាក់ដឹកនាំសហជីពដើម្បីរកសំឡេងគាំទ្រពីក្រុមកម្មករតែប៉ុណ្ណោះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ មករា ថា លោកចាត់ទុកសកម្មភាពរបស់លោក ហ៊ុន ម៉ាណែត ជាការធ្វើនយោបាយប្រជាភិថុតិតាមគន្លងចាស់របស់លោក ហ៊ុន សែន ដើម្បីកៀងគររកសំឡេងគាំទ្រពីក្រុមកម្មករមុនការបោះឆ្នោតតែប៉ុណ្ណោះ។ផ្ទុយទៅវិញលោកថា លោកមិនដែលឃើញអ្នកបន្តវេនបក្សកាន់អំណាចរូបនេះចេញមុខមកដោះស្រាយបញ្ហាឬធ្វើអន្តរាគមន៍នៅពេលកម្មករជួបទុក្ខលំបាកដើម្បីឱ្យស្របទៅតាមការឃោសនាថាបក្សកាន់អំណាចខ្វល់ខ្វាយពីក្រុមកម្មករនោះឡើយ។លោកបន្ថែមថាប្រសិនបើគណបក្សប្រជាជនកម្ពុជាយកចិត្តទុកដាក់គិតគូរពីសុខទុក្ខកម្មករពិតមែននោះរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋក្នុងប្រទេសឡើងវិញដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ព្រមទាំងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់ក្រុមកម្មករឱ្យមានជីវភាពល្អប្រសើរ។
លោក អ៊ុំ សំអាន៖«ហើយយើងមើលមួយទៀតខាងសហជីពកាស៊ីណូណាហ្គាវើលដ៍ហ្នក៎!ធ្វើកូដកម្មរាល់ថ្ងៃហេតុអ្វីបានជាគាត់មិនទៅជួបសហជីពហ្នឹង?(គាត់)ទៅជួបតែសហជីពដែលគាំទ្ររដ្ឋាភិបាល។ដូច្នេះរឿងហ្នឹងគាត់មិនបានយកចិត្តទុកដាក់ទៅលើកម្មករឬសហជីពដែលឯករាជ្យនោះទេ។ គាត់យកចិត្តទុកដាក់តែទៅលើកម្មករឬសហជីពដែលគាំទ្ររដ្ឋាភិបាលតែប៉ុណ្ណោះឯង។គាត់ជួបតែសហជីពដែលយល់ថាអាចរកសំឡេងឆ្នោតឱ្យគាត់បាន»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងរូបនេះបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានចូលរួមពិធីអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំសហជីពកាលពីថ្ងៃទី១៥ខែមករា។
ក្នុងពិធីជួបជុំនោះលោក ហ៊ុន ម៉ាណែត ថ្លែងថាគណបក្សប្រជាជនកម្ពុជាបានផ្សារសាច់ផ្សារឈាមជាមួយកម្មករនិយោជិតតាំងពីដើមរៀងមកដោយយកចិត្តទុកដាក់ដោះស្រាយការលំបាក ផ្ដល់នូវកិច្ចគាំពារសិទ្ធិនិងអត្ថប្រយោជន៍ដល់កម្មករ។លោកលើកឡើងដោយសរសើរឪពុករបស់លោក គឺ លោក ហ៊ុន សែន ថា តែងតែគិតគូរ ផ្ដល់អត្ថប្រយោជន៍ជូនដល់កម្មករ និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
យ៉ាងណា ការឃោសនារបស់លោកបែបនេះត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញផ្ទុយពីទិដ្ឋភាពពិតជាក់ស្ដែងដោយសារបញ្ហារវាងកម្មករនិងថៅកែក្រុមហ៊ុនមួយចំនួនរដ្ឋាភិបាលមិនបានដោះស្រាយដោយយុត្តិធម៌ឡើយហើយមេដឹកនាំសហជីពមួយចំនួនត្រូវអាជ្ញាធរចាប់ឃុំខ្លួន។ជាឧទាហរណ៍ករណីចាប់ឃុំខ្លួនប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld) កញ្ញា ឈឹម ស៊ីថរ និងតំណាងសហជីពជាច្រើនទៀតក្នុងជម្លោះវិវាទការងាររវាងបុគ្គលិកនិងថៅកែក្រុមហ៊ុនជាដើម។
ជុំវិញរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក ហ៊ុន ម៉ាណែត ដើម្បីសុំការអត្ថាធិប្បាយនៅថ្ងៃទី១៦ ខែមករាបានទេ។
ចំណែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថាពិធីជួបជុំអាហារសាមគ្គីនេះធ្វើឡើងដើម្បីផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំសហជីពនិងកម្មករតែប៉ុណ្ណោះ។
លោក សុខ ឥសាន៖«សួរគាត់ទៅឯកឧត្តម ហ៊ុន ម៉ាណែតមានដាក់កាំភ្លើងទៅភ្ជង់មេៗ សហជីពដែលហូបបាយហ្នឹងឱ្យបោះឆ្នោតឱ្យគាត់ដែរឬទេ?រឿងហូបបាយសាមគ្គីវាជាទម្លាប់របស់គណបក្សប្រជាជនទៅហើយ។ប៉ុន្មានថ្ងៃមុនសម្ដេចតេជោហ៊ុន សែនលោកបានប្រមូលអ្នកនាំពាក្យអ្នកសារព័ត៌មានរហូតដល់៥ពាន់នាក់ទៅហូបបាយនៅកោះពេជ្រ។តើមានដាក់លក្ខខណ្ឌទេត្រូវតែបោះឆ្នោតឱ្យគណបក្សប្រជាជនឯណា?មានគំរាមកំហែងឯណា?អត់ទេ!»។
ទោះជាយ៉ាងនេះក្ដីប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន មានប្រសាសន៍ថាបច្ចុប្បន្នកម្មករនិយោជិតនៅតែរងគ្រោះដោយសារលក្ខខណ្ឌការងារការរំលោភសិទ្ធិនិងបញ្ហាជីវភាព។ លោកថា សកម្មភាពបន្តិចបន្តួចរបស់លោក ហ៊ុន ម៉ាណែត មិនបានបង្ហាញពីការយកចិត្តទុកដាក់ខ្វល់ខ្វាយពីកម្មករនោះឡើយដរាបណារដ្ឋាភិបាលកម្ពុជានៅតែបណ្ដោយឱ្យមានការរំលោភសិទ្ធិការងារគ្មានការអន្តរាគមន៍ឬរកដំណោះស្រាយនៅពេលកម្មករមានបញ្ហានិងទុកឱ្យពួកគាត់រស់នៅក្នុងជីវភាពយ៉ាប់យ៉ឺនដោយមិនផ្ដល់ប្រាក់ខែគោលឱ្យបានសមរម្យ។
លោក រ៉ុង ឈុន៖«សូមឱ្យកម្មករយើងទាំងអស់ហ្នឹងត្រូវតែគិតពិចារណាព្រោះយើងទទួលរងគ្រោះយូរមកហើយៗ ឥឡូវហ្នឹងរឹតតែរងគ្រោះដោយសារតែ (តម្លៃទំនិញលើ)ទីផ្សារហើយ(ប្រាក់)បៀវត្សតិចតួចដល់អ៊ីចឹងទៅជាប់បំណុលតម្លៃការប្រាក់ហ្នឹងក៏ខ្ពស់។អ៊ីចឹងយើងត្រូវពិចារណាកុំឱ្យឮពាក្យគេឃោសនាប្រជាភិថុតិតិចតួចយើងជឿជាក់ទៅលើគេ»។
បន្ទាប់ពីមានការរកឃើញថាកម្ពុជាបានរំលោភធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រព័ន្ធទៅលើសិទ្ធិមនុស្សសិទ្ធិការងារនិងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋគណៈកម្មការអឺរ៉ុប(Europe)បានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA បណ្ដោះអាសន្ន២០ភាគរយពីកម្ពុជាកាលពីឆ្នាំ២០២០ខណៈដែលសហរដ្ឋអាមេរិកសម្រេចមិនបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP ឱ្យកម្ពុជានៅឆ្នាំ២០២១ដែលបានបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញផលិតផលជាពិសេសក្នុងវិស័យរោងចក្រវាយនភណ្ឌ។ ផលប៉ះពាល់ទាំងនេះធ្វើឱ្យមានរោងចក្រចំនួន១១០បានបិទទ្វារកាលពីឆ្នាំ២០២០បណ្ដាលឱ្យកម្មករជាង៥ម៉ឺន៥ពាន់នាក់គ្មានការងារធ្វើ។
ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីឪពុករបស់លោក គឺ លោកហ៊ុន សែន ឱ្យស្នងតំណែងជាបេក្ខជននាយករដ្ឋមន្ត្រីដោយរំលងមន្ត្រីចាស់វស្សាក្នុងជួរគណបក្សប្រជាជនមក លោក ហ៊ុន ម៉ាណែត បានបង្កើនវត្តមានក្នុងពិធីជួបជុំជាបន្តបន្ទាប់រួមមានពិធីជួបជុំ និស្សិត យុវជន កម្មករ និងប្រជាពលរដ្ឋទូទៅ។
ការបង្កើនវត្តមាននេះត្រូវបានអ្នកតាមដានសង្គមនិងនយោបាយមើលឃើញថាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេនរូបនេះកំពុងបោះជំហានចូលទៅក្នុងតួនាទីរបស់ឪពុកលោក។ទោះយ៉ាងណានៅក្នុងកម្មវិធីឬវេទិកាសាធារណៈ លោក ហ៊ុន ម៉ាណែត ហាក់មានការប្រយ័ត្នខ្ពស់ទៅលើពាក្យសម្ដីថ្លែងជាសាធារណៈដែលខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលមានបទពិសោធន៍ក្នុងនយោបាយជាច្រើនឆ្នាំក្នុងការគំរាមកំហែងសកម្មជនសិទ្ធិមនុស្សសកម្មជននយោបាយនិងរំលាយគណៈបក្សប្រឆាំងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។