ប្រមុខ​ការ​ទូត​អង់គ្លេស​លើក​រឿង​សិទ្ធិមនុស្ស​ជាមួយ​ប្រមុខ​ការ​ទូត​កម្ពុជា

ដោយ សុជីវី
2021-06-23
Share
ប្រមុខ​ការ​ទូត​អង់គ្លេស​លើក​រឿង​សិទ្ធិមនុស្ស​ជាមួយ​ប្រមុខ​ការ​ទូត​កម្ពុជា (ឆ្វេង) លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស (Great Britain) ពេល​ជួប​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក ប្រាក់ សុខុន

ប្រមុខ​ការ​ទូត​ចក្រភព​អង់គ្លេស​បាន​លើកឡើង​អំពី​រឿង​សិទ្ធិមនុស្ស នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោក​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៣ មិថុនា​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​គិត​គូរ​​អំពី​គុណ​តម្លៃ​សិទ្ធិមនុស្ស​ដែល​អង់គ្លេស​ធ្លាប់​ប្រកាន់​យក​តាំងពីដើមមក។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស (Great Britain) លោក ដូមីនិក រ៉ាអាប់ (Dominic Raab) មក​កាន់​កម្ពុជា​នេះ ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ចក្រភពអង់គ្លេស និង​កម្ពុជា​។ មន្ត្រី​ជាន់​ខ្ពស់​​របស់​ចក្រភពអង់គ្លេស​រូប​នេះ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋ​មន្ត្រី​បរិស្ថាន លោក សាយ សំអាល់ ក្នុង​ជំនួប​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ថ្ងៃ​តែ​មួយ។

លោក ដូមីនិក រ៉ាអាប់ ឱ្យ​ដឹង​លើ​បណ្ដាញ​ធ្វីតធ័រ (Twitter) ថា លោក​បាន​ពិភាក្សា​ជាមួយ​សម​ភាគី​លោក ប្រាក់ សុខុន អំពី​វិស័យ​អាទិភាព​រួម​គ្នា​ដូចជា ពាណិជ្ជកម្ម សិទ្ធិមនុស្ស និង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។ ប្រមុខ​ការ​ទូត​អង់គ្លេស​រូប​នេះ​បញ្ជាក់​ថា ចក្រភពអង់គ្លេស​រង់ចាំ​ធ្វើ​ការ​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា អំឡុង​ពេល​កម្ពុជា​ដើរ​តួនាទី​ដ៏​សំខាន់​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ២០២២ ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា លោក ដូមីនិក រ៉ាអាប់ មិន​បាន​បញ្ជាក់​លម្អិត​ថា តើ​ចំណុច​អ្វី​ខ្លះ​អំពី​បញ្ហា​សិទ្ធិមនុស្ស ដែល​លោក​បាន​ថ្លែង​ទៅ​កាន់​លោក ប្រាក់ សុខុន នោះ​ឡើយ ហើយ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ក៏​មិន​បាន​ឱ្យ​ដឹង​ពី​ចំណុច​នេះ​ដែរ នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

Prak_Sokhon_Dominic_Raab_062321.jpg
(ឆ្វេង) ភាគី​ចក្រភព​អង់គ្លេស (Great Britain) ដឹកនាំដោយ​លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋ​មន្ត្រី​ការ​បរទេស​ និង​អភិវឌ្ឍន៍​ ក្នុងពេល​ជួប​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ

វិទ្យុ​អាស៊ី​សេរី​បាន​ផ្ញើ​សារ​អេឡិកត្រូនិក ឬ​អ៊ីមែល (E-mail) ទៅកាន់​ស្ថាន​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៣ មិថុនា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ហើយ តែ​ពុំ​មាន​អ្នក​ទទួល។ ចំណែក​​លោក ប្រាក់ សុខុន ​រដ្ឋ​មន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រមុខ​ការ​ទូត​អង់គ្លេស​អំពី​ការ​ធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ២០២២ និង​ការ​រិះរក​មធ្យោបាយ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស។ លោក​បន្ថែម​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ធ្វើ​ការងារ​ជិត​ស្និទ្ធ​ជាមួយ​គ្នា ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ។

ងាក​ទៅ​ជំនួប​មួយ​ទៀត​រវាង​លោក ដូមីនិក រ៉ាអាប់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​វិញ ស្ថាន​ទូត​ចក្រភពអង់គ្លេស​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក ដូមីនិក រ៉ាអាប់ បាន​ពិភាក្សា​ជាមួយ​លោក សាយ សំអាល់ អំពី​មហិច្ឆតា​ស្ដីពី​អាកាស​ធាតុ​របស់​កម្ពុជា នៅមុន​ការ​មក​ដល់​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ (COP26)។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផង​ដែរ​អំពី​បញ្ហា​អាទិភាព​រួម​គ្នា​មួយ​ចំនួន ដូចជា ការងារ​ឆ្ពោះ​ទៅ​កាន់​ការ​កំណត់​ការ​បំភាយ​ឧស្ម័ន​ត្រឹម​សូន្យ (NetZero) ការ​ដាំ​ដើម​ឈើ​ឡើង​វិញ បញ្ហា​ជីវៈចម្រុះ និង​ពាណិជ្ជកម្ម​សត្វព្រៃ​ខុស​ច្បាប់​ជាដើម។ ក៏​ប៉ុន្តែ ស្ថានទូត​ចក្រភព​អង់គ្លេស ​មិន​បាន​បញ្ជាក់​ថា តើ​លោក ដូមីនិក រ៉ាអាប់ បាន​លើក​ឡើង​ពី​ករណី​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​សកម្មជន​បរិស្ថាន​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។

រីឯក្រសួង​បរិស្ថាន​វិញ ក្រសួង​ឱ្យដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​ចក្រភព​អង់គ្លេស​ថា ចក្រភព​អង់គ្លេស​អាច​ជួយ​កម្ពុជា​បាន​ច្រើន​ក្នុង​វិស័យ​បរិស្ថាន ដូច​ជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​កិច្ច​ការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម​ និង​ទិញ​ផលិត​ផល​ពី​ប្រទេស​កម្ពុជា។ លោក សាយ សំអាល់ ថ្លែង​ទៀត​ថា ចក្រភព​អង់គ្លេស​អាច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា ហើយ​ថវិកា​នោះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ឱ្យ​ការ​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន។

រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ បាន​ចាត់​ទុក​ជំនួប​ជាមួយ​លោក សាយ សំអាល់ ថា ជា​កិច្ច​ពិភាក្សា​ប្រកបដោយ​ភាព​វិជ្ជមាន តាម​រយៈ​សារ​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​ធ្វីតធ័រ។ នៅ​ក្នុង​សារ​នោះ លោក​មិន​បាន​និយាយ​ពី​ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​បី​នាក់​នា​ពេល​ថ្មីៗ នេះ​ទេ ស្រប​ពេល​ស្ថានទូត​ចក្រភព​អង់គ្លេស​ក៏​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ដែរ ខុស​ពី​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន។

Dominic_Raab_meets_Say_Sam_Al_062321.jpg
លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២១។ រូប៖ ក្រសួង​បរិស្ថាន

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ចក្រភព​អង់គ្លេស​ពិត​ជា​ចង់​ជួយ​កម្ពុជា​ក្នុង​កិច្ច​ការពារ​បរិស្ថាន​មែន នោះ​តំណាង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស ត្រូវ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​រឹតត្បិត និង​​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​អាច​ចូល​រួម​ការពារ​បរិស្ថាន​បាន​ដោយ​ទូលំទូលាយ។ ម្យ៉ាង​វិញ​ទៀត លោក​ថា ចក្រភព​អង់គ្លេស​ក៏​គួរ​ធ្វើការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល សកម្មជន និង​សហគមន៍​មូលដ្ឋាន​លើ​ការងារ​ការពារ​បរិស្ថាន​ដែរ៖ «ទាំង​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ ទាំង​ទីភ្នាក់ងារ​អង្គការ​អន្តរជាតិ​ផ្សេងៗ ដែល​នៅ​កម្ពុជា​ហ្នឹង គួរ​តែ​ជា​ចំណែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រតិបត្តិការ​ការងារ​របស់​ខ្លួន (ចក្រភព​អង់គ្លេស) ជាជាង​តែ​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​តែ​ម្យ៉ាង ហើយ​ទទួល​បាន​ព័ត៌មាន​តែ​ពី​រដ្ឋាភិបាល​តែ​ម្យ៉ាង។ កន្លងមក​យើង​ដឹង​ហើយ​ថា រដ្ឋាភិបាល​តែងតែ​ព្យាយាម​បង្ហាញ​តែ​ចំណុច​ល្អ មិន​ហ៊ាន​បង្ហាញ​ពី​ចំណុច​អាក្រក់។ បើ​អង់គ្លេស​ធ្វើ​បែបនេះ ហាក់​បី​ដូច​ជា គ្រាន់​តែ​មក​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋ ប៉ុន្តែ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​ជន​រង​គ្រោះ ចំពោះ​ប្រជាពលរដ្ឋ និង​ចំពោះ​អនាគត​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នោះ​ទេ»

កាល​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​មួយ ដែល​តែង​រិះគន់​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រព្រឹត្ត​ដោយ​របប​លោក ហ៊ុន សែន។ ប៉ុន្តែ​ក្រោយ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប (Brexit) ចក្រភព​អង់គ្លេស​ហាក់​ផ្លាស់​ប្ដូរ​ជំហរ​ខ្លះ​វិញ​លើ​ករណី​កម្ពុជា។ ជាឧទាហរណ៍ ចក្រភព​អង់គ្លេស​ប្រកាស​មិន​ផ្តាច់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ទៅ​តាម​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ ស្ថាន​ទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ក៏​មិន​សូវ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស ដូច​ស្ថាន​ទូត​ប្រទេស​លោក​សេរី​ដទៃ​ទៀត​ដែរ។ ផ្ទុយ​ទៅ​វិញ ប្រទេស​អង់គ្លេស​ហាក់​ផ្ដោត​ខ្លាំង​លើ​បញ្ហា​ពាណិជ្ជកម្ម និង​បំណង​ចង់​ធ្វើ​ជា​ភាព​ជា​ដៃគូ​កិច្ច​សន្ទនា​ជាមួយ​អាស៊ាន។

មន្ត្រី​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ដែល​ជា​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​អន្តរជាតិ​ដែរ​នោះ មើល​ឃើញ​ថា ចក្រភពអង់គ្លេស​កំពុង​ស្វះស្វែង​រក​ការ​គាំទ្រ និង​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក ក្រោយ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប។ ប៉ុន្តែ​លោក​ថា បើ​ចក្រភព​អង់គ្លេស​គិតតែ​ពី​ប្រយោជន៍​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ជា​ធំ ហើយ​ផាត់​ចោល​បញ្ហា​​សិទ្ធិមនុស្ស នោះ​មហា​អំណាច​ប្រជាធិបតេយ្យ​មួយ​នេះ​នឹង​ដើរ​តាម​គន្លង​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល