UN សិទ្ធិមនុស្ស​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​បរិយាកាស​នយោបាយ​ល្អ​នៅ​មុន​ការបោះឆ្នោត ខណៈ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​បេក្ខជន​គណបក្ស​ប្រឆាំង។ សេចក្ដីថ្លែងការណ៍​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី៥ មិថុនា ស្អែក​នេះ។

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្ស៊ឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ធានា​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សន្តិភាព និង​សុវត្ថិភាព ដែល​លើក​ស្ទួយ​ដល់​ភាព​ចម្រុះ​ផ្នែក​នយោបាយ និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន។

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​គូស​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២ មិថុនា ការិយាល័យ​មួយ​នេះ​មាន​ការ​ព្រួយ​បារម្ភ ដោយសារ​តែ​ឃើញ​មាន​លំនាំ​នៃ​ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការ​រារាំង សំដៅ​លើ​បេក្ខជន​គណបក្ស​ប្រឆាំង នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ បក្ខជន​មួយ​ចំនួន​បាន​ប្រឈម​មុខ​នឹង​ការ​រឹតត្បិត និង​ការ​សងសឹក ដែល​រារាំង​ដល់​សកម្មភាព​របស់​ពួក​គេ ក្នុង​នោះ​មាន​ការ​ចាប់​ខ្លួន​បេក្ខជន​មួយ​ចំនួន​ដាក់​ពន្ធនាគារ ដែល​ទំនងជា​ត្រូវ​បាន​គេ​រៀបចំ​ឡើង ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​យុទ្ធនាការ​នយោបាយ​របស់​ពួក​គេ។

ស្រដៀង​គ្នា​នេះ អង្គការ​សមាជិក​សភា​អាស៊ាន (APHR) ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី៣ មិថុនា ថ្កោលទោស​យុទ្ធនាការ​យាយី និង​បំភិតបំភ័យ​លើ​សមាជិក​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​នេះ​ដែរ ជាពិសេស ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​បេក្ខជន​គណបក្ស​ភ្លើង​ទៀន។

សមាជិក​សភា​ម៉ាឡេស៊ី និង​ជា​សមាជិក​នៃ​អង្គការ​សមាជិក​សភា​អាស៊ាន អ្នកស្រី ម៉ារៀ ជិន អាប់ឌុលឡា (Maria Chin Abdullah) លើក​ឡើង​ថា វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក្នុង​បរិយាកាស​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​នយោបាយ​ប្រឆាំង។ អ្នកស្រី​បន្ត​ថា ថ្វីបើ​គណបក្ស​ចំនួន១៧ ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្ដី ដំណើរ​ការ​ទាំងមូល​មិន​អាច​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​ពហុ​និយម​បាន​ឡើយ នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ព្រម​ឱ្យ​អ្នក​ដែល​អាច​តតាំង​យក​អំណាច​ពី​ពួក​គេ ធ្វើ​យុទ្ធនាការ​ឃោសនា​បាន​ដោយ​សេរី និង​មាន​សុវត្ថិភាព​នោះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី៣ មិថុនា។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា វិញ លោក​ថ្លែង​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នេះ​ មិន​សំដៅ​មក​ស្ថាប័ន គ.ជ.ប នោះ​ទេ។ លោក​អះអាង​ថា គ.ជ.ប ព្យាយាម​បំពេញ​ការងារ​ទៅ​តាម​សមត្ថកិច្ច​ដែល​មាន​ចែង​ក្នុង​ច្បាប់៖« សម្រាប់ គ..ប គឺ​បាន​ទទួល​ខុសត្រូវ​ស្រប​ទៅ​តាម​ច្បាប់ ដែល​មាន​ជា​ធរមាន ហើយ​លើក​ទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត »

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ការ​ព្រួយ​បារម្ភ​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ​នេះ ក៏​ជា​កង្វល់​របស់​ក្រុម​អ​ង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ដែរ។ លោក​បន្ត​ថា បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ហើយ​សកម្មជន​នយោបាយ​មួយ​ចំនួន​ថែម​ទាំង​រង​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ទៀត​ផង៖ « រឿង​មួយ​ដែល​សំខាន់ គឺ​ពាក់ព័ន្ធ​រឿង​ច្បាប់។ ក្រោយ​ពី​វិសោធនកម្ម​ច្បាប់ [ គណបក្ស​នយោបាយ ] ឆ្នាំ២០១៧ មក យើង​ឃើញ​ថា ច្បាប់​ដែល​យើង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​រឿង​សិទ្ធិ​នយោបាយ និង​ការ​រក្សា​ឆន្ទៈ​ប្រជាពលរដ្ឋ ជាដើម ដែល​មិន​ទាន់​បាន​ធានា​ឱ្យ​បាន​ពេញលេញ​ទៅតាម​ស្តង់ដារ​ទេ »

បើ​តាម​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ គិត​ត្រឹម​រយៈ​ពេល ៤ថ្ងៃ​មុន​ការបោះឆ្នោត បេក្ខជន និង​សកម្មជន​គណបក្ស​ប្រឆាំង​យ៉ាងតិច​បំផុត ៦នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​រង់ចាំ​សវនាការ ខណៈ​មនុស្ស​ជាច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​កោះហៅ​ឱ្យ​ទៅ​បំភ្លឺ​ក្នុង​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ។ ករណី​ចុងក្រោយ​នៃ​ការ​រារាំង​ផ្នែក​នយោបាយ​នេះ កើត​ឡើង​បន្ទាប់​ពី​ការ​រួម​តូច​ជា​ប្រព័ន្ធ​នៃ​លំហ​ប្រជាធិបតេយ្យ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​នៅ​កម្ពុជា។

ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដាស់តឿន​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស ដែល​មាន​ចែង​ទាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​សន្ធិសញ្ញា​អន្តរជាតិ​ទាំង​ឡាយ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។