មេធាវីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ យល់ថា តុលាការគួរតែទម្លាក់ចោលការចោទប្រកាន់កូនក្តីរបស់ខ្លួន ព្រោះករណីនេះ គឺជាករណីនយោបាយ ហើយគួរតែដោះស្រាយតាមបែបនយោបាយ។ការលើកឡើង នេះបន្ទាប់ពីតុលាការបដិសេធសំណើសុំលើកលែងការចោទលើលោក កឹម សុខា ជាលើកទី៤ កាលពីសប្ដាហ៍មុន។
មេធាវីការពារក្តី១រូបក្នុងចំណោម ៤រូប របស់លោក កឹម សុខា គឺលោក ផែង ហេង លើកឡើងថានៅពេលតុលាការបដិសេធសំណើសុំលើកលែងការចោទប្រកាន់លើលោក កឹម សុខា ជាលើកទី៤ នេះ គឺបង្ហាញករណីនេះ គឺជាករណីនយោបាយច្រើនជាងករណីអនុវត្តច្បាប់។ លោកយល់ថា តុលាការគួរតែទម្លាក់ចោលសំណុំរឿងនយោបាយបែបនេះហើយឱ្យអ្នកនយោបាយដោះស្រាយតាមបែបនយោបាយ ដូចនៅប្រទេសផ្សេងៗទៀតដោយមិនត្រូវទុកសំណុំរឿងរបស់មេបក្សប្រឆាំងបែបនេះទេ៖ «យើងមើលឃើញថាទិដ្ឋភាពនេះ វាជាលក្ខណៈនយោបាយច្រើនជាផ្លូវច្បាប់។ អ៊ីចឹងយើងឃើញនៅប្រទេសមួយចំនួនគឺតុលាការរបស់គេគឺច្រានចោលនៅបណ្ដឹង ឬការចោទប្រកាន់ណាដែលមានលក្ខណៈនយោបាយ ដើម្បីឱ្យអ្នកនយោបាយទៅជជែកគ្នាដោះ ស្រាយគ្នាឯងវិញ។ដូច្នេះស្រុកយើងគួរតែយកបទពិសោធន៍នេះ មកសិក្សាផងដែរ ដើម្បីរកដំណោះ ស្រាយដោយត្រជាក់ចិត្តជាមួយគ្នាវិញ»។
មេធាវីការពារក្តីលោក កឹម សុខា ឱ្យដឹងថា ចៅក្រោមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា បានចេញដីកាបដិសេធសំណើសុំលើកលែងការចោទប្រកាន់លើលោក កឹម សុខា ជាលើកទី៤ បន្ទាប់ពីក្រុមមេធាវីដាក់ពាក្យស្នើសុំ កាលពីថ្ងៃទី១៤ ខែមីនា។ លោក ផែង ហេង ឱ្យដឹងថាមូលហេតុដែលចៅក្រមស៊ើបសួរសាលាដំបូងលោក គី ឫទ្ធី សម្រេចបដិសេធលើកលែងបទចោទដោយសំអាងថា តុលាការមិនទាន់បញ្ចប់ការស៊ើបអង្កេតគ្រប់ជ្រុងជ្រោយហើយតុលាការ ត្រូវការប្រមូលភស្តុតាង និងសាកសួរសាក្សីបន្តទៀត។ លោក ផែង ហេង ចាត់ទុកការលើកហេតុផលបែបនេះមិនត្រឹមត្រូវឡើយ ព្រោះការស៊ើបអង្កេតលើសំណុំរឿងរបស់លោក កឹម សុខា មានរយៈពេលជាងមួយឆ្នាំហើយដែលគួរតែបញ្ចប់។ ម្យ៉ាងទៀតរហូតមកដល់ពេលនេះ ក៏មិនទាន់ឃើញភស្តុតាងណាមួយដែលអាចដាក់បន្ទុកលើលោក កឹម សុខា ដូចការចោទប្រកាន់ដែរ៖ «យើងឃើញថា ការស៊ើបអង្កេតជាង១ឆ្នាំកន្លះ ជិត២ឆ្នាំហើយ អ៊ីចឹងយើងគាត់ការស៊ើបអង្កេត វាគួរតែគ្រប់ជ្រុងជ្រោយហើយ។ សហមេធាវីក៏យល់ឃើញថាមិនមានបទល្មើស ឬក៏មិនមានធាតុផ្សុំនៃបទល្មើសដាក់បន្ទុកមកលើកូនក្ដីនោះទេ អ៊ីចឹងហើយទើបស្នើសុំឱ្យលើកលែងការចោទប្រកាន់មកលើកូនក្ដី»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ និងអ្នកនាំ ពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃទ២៧ ខែមីនា ដោយទូរស័ព្ទចូលពុំមានអ្នក ទទួល។
សមាជិកអ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា សំណុំរឿងមេបក្សប្រឆាំងនេះគឺជាសំណុំរឿងនយោបាយដែលកាត់ក្ដីដោយតុលាការមិនឯករាជ្យស្ថិតក្រោមអំណាចរបបក្រុងភ្នំពេញ ដូច្នេះក្រុម មេធាវី លោក កឹម សុខា គ្មានឥទ្ធិពលអ្វីដើម្បីឱ្យតុលាការនេះទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា នោះទេ។ លោក បុង ដែត យល់ថា របបលោក ហ៊ុន សែន អាចនឹងទម្លាក់ចោលការចោទ ប្រកាន់ និងផ្ដល់សេរីភាពទាំងស្រុងដល់លោក កឹម សុខា លុះត្រាតែសហគមន៍អន្តរជាតិបន្តដាក់ ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរបន្ថែមទៀតលើរបបដឹកនាំសព្វថ្ងៃ ឬអាចមានការចរចាបញ្ចប់វិបត្តិនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ៖ «យើងមិនបាច់និយាយរឿងតុលាការនៅចំពោះមុខគណបក្សប្រជាជនកម្ពុជាទេ ហើយគណបក្សប្រជាជនកម្ពុជា បានប្រកាសរួចហើយថាមិនលើកលែងទោសឱ្យទេ ។ អ៊ីចឹងមានន័យថា ត្រូវដោះស្រាយ តាមរបៀបនយោបាយដែលយើងឃើញថា គណបក្ស ប្រជាជនកម្ពុជា កំពុងតែបើកចំហក្រោមលក្ខខណ្ឌមិនឱ្យសង្គ្រោះជាតិរស់ឡើងវិញ»។
លោក បុង ដែត បន្តថា លោក ហ៊ុន សែន ប្រហែលជាចង់ទុកលោក កឹម សុខា ធ្វើជាល្បែងបំបាក់បំបាក់គណបក្សសង្គ្រោះជាតិតទៅទៀត ព្រោះជាក់ស្ដែងលោក ហ៊ុន សែន បានប្រកាសម្ដងហើយម្ដងទៀតថា មិនឱ្យ លោក កឹម សុខា រួចខ្លួនទេប្រសិនបើនៅតែព្យាយាមរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិឱ្យសុំសិទ្ធិធ្វើនយោបាយការណែនាំរបស់លោក។
លោកត្រូវបានសមត្ថកិច្ចចូលទៅចាប់ខ្លួនដល់ផ្ទះកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧។លោកត្រូវបានតុលាការចោទប្រកាន់ពីបទសន្និដ្ឋិភាពជាមួយបរទេសឬលួចសហការជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា និងបានដាក់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជិតព្រំដែនវៀតណាម បានមួយឆ្នាំ។ ចៅក្រមស៊ើបសួរ ទើបតែសម្រេចឱ្យលោករស់នៅក្រៅឃុំជាបណ្ដោះអាសន្នក្រោមហេតុផលថា គិតគូរពីសុខភាពរបស់លោក។
ប៉ុន្តែ ចៅក្រមស៊ើបសួរបានដាក់បម្រាមយ៉ាងតឹងរ៉ឹងដោយមិនអនុញ្ញាតឱ្យលោកទៅណាឆ្ងាយពីផ្ទះឡើយហើយមិនឱ្យជួបជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង រួមទាំងអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិផងដែរ។ លោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំងដោយរួមទាំងសហគមន៍អន្តរជាតិ និងប្រទេសប្រជាធិបតេយ្យធំៗខ្លះទៀត បានព្យាយាមជាដដែលក្នុងការទាមទារឱ្យទម្លាក់បទចោទ និងផ្ដល់សេរីភាពឱ្យបានពេញលេញជូនលោក កឹម សុខា ដោយចាត់ទុកថាសំណុំរឿងនេះជាសំណុំរឿងនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។