អ្នកជំនាញកិច្ចការព្រំដែនរបស់គណបក្សប្រឆាំងអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសនាំគ្នាក្រោកឈរប្រឆាំងនឹងមេដឹកនាំផ្តាច់ការលោក ហ៊ុន សែន ក្រោយពីចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ កក្កដា។ សាក្សីឃើញផ្ទាល់ភ្នែកនិយាយថា អាជ្ញាធរមានសមត្ថកិច្ចចំនួនជិត ៣០នាក់ ប្រដាប់ដោយអាវុធ និងឯកសណ្ឋានស៊ីវិល បានចុះចាប់លោក រ៉ុង ឈុន ដោយគ្មានដីកាបង្គាប់ឲ្យចាប់ខ្លួន។ លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចបណ្តើរចេញពីផ្ទះដោយមានដៃជាប់ខ្នោះ ដាក់ទៅក្នុងរថយន្ត យកទៅឃុំនៅស្នងការប៉ូលិសក្រុងភ្នំពេញ។
ប្រធានគណៈកម្មាធិការព្រំដែនគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន មានប្រសាសន៍ថាការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាការបំបិទមាត់អ្នកដែលហ៊ានចេញមុខការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា លោកសូមថ្កោលទោសចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលបំបាត់សំឡេងប្រជាពលរដ្ឋដែលចេញមុខប្រឆាំង ពីការឈ្លានពានពីប្រទេសជិតខាង ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ឃុបឃិតគ្នាកាត់ដីខ្មែរឲ្យទៅប្រទេសវៀតណាម ដើម្បីសងគុណវៀតណាមដែលលើកបន្តុបលោកឱ្យធ្វើជានាយករដ្ឋមន្ត្រីតាំងពីទសវត្សទី៨០។
លោកបញ្ជាក់ថាដល់ពេលវេលាដែលបងប្អូនប្រជាពលរដ្ឋខ្មែរនាំគ្នាក្រោកឈរប្រឆាំងមេដឹកនាំផ្តាច់ការលោក ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភយកពីប្រទេសវៀតណាម៖ «ខ្ញុំសូមអំពាវនាវឲ្យពលរដ្ឋខ្មែរងើបឈរទាំងអស់គ្នាដើម្បី យើងផ្លាស់ប្តូរមេដឹកនាំដែលជំពាក់គុណយួន។ មេដឹកនាំដែលផ្តាច់ការ ដែលបម្រើបរទេសដែលកាត់ទឹកដីទៅឲ្យប្រទេសជិតខាង ជាពិសេស កាត់ទឹកដីទៅឲ្យប្រទេសយួន»។
ការអំពាវនាវរបស់មន្ត្រីគណបក្សប្រឆាំងនេះ បានកើតមានឡើងប៉ុន្មានម៉ោងក្រោយពីក្រុមសមត្ថកិច្ចមួយក្រុមបានសម្រុកចូលចាប់លោក រ៉ុង ឈុន នៅគេហដ្ឋានរបស់លោក មានទីតាំងនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យក្រុងភ្នំពេញ វេលាម៉ោង ៩ និង ៣០ នាទីយប់ កាលពីថ្ងៃទី៣១ កក្កដា។
ក្មួយប្រុសលោក រ៉ុង ឈុន លោក រ៉ុង វិជ្ជា ប្រាប់អាស៊ីសេរីនៅកន្លែងកើតហេតុថា ក្រុមសមត្ថកិច្ចមិនបានបង្ហាញដីកាបង្គាប់ឱ្យចាប់ខ្លួនទេ។ លោកចាត់ទុកថា លោក រ៉ុង ឈុន ត្រូវបានកម្លាំងសមត្ថកិច្ចប្រមាណជិត៣០ នាក់ក្នុងឯកសណ្ឋានជាស៊ីវិល បានចាប់លោកដាក់ខ្នោះបណ្ដើរយកមកដាក់រថយន្ត។ តាមដំណឹងចុងក្រោយដែលលោកទទួលបានថា លោក រ៉ុង ឈុន កំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការប៉ូលិសខណ្ឌទួលគោក៖ «ខ្ញុំយល់ថា នេះជាការរំលោភសិទ្ធិមែនទែន ដោយសារខាងអាជ្ញាធរ អត់មានដីការអ្វីបង្គាប់ឲ្យចាប់ខ្លួនទេ ហើយគាត់មកចាប់ខ្លួនទាំងកម្រោល»។
តំណាងក្រុមឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន មុនពេលសមត្ថកិច្ចចាប់ខ្លួនលោកបានផ្តល់បទសម្ភាសន៍ជាមួយអាស៊ីសេរី ទាក់ទិនទៅនឹងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាល ដែលបានចោទប្រកាន់ថា របាយការណ៍របស់លោក រ៉ុង ឈុន ខុសពីការពិតពាក់ព័ន្ធនឹងរឿងព្រំដែន។
លោក រ៉ុង ឈុន បញ្ជាក់ថា អ្វីដែលជាការលើកឡើងរបស់លោកនៅក្នុងរបាយការណ៍គឺជាការពិតដោយសារតែលោកធ្វើការនៅលើផែនដី មិនមែនធ្វើការនៅលើផែនទីទេ។ លោកនិយាយថា លោកបានសម្ភាសន៍ជាមួយប្រជាពលរដ្ឋជាច្រើននាក់ ដែលមានអាយុជាង៧០ឆ្នាំ និង ជិត៥០ ដែលមានអះអាងថា ចាប់ពីបង្គោលព្រំដែនលេខ១១៤ ដល់លេខ១១៩ វៀតណាមបានបោះបង្គោលរំលោភយកដីខ្មែរប្រមាណ ៥០០ម៉ែត្រ៖ «គណៈកម្មាធិការព្រំដែន ត្រូវតែមាន សេចក្តីក្លាហានត្រូវទទួលស្គាល់ការពិត។ យើងចូលរួមការពារនូវអធិបតេយ្យដែនដីយើងទាំងអស់គ្នាទេ។ ពីព្រោះយើងអ្នកឃ្លាំមើលបើឃើញមានចំណុចខ្វះខាត យើងត្រូវតែចង្អុលបង្ហាញ ជម្រាបជូន ទៅ អ្នកមាន សមត្ថកិច្ច។ហើយដល់ចេញសេចក្តីថ្លែងការណ៍មកចោទប្រកាន់ថា ព័ត៌មានក្លែងក្លាយផ្ទុយពីការពិត នេះមិនឆ្លុះបញ្ចាំងទៅនឹងស្ថានភាព ដែលប្រជាពលរដ្ឋកំពុងទទួលរង ទុក្ខវេទនាដោយសារតែមិនបាន ចូលអាស្រ័យផលនៅលើដីរបស់ពួកគាត់»។
អាស៊ីសេរីបានព្យាយាមទាក់ទង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរបស់រដ្ឋាភិបាលលោក វ៉ា គឹមហុង លោកមិនធ្វើអត្ថាធិប្បាយទេ ដោយលើកហេតុផលថា យប់ជ្រៅហើយម៉ោងនៅក្នុងប្រទេសកម្ពុជា។
ចំណែកឯកអ្នកនាំពាក្យរដ្ឋាភិបាលលោក ផែ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនទេ។
លោក ជិន ម៉ាលីន មានលើកយកសារព័ត៌មានដែលស្និទ្ធនឹងរបបក្រុងភ្នំពេញមកនិយាយថា ខ្លឹមសារនៃការចាប់ខ្លួននេះមាននៅក្នុងព័ត៌មាននោះអស់ហើយ។
សារព័ត៌មានដែលស្និទ្ធនឹងរបបក្រុងភ្នំពេញបានផ្សាយថា លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចោទប្រកាន់ពីបទ«ញុះញង់ ឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម លើបញ្ហាព្រំដែនកម្ពុជា»។
ការចោទប្រកាន់នេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលបានចេញសេចក្ដីថ្លែងការណ៍ ដោយចោទប្រកាន់ក្នុងរបាយការណ៍របស់ក្រុមឃ្លាំមើលកម្ពុជាថា ជារឿងមិនពិត។
ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា អ្នកស្រី អ៊ុក ឆាយ៉ាវី មិនទទួលយកការចោទប្រកាន់របស់សមត្ថកិច្ចទេ។ អ្នកស្រីនិយាយថា សមាគមគ្រូបង្រៀននឹងធ្វើញត្តិ ទាមទាររកយុត្តិធម៌ចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន៖ «ពីព្រោះអីគាត់ជាមនុស្សម្នាក់ដែលខំលះបង់ជីវិត ដើម្បីប្រទេសជាតិអស់មួយជីវិតគាត់ ហើយយើងសូមថ្កោលទោសចំពោះរដ្ឋាភិបាលដែលបានចាប់លោក រ៉ុង ឈុន ដែលគាត់ជាវីរភាព ដ៏អង់អាច ដែល កាត់ថ្លៃ មិនបាន នោះ»។
ចំណែកអ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ចាត់ទុកការចាប់ខ្លួនទាំងកណ្តាលយប់របស់កម្លាំងសមត្ថកិច្ចចំពោះលោក រ៉ុង ឈុន ជាការរំលោភច្បាប់។ លោកបញ្ជាក់ថា ការចាប់ខ្លួននេះជារឿងចម្លែក ប្រសិនបើមានបទល្មើសជាក់ស្តែងគឺមាននីតិវិធីច្បាប់មិនមែនចាប់ខ្លួនបែបនេះទេ៖ «យើងឃើញថាករណីនេះយើងអត់ យល់ថា ការចោទនៅបទល្មើសនេះមិនដឹងជាសមត្ថកិច្ចមានមូលដ្ឋានអ្វីខ្លះ។ អ៊ី ចឹងយើងគិតថា ក្នុងរឿងនេះវាទាល់តែពេលដំណើរការនីតិវីធី ក្រោយច្បាប់យើងដាក់មេធាវីការពារ។ យើងអាចនឹងយល់ហើយថា តើការអនុវត្តច្បា់រឿងហ្នឹងគេមាន ភស្តុតាងគេមានមូលដ្ឋានអ្វីខ្លះ ក្នុងពេលដែលចោទបទល្មើសជាក់ស្តែងហ្នឹង»។
អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញលោក គុជ គឹមឡុង មិនអាចទាក់ទងដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទាក់ទិននឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
ទាក់ទិនទៅនឹងការចាប់ខ្លួនលោក រ៉ុង ឈុន នេះដែរ គណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ កក្កដា បានហោះចំណាត់ការរបស់អាជ្ញាធរខ្មែរថា មិនអាចទទួលយកបានជាដាច់ខាតចំពោះការចោទប្រកាន់លោក រ៉ុង ឈុន ពីបទញុះញុងបង្កភាពវឹកវរដល់សង្គម។ ផ្ទុយទៅវិញសកម្មភាពលោក រ៉ុង ឈុន នឹងសហការីរបស់លោក គឺធ្វើក្នុងគោលបំណងការពារបូរណភាពទឹកដីកម្ពុជាមិនឲ្យមានការឈ្លានពានពីប្រទេសជិតខាងប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិស្នើឲ្យតុលាការក្រុងភ្នំពេញពិនិត្យមើល និងត្រូវដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាពឡើងវិញ ដើម្បីបន្ធូរបន្ថយកម្ដៅនយោបាយនៅកម្ពុជាជាពិសេសស្ដារស្ថានភាពសិទ្ធិមនុស្ស ស្របតាមសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។