នៅក្នុងពេលទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងនៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) ថា កម្ពុជាក្រោមការដឹកនាំរបស់លោកនេះបន្តកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អត្ថបទអំពីខ្លឹមសារនៃជំនួបរវាង លោក ហ៊ុន ម៉ាណែត និងលោក អង់តូនីញ៉ូ ហ្គូទែរ៉េស កាលពីថ្ងៃទី២២ ខែកញ្ញា ឱ្យដឹងទៀតថា ក្នុងនាមរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ឬអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។ ចំណុចនេះលោក ហ៊ុន ម៉ាណែត អះអាងជាការបង្ហាញពីសុឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អសិទ្ធិមនុស្ស ក្នុងស្ថានភាពដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ពុំមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យអ្នករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនេះក្ដី។
ទាក់ទងនឹងការស្ដារស្ថានភាពសិទ្ធិមនុស្សនេះ ទាំងអង្គការសហប្រជាជាតិ ទាំងបណ្ដាប្រទេសប្រជាធិបតេយ្យធំៗសុទ្ធតែបានជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត ចាត់វិធានការជាក់លាក់ដោះស្រាយបញ្ហាមិនមែនត្រឹមតែការអះអាងទេ។ ក្នុងនោះរួមមានការបើកលម្ហសិទ្ធិសេរីភាពមូលដ្ឋានពលរដ្ឋ ធានាសិទ្ធិនយោបាយ ដោះលែងអ្នកជាប់ឃុំនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងសិទ្ធិការងារជាដើម ព្រមទាំងងាកមកគន្លងប្រជាធិបតេយ្យឡើងវិញ។ ចំណែកអង្គការសិទ្ធិមនុស្សអន្តរជាតិក៏ធ្លាប់បានរិះគន់ជាញឹកញយថាកម្ពុជាពុំបានអនុវត្តឱ្យច្បាប់ឱ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេ តែជាការប្រើប្រាស់ច្បាប់ ដែលរំលោភសិទ្ធិពលរដ្ឋជាប្រព័ន្ធ ដើម្បីវាយបង្ក្រាបលើសំឡេងរិះគន់ បំបិទសំឡេងប្រឆាំង និងរក្សាអំណាចតពូជតត្រកូល របស់ លោក ហ៊ុន សែន។
ទាក់ទងនឹងការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងសារទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេស ដោយផ្ដោតលើចំណុចសំខាន់ចំនួន៤ ដែលរួមមាន៖ ភាពជោគជ័យប្រយុទ្ធនឹងជំងឺកូវីដ-១៩ លទ្ធិប្រជាធិបតេយ្យកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់ ការអះអាងមិនឱ្យបរទេសយកទឹកដីកម្ពុជាប្រឆាំងនឹងបរទេសណាមួយ និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយនានាដែលស្របទៅនឹងការគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផង។
តើការអះអាងទាំងនេះរបស់លោក ហ៊ុន ម៉ាណែត ឆ្លុះបញ្ចាំងការពិតដល់កម្រិតណាដែរ?
សូមស្ដាប់ និងទស្សនាបទសម្ភាសន៍រវាងអ្នកស្រី សុជីវី ជាមួយអ្នកវិភាគនយោបាយ លោក គឹម សុខ អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។