លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយតំណាងទូតប្រទេសលោកសេរីជាបន្តបន្ទាប់ ទោះជារបបលោក ហ៊ុន សែន មិនទាន់ផ្តល់សិទ្ធិនយោបាយដល់រូបលោកវិញយ៉ាងណាក្តី។
លោក កឹម សុខា ឱ្យដឹងតាមហ្វេសប៊ុក (Facebook) ថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតបារាំងដែលជិតផុតអាណត្តិ គឺអ្នកស្រី អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) នៅថ្ងៃទី១១ មិថុនា តាមការអញ្ជើញរបស់អ្នកស្រី។ ក្នុងជំនួបនោះ ក្រៅពីការជម្រាបលាគ្នា ពួកលោកបានផ្លាស់ប្ដូរព័ត៌មាន និងពិភាក្សាគ្នាលើកិច្ចការមួយចំនួន ជុំវិញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងបារាំង ព្រមទាំងសហភាពអឺរ៉ុបផងដែរ។
ក្រៅពីជំនួបជាមួយមន្ត្រីទូតបារាំងនេះ លោក កឹម សុខា ក៏បានជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីស្ទៀន ប៊ឺហ្គឺរ (Christian Berger) កាលពីដើមសប្តាហ៍នេះដែរ។ ទាំងលោក កឹម សុខា និងស្ថានទូតអាល្លឺម៉ង់ មិនបានប្រាប់អំពីខ្លឹមសារនៃជំនួបនោះទេ ប៉ុន្តែលោក កឹម សុខា បានសរសេរលើហ្វេសប៊ុកថា ជំនួបនោះគឺដើម្បីពិភាក្សាការងារមួយចំនួន។
ជំនួបរវាងលោក កឹម សុខា និងមន្ត្រីទូតប្រទេសប្រជាធិបតេយ្យទាំងពីរ កើតមានឡើងបន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បានជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី វិនឌី ហ្សើមែន (Wendy Sherman) កាលពីដើមខែមិថុនានេះ។ ក្នុងជំនួបនោះ មន្ត្រីការទូតអាមេរិកជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រប្រជាពលរដ្ឋខ្មែរ គាំទ្រក្តីបំណងចង់ឱ្យមានលទ្ធិប្រជាធិបតេយ្យ និងគាំទ្រសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋខ្មែរ។ អ្នកស្រីក៏បានស្នើឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទដែលមានចរិតនយោបាយលើអ្នកនយោបាយបក្សប្រឆាំងផងដែរ នៅក្នុងជំនួបផ្លូវការជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក កឹម សុខា បានថ្លែងអំណរគុណដល់ក្រុមប្រទេសប្រជាធិបតេយ្យ ដែលនៅតែផ្តល់តម្លៃឱ្យលោក និងបន្តជួយដល់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
របបលោក ហ៊ុន សែន បានចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ ប៉ុន្តែជិត ៤ឆ្នាំមកនេះ អាជ្ញាធរមិនបានបង្ហាញភស្តុតាងរឹងមាំណាមួយ ដែលបញ្ជាក់ពីទោសកំហុសរបស់លោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញ សំណុំរឿងនេះត្រូវបានផ្អឹបទុកទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមប្រទេសប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ-និងអន្តរជាតិ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិផង នៅតែទទួលស្គាល់ថា លោក កឹម សុខា ជាមនុស្សស្អាតស្អំ និងរងការចោទប្រកាន់ដោយអយុត្តិធម៌។ ពួកគេស្នើយ៉ាងទទូចដល់របបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ដើម្បីឱ្យលោកអាចចាប់ផ្តើមជីវិតនយោបាយបានដូចដើមឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។