ចំនួន​​អ្នក​​ជាវ​ប័ណ្ណ​នាឡិកា​​លោក សម រង្ស៊ី បាន​​កើន​​ដល់​ជាង ៤ ម៉ឺន​​សន្លឹក​​ហើយ​

ចំនួន​​អ្នក​​ជាវ​ប័ណ្ណ​នាឡិកា​​លោក សម រង្ស៊ី បាន​កើន​​ដល់​​ជាង ៤ ម៉ឺន​​សន្លឹក (៤១.៣១៣) ហើយ​ ក្នុង​​រយៈពេល​ជិត​ ​២ សប្ដាហ៍​​មក​​នេះ។​

អគ្គលេខាធិការ​​នៃ​​គណបក្ស​សង្រ្គោះជាតិ​​នៅ​​ក្រៅ​​ប្រទេស និង​​ជា​​គណៈកម្មាការ​រៀបចំ​​ជាវ​​នាឡិកា​​របស់​​លោក សម រង្ស៊ី គឺ​​លោក ជា គឹមលី ឲ្យ​ដឹង​កាល​​យប់​​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ​​ថា គិត​​ពី​​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៨ ខែឧសភា មាន​ជាង ៤ម៉ឺន ​១ពាន់​នាក់។

លោក​ជា គឹមលី បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​​កំណត់​យក​​ថ្ងៃទី៦ ខែ​មិថុនា ដែល​ជា​​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ដាក់​​ឲ្យ​​ជាវ​ប័ណ្ណ។ អ្នក​​ជាវ​ប័ណ្ណ​ទាំង​អស់​​ត្រូវ​​រក្សា​ទុក​​លេខ​​សម្គាល់​​នៅ​​លើ​​ប័ណ្ណ​រៀងៗ​​ខ្លួន ដើម្បី​ផ្ទៀងផ្ទាត់​​នៅ​ពេល​​លោក​សម រង្ស៊ី​ ចាប់​​យក​​ប័ណ្ណ​តែ​​មួយ​​សន្លឹក​​ប៉ុណ្ណោះ ក្នុង​ចំណោម​​ប័ណ្ណ​ទាំង​អស់ ដើម្បី​ប្រគល់​​នាឡិកា​ដល់​​ម្ចាស់​​ប័ណ្ណ​តែ​​ម្នាក់​​គត់។

លោក សម រង្ស៊ី បាន​ធ្វើ​យុទ្ធនាការលក់​​នាឡិកា​​ដែល​មាន​​តម្លៃ​ប្រមាណ​​ជាង ១០ ដុល្លារ​នេះ ក្រោយពេល​លោក​​ជំរុញ​​ឲ្យ​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់​នាឡិកា​​ដៃ​ទំនើបៗ របស់​​លោក​​រាប់​សិប​គ្រឿង​ដែល​​មាន​​តម្លៃ​រហូត​ដល់​​រាប់​​លាន​ដុល្លារ ដើម្បី​យក​​លុយ​​ទាំង​នោះ​មក​​ជួយ​​ពលរដ្ឋ​ក្រីក្រ​​នៅ​​តំបន់​​បិទ​ខ្ទប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។