តុលាការបារាំងសម្រេចលើកលែងការចោទប្រកាន់លោក សម រង្ស៊ី ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្ដឹងដោយលោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា។ សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីលោក សម រង្ស៊ី ចេញនៅក្រោយតុលាការបារាំងប្រកាសសាលក្រមកាលពីថ្ងៃទី១០ ខែតុលា ឱ្យដឹងថា កូនក្ដីរបស់ខ្លួន គឺលោក សម រង្ស៊ី ពេញដោយក្ដីរំភើបក្រៃលែង ដោយទទួលសេចក្តីសម្រេចលើកលែងការចោទប្រកាន់ពីតុលាការទីក្រុងប៉ារីស។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការប្រកាសថា សម រង្ស៊ី គ្មានទោសកំហុសអ្វីទេ គឺតុលាការប្រទេសបារាំងទទួលស្គាល់ជាឱឡារិកថា ការតស៊ូរបស់ សម រង្ស៊ី ជាការតស៊ូត្រឹមត្រូវ ហើយតុលាការក៏បានការពារសិទ្ធិសម្ដែងមតិរបស់គាត់។
មេធាវីបារាំងទាំង២រូបរបស់លោក សម រង្ស៊ី (Mathias Chichportich and Jessica Finelle) បន្តទៀតថា សេចក្តីសម្រេចរបស់តុលាការមិនមែនគ្រាន់តែជាជ័យជម្នះផ្ទាល់ខ្លួនរបស់កូនក្ដីតែមួយទេ តែជាការនាំមកផងដែរ នូវសេចក្តីសង្ឃឹមដល់អ្នកការពារសេរីភាព និងយុត្តិធម៌ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត។
ចំណែកខាងភាគីលោក ហ៊ុន សែន និងលោក ឌី វិជ្ជា វិញ សារព័ត៌មានក្នុងស្រុកស្នឹទ្ធនឹងលោក ហ៊ុន សែន បានស្រង់សម្ដីលោកមេធាវី គី តិច មកចុះផ្សាយ ដោយលោកបកស្រាយថា តុលាការប្រទេសបារាំងបានសម្រេចថា លោក ហ៊ុន សែន មិនស្ថិតនៅពីក្រោយការស្លាប់របស់លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។ លើសពីនេះលោក គី តិច ថ្លែងប្រាប់ប្រភពដដែលនោះថា តុលាការក៏បានលើកសម្អាងហេតុមួយទៀតបញ្ជាក់ច្បាស់ថា លោក សម រង្ស៉ី ពិតជាបាននិយាយបរិហារកេរ្តិ៍លោក ហ៊ុន សែន ដែលពុំអាចប្រកែកបាន។
ផ្ទុយពីការបកស្រាយនេះ មេធាវីរបស់លោក សម រង្ស៊ី បញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ថា ចៅក្រមកត់សម្គាល់ពីបរិបទហិង្សានយោបាយ និងការធ្វើឃាតក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ហើយថែមទាំងបានរម្លឹកពីរបាយការណ៍ស៊ើបអង្កេតករណីប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី ក្នុងឆ្នាំ១៩៩៧ ដែល នឹងនាំឲ្យមានការកាត់ក្តីមួយនៅពេលខាងមុខនេះ នៅចំពោះមុខតុលាការព្រហ្មទណ្ឌកម្រិតឧក្រិដ្ឋ (Cour d'Assises) នៃទីក្រុងប៉ារីស។
ការប្រកាសសាលក្រមសំណុំរឿងក្តីរវាងមេដឹកនាំនយោបាយកំពូលទាំងពីរ គឺលោក ហ៊ុន សែន និងលោក សម រង្សី នៅតុលាការបារាំងនេះបន្ទាប់ពីបានបើកសវនាការជំនុំជម្រះរយៈពេល៥ម៉ោង កាលពីថ្ងៃទី១ ខែកញ្ញា។
លោក ហ៊ុន សែន និងកូនប្រសាគឺលោក ឌី វិជ្ជា បានប្តឹងលោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតុលាការប្រទេសបារាំងពីបទបរិហារកេរ្តិ៍ចំពោះការដែលលោក សម រង្ស៊ី ចោទលោក ហ៊ុន សែន ថាជាអ្នករៀបចំផែនការសម្លាប់អតីតមេប៉ូលីសក្រុងភ្នំពេញនិងជាដន្លងរបស់ខ្លួនគឺលោក ហុក ឡង់ឌី។
បណ្ដឹងនេះកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីទី២ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន ជាអ្នកបញ្ជាឲ្យសម្លាប់លោក ហុក ឡង់ឌីតាមរយៈធ្វើឲ្យផ្ទុះឧទ្ធម្ភាគចក្រ ដែលលោក ហុក ឡង់ឌីកំពុងជិះពីភ្នំពេញទៅខេត្តស្វាយរៀងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។
លោក សម រង្ស៊ី បានចោទបន្តទៀតថា កូនប្រុសរបស់លោក ហុក ឡង់ឌី គឺលោក ឌី វិជ្ជា ដែលត្រូវជាកូនប្រសាររបស់លោក ហ៊ុន សែន កំពុងរៀបចំផែនការជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីរកវិធីសងសឹកលោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។