សមាជិក​សភា​អាមេរិក​ពីររូប​ជំរុញ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ឲ្យប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​បើក​ឲ្យ​បក្សសង្គ្រោះជាតិ​រស់​ឡើង​វិញនិង​ទម្លាក់​បទចោទ​លើ​លោក កឹម សុខា

ដោយ មាន ឫទ្ធិ
2021-05-31
Share
សមាជិក​សភា​អាមេរិក​ពីររូប​ជំរុញ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ឲ្យប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​បើក​ឲ្យ​បក្សសង្គ្រោះជាតិ​រស់​ឡើង​វិញនិង​ទម្លាក់​បទចោទ​លើ​លោក កឹម សុខា (ឆ្វេង) លោកអា​លែន​ ឡូ​វែន​ថល (Alan​ Lowenthal​) តំណាង​រាស្ត្រ​​​គណបក្ស​​ប្រជាធិបតេយ្យ​​មក​​ពី​​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) និង​លោក​ ស្ទីវ​ ឆា​បុត​ (Steve​ Chabot​) តំណាងរាស្ត្រ​​​​គណបក្ស​​សាធារណរដ្ឋ​មក​​ពី​​រដ្ឋ​អូហាយអូ​ (Ohio)។​
រូប៖ @RepSteveChabot

តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​​នៃ​​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​អូហាយអូ​ (Ohio) លោក​ ស្ទីវ​ ឆា​បុត​ (Steve​ Chabot​)  និង​តំណាងរាស្ត្រ​អាមេរិកាំង​​មួយ​រូប​ទៀត​​​នៃ​​គណបក្ស​​ប្រជាធិបតេយ្យ​​មក​ពី​​រដ្ឋ​កាលីហ្វ័រញ៉ា​ (California) លោក​ អា​លែន​ ឡូ​វែន​ថល​ (Alan​ Lowenthal​) ដែល​ពួក​លោក​​ជា​​សហប្រធាន​ក្រុម​​សភា​​តំណាងរាស្ត្រ​​អាមេរិក​​ស្តី​ពី​​បញ្ហា​​កម្ពុជា​ លើក​​ឡើង​​ក្នុង​​លិខិត​រួម​គ្នា​​ថា​ ពួក​​​គេ​​ចង់​ឃើញ​​កម្ពុជា​​មាន​ការ​​គោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​​មួយ​​ដែល​​មាន​​មេដឹកនាំ​​និង​​គណបក្ស​ប្រឆាំង​​ចូល​រួម​​ប្រកួត​​ប្រជែង​។ លិខិត​​កាល​ពី​ថ្ងៃ​ទី​៣០​ ​ខែ​ឧសភា​ របស់​តំណាង​រាស្ត្រ​ពីរ​រូប​នេះ​​លើកឡើង​​ចំៗ​​ពី​​ករណី​​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​​រង​ការ​​ចោទ​​ប្រកាន់​​និង​​បាត់​បង់​​សិទ្ធិ​នយោបាយ​។ សមាជិក​សភា​​ទាំង​ពីរ​​រូប​​ដដែល​ ចង់​ឃើញ​​អនុ​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​អ្នក​ស្រី  វិនឌី ហ្សឺម៉ាន (Wendy R. Sherman) ​ពេល​​មក​​បំពេញ​​ទស្សនៈ​កិច្ច​នៅ​​កម្ពុជា​​ស្នើ​ទៅ​​លោក​ ហ៊ុន​ សែន​ ឱ្យ​​ទម្លាក់​បទ​ចោទ​​លើ​​លោក​ កឹម​ សុខា​ និង​​​បើក​​ឱ្យ​គណបក្ស​​សង្គ្រោះ​ជាតិ​​ចូលរួម​​ការ​​បោះឆ្នោត​​នា​ពេល​​ខាង​មុខ​។ បន្ថែម​​ពី​​នេះ​ តំណាង​​រាស្ត្រ​ទាំង​ពីរ​​ក៏​​ចង់​​ឃើញ​ អនុ​រដ្ឋ​មន្ត្រី​​ការ​បរទេស​​អាមេរិក​​ស្វះស្វែង​​ទៅ​​ជួប​​លោក​ កឹម​ សុខា​ ​ដែរ។

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​​គណបក្ស​​ប្រជាជន​​កម្ពុជា​លោក​ សុខ​ ឥសាន​ យល់​ថា​ ការ​លើក​ឡើង​​របស់​​តំណាង​រាស្ត្រ​​អាមេរិក​បែប​​នេះ​ខុស​​ពី​​គោលការណ៍​​ច្បាប់​​កម្ពុជា​​ព្រោះ​​សំណុំ​រឿង​​លោក​ កឹម​ សុខា​ ស្ថិត​​ក្នុង​​ដៃ​​តុលាការ​។ លោក​បន្ត​ថា​ ទោះ​​អនុ​រដ្ឋមន្ត្រី​​ការបរទេស​​អាមេរិក​​លើក​ឡើង​​បញ្ហា​នេះ​​ពេល​​ជួប​​លោក​ ហ៊ុន​ សែន​ ក៏​មិន​​អាច​​ធ្វើ​ឱ្យ​​លោក​ ហ៊ុន សែន រំលង​​ដែន​​សមត្ថកិច្ច​តុលាការ​​បាន​​ដែរ​៖ «រឿង​តុលាការ​ក្នុង​ដៃ​តុលាការ​មក​ស្នើ​នាយករដ្ឋមន្ត្រី​ទម្លាក់​ចោល​ម៉េច​​បើ​នាយករដ្ឋមន្ត្រី​មិន​បាន​ចោទ​​ផង​ច្បាស់​ជា​មិន​អាច​ទទួល​​យក​បាន​ហើយ​»។

អ្នក​ជំនាញ​​ខាង​​វិទ្យា​សាស្ត្រ​នយោបាយ​​និង​​កិច្ចការ​បរទេស​លោក​ ឯម​ សុវណ្ណារ៉ា​ យល់ថា​​ ទំនង​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ មិន​​ឆ្លើយ​តប​​ជា​វិជ្ជមាន​​លើ​​សំណើ​ទម្លាក់​​បទ​ចោទ​​លើ​​លោក​ កឹម សុខា និង​ការ​​បើក​​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​រស់​​ឡើង​​វិញ​​នោះ​​ទេ​។ ទោះ​យ៉ាង​​ណា​​លោក​​ថា​ បើ​​ភាគី​រដ្ឋាភិបាល​​កម្ពុជា​​នៅ​​តែ​​បន្ត​​មិន​​ស្ដាប់​​សំណើ​​របស់​​អាមេរិក​ទៀត​នោះ​​អាច​​នឹង​​ត្រូវ​​សហរដ្ឋអាមេរិក​​ដាក់​​ទណ្ឌកម្ម​លើ​​រដ្ឋាភិបាល​​បន្ត​​ទៀត​៖ «ខ្ញុំ​គិត​ថា​ យន្តការ​នៅ​ពេល​អន្តរជាតិ​​គេ​​ប្រើ​​យន្តការ​​ជជែក​​តាម​​បែប​​ការទូត​​សព្វ​គ្រប់​​ហើយ​ ​បើ​សិន​​គ្មាន​​ការ​​ឆ្លើយ​តប​​គោលការណ៍​​ណាមួយ​​​លក្ខណៈ​វិជ្ជមាន​​ទេ​​ខ្ញុំ​គិត​​ថា​ យន្តការ​ផ្សេង​ៗ​​ទាក់ទង​​សំពាធ​​អាច​​កើត​​មាន»។

តាម​គម្រោង​​អនុ​រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​អ្នកស្រី​ វិនឌី​ ហ្សឺម៉ាន​ នឹង​​មក​​បំពេញ​​ទស្សនៈ​កិច្ច​នៅ​​កម្ពុជា​​រយៈ​ពេល​​មួយ​ថ្ងៃ ​គឺ​​នៅ​​ថ្ងៃ​ទី​០១​ ខែ​មិថុនា​។ 

វិទ្យុ​អាស៊ីសេរី​មិន​​ទាន់​​​អាច​​សុំ​ការ​​អត្ថាធិប្បាយ​​ពី​អ្នក​នាំ​ពាក្យ​​ក្រសួង​​ការបរទេសលោក​ កុយ​ គួង​ ស្ដី​​ពី​​របៀបវារៈ​នៃ​​ជំនួប​នេះ​​បាន​នៅ​​ឡើយ​ទេ​ ដោយ​​ទូរស័ព្ទ​ចូល​គ្មាន​​អ្នក​​ទទួល​។

ទោះ​យ៉ាង​ណា​លោក​ កុយ​ គួង​ ឱ្យ​​សារព័ត៌មាន​​ក្នុង​​ស្រុក​ (កម្ពុជា​ថ្មី) ដឹង​ថា​ ជំនួប​នោះ​​នឹង​​ជជែក​​ពី​​ទំនាក់ទំនង​​និង​​កិច្ច​សហប្រតិបត្តិការ​​ទ្វេភាគី​​កម្ពុជា​​-​សហរដ្ឋ​អាមេ​រិក​។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​គណបក្ស​​សង្គ្រោះ​ជាតិ​​និង​​ជា​​មនុស្ស​​ស្និទ្ធ​នឹង​​លោក​ កឹម​ សុខា​ គឺ​​លោក ​សួន សូរីដា ​ពន្យល់​​ថា​ អ្វី​ដែល​​សមាជិក​​សភា​​អាមេរិក​​ចង់​បាន​​ពេល​​នេះ​​គឺ​​ស្រ​ប​​ទៅ​​នឹង​​គោលការណ៍​​នៃ​​កិច្ច​ព្រមព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​។ មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​ប្រឆាំង​​រូប​នេះ​​យល់​​ថា​ ការ​ទាមទារ​​នេះ​​សហរដ្ឋអាមេរិក​​ត្រូវ​​ដើរ​​ឈាន​​មុខ​គេ​​ព្រោះ​​ការ​​ចាប់​ខ្លួន​​លោក​ កឹម​ សុខា​ និង​ការ​​រំលាយ​គណបក្ស​​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​​រដ្ឋាភិបាល​​លោក​ ហ៊ុន​ សែន​ ចោទ​​ប្រកាន់​​ថា​ សហរដ្ឋអាមេរិក​​ជា​​អ្ន​ក​​នៅ​​ពី​​ក្រោយ​​ខ្នង​​លោក​ កឹម​ សុខា​ ​ក្នុង​ការ​រៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​៖ «សហរដ្ឋអាមេរិក​ត្រូវ​ដើរ​តួនាទី​យ៉ាង​សំខាន់​ទៅ​នឹង​​ការ​​ឆ្លើយ​តប​​នឹង​​​បទ​​ចោទ​នៃ​រ​ដ្ឋាភិបាល​​លោក​ ហ៊ុន​ សែន​ មក​លើ​​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ កឹម សុខា​ ក៏​ដូច​ជា​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទាំង​មូល​​ផង​ដែរ​។​ បើ​ការ​​ជជែក​​រវៀង​សហរដ្ឋ​អាមេរិក​​និង​​លោក​ ហ៊ុន​ សែន​ ​មិន​ព្រម​ទេ​នោះ​​ទណ្ឌកម្ម​អន្តរជាតិ​​​នឹង​​មាន​​ទំហំ​កាន់​តែ​​ធ្ងន់ធ្ងរ​​​បន្ថែម​ទៅ​លើ​​វិបត្តិ​នយោបាយ​ ​រួម​ទាំង​​វិបត្តិ​សេដ្ឋកិច្ច​ក្រោម​​ការ​​រាតត្បាត​​ជំងឺ​​កូវីដ​​ថែម​ទៀត​​​​​អញ្ចឹង​យើង​​ឃើញ​​ថា​ ​ស្ថានភាព​​កម្ពុជា​​​កាន់​​តែ​​អាក្រក់​»។

លោក​ កឹម សុខា ត្រូវ​បាន​​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​​ពី​បទ​​ក្បត់ជាតិ​កាល​​ពី​​ឆ្នាំ​២០១៧​ ហើយ​សិទ្ធិ​នយោបាយ​​របស់​លោក​​ត្រូវ​​បាន​​ដក​​ហូត​​នៅ​ពេល​​របប​លោក ហ៊ុន សែន រំលាយ​​គណបក្ស​សង្គ្រោះជាតិ។  មេដឹកនាំ​របប​​ក្រុង​​ភ្នំពេញ​លោកហ៊ុន សែន តែងចោទ​​ថា សហរដ្ឋ​អាមេរិក​​គឺ​ជា​អ្នក​នៅ​​ពី​​ក្រោយ​​ខ្នង​​លោក កឹម សុខា ក្នុង​​​ផែន​ការ​​បដិវត្តន៍​ពណ៌។ ទោះយ៉ាងណា សហរដ្ឋ​អាមេរិកចាត់ទុកថា ជាការ​ប្រឌិត​។ បន្ថែម​ពី​នេះ​ប្រទេស​​មហា​អំណាច​​មួយ​​នេះ បាន​ដាក់​​ទណ្ឌកម្ម​ជា​​បន្តបន្ទាប់​​លើ​​រដ្ឋាភិបាល​​លោក ​ហ៊ុន​ សែន​ និង​​មន្ត្រី​ជាន់​ខ្ពស់​​នៃ​​របប​នេះ​។ សមាជិក​​សភា​​សហរដ្ឋ​អាមេរិក​​លោក​ ស្ទីវ​ ឆា​បុត​ និង​លោក អា​លែន​ ឡូ​វែន​ថល ជា​​បុគ្គល​​សំខាន់​​ ដែល​​តែង​តែ​​ឈឺ​ឆ្អាល​​ចេញ​កៀរគរ​​ទៅ​សមាជិក​​សភា​​ផ្សេង​​ទៀត​ ក្នុង​ការ​​ធ្វើ​ច្បាប់​​នានា​​ដើម្បី​ដាក់​​ទណ្ឌកម្ម​លើ​​មន្ត្រី​ និង​​ក្រុម​​ឈ្មួញ​​នៃ​​រដ្ឋាភិបាល​​លោក​ ហ៊ុន​ សែន​ ដែល​​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល