សហរដ្ឋអាមេរិក សន្យាបន្តឈរនៅជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងពេលដែលពួកគេខិតខំដើម្បីទទួលបានអនាគតប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ និងឯករាជ្យកាន់តែប្រសើរ។ ការសន្យានេះធ្វើឡើងនៅក្នុង សារលិខិតមួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីងខិន(Antony Blinken) ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិខួបទី៦៩របស់កម្ពុជា។
លោក អេនថូនី ប្ល៊ីងខិន សរសេរថា តាងនាមឱ្យសហរដ្ឋអាមេរិក លោកសូមសម្តែងសព្ទសាធុការពរចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងឱកាសដែលពួកគេប្រារព្វខួបទី៦៩ នៃទិវាឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា។ លោកគូសបញ្ជាក់ថា សហរដ្ឋអាមេរិក សាទរចំពោះកម្ពុជា ដែលធ្វើជាប្រធានប្តូរវេនអាស៊ាន ក្នុងឆ្នាំមួយប្រកបដោយបញ្ហាប្រឈម។
លោកបន្តថា សហរដ្ឋអាមេរិក ផ្តល់តម្លៃចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់នានានៅក្នុងតំបន់ និងសាកល រួមទាំងវិបត្តិនៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) និងអ៊ុយក្រែន (Ukraine) ផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។