ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសស្វែងរកក្រុមអ្នកជំនាញផ្តល់ប្រឹក្សា ឬអង្គការស្ថាប័ននានា ឲ្យចូលរួមដាក់គម្រោងស្នើសុំជំនួយជាថវិកាក្នុងការផលិតជា របាយការណ៍ ការសិក្សាស្រាវជ្រាវ ឬភាពយន្តឯកសារពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីឆ្នាំ១៩៩១ មកទល់ពេលបច្ចុប្បន្ន។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចុះថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា គម្រោងនេះ ធ្វើឡើងដើម្បីរំលឹកខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។ ស្ថានទូតបញ្ជាក់ថា លក្ខខណ្ឌនៃការសរសេរគម្រោងនេះ តម្រូវឲ្យធ្វើការសិក្សាស្រាវជ្រាវ និងចេញរបាយការណ៍គ្រប់ជ្រុងជ្រោយ ឬចងក្រងឯកសារ ដែលវិភាគ និងវាយតម្លៃពីវឌ្ឍនភាពរបស់ប្រទេសកម្ពុជា គិតមកទល់ពេលនេះក្នុងការបំពេញតាមការសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀង ហើយផ្តល់អនុសាសន៍ស្ដីពីជំហានបន្ទាប់ជូនរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ជំនួយជាថវិកាសម្រាប់គម្រោងស្នើនេះ នឹងទទួលបានរង្វាន់ចាប់ពី ២ម៉ឺន ៥ពាន់ (២៥.០០០) ដុល្លារ ដល់ ៣ម៉ឺន (៣០.០០០)ដុល្លារ។ ស្ថានទូតអាមេរិក នឹងចាប់ផ្តើម ទទួលពាក្យស្នើសុំជំនួយ សម្រាប់គម្រោងមួយនេះ ចាប់ពីថ្ងៃជូនដំណឹងចាប់ថ្ងៃទី២២ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមីនា។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថ្លែងថា លោកគាំទ្រចំពោះគម្រោងរបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលការពារនិងលើកកម្ពស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានតម្លៃបំផុតសម្រាប់ប្រជាជាតិខ្មែរ។ ទោះជាយ៉ាងណាក្ដី លោកព្រួយបារម្ភចំពោះអាជ្ញាធររដ្ឋាភិបាល ដាក់សម្ពាធចំពោះក្រុមអ្នកដែលអនុវត្តគម្រោងរបស់ស្ថានទូតអាមេរិកមួយនេះ។ លោកយល់ថា ការដាក់ចេញគម្រោងនេះ ទំនងជាសហរដ្ឋអាមេរិក ចង់បញ្ជាក់ថា កិច្ចព្រមព្រៀងជាអន្តរជាតិមួយ នេះ នៅតែមានសុពលភាព ហើយចង់ឲ្យស្ដារប្រជាធិបតេយ្យ និងទប់ស្កាត់ឥទ្ធិពលចិននៅកម្ពុជា៖ « អាមេរិកចង់សំដៅនៅពេលនេះ គឺការបិទគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ មក ធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យខ្មែរ ដែលបានរៀបចំតាំងពីឆ្នាំ១៩៩៣ មក មានការប្រែប្រួលច្រើន ហើយរឿងកែរដ្ឋធម្មនុញមួយចំនួនតាំងពីឆ្នាំ២០០៥មក ហើយមានការសង្ស័យរឿងយោធាចិននៅស្រុកខ្មែរ មានរឿងតំបន់ត្រីកោណ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី រឿងវៀតណាមបោះតង់អីជាដើមនេះ ដូច្នេះជាចរន្តគ្រប់សព្វបែបយ៉ាងរួមគ្នាទៅ ធ្វើឲ្យអាមេរិកាំងយល់ថា បើសិនជានៅបណ្ដោយ គឺរឿងហ្នឹងវាអាចធ្ងន់ធ្ងរ រកវិធីសាស្ត្របកក្រោយលែងកើតទៀត » ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី២២ កុម្ភៈដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា គឺជាកិច្ចព្រមព្រៀងមួយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជារបស់ក្រុមចលនាប្រដាប់អាវុធខ្មែរ ៤ក្រុម រួមមានក្រុមចលនាហ៊្វុនស៊ិនប៉ិចរបស់ ព្រះបាទនរោត្តម សីហនុ ក្រុមចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោក សឺន សាន ក្រុមកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមមេដឹកនាំខ្មែរក្រហម និងរបបរដ្ឋកម្ពុជា របស់លោក ហ៊ុន សែន។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយភាគីជម្លោះកម្ពុជាទាំង៤ និងប្រទេសចំនួន១៨ផ្សេងទៀត។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសារសំខាន់ និងនៅតែមានសុពលភាពសម្រាប់កម្ពុជាក្នុងការបញ្ចប់ជម្លោះនយោបាយរវាងខ្មែរ និងខ្មែរ នាំមកនូវសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដល់កម្ពុជា ការពារឯករាជ្យជាតិ និងការពារបូរណភាពទឹកដីកម្ពុជា។ ប៉ុន្តែអ្នកឃ្លាំមើលព្រឹត្តិការណ៍ ពិនិត្យឃើញថា កន្លងមក រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់មិនសូវផ្តល់តម្លៃ និងមិនបានបំពេញពេញលេញតាមកិច្ចសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។