អ្នក​ឃ្លាំមើល៖ ប្រមុខការទូតអាមេរិក​ជួប លោក កឹម សុខា គឺ​ចង់​បង្ហាញ​ថា អាមេរិក​នៅ​តែ​ឈរ​ខាង​អ្នក​ប្រជាធិបតេយ្យ

ដោយ ទីន ហ្សាការីយ៉ា
2022.08.05
Share on WhatsApp
Share on WhatsApp
អ្នក​ឃ្លាំមើល៖ ប្រមុខការទូតអាមេរិក​ជួប លោក កឹម សុខា គឺ​ចង់​បង្ហាញ​ថា អាមេរិក​នៅ​តែ​ឈរ​ខាង​អ្នក​ប្រជាធិបតេយ្យ (ពីឆ្វេង​ទី២) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និងលោក អែនតូនី ប៊ី្លងខិន (Antony Blinken) រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក (ពីឆ្វេង​ទី៣) ក្នុងជំនួប​​នា​រដាជធានី​ភ្នំពេញ កាល​​ពី​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០២២។
Photo Courtesy of Secretary Antony Blinken's Twitter

ក្រុម​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​អ្នក​សិទ្ធិមនុស្ស លើក​ឡើង​ថា សហរដ្ឋ​អាមេរិក នៅ​តែ​គិតគូរ​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​លើក​ឡើង​នេះ នៅ​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ដែល​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ក្រៅ​ពី​ស្នើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បើក​លំហ​សិទ្ធិ​សង្គម​ស៊ីវិល នឹង​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នោះ លោក​ក៏​ទៅ​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ពី​បទ ក្បត់​ជាតិ​ដែរ កាល​ពី​ថ្ងៃ​ទី៥ សីហា។

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​លើក​ឡើង​ថា រដ្ឋមន្ត្រី​ការ​បរទេស លោក អែនតូនី ប៊ី្លងខិន (Antony Blinken) បាន​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា ដល់​ផ្ទះ​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​យក​ចិត្ត​ទុក​ដាក់ លើ​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​មិន​បោះបង់​អ្នក​ប្រជាធិបតេយ្យ ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ផង​នោះ គួរតែ​ពិចារណា​អំពី​បញ្ហា​នេះ៖

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អែនតូនី ប៊ី្លងខិន (Antony Blinken បាន​ហៅ​ករណី​ចោទ​ប្រកាន់​លោក កឹម សុខា ជា​រឿង​នយោបាយ។ លោក​សោក​ស្ដាយ​ដែល​សំណុំរឿង​ក្បត់​ជាតិ​មេ​បក្ស​ប្រឆាំង លោក កឹម សុខា បន្ត​អូស​បន្លាយ ៥ឆ្នាំ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​នោះ។

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លើក​ឡើង​ដូច្នេះ ក្នុង​ពេល​លោក​ឆ្លៀត​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី៥ ខែសីហា ក្នុង​ពេល​លោក​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥៥និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​នោះ។

ទំព័រ​ហ្វេសប៊ុក ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​សរសេរ​ថា កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អនុញ្ញាត​ឲ្យ លោក កឹម សុខា មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

គិត​មក​ដល់​ពេល​នេះ លោក កឹម សុខា បាន​បាត់បង់​សិទ្ធិ​សេរីភាព ជិត ៥ឆ្នាំហើយ ក្រោយ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល កាល​ពី​ឆ្នាំ២០១៧។  

ក្រៅ​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក បាន​ជួប​លោក កឹម សុខា កាលពីថ្ងៃទី៥សីហានោះ លោក​ក៏​បាន​លើក​ចំៗ ទៅ​លោក ហ៊ុន សែន ដោយ​ទាមទារ​ឲ្យ​ផ្ដល់​សិទ្ធិ​នយោបាយ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត។ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៤ ខែសីហា​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អែនតូនី ប៊ី្លងខិន បាន​ជំរុញ​ឱ្យ​លោក ហ៊ុន សែន បើក​លំហ​សង្គម​ស៊ីវិល និង​នយោបាយ​ឡើង​វិញ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ខាងមុខមកដល់ និង​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា តាមរយៈ​ការ​ធានា​ថា មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី ក្នុង​ដំណើរ​ការ​នយោបាយ។

ការ​លើក​ឡើង​របស់​លោក អែនតូនី ប្ល៊ីនខិន នេះ មិន​ត្រូវ​បាន​លោក ហ៊ុន សែន យក​រឿង​នេះ​មក​ទម្លាយ​ឲ្យ​សាធារណជន​បាន​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា សហរដ្ឋ​កំពុង​តែ​ចង់​បង្ហាញ​អំពី​ដំណោះស្រាយ​នៃ​វិបត្តិនយោបាយ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​ពិចារណា​អំពី​បញ្ហា​នេះ ដើម្បី​ផល​ប្រយោជន៍​ជាតិ៖

រីឯ​អ្នក​សិក្សា​ផ្នែក​ច្បាប់ អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នេះ ភាគី​អន្តរជាតិ​គ្រាន់​តែ​ជា​ភាគី​បន្ទាប់​បន្សំ​ទេ បញ្ហា​សំខាន់​ស្ថិត​នៅ​លើ​ភាគី​ពាក់ព័ន្ធ​របស់​កម្ពុជា​ខ្លួន​ឯង ដែល​អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​សព្វថ្ងៃ​នេះ​បាន៖

ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​អនុវត្ត​នូវ​គោល​នយោបាយ​ការ​បរទេស​អព្យាក្រឹត្យ មិន​ត្រូវ​ងាករេ​ទៅ​ចិន​ខ្លាំង​ពេក​ទេ និង ត្រូវ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ជៀស​ផុត​ពី​ទណ្ឌកម្ម​ផ្សេងៗ ទៀត ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នៅ​ស្រប​ពេល​ពលរដ្ឋ​កម្ពុជា​កំពុង​តែ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ផង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។