ក្រុមអ្នកឃ្លាំមើលពីបញ្ហាសង្គម និងអ្នកសិទ្ធិមនុស្ស លើកឡើងថា សហរដ្ឋអាមេរិក នៅតែគិតគូរអំពីដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ការលើកឡើងនេះ នៅក្រោយពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កញ្ញា សេង ធារី និងអ្នកទោសនយោបាយទាំងអស់ ដែលនៅជាប់ឃុំក្នុងពន្ធនាគារ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្រៅពីស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបើកលំហសិទ្ធិសង្គមស៊ីវិល នឹងដោះលែងអ្នកទោសនយោបាយទាំងអស់នោះ លោកក៏ទៅជួបសួរសុខទុក្ខលោក កឹម សុខា ដែលកំពុងជាប់បណ្ដឹងនៅតុលាការពីបទ ក្បត់ជាតិដែរ កាលពីថ្ងៃទី៥ សីហា។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា រដ្ឋមន្ត្រីការបរទេស លោក អែនតូនី ប៊ី្លងខិន (Antony Blinken) បានទៅសួរសុខទុក្ខលោក កឹម សុខា ដល់ផ្ទះនេះ ជាការបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកនៅតែយកចិត្តទុកដាក់ លើមេបក្សប្រឆាំងលោក កឹម សុខា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក មានប្រសាសន៍ថា សហរដ្ឋអាមេរិកមិនបោះបង់អ្នកប្រជាធិបតេយ្យ ដែលកំពុងតែជាប់ឃុំឃាំងនាពេលបច្ចុប្បន្ននេះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានផងនោះ គួរតែពិចារណាអំពីបញ្ហានេះ៖
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប៊ី្លងខិន (Antony Blinken បានហៅករណីចោទប្រកាន់លោក កឹម សុខា ជារឿងនយោបាយ។ លោកសោកស្ដាយដែលសំណុំរឿងក្បត់ជាតិមេបក្សប្រឆាំង លោក កឹម សុខា បន្តអូសបន្លាយ ៥ឆ្នាំ នៅតែគ្មានដំណោះស្រាយនៅឡើយនោះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លើកឡើងដូច្នេះ ក្នុងពេលលោកឆ្លៀតទៅសួរសុខទុក្ខលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៥ ខែសីហា ក្នុងពេលលោកកំពុងមានវត្តមាននៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៥៥និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនោះ។
ទំព័រហ្វេសប៊ុក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសរសេរថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការអនុញ្ញាតឲ្យ លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញ និងការចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
គិតមកដល់ពេលនេះ លោក កឹម សុខា បានបាត់បង់សិទ្ធិសេរីភាព ជិត ៥ឆ្នាំហើយ ក្រោយរដ្ឋាភិបាល លោក ហ៊ុន សែន បានចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះថា ឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល កាលពីឆ្នាំ២០១៧។
ក្រៅពីលោករដ្ឋមន្ត្រីការបរទេសអាមេរិក បានជួបលោក កឹម សុខា កាលពីថ្ងៃទី៥សីហានោះ លោកក៏បានលើកចំៗ ទៅលោក ហ៊ុន សែន ដោយទាមទារឲ្យផ្ដល់សិទ្ធិនយោបាយជូនមេបក្សប្រឆាំងរូបនេះ ដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងទៀត។ ក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៤ ខែសីហាថា ក្នុងជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប៊ី្លងខិន បានជំរុញឱ្យលោក ហ៊ុន សែន បើកលំហសង្គមស៊ីវិល និងនយោបាយឡើងវិញ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខមកដល់ និងធ្វើឱ្យមានការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការធានាថា មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមដោយសេរី ក្នុងដំណើរការនយោបាយ។
ការលើកឡើងរបស់លោក អែនតូនី ប្ល៊ីនខិន នេះ មិនត្រូវបានលោក ហ៊ុន សែន យករឿងនេះមកទម្លាយឲ្យសាធារណជនបានដឹងនៅលើទំព័រហ្វេសប៊ុករបស់លោកឡើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា សហរដ្ឋកំពុងតែចង់បង្ហាញអំពីដំណោះស្រាយនៃវិបត្តិនយោបាយនៅកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណាអំពីបញ្ហានេះ ដើម្បីផលប្រយោជន៍ជាតិ៖
រីឯអ្នកសិក្សាផ្នែកច្បាប់ អះអាងថា ការដោះស្រាយបញ្ហានយោបាយនេះ ភាគីអន្តរជាតិគ្រាន់តែជាភាគីបន្ទាប់បន្សំទេ បញ្ហាសំខាន់ស្ថិតនៅលើភាគីពាក់ព័ន្ធរបស់កម្ពុជាខ្លួនឯង ដែលអាចដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃនេះបាន៖
ក្រុមអ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែអនុវត្តនូវគោលនយោបាយការបរទេសអព្យាក្រឹត្យ មិនត្រូវងាករេទៅចិនខ្លាំងពេកទេ និង ត្រូវបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីជៀសផុតពីទណ្ឌកម្មផ្សេងៗ ទៀត ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅស្របពេលពលរដ្ឋកម្ពុជាកំពុងតែទាមទារសិទ្ធិសេរីភាពរបស់ខ្លួនផងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។