សមាជិក​សភា​អាមេរិក ​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​របប​លោក ហ៊ុន សែន សា​ជា​ថ្មី

ដោយ មួង ណារ៉េត
2019-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។
លោក ថិត យ៉ូហូ (Ted YOHO) សមាជិកសភា​អាមេរិក​ពី​គណបក្ស​សាធារណរដ្ឋ ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida)។
Screenshot from Ted Yoho facebok

សមាជិកសភា​អាមេរិក បាន​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​របប​លោក ហ៊ុន សែន សាជាថ្មី ដោយ​ប្ដូរ​ចំណង​ជើង​សេចក្ដី​ស្នើ​ច្បាប់​នោះ ពី​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៨ ឬ H.R. 5754 មក​ជា​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០១៩ ឬ H.R 526 វិញ ដោយ​រក្សា​ទុក​ខ្លឹមសារ​ដើម​ទាំង​ស្រុង។

សមាជិកសភា​មកពីខាង​គណបក្ស​កាន់អំណាច គឺ​គណបក្ស​សាធារណរដ្ឋ និង ជា​តំណាង​រាស្ត្រ​ប្រចាំ​រដ្ឋ ហ្ល័រីដា (Florida) លោក ថិត យ៉ូហូ (Ted YOHO) ឲ្យ​អាស៊ី​សេរី​ដឹង​តាម​សារ​អេឡិចត្រូនិច កាល​ពី​ថ្ងៃទី ២៩ ខែ មករា ថា​លោក​រីករាយ ក្នុង​ការ​ដាក់​សេចក្ដី​ស្នើ​ច្បាប់​នេះ សា​ជា​ថ្មី ដើម្បីឲ្យ​សភា​អាណត្តិ​ថ្មី​នេះ អនុម័ត។ លោក​បន្ត​ថា ច្បាប់​នេះ​មាន​សារសំខាន់​ ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​របប​លោក ហ៊ុន សែន ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក​បញ្ជាក់​បន្ថែម​ថា តាម​រយៈ​ច្បាប់​នេះ សហរដ្ឋ​អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ ចំពោះ​ជន​ទាំង​ឡាយ​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ទាំង​នេះ។ បន្ថែម​លើ​ការ​បង្ក​ទ្រព្យ​សម្បត្តិ​ជន​ទាំង​នេះ លោក ថិត​​ យ៉ូហូ ថា​ច្បាប់​នេះ​នឹង​ពង្រឹង​ច្បាប់​រឹតត្បិត​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទាំង​នោះ មក​កាន់​ទឹក​ដី​អាមេរិក​។

នាយក​ផ្នែក​ទំនាក់ទំនង នៃ​ការិយាល័យ​តំណាងរាស្ត្រ​របស់​លោក ថិត យ៉ូហូ គឺលោក ប្រ៊ៃអិន ខាវ៉ិននី (Brian Kaveney) បាន​ឲ្យ​អាស៊ី​សេរី​ដឹង​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា​ដែរ​ថា តាម​ពិត​ច្បាប់​ H.R 526 នេះ​ត្រូវ​បាន​ស្នើ​ឡើង​ តាំងពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩ មកម្ល៉េះ។ ប៉ុន្តែ ការ​ជូន​ដំណឹង​អំពី​ការ​ទទួល​ចុះបញ្ជី​ច្បាប់​នេះ តាម​នីតិវិធី​ផ្លូវការ​របស់​ស្មៀន​រដ្ឋសភា ត្រូវការ​ពេលវេលា​សម​ស្រប​មួយ ទម្រាំ​អាច​ប្រកាស​ជា​ផ្លូវ​ការ​បាន ទើប​ដំណឹង​នេះ ដឹង​ជា​ផ្លូវការ​នៅ​ក្រោយ​ថ្ងៃ​ទី១៥ ខែ​មករា។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា​នេះ សភា​អាមេរិក​​អនុម័តជាឯកច្ឆន្ទ​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​អាណត្តិ​មុន កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ ព្រឹទ្ធសភា​អាមេរិក​នៅ​ពេល​នោះ មិន​មាន​ពេល​វេលា​គ្រប់គ្រាន់ ដើម្បី​អនុម័ត​ច្បាប់​នេះ ឲ្យ​ទាន់​មុន​ដាច់​ឆ្នាំ​នោះ។

ខ្លឹមសារទាំង​ស្រុង​នៃ​សេចក្ដី​ស្នើ​ច្បាប់​នេះ គឺ​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង ​មន្ត្រី​របប​លោក និង​ជន​ឯ​ទៀត ដែល​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ ទណ្ឌកម្ម​ទាំង​នោះ ​រួមមាន​ពីរ​ធំៗ គឺ​ទី​មួយ បិទ​ទិដ្ឋាការ ដោយ​មិន​ឲ្យ​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​ទាំង​នោះ ចូល​ទឹកដី​អាមេរិក និង​ពីរ បង្កក​ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​មន្ត្រី និង អ្នក​ពាក់ព័ន្ធ​ទាំង​នោះ។

លោក ថិត យ៉ូហូ បញ្ជាក់​បន្ថែម​ថា ច្បាប់​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​តស៊ូ និង ទាមទារ​ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា។ ដូច្នេះ​ហើយ​ទើប​សមាជិក​សភា​អាមេរិក ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ដើម្បី​បន្ថយ​​អំណាច​ផ្ដាច់​ការ​សព្វ​ថ្ងៃ។

ស្រប​ពេល​ដែល​ខាង​សភា​អាមេរិក កំពុង​រក​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ឲ្យ​បាន​ឆាប់ សមាជិកព្រឹទ្ធសភា​អាមេរិក​ឯ​ណោះ ក៏​កំពុង​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ដែរ។

សមាជិក​ព្រឹទ្ធសភា​​ពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក​ ថិត គ្រូស (Ted CRUZ) និង​សមាជិក​ព្រឹទ្ធសភា មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក គ្រីស ឃូនស៍ (Chris COONS) កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា បាន​​ដាក់​​សេចក្ដី​​ស្នើ​ច្បាប់​មួយ​ ស្តីពី​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ២០១៩ ដើម្បី​ឲ្យ​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ លើ​ការ​​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​​របប​​លោក ហ៊ុន សែន។ ការ​ពិចារណា​ឡើង​វិញ​នេះ រួម​មាន ការ​ដក​ទាំង​ស្រុង ព្យួរ ឬ​កាត់​បន្ថយ​ការ​​ផ្ដល់​​ការ​​អនុគ្រោះ​ពន្ធ ដែល​​ផ្ដល់​​ដល់​​កម្ពុជា ដោយសារ​​តែ​របប​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស និង​​បំផ្លាញ​​​ប្រជាធិបតេយ្យ។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន បាន​នៅឡើយ​ទេ​នៅ​ពេល​នេះ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​នេះ​ម្នាក់ គឺ​លោក ផៃ ស៊ីផាន ធ្លាប់​អះអាង​ថា កម្ពុជា​មិន​ស្លាប់​ទេ ទោះ​មាន​ទណ្ឌកម្ម​អ្វី​ក៏ដោយ។ លោក​ថា ទណ្ឌកម្ម​ណា​មួយ​មក​លើ​កម្ពុជា​ គ្មាន​ប្រយោជន៍​ទេ ព្រោះ​អាមេរិក​បាន​តែ​ថា។ ម្យ៉ាង​ទៀត​លោក​អះអាង​ថា កម្ពុជា​ធ្លាប់​ភ្លក្ស​រស​ជាតិ​ទណ្ឌកម្ម​ជុំ​ទិស​គ្រប់គ្រាន់​ហើយ ទាំង​ទណ្ឌកម្ម​ការ​ទូត និង​សេដ្ឋកិច្ច និង​ពេល​នេះ កម្ពុជា​អាច​ស៊ូទ្រាំ​នឹង​ទណ្ឌកម្ម​ណា​មួយ​ពី​សហគមន៍​អន្តរជាតិ​បាន ដោយ​មិន​ត្រូវ​ឱន​ក្បាល​ចំពោះ​បរទេស​នោះ​ឡើយ។

ក្រោយ​ពីការម្លាយ​គណបក្ស​សង្គ្រោះជាតិ និង រៀបចំ​ការបោះឆ្នោត​ដោយ​ផាត់​ចោលគណបក្សប្រឆាំង​មួយនេះ របបលោក ហ៊ុន សែន រង​ទណ្ឌកម្ម​ពីអន្តរជាតិ ក៏ប៉ុន្តែ​លោក ហ៊ុន សែន ចោទគណបក្ស​សង្គ្រោះជាតិ​ថាជាមេនាំភ្លើង នៅក្នុងការ​ដាក់ទណ្ឌកម្ម​លើ​របបនេះ។ ជាការ​ឆ្លើយតប ប្រធាន​ស្តីទី​គណបក្ស សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​នាំ​កម្ពុជា​ទៅ​រក​គ្រោះថ្នាក់​នេះ។ ថ្លែង​នៅមុខ​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ នៅ​អាមេរិក កាល​ពី​ពេល​ថ្មីៗ នេះ លោក សម រង្ស៊ី ថា​ លោក​ ហ៊ុន សែន ជា​មនុស្ស​ឧត្បាត៖ «ហ៊ុន សែន ចាប់​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ រង​គ្រោះ​ជំនួស​គាត់ ដោយ​សារ​គាត់​ មនុស្ស​ដែល​នាំ​មក​នូវ​គ្រោះថ្នាក់​សម្រាប់​អ្នក​ដទៃ គេ​ហៅ​ថា​មនុស្ស​ចង្រៃ។ បើ​បង​ប្អូន​រង​​គ្រោះ​ឈឺ​ចាប់​ ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​នេះ គឺ​ដោយសារ ហ៊ុន សែន។ ហ៊ុន សែន​ ឯង​ធ្វើ​បាប​អ្នក​ប្រជាធិបតេយ្យ។ ហ៊ុន សែន ឯង​គាប​សង្កត់​គេ​ ចាប់​ កឹម សុខា ដាក់គុក ឃុំឃាំង​ កឹម សុខា​ ក្នុង​ផ្ទះ ដូច្នេះ​តាម​អ្វី​ដែល​សហគមន៍​អន្តរជាតិ​ ទាមទារ​មក ប្រាំ​ចំណុច។ អា​ហ្នឹង​មិនមែន​ សម រង្ស៊ី អ្នក​និយាយ​ទេ គឺ​សហគមន៍​អន្តរជាតិ​គេ​និយាយ»

ទាំង​អ្នកវិភាគ អ្នកឃ្លាំមើល​កិច្ចការ​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សុទ្ធតែ​យល់ឃើញ​ថា ដំណោះស្រាយ​ដែល​សមស្រប ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ គឺ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំង​នេះ ហើយ​បើ​មាន​ទណ្ឌកម្ម​មែន លោក ហ៊ុន សែន គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ប្រវត្តិសាស្ត្រ នៃ​ការ​ដឹកនាំ​ប្រទេស​នេះ ឲ្យ​រង​ទណ្ឌកម្ម​ដែល​អាច​ចៀសវាង​បាន​​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល