ក្រសួងការបរទេសអាមេរិកលើកឡើងថា រដ្ឋាភិបាលអាមេរិកនៅតែបន្តតាមដានការឃុំខ្លួនកញ្ញា សេង ធារី ដោយខុសច្បាប់យ៉ាងយកចិត្តទុកដាក់ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាវិញជាបន្ទាន់។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី វិញនេះ មិនមែនជាការរំលោភអធិបតេយ្យកម្ពុជានោះឡើយ ក៏ប៉ុន្តែជាការជំរុញឱ្យមានការគោរពសិទ្ធិមនុស្សទៅវិញទេ។
រដ្ឋាភិបាលអាមេរិកនៅតែបន្តតាមដានការឃុំខ្លួនពលរដ្ឋអាម៉េរិកាំងដើមកំណើតខ្មែរ កញ្ញា សេង ធារី យ៉ាងយកចិត្តទុកដាក់ និងទាមទារឱ្យដោះលែងកញ្ញាជាបន្ទាន់។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ម៉ាត់ហ្ស៊ូ មីលើ (Matthew Miller)ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១២ ខែកក្កដា ថា សហរដ្ឋអាមេរិកនៅតែបន្តតាមដានការឃុំខ្លួនកញ្ញា សេង ធារី ដែលជាពលរដ្ឋរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ លោកបន្ថែមថា កន្លងមក រដ្ឋាភិបាលអាមេរិកក៏ធ្លាប់បានស្នើដោះលែង កញ្ញា សេង ធារី និងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំដោយខុសច្បាប់ជាបន្ទាន់ដែរ ក្នុងកិច្ចពិភាក្សាជាលក្ខណៈបុគ្គលជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ កញ្ញា សេង ធារី គឺជាបុគ្គលដែលមានភាពល្បីល្បាញ ហើយរដ្ឋាភិបាលអាមេរិកព្យាយាមរិះរកវិធីគ្រប់បែបយ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា សេង ធារី។
លោក ម៉ាត់ហ្ស៊ូ មីលើ ៖ «យើងសូមបញ្ជាក់ជាថ្មីអំពីការថ្កោលទោសរបស់យើងជុំវិញការកាត់ទោសសកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី រយៈពេលប្រាំមួយឆ្នាំ ទាំងដែលកញ្ញាមិនបានធ្វើអ្វីទាល់តែសោះក្រៅតែពីបញ្ចេញមតិដោយសន្តិវិធី។ យើងបន្តអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញាជាបន្ទាន់ ព្រមទាំងដោះលែងជាបន្ទាន់នូវបុគ្គលទាំងអស់ដែលត្រូវបានឃុំខ្លួនក្រោមបទចោទប្រកាន់ដែលមានចរិតនយោបាយ។ រដ្ឋមន្ត្រីការបរទេសរបស់យើង លោក ប្ល៊ីងឃិន(Blinken)បានលើកឡើងបញ្ហានេះដោយផ្ទាល់ជាមួយសមភាគីកម្ពុជារបស់គាត់ ហើយយើងបន្តផ្តល់ជូនកញ្ញា សេង ធារី នូវសេវាកុងស៊ុលដែលសមស្របទាំងអស់ ក្នុងអំឡុងពេលដែលកញ្ញា ត្រូវបានឃុំខ្លួននេះ»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន អះអាងថា ការស្នើឱ្យដោះលែងកញ្ញា សេង ធារី ពីក្រសួងការបរទេសអាមេរិក គឺជាការរំលោភអធិបតេយ្យប្រព័ន្ធតុលាការរបស់កម្ពុជា។ លោកបន្ថែមថា មិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសនោះទេ ប្រសិនបើធ្វើសកម្មភាពខុសច្បាប់ ត្រូវតែទទួលទោសនៅកម្ពុជា។
លោក សុខ ឥសាន៖ «យុត្តាធិការរបស់តុលាការគឺស្របតាមគោលការណ៍ច្បាប់ របស់រដ្ឋមួយដែលមានឯករាជ្យ និងមានអធិបតេយ្យ អ៊ីចឹងតុលាការគេកាត់ទោស គេមានអង្គហេតុ អង្គសេចក្ដីរបស់គេច្បាស់លាស់ ហើយបើកុំឱ្យមានបញ្ហាកាត់ទោសហ្នឹងទាល់តែកុំធ្វើអីខុស។ កញ្ញា សេង ធារី ធ្វើអ្វីខ្លះ?មកធ្វើច្របូកច្របល់ក្នុងស្រុកខ្មែរ ធ្វើបានអីតែម្នាក់ឯង?អាងមានប៉ាស្ព័របរទេសហ្នឹង យកមកធ្វើក្រឡុកសភាពការណ៍នៅក្នុងសង្គមកម្ពុជា»។
កញ្ញា សេង ធារី គឺជាពលរដ្ឋខ្មែរសញ្ជាតិអាម៉េរិកាំង ជាមេធាវី និងជាសកម្មជនការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា។ សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់គុក ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មក តុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលនៅក្នុងខេត្តព្រះវិហារ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ឃើញថា ការស្នើសុំរបស់ក្រសួងការបរទេសអាមេរិក គឺជាការទាមទារឱ្យរដ្ឋាភិបាល បំពេញកាតព្វកិច្ចពីការផ្ដល់សច្ចាប័នលើគោលការណ៍សិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោក អំ សំអាត៖ «អ៊ីចឹងជាសំណូមពររបស់អង្គការសង្គមស៊ីវិល គឺធ្វើម៉េចឱ្យគាត់ត្រូវតែគោរពទៅតាមគោលការណ៍រដ្ឋធម្មនុញ្ញ ដែលបានទទួលស្គាល់បទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ហើយហ្នឹងអនុវត្តជាកាតព្វកិច្ច ឆ្លើយតបទៅហ្នឹងរដ្ឋដែលជាភាគីផ្ដល់សច្ចាប័នទៅលើកតិកាសញ្ញាទាំងឡាយស្ដីពីសិទ្ធិមនុស្សហ្នឹង ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស លើកកម្ពស់ភាពជាមូលដ្ឋានរបស់ពលរដ្ឋ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យផងដែរ»។
ស្រដៀងគ្នានេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ក្រសួងការបរទេសអាមេរិកចាត់ទុកការឃុំខ្លួនកញ្ញា សេង ធារី និងអ្នកទោសនយោបាយផ្សេងៗទៀតថា ជាអំពើខុសច្បាប់ គឺផ្អែកទៅលើគោលការណ៍ច្បាប់របស់កម្ពុជា និងគោលការណ៍សិទ្ធិមនុស្សជាអន្តរជាតិ។ លោកបន្ថែមថា ការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ មិនមែនជាការរំលោភអធិបតេយ្យកម្ពុជានោះទេ ប៉ុន្តែគឺជាការបង្ហាញចេតនាគោលនយោបាយការបរទេសរបស់អាមេរិក ដែលចង់រក្សាទំនាក់ទំនងល្អជាមួយកម្ពុជា តាមរយៈឱ្យរដ្ឋាភិបាលកម្ពុជាលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
លោក គឹម សុខ៖ «វាជាការដាក់សម្ពាធឱ្យជាពិសេសរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណាឡើងវិញ ប្រសិនបើមិនមានការកែប្រែខ្លះឡើងវិញទេ នៅមុនការបោះឆ្នោត ជាពិសេសការដោះលែងកញ្ញា សេង ធារី ធ្វើជាឧទាហរណ៍មួយក្នុងការបង្ហាញអំពីការកែខ្លួនហ្នឹង សំពាធរបស់សហគមន៍អន្តរជាតិ ដែលមានសហរដ្ឋអាមេរិកមានឥទ្ធិពលណាស់ ជាមួយសហភាពអឺរ៉ុប ក៏នឹងកាន់តែខ្លាំងលើរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភានៃក្រុមរបស់លោក ហ៊ុន សែន គឺគណបក្សប្រជាជនកម្ពុជានៅក្រោយការបោះឆ្នោត។
កញ្ញា សេង ធារី គឺជាកូនកំព្រាតាំងពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។ បើទោះបីជាកញ្ញាបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិកក្ដី ប៉ុន្តែកញ្ញាបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ២០០៤ ដើម្បីធ្វើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី គឺលោក ចារិត ហ្គិនស័រ (Jared Genser) លើកឡើងថា ទោះបីជាដឹងខ្លួនថា នឹងអាចប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក្ដីក៏កញ្ញា សេង ធារី នៅតែតស៊ូមតិដោយឥតសំចៃមាត់ ដើម្បីទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ជាងនេះទៅទៀត កញ្ញា សេង ធារី គឺជាវីរជនខ្មែរអាម៉េរិកាំង ដែលក្លាហានហ៊ានប្រឈមនឹងការឃុំខ្លួន ដើម្បីស្វែងរកយុត្តិធម៌ ហើយនាងសមនឹងទទួលបានការគាំទ្រពីពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។