ស្ថានទូតអាមេរិកថា ខ្លួនមិនជ្រើសរើសគាំទ្រជនណា ស្ថាប័នណា ឬបក្សនយោបាយណាឡើយ ប៉ុន្តែស្ថានទូតគាំទ្រពលរដ្ឋកម្ពុជា ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ការអះអាងរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបែបនេះ កើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមេសា បានព្រមានមិត្តបរទេស ដោយមិនចំពោះទៅលើប្រទេសណាមួយឡើយ ឱ្យជ្រើសរើសរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកប្រឆាំង។ លោកថែមទាំងជំរុញឱ្យបរទេសផ្ដាច់ចំណងការទូតពីកម្ពុជាថែមទៀត។
បន្ថែមពីលើការបញ្ជាក់ជំហរគាំទ្រប្រជាពលរដ្ឋកម្ពុជា ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជារបស់នេះ ស្ថានទូតអាមេរិកអះអាងជាថ្មីថា ស្នូលនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ទាំងនៅកម្ពុជា និងនៅជុំវិញពិភពលោកគឺផ្សព្វផ្សាយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្រុងភ្នំពេញ អ្នកស្រី ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក កាលពីថ្ងៃ ទី៦ ខែមេសា។
សារ អ្នកស្រី ស្តេហ្វានី អាហ្សាត៖ «សហរដ្ឋអាមេរិកមិនគាំទ្របុគ្គល ស្ថាប័ន ឬគណបក្សនយោបាយណាមួយឡើយ។ សហរដ្ឋអាមេរិកគាំទ្រប្រជាពលរដ្ឋ និងបំណងប្រាថ្នាប្រកបដោយនិរន្តភាពសម្រាប់ប្រជាធិបតេយ្យពហុបក្ស ដែលរួមបញ្ចូលពីគ្រប់ភាគី ឬមិនទុកនរណាចោល ដោយការពារសិទ្ធិមនុស្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា»។
ការបញ្ជាក់ជំហររបស់ស្ថានទូតសហរដ្ឋអាមេរិកនេះ ជាការឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានព្រមានសារជាសាធារណៈឱ្យមិត្តភក្ដិបរទេស ឬស្ថានទូតបរទេសជ្រើសរើសរវាងរដ្ឋាភិបាល និងក្រុមអ្នកប្រឆាំងរដ្ឋាភិបាល ក្នុងនោះលោកក៏ជំរុញឱ្យបរទេសផ្ដាច់ចំណងការទូតពីកម្ពុជា ប្រសិនបើពួកគេជ្រើសរើសយកក្រុមប្រឆាំង ដែលលោកហៅថា ក្រុមភាគតិច និងជាអ្នកមានទោស។
លោក ហ៊ុន សែន៖ «ហើយមិត្តភក្ដិបរទេស ឥឡូវជ្រើសរើស ជ្រើសរើសប្រទេសកម្ពុជា ឬជ្រើសរើសបុគ្គលមួយក្រុម ដែលប្រព្រឹត្តខុស ? សូមឱ្យបរទេសធ្វើការជ្រើសរើសទៅ។ បើខ្លួនត្រូវការមនុស្ស ដែលច្បាប់បានដាក់ទោស ខ្លួនធ្វើទៅ ហើយអាចផ្ដាច់ទោសពីកម្ពុជា។ ប៉ុន្តែប្រហែលជាអ្នកត្រូវគិតថា នេះជាទំនាក់ទំនងរវាងប្រទេស និងប្រទេស ដែលមានទំនាក់ទំនងគ្នាផ្លូវទូត»។
បើទោះបីជាសារព្រមានរបស់លោក ហ៊ុន សែន នេះមិនបានសំដៅទៅលើប្រទេសណាមួយជាក់លាក់ក៏ដោយក៏អ្នកវិភាគនយោបាយ លោក សេង សារី មើលឃើញថា សារនេះសំដៅទៅដល់ភាគីធំៗ២ គឺសហភាពអឺរ៉ុប និងបណ្ដាប្រទេសកាន់ប្រជាធិបតេយ្យ។ លោក សេង សារី មើលឃើញថា លោក ហ៊ុន សែន កំពុងចង់បង្ហាញទៅបណ្ដាប្រទេសទាំងនោះថា លោកមិនចាប់អារម្មណ៍ពីសម្ពាធណាមួយពីបណ្ដាប្រទេសទាំងនោះឡើយ លើសពីនេះ លោក ហ៊ុន សែន កំពុងធ្វើឱ្យគណបក្សប្រឆាំង ពិសេសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឱ្យនៅឯកា។
ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ វិញ លោកថា សំដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសម្ដីគ្មានការទូត និងខ្វះភាពសមរម្យជាមេដឹកនាំ។ លោក គឹម សុខ បន្ថែមថា ក្នុងភាពជាក់ស្ដែង ក្រុមប្រទេសប្រជាធិបតេយ្យ ដែលជាមិត្តកម្ពុជា ពួកគេមិនកាន់ជើងក្រុមណាមួយទេ ប៉ុន្តែពួកគេនៅជាមួយប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។