លោក វ៉ា គឹមហុង ប្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍ បើ​រក​ឃើញ​មាន​បាត់​ដី​តាម​ព្រំដែន

0:00 / 0:00

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ លោក​ វ៉ា គឹមហុង ប្រាប់​ឲ្យ​ពលរដ្ឋ​រាយការណ៍ ប្រសិន​បើ​រក​ឃើញ​មាន​ការ​បាត់​បង់​ទឹក​ដី​នៅ​តាម​តំបន់​ព្រំដែន ដើម្បី​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ជូន​ភ្លាមៗ។ ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពី​លោក​បាន​ចូល​បំភ្លឺ​ជុំវិញ​បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​-វៀតណាម​ ជូន​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ នៅ​ថ្ងៃ​ទី១០​ ខែ​តុលា។ សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មួយ​ចំនួន និង​សកម្មជន​ព្រំដែន មិន​ទួល​ស្គាល់​ការ​បក​ស្រាយ​របស់​លោក វ៉ា គឹមហុង នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ លោក​ វ៉ា​ គឹមហុង អះអាង ថា ការ​បោះ​បង្គោល​ព្រំដែន​កន្លង​មក គឺ​កម្ពុជា មិន​បាន​បាត់​ដី​មួយ​ចំអាម ហើយ​ក៏​មិន​បាន​ធ្វើឲ្យ​ពលរដ្ឋ​ណា​ម្នាក់ មាន​ទឹក​ភ្នែក​ទឹក​សំបោរ​នោះ​ទេ ក្រោយ​ដោះ​ដូរដី​ជាមួយ​វៀតណាម​ចំនួន ៣៤តំបន់ តាម​ព្រំដែន​ដោយ​សន្តិវិធី និង​ព្រមព្រៀង​គ្នា​ទាំង​ស្រុង។ ទោះ​យ៉ាង​ណា​ក្តី លោក វ៉ា គឹមហុង ថ្លែងថា ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា មាន​បញ្ហា​បាត់​ដីធ្លី​នៅ​កន្លែង​ណា​មួយ​តាម​តំបន់​ព្រំដែន​នោះ អាច​រាយ​ការណ៍​ប្រាប់​គណៈកម្មការ​ព្រំដែន​កម្ពុជា ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​ភ្លាមៗ។ មន្ត្រី​ជំនាញ​កិច្ចការ ព្រំដែន​របស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ បញ្ជាក់​ថា សេចក្ដី​រាយ​ការណ៍​ពី​រឿង​បាត់​បង់​ដី​តាម​ព្រំដែន នា​ពេល​កន្លង​មក​របស់​ប្រជាពលរដ្ឋ​ និង​មជ្ឈដ្ឋាន​មួយ​ចំនួន គឺ​គ្មាន​ភស្តុតាង​ពិត​ប្រាកដ​ទេ គឺ​មាន មូលហេតុ​នយោបាយ​នៅ​ពី​ក្រោយ៖ «ជាទូទៅ​ យើង​មាន​យន្តការ​ ដើម្បី​ការពារ​ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានទុក្ខ​វេទនា ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន​ទេ។ យើង​មាន​យន្ត​ការ​អនុស្សរណៈ​យោគ​ យល់គ្នា​ឆ្នាំ២០១១​ ដើម្បី​ធ្វើការ​ដោះដូរ​រក្សា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ដដែល​។ តាម​ការ​ ណែនាំ​របស់​រដ្ឋាភិបាល​សម្តេច​តេជោ​ លោក​ សុខចិត្ត​កែប្រែ​តាម​ខ្សែ​ព្រំដែន​ឲ្យ​ទៅជា​ខ្សែ​ព្រំដែន​ ដែល​មាន​ធ្មេញ​រណា​។ជូន​កាល​ភ្លឺស្រែ​មួយ​ ឬ​ផ្នូរ​ខ្មោច​មួយ​យើង​សុខ​ចិត្ត​ប្ដូរ​រក្សាទុក​ជូន​គាត់។ ដូច្នេះ​វា​អត់មាន​បាត់​ បើ​មាន​កន្លែងណា​ប្រាប់​យើង​មក​។អ្នក​និយាយ​ និយាយ​ឲ្យតែ​ឮ ដើម្បី​ថា​ គណៈកម្មការ​ព្រំដែន និង​រដ្ឋាភិបាល​យើង​ មិន​យកចិត្ត​ទុកដាក់​ ដល់​ការរស់នៅ​និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​យើង​ប៉ុណ្ណោះ »

លោក វ៉ា គឹមហុង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ យោបល់​ថា ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ៨៤​ភាគ​រយ​ថ្មីៗ នេះ គឺជា​រឿង​មោទនភាព​បំផុត ក្នុង​សម័យ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ដើម្បី​កសាង​ព្រំដែន​ឲ្យ​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ។ លោក​បន្ត​ថា ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ដែល​នៅ​សេសសល់ ១៦ភាគ​រយ​ទៀត​នោះ គឺ​ដោយសារ​មិន​ទាន់​បាន​ឯកភាព​គ្នា ដោយ​តំបន់​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​ប្រជាពលរដ្ឋ​វៀតណាម និង​កំពុង​ចរចា​គ្នា​ឲ្យ​មាន​ឯកភាព​គ្នា​លើ​គោល​ការណ៍​អន្តរជាតិ​ផង​ដែរ៖ «ក្រោយ​មាន​គោលការណ៍​ឯកសារ​ផ្លូវ​ច្បាប់​ហើយ យើង​អាច​ចាប់​ផ្ដើម​ធ្វើ ( ផ្លូវ ) បាន​ហើយ​គេ​លែង​ហាម​ឃាត់​ហើយ។ សំខាន់​ឲ្យ​តែ​ក្រសួង​ហិរញ្ញវត្ថុ​មាន​ថវិកា​ឲ្យ​កង​វិស្វកម្ម​របស់​ក្រ​សួង​ការពារ​ជាតិ​របស់​យើង គឺ​យក​មក​ចាប់​ធ្វើ​ផ្លូវ​បាន​ហើយ។ នេះ​ជា​ចំណុច​មួយ​ដែល​ យើង​ខិតខំ​ការពារ​បូរណភាព​ទឹកដី​ ព្រោះ​ថា​ យើង​មានតែ​ផែនទី​ផែន​អី​ក៏​មិន​គ្រប់គ្រាន់​ដែរ»

មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​របប​ក្រុង​ភ្នំពេញ បាន​ឆ្លើយ​ប្រាប់​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ដែរ​ថា ការ​វាស់វែង និង​ការ​កំណត់​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង គឺ​មិន​បាន យក​ផែនទី ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ គឺ​ប្រើ​ផែនទី​ឧបសម្ពន្ធ​រវាង ៤ប្រទេស គឺ​កម្ពុជា-ឡាវ កម្ពុជា-វៀតណាម កម្ពុជា-ថៃ និង​កម្ពុជា-ចិន ដែល​ដូច​គ្នា​នឹង​ផែនទី ដែល​បាន​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ។ បន្ថែម​ពី​លើ​ពី​នេះ លោក វ៉ា គឹមុង អួត​ថា ការ​យក​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ មក​អនុវត្ត​លើ​កិច្ចការ​ព្រំដែន​នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ដី​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ថែម​ទៀត ដូច​ជា ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​តាម​ខ្សែ​ទឹក​ជ្រៅ ពោល​គឺ​ពាក់​កណ្ដាល​ម្នាក់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ប្រើប្រាស់​ទឹក​បាន ដោយ​មិន​ចាំបាច់​ទិញ​ទឹក​ដូច​ពី​មុន ព្រោះ​កម្ពុជា​ប្រើប្រាស់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ១៩៨៥ កន្លង​មក។

សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ ប្រាប់​អាស៊ី​សេរី​ថា លោក​ទទួល​យក​ការ​បក​ស្រាយ​របស់​លោក វ៉ា គឹមហុង ព្រោះ ចម្លើយ​មាន​លក្ខណៈ​បច្ចេកទេស និង​ល្អិតល្អន់៖ «ចំពោះ​មុខ គឺ​ខ្ញុំ​អាច​ទទួលយក​បាន​នៅ​ក្នុង​រង្វង់​បច្ចេកទេស​ប៉ុន្តែ​ គណបក្ស​យុវជន​កម្ពុជា​ នឹង​មាន​វិធាន​មួយទៀត​គឺ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​តែ​ម្ដង អ៊ីចឹង​យើង​នឹង​យក​សំណៅ​ផ្ទាល់​មក​ប្រៀបធៀប​ចម្លើយ​របស់​គាត់។ ក្រោយ​ប្រជុំ​នេះ​រួច​ យើង​នឹង​មាន​បេ​សកម្ម​ចុះ​តែ​ម្ដង​ អាច​ខែ ឬ​ខែ​ក្រោយ»។

ការ​ឆ្លើយ​បំភ្លឺ​អំពី​បញ្ហា​ព្រំដែន​នេះ បន្ទាប់​ពី​មាន​ការ​រិះគន់ និង​ការ​បារម្ភ​ពី​រឿង​បាត់បង់​ទឹកដី ក្រោយពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា បាន​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន២​ ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ រួមមាន (១) សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥​ រវាង​កម្ពុជា​ និង​វៀតណាម​ និង​ (២) ពិធីសារ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​ រវាង​កម្ពុជា​ និង​វៀតណាម​ ដែល​ភាគី​ទាំងពីរ​បញ្ជាក់​ជាថ្មី​នូវ​ការព្រមព្រៀង​រឿង​ព្រំដែន​នេះ​ និង​ទទួលស្គាល់​ពី​វឌ្ឍនភាព​នៃ​ខណ្ឌសីមា​ និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​ ដែល​សម្រេច​បាន​មកដល់​បច្ចុប្បន្ន​ ប្រមាណ​ ៨៤%។

រីឯ​សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​បក​ស្រាយ​របស់​លោក វ៉ា គឹមហុង ព្រោះ​នៅ​មាន​ភាព​ស្រពេចស្រពិល​ច្រើន​នៅ​ឡើយ។ លោក​ថ្លែង​ថា រាល់​​សន្ធិសញ្ញា​មុន កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស គឺ​សុទ្ធតែ​សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​អំឡុង​ពេល​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល របស់​ប្រទេស​ដទៃ និង​ជា​សន្ធិសញ្ញា​មិន​ការពារ ផល​ប្រយោជន៍​កម្ពុជា​នោះ​ទេ ម្ល៉ោះ​ហើយ​ទើប​កិច្ច ព្រមព្រៀង​ទីក្រុង​ប៉ារីស សម្រេច​លុបចោល​សន្ធិសញ្ញា​ទាំង​អស់​នោះ​រួមមាន​​សន្ធិសញ្ញា​​ឆ្នាំ១៩៨៥ ជាដើម។ លោក​បន្ថែម​ថា ផ្ទុយ​ទៅ​វិញ​ ក្នុង​ឆ្នាំ២០០៥ បែរ​ជា​មាន​សន្ធិសញ្ញា​​បំពេញ​បន្ថែម​ធ្វើឲ្យ ​សន្ធិសញ្ញា​​ឆ្នាំ១៩៨៥ ស្រប​ច្បាប់​ឡើង​វិញ។ ករណី​នេះ លោក គង់ មុនីកា នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ អំពី​ការ​ខាតបង់​ប្រយោជន៍​កម្ពុជា ទោះ​បី​ជា​លោក វ៉ា គឹមហុង អះអាង​ថា ​សន្ធិសញ្ញា​ឆ្នាំ២០០៥ ផ្ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​ច្រើន​ក្តី។ ម្យ៉ាង​វិញ​ទៀត ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​រូប​នេះ​យល់​ថា រឿង ផែនទី និង​ការ​បោះ​បង្គោល​ព្រំដែន​ជា​រឿង​មួយ​ផ្សេង ប៉ុន្តែ​រឿង​ផែនដី​ជាក់​ស្ដែង គឺ​ជា​រឿង​ផ្សិង​មួយ​ទៀត ដោយ​លោក​អះអាង​ថា បទ​ពិសោធន៍​នៃ​ការ​ចុះ​សិក្សា​ស្រាវជ្រាវ​តាម​ព្រំដែន​កន្លង​មក គឺ​មាន​ពលរដ្ឋ​រស់​នៅ​តាម​បន្ទាត់​ព្រំដែន​ជា​ច្រើន អះអាង​ថា ពួក​គាត់​បាត់​បង់​ទឹក​ដី​ទៅ​វៀតណាម ឬ​ការ​បោះ​បង្គោល​ព្រំដែន​ទាំង​នោះ បាន​ចូល​ហួស​ជ្រៅ​ក្នុង​ដី​ខ្មែរ​ជា​ដើម៖ «យើង​យល់​ថា ការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំ​ដែន​ថ្មីៗ នេះ វា​មិន​មាន​ភាព​ចាំបាច់​ទេ​ ដោយសារ​ថា​យើង​ធ្វើ​ទើបតែ​បាន ៨៤ភាគ​រយ ហេតុ​អី​មិន​ចាំ​សម្រេច ១០០ភាគ​រយ​ចាំ​ធ្វើ។ នេះ​គឺ​ជា​ចម្ងល់​មួយ​ដែរ។ យើង​សង្ឃឹម​ថា នៅ​ថ្ងៃ​ខាង​មុខ បើ​មាន​ការ​បោះ​បង្គោល​គ្រប់​ចំនួន ១០០ភាគ​រយ​ហើយ​ រដ្ឋាភិបាល​និង​អាជ្ញាធរ​ទទួ​លប​ន្ទុ​កិច្ចការ​ព្រំដែន​នេះ​ មាន​ការ​បើក​ទូលាយ​បង្ហាញ​នូវ​ឯកសារ​ទាំង​ឡាយ​និង​ទីតាំង​បោះ​បង្គោល​ព្រំដែន​អី ដើម្បី​ឲ្យ​ចែក​រំលែក​ជាមួយ​ អង្គការ​សង្គម​ស៊ីវិល​ គណបក្ស​នយោបាយ​ ក៏​ដូច​ជា មន្ត្រី​ជំនាញ​ផ្នែក​ព្រំដែន​ មន្ត្រី​ជាតិ​ មន្ត្រី​បរទេស​អាមេរិកកាំង​ បារាំង​ជា​ដើម​ ដើម្បី​ផ្ទៀងផ្ទាត់​គ្នា​ថា​ តើ​យើង​ឯកភាព​ទាំង​អស់​គ្នា​ឬ​ទេ​ ដើម្បី​កុំ​ឲ្យ​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​រឿង​នយោបាយ​នៅ​ពេល​អនាគត»។

លោក គង់ មុនីកា លើក​ឡើង​ថា ប្រសិន​បើ​លោក វ៉ា គឹមហុង ចង់​ឲ្យ​ពលរដ្ឋ​រាយ​ការណ៍​អំពី​ការ​បាត់​ដី ឬ​បង្ហាញ​ភាព​មិន​ប្រក្រតី​នោះ រដ្ឋាភិបាល​គួរ​តែ​ឈប់​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ឈប់​គំរាម កំហែង។ លោក​ថ្លែង​ថា ស្ថានភាព​តឹងតែង​ដូច​សព្វថ្ងៃ​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ មិន​អាច​ចុះ​ទៅ ស្រាវជ្រាវ​ព្រំដែន​បាន​នោះ​ទេ៖ « ជា​ទូទៅ​យើង​ចុះ​ទៅ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ តែ​ពេល​ យើង​ទៅ​កន្លែង​ខ្លះ​ក៏​មាន​ការ​រឹត​បន្តឹង​ហាម​មិន​ឲ្យ​ចូល​ ហើយ​កន្លែង​ខ្លះ​ក៏​បើក​ឲ្យ​ចូល​ជា​ធម្មតា។ ដូច្នេះ​យើង​គ្រាន់តែ​គិត​មើល​ថា​ យើង​ជា​គណបក្ស​មួយ​ក្នុង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ផង យើង​នៅ​មាន​កម្រិត​ក្នុង​ការ​ទៅ​រក​តម្រុយ ឬ​សិក្សា​ស្វែង​រក​បញ្ហា​ព្រំដែន។ ចុះ​ទម្រាំ​តែ​ប្រជា​ពល​ រដ្ឋ​ធម្មតា ឬ​អ្នកស្រាវជ្រាវ​ធម្មតា តើ​ពួក​គាត់​មាន​ការ​លំបាក​យ៉ាង​ណា ? យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បន្ត​បើក​ទូលាយ »

ក្នុង​ជំនួប​ជា​មួយ​លោក វ៉ា គឹមហុង នេះ សមាជិក​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មកពី គណបក្ស​ផ្សេងៗ មិន​សូវ​មាន​ឱកាស​បាន​សួរ​ដេញដោល លោក វ៉ា គឹមហ៊ុង នោះ​ទេ ដោយសារ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ មាន​សំណួរ​ច្រើន ហើយ​លោក វ៉ា គឹមហុង ចំណាយ​ពេល​វេលា​ច្រើន​ឆ្លើយ​តប ចំពោះ​សំណួរ​របស់​លោក ពេជ្រ ស្រស់។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ជា​ក្រុម​ការងារ ១០០រាត្រី លោក មួង សូនី ដែល​តែង តែ​ចុះ​សិក្សា​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​ជា​ញឹកញាប់​នោះ លើក​ហេតុផល​ឡើង​ថា ការ​ដែល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន កម្ពុជា-វៀតណាម​នេះ គឺ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ លោក មួង សូនី សុំ​មិន​និយាយ​អំពី​បញ្ហា​ផែនទី​ទេ ដោយ​សារ​គ្មាន​ជំនាញ ប៉ុន្តែ​លើក​អំពី​ស្ថានភាព​ជាក់​ស្ដែង​ថា ទី១ ការ​បោះ​បង្គោល​ថ្មីៗ នេះ ភាគ​ច្រើន​បោះ​ចូល​ដី​ខ្មែរ ខណៈ​បង្គោល​សម័យ​បារាំង​បោះ​នៅ​ក្នុង​ដី​វៀតណាម ទី២ ពលរដ្ឋ​តាម​ព្រំដែន សុទ្ធតែ​អះអាង​ថា ទឹក​ដី​ពួក​គាត់​បាត់បង់​ទៅ​វៀតណាម ក្រោយ​ការ​បោះ​បង្គោល ទី៣ ការ​ដោះ​ដូរ​ដី ឬ​ភូមិ​រវាង​កម្ពុជា-​វៀតណាម​នោះ គឺ​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បង្ហាញ​ថា ភូមិ​ណា​ដោះដូរ​ពី​វៀតណាម​មក​ខ្មែរ ហើយ​ពី​ខ្មែរ​ទៅ​វៀតណាម​នោះ​ទេ។ ទី៤ ទោះ​បី​បោះ​បង្គោល​រួច​ក្តី​វៀតណាម​ក៏​នៅ​តែ ទាមទារ​ទឹក​ដី​ដែល​វៀតណាម​អះអាង​ថា ជា​ទឹកដី​របស់​ខ្លួន ដូច​ជា នៅ​ថ្ម​បី​ដុំ នៅ​បាក់ណាម និង​ក្អម សំណ​ជា​ដើម និង​ទី៥ មាន​ចំណុច​មួយ​ចំនួន គឺ​ពលរដ្ឋ​វៀតណាម បាន​ចេញ​ចូល​ទឹក​ដី​ខ្មែរ​ដោយ​សេរី ដែល​ធ្វើ​ឲ្យ​បារម្ភ​ពី​ការ​បាត់បង់​ទឹក​ដី នៅ​ពេល​អនាគត​ដដែល៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​គឺ​យើង​ឃើញ​ចំណុច ៥យ៉ាង​នេះ​ យើង​ឃើញ​ថា​ មិន​ មាន​ចំណុច​ណា​មួយ​ដែល​យើង​ចំណេញ​ទេ។ ខ្ញុំ​យល់​ថា រឿង​សំខាន់​គឺ រឿង​ការពារ​ទឹកដី​ដែល​នៅ​សល់ ចង់​សំដៅ​ថា រដ្ឋាភិបាល​ទទួលស្គាល់​ការ​បោះ​បង្គោល​ព្រំដែន ៨៤ភាគរយ​ ក៏ដោយ​ ប៉ុន្តែ​សួរ​ថា​ តើ​យើង​អាច​ការពារ​ព្រំដែន​ដែល​ទទួល​ស្គាល់​នេះ​បាន​ដែរ​ទេ ? ខ្ញុំ​ចុះ​ទៅ​ស្រាវជ្រាវ​ទៅ​ឃើញ​ថា​ កម្ពុជា​ខ្សោយ​ទាំង​អស់​ ដូច​ជា​មន្ត្រី​តាម​ព្រំដែន​ពុក​រលួយ​ សមត្ថភាព​ បច្ចេកទេស​ និង​ធនធាន គឺ​យើង​នៅ​ក្រ​ណាស់ ដែល​យើង​មិន​អាច​ការពារ​ព្រំដែន​បាន។ ប្រជាពលរដ្ឋ​តាម​ព្រំដែន​ក្រីក្រ​ ច្បាប់​ស្ដីពី​ការ​ការពារ​ព្រំដែន និង​គោល​នយោបាយ​អភិវឌ្ឍន៍​ព្រំដែន​យើង​អត់​ទាន់​មាន​ ប៉ុន្តែ​វៀតណាម​ មាន​ទាំង​អស់»

សកម្មជន​ដែល​ចុះ​ស្រាវជ្រាវ​ព្រំដែន​រូប​នេះ ចាត់ទុកថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច ដែល​លោក វ៉ា គឹមហុង ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រាយ​ការណ៍​ពី​រឿង​បាត់​ដី ដើម្បី​បាន​ការ​ដោះ​ស្រាយ ប៉ុន្តែ​កន្លង​មក ពេល​ពលរដ្ឋ និង​ក្រុម​ការងារ​របស់​លោក រក​ឃើញ​ពី​ការ​បាត់​ដី​នោះ គឺ​រដ្ឋាភិបាល តែង​តែ​ចោទ ប្រកាន់​ថា ជា​ក្រុម​ប្រឆាំង និង​ថែម​ទាំង​រារាំង​គំរាម​កំហែង​ទៀត​ផង។ លោក មួង សូនី បន្ត​ថា ការបោះ​បង្គោល​ព្រំដែន ៨៤​ភាគ​រយ​នេះ មិន​អាច​ធ្វើ​ឲ្យ​ព្រំដែន​មាន​ការ​អភិវឌ្ឍ និង​សន្តិភាព​បាន​ទេ ប្រសិន​បើ​រដ្ឋាភិបាល គ្មាន​យន្តការ​ច្បាស់លាស់ ដូច​ជា លុប​បំបាត់​មន្ត្រី​ពុក​រលួយ​តាម​ព្រំដែន រៀបចំ​គោល​នយោបាយ​អភិវឌ្ឍ​ព្រំដែន និង​គ្រប់គ្រង​ពលរដ្ឋ​រស់​នៅ​តាម​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​ដើម។

ក្រោយពី​របប​ក្រុងភ្នំពេញ​ និង​រដ្ឋាភិបាល​វៀតណាម​ ចុះហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន​បោះ​រួច​នេះ​ ប្រជាពលរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បារម្ភ​ថា​ នៅ​ពេល​ដែល​កម្ពុជា​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ មានតែ​គណបក្ស​មួយ​គ្រប់គ្រង​រដ្ឋសភា​ ហើយ​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ដោយ​អាថ៌កំបាំង​ ឬ​លាក់លៀម​ដូច្នេះ​ គឺ​មិន​អាច​ដឹង​ថា​ កម្ពុជា​ខាត​ ឬ​វៀតណាម​ចំណេញ​នោះ​ទេ។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កន្លះ​ប្រទេស​វិញ ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ រវាង​ប្រទេស​កម្ពុជា-​វៀតណាម​ដាច់ខាត ហើយ​ប្ដេជ្ញា​ថា​ នឹង​សើរើ​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ​​ថ្កោលទោស​របប​ក្រុង​ភ្នំពេញ​ថា​ បាន​ចុះ​ហត្ថលេខា​កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម​ដោយ​ខុស​ច្បាប់៕

(លោក​ វ៉ា​ គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។