តុលាការ​ផ្ដន្ទាទោសលោក ស៊ុន ចន្ធី ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ និង​ដក​សិទ្ធិ​ធ្វើ​នយោបាយ​

0:00 / 0:00

មន្ត្រី​​គណ​បក្ស​កម្លាំង​ជាតិ និង​សាច់ញាតិ​ថា ជា​រឿង​​អយុត្តិធម៌ ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​​លោក ស៊ុន ចន្ធី ឱ្យ​​ជាប់​ពន្ធនាគារ ២​ឆ្នាំ​​ និង​​​ដក​សិទ្ធិ​ធ្វើ​​នយោបាយ​​​ជា​អចិន្ត្រៃយ៍​ ក្នុង​​​​សំណុំ​រឿង «ញុះញង់»។ ពួក​គាត់​ថា ការ​ផ្ដន្ទាទោស​នេះ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ព្រោះ​ថា​ ​លោក ស៊ុន ចន្ធី ​គឺ​ជា​មនុស្ស​ស្អាត​ស្អំ ​ ហើយ​​ការ​និយាយ​កន្លងមក​​របស់​លោក ពាក់ព័ន្ធ​​ បញ្ហា​​ចែក​ប័ណ្ណ​ក្រីក្រ​ដែល​​ថា មាន​ភាព​មិន​ប្រក្រតី​​​នោះ គឺ​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា។

ក្រោយ​ជាប់​ពន្ធនាគារ​អស់​ជិត​១ឆ្នាំ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ បាន​សម្រេច​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​ ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ លោក ស៊ុន ចន្ធី ទាំង​​កំបាំង​មុខ​ ​​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ និង​ដក​ហូត​សិទ្ធិ​​​​​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ រួម​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤លានរៀល​ ​ឬ​ស្មើ​ប្រមាណ ​១ពាន់ (១.០០០) ដុល្លារ​អាមេរិក​បង់​ឱ្យ​ទៅ​ដើម​បណ្ដឹង​។ សាច់ញាតិ លោក ស៊ុន ចន្ធី ថា ការ​​សម្រេច​នេះ គឺ​ជា​រឿង​មិន​​ត្រឹម​ត្រូវ ​ហើយ​​បង្កប់​​នូវ​ ហេតុផល​នយោបាយ។

ប្រពន្ធ​​​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៦ ខែ​ធ្នូ ថា​ លោកស្រី​តក់ស្លុត​ជា​ខ្លាំង ​នៅ​ពេល​​​ទទួល​បាន​ដំណឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ផ្ដន្ទាទោស​ប្ដី ឱ្យ​ជាប់​​ពន្ធនាគារ​ពីរ​ឆ្នាំ​ និង​​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ ​ខណៈ​ដែល​​លោក​ស្រី​ កំពុង​តែ​ឈឺពោះ​សម្រាលកូន​​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ លោកស្រី​​​​​ថា ប្ដី​លោកស្រី គឺ​ជា​មនុស្ស​ស្អាត​ស្អំ​​​ ហើយ​​​ ពុំបាន​ប្រព្រឹត្ត​កំហុស​ណាមួយ​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោកស្រី​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោកស្រី យាន ស្រីយ៉ាន៖«បើ​ដាក់​គាត់​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​ហើយ ​ហេតុអ្វី​មិន​ឱ្យ​គាត់​ទៅ​ឈរ​ឈ្មោះ​​ក្នុង​ឆាក់​នយោបាយ​ទៀត​អ៊ីចឹង?ខ្ញុំ​អត់​ដឹង​ថា​តើ​តុលាការ គាត់​ដើរ​ក្ដី​ នីតិវិធី​នេះ​យ៉ាង​ម៉េច​ទេ​ គឺ​វា​ជា​រឿង​អយុត្តិធម៌​ណាស់​។ ក្នុង​នាម​ខ្ញុំ​ជា​ប្រពន្ធ ដែល​ទទួល​បាន​ដំណឹង​ថ្ងៃ​នេះ​ហើយ​ ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​មែន​ទែន​ មិន​គួរ​ណា​តុលាការ​ សម្រេច ​និង​ កាត់​ទោស​ទណ្ឌ​ប្ដី​រូប​នាង​ខ្ញុំ​អ៊ីចឹង​ទេ»។

រីឯ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​បាន​ទៅ​ឃ្លាំមើល​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែរ​នោះ ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​សម្រេច​របស់​តុលាការ​​ឱ្យ​លោក ស៊ុន ចន្ធី​​​ ចាញ់​ក្ដី​នេះ​គឺ​ជា​រឿង​​ នយោបាយ​សុទ្ធសាធ​ ហើយ​​​ពុំ​សម​ហេតុផល​​​នោះ​ឡើយ។ លោក​ចាត់​ទុក​​សាលក្រម​នេះ​ គឺ​ជា​ការ​​គំរាម​កំហែង​​​ស្មារតី​​​ ដល់​មន្ត្រី​​ គណ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​​។ ប៉ុន្តែ​ យ៉ាងណា ​​លោក​ថា​ មន្ត្រី​គណបក្ស​​កម្លាំង​ជាតិ​ទាំង​អស់​ នៅ​តែ​​បន្ត​​រក្សា​គោល​ជំហរ​​ទាមទារ​រក​យុត្តិធម៌ ​ជូន​ដល់​​លោក ស៊ុន ចន្ធី ដដែល។

លោក រ៉ុង ឈុន៖«នេះ​ជា​ការសម្រេច​តាម​ឥទ្ធិពល​នយោបាយ ពី​ព្រោះ​រឿង​កំហុស​នេះ​ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ។ យើង​ដឹង​ហើយ​ថា​ នៅ​ក្នុង​សង្គម​កម្ពុជា​យើង យើង​គួរតែ​ ត្រូវ​បាន​លើក​ឡើង​ អ្នក​ដែល​ជាប់ឃុំ​ដើម្បី​ស្ដារ​មុខ​ស្ដារ​មាត់​ ស្ដារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។​ យើង​មិន​ត្រូវ​ដាក់​បន្ទុក​អ្នក​នយោបាយ យើង​ត្រូវ​បើក​ លំហ​ឱ្យ​មាន​ការ​ប្រកួតប្រជែង ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

វិទ្យុ​​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​ការ​សម្រេច​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

កាល​​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ ​លោក ស៊ុន ចន្ធី ​​នៅ​ក្នុង​អាកាសយានដ្ឋាន​ ​អន្តរជាតិ​ភ្នំពេញ​ បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ពី​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​ជប៉ុន។ ការ​ឃាត់​ខ្លួន​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ ​​បាន​ចោទ​លោក ស៊ុន ចន្ធី ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​លើ​​បណ្ដាញ​សង្គម​ ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល ពាក់ព័ន្ធ​ការ​​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​ ដែល​មាន​​លក្ខណៈ​​​លម្អៀង​ និង​រើសអើង​និន្នាការនយោបាយ។

​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ស៊ុន ចន្ធី គឺ​លោក ជូង ជូងី ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​ប្រកាស​សាលក្រម​​រួច​ថា កូន​ក្ដី​របស់​លោក​ដែល​​តុលាការ​ ​ចោទ​ប្រកាន់​ ​​​គឺ​​ផ្ដោត​ទៅលើ​​​​​ខ្លឹមសារ​​ ដែល​​​​លោក ស៊ុន ចន្ធី បាន​និយាយ​កន្លង​មក​​​​​​​​ពាក់ព័ន្ធ​នឹង​ការ​ប្រៀបធៀប ពី​​ការ​អភិវឌ្ឍ​ស្ពាន​អាកាស​រវាង​​កម្ពុជា​ និង​ប្រទេស​ជប៉ុន​ និង​​មួយ​​ទៀត​ ​គឺ​ការ​ចែក​ប័ណ្ណ​ក្រីក្រ​ឱ្យ​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ឱ្យ​លោក ស៊ុន ចន្ធី ចាញ់​​ក្ដី​​នេះ​ធ្វើ​ឡើង​ មិន​​សម​ហេតុផល​នោះ​ទេ​ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​​រឹងមាំ​ដើម្បី​ដាក់​បន្ទុក​នោះ​ឡើយ។ លោក​ថា នឹង​ជជែក​ជាមួយ​លោក ស៊ុន ចន្ធី បន្ថែម​ទៀត ​​ពី​ការ​​​​ប្ដឹង​ជំទាស់​​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត។

​លោក ជូង ជូងី៖«ខ្ញុំ​យល់​ឃើញ​ថា​សេចក្ដី​សម្រេច​នេះ​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​លោក ស៊ុន ចន្ធី ទេ​ ហើយ​ខ្ញុំ​នឹង​ជូនដំណឹង​​​ដល់ លោក ស៊ុន ចន្ធី ដើម្បី​ ផ្ដល់​ការ​ប្រឹក្សា​ច្បាប់​​​ ដល់​គាត់​ពី​ករណី​នេះ​។ គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​នឹង​ផ្ដល់​​ប្រឹក្សា​ច្បាប់​ដល់​គាត់ បើ​គាត់​ចង់​បាន​យ៉ាង​ណា​ ខ្ញុំ​នឹង​ បំពេញ​នីតិវិធី​តាម​អ្វី​ដែល​គាត់​ចង់​បាន​។ សម្រាប់​ខ្ញុំ​ជា​មេធាវី យល់​ឃើញ​ថា អ្វី​ដែល​លោក ស៊ុន ចន្ធី បាន​និយាយ​នៅ​ប្រទេស​ជប៉ុន​ហ្នឹង គឺ​គាត់​មិន​មែន​​ ជា​កំហុស​ទេ​ គឺ​គាត់ គ្រាន់​តែ​​រិះគន់​ដើម្បី​ស្ថាបនា»។

ភ្លាម​ៗ​ក្រោយ​​ការ​​ប្រកាស​សាល​ក្រម​​របស់​​តុលាការ​ ដែល​​ឱ្យ​​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ ចាញ់​ក្ដី​នេះ​​ នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) បង្ហោះ​សារ​នៅ​លើ​បណ្ដាញ ​សង្គម​អ៊ិច (X) លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ អិច នៅ​ថ្ងៃ​ដដែល​នេះ​​​ថា ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា​​​មក​លើ​ក្រុម​​​​គណបក្ស​​​ប្រឆាំង​​ ​នៅ​​​​ពេល​ឥឡូវ​​នេះ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​ដែល​កំពុង​​​រីក​​​រាលដាល ហើយ​​ ​លោក​ថា កម្ពុជា​​បាន​យក​​​​​គំនិត «លទ្ធិប្រជាធិបតេយ្យ» គឺ​ជា​ការ​លេង​សើច​ទាំង​ស្រុង។

ទាក់ទិន​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​សម្រេច​ផ្ដន្ទាទោស​ឱ្យ​​ លោក ស៊ុន ចន្ធី ​ជាប់​ពន្ធនាគារ និង​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​ កម្ពុជា​នឹង​ទទួល​រង​ការរិះគន់​បន្ថែម​ទៀត ពាក់ព័ន្ធ​បញ្ហា​ការ​រឹតត្បិត​ សិទ្ធិ​សេរីភាព និង​សិទ្ធិ​នយោបាយ​ ដែល​បណ្ដា​អង្គការ​ជាតិ និង​ អន្តរជាតិ ​តែងតែ​រិះគន់​កន្លង​មក។ លោក​បន្ត​ថា កម្ពុជា​គួរតែ​​​ ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​បើក​លំហ​សិទ្ធិ​សេរីភាព​​ដល់​ពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​​ឱ្យ​បាន​ពេញ​លេញ​ឡើងវិញ។

លោក ជូង ជូងី៖«ការ​កាត់​ទោស​លោក​ ស៊ុន ចន្ធី​​​នេះ​​ វា​អាច​មាន​ការ​រិះគន់​បន្ថែម​ទៀត​ ព្រោះ​កន្លង​មក​ការ​ចាប់​ខ្លួន​ សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន​ សកម្មជន​សហជីព និង​សកម្មជន​សិទ្ធិមនុស្ស មាន​បញ្ហា​ចម្រូងចម្រាស ក្នុង​ការ​បកស្រាយ​របស់​អាជ្ញាធរ​កម្ពុជា និង​តុលាការ ​លើក​ឡើង​ថា​ជា​ការ​អនុវត្ត​ច្បាប់ ​មិន​មែន​ជា​ការ​រំលោភ​សេរីភាព​ជា​មូលដ្ឋាន​ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ថា ជា​ការ​រឹតត្បិត​ លំហ​សេរីភាព​ជា​មូលដ្ឋាន និង​រឹតត្បិត​លំហ​សេរីភាព​នយោបាយ​ជា​ដើម»។

មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​ឃ្លាំមើល​បញ្ហា​នយោបាយ និង​សង្គម​បារម្ភ​ថា ការ​​ផ្ដន្ទាទោស​ ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ ២​ឆ្នាំ និង​ដក​ហូត​សិទ្ធិ​ធ្វើ​ នយោបាយ​​នេះ គឺ​កម្ពុជា​កំពុងតែ​ វាយ​កម្ទេច​ប្រព័ន្ធ​ប្រជាធិបតេយ្យ​​ឱ្យ​​​ដាំ​ក្បាល​ចុះ ខណៈ​ដែល​អង្គការ​ជាតិ និង​អន្តរជាតិ​ កំពុង​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ត្រកូល​«ហ៊ុន» ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ និង​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព​​ឡើងវិញ ដើម្បី​បញ្ចៀស​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​បន្ថែម​ទៀត ពី​បណ្ដា​ប្រទេស​លោកសេរី ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។