លោក សុន ឆ័យ វិលទៅកម្ពុជាវិញ ដើម្បីតតាំងក្តីក្នុងតុលាការ
2022.07.03

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន សម្រេចវិលទៅកម្ពុជាវិញហើយ នៅថ្ងៃទី៣ ខែកក្កដា ដើម្បីតតាំងក្តីនៅក្នុងតុលាការដែលដាក់បណ្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ មេធាវីការពារក្តី និងមន្ត្រីសង្គមស៊ីវិលផ្នែកឃ្លាំមើលការបោះឆ្នោតយល់ថា អាជ្ញាធរ គួរតែទម្លាក់ចោលការចោទប្រកាន់លោក សុន ឆ័យ ដើម្បីឲ្យលោកចូលរួមប្រកួតប្រជែងនយោបាយដោយពេញលេញ។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក សុន ឆ័យ បានធ្វើដំណើរតាមយន្តហោះចេញពីប្រទេសអូស្ត្រាលី(Austrlia) ត្រឡប់ទៅប្រទេសកម្ពុជាវិញហើយ តាមការសន្យារបស់លោក នៅថ្ងៃទី៣ ខែកក្កដា ដោយមិនបារម្ភចំពោះបណ្តឹងរបស់គណបក្សកាន់អំណាច និងគ.ជ.បនោះទេ។នេះបើតាមប្រភពផ្លូវការដែលបានប្រាប់វិទ្យុអាស៊ីសេរី។
មេធាវីការពារក្តីឲ្យលោក សុន ឆ័យ គឺលោក ជូង ជូងី ឲ្យដឹងថា លោកបានទទួលដំណឹងពីកូនក្តីថា គាត់នឹងវិលចូលកម្ពុជានៅថ្ងៃទី៣ ខែកក្កដា។ មេធាវីការពារក្តីរូបនេះ មិនបង្ហាញពីការព្រួយបារម្ភរឿងអាជ្ញាធរអាចចាប់ខ្លួនលោក សុន ឆ័យ នោះទេ ។ ប៉ុន្តែលោកបញ្ជាក់ថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីជួប និងផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់កូនក្តី ព្រមទាំងត្រៀមខ្លួនចូលទៅឆ្លើយបំភ្លឺនៅតុលាការ ដើម្បីតតាំងការពារសិទ្ធិរបស់គាត់ទៅតាមផ្លូវច្បាប់៖ «អ្វីដែលឯកឧត្តម សុន ឆ័យ ផ្តល់ការសម្ភាសន៍ដល់ខេមបូឌាដេលី (Cambodia daily)ពាក់ព័ន្ធនឹងការបោះឆ្នោត វាជាការជជែកពាក់ព័ន្ធ រឿងនយោបាយ ហើយការធ្វើនយោបាយក្នុងការជជែក គឺអ្នកនយោបាយ តែងតែលែងវោហាស័ព្ទ ដូច្នេះជៀសមិនផុតពីការប៉ះគ្នាទៅវិញទៅមកផ្នែកនយោបាយទេ។ ដូច្នេះ រឿងនយោបាយត្រូវដោះស្រាយតាមបែបនយោបាយ ហើយតុលាការវិនិច្ឆ័យរឿងនយោបាយគឺតុលាការប្រជាជនកម្ពុជា១៧លាននាក់ទូទាំងប្រទេសតាមរយៈ សន្លឹកឆ្នោត។អីចឹងទុកឲ្យតុលាការប្រជាជន១៧លាននាក់ វិនិច្ឆ័យតាមសន្លឹកឆ្នោត ទើបជាការត្រឹមត្រូវ។ការយកតុលាការព្រហ្មទណ្ឌ យកមកដោះស្រាយ យកមក ចោទប្រកាន់ចំពោះភាគីម្ខាងដែលអត់មានអំណាច គឺអាហ្នឹងមិនមែនជាជម្រើសដែល ថ្លៃថ្នូរ ឬក៏យុត្តិធម៌ត្រឹមត្រូវដែលមានតម្លៃថ្នាក់អន្តរជាតិនោះទេ»។
លោក សុន ឆ័យ ដែលកំពុងរងបណ្តឹងចំនួនពីរពីគណបក្សកាន់អំណាច និងស្ថាប័នរៀបចំការបោះឆ្នោតដោយសាររិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់នោះ ធ្លាប់បានប្រកាសថា លោក នឹងវិលចូលកម្ពុជាវិញ នៅដើមខែកក្កដា ដើម្បីទៅប្រឈមមុខនឹងតុលាការ។
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា បានប្ដឹងលោក សុន ឆ័យ ទៅកាន់តុលាការក្រុងភ្នំពេញថា ការរិះគន់របស់លោករឿងបោះឆ្នោត ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងទាមទារជំងឺចិត្តចំនួន ១លានដុល្លា ហើយតម្រូវឲ្យលោកសុំទោសជាសាធារណៈ។ប៉ុន្មានថ្ងៃក្រោយមក គ.ជ.ប ក៏បានប្ដឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈដែរ។មន្ត្រីជាន់ខ្ពស់គ.ជ.ប ពីររូបគឺលោក ឌឹម សុវណ្ណារុំ និងលោក សោម សូរីដា ដែលជាមន្ត្រីស្និទ្ធនឹងបក្សកាន់អំណាច លើកឡើងក្នុងពាក្យបណ្ដឹងរបស់ខ្លួន ចុះកាលពីថ្ងៃទី១៧ ខែមិថុនាថា ការថ្លែងរបស់លោក សុន ឆ័យ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថាប័នជាតិមួយនេះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបផ្ទាល់ពីលោក សុន ឆ័យ បាននៅឡើយទេ នៅល្ងាចថ្ងៃទី៣ ខែកក្កដា។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ស្វាគមន៍ការវិលត្រឡប់របស់លោក សុន ឆ័យ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា គ្មានការចរចានយោបាយនោះទេ ព្រោះសំណុំរឿងស្ថិតក្នុងដៃតុលាការរួចហើយ៖ «ទេ..អាហ្នឹងតែរឿងធ្លាក់ដល់ដៃតុលាការហើយ មានតែសាមីខ្លួនចូលខ្លួន ដើម្បីដោះស្រាយជាមួយតុលាការ។ គេទៅដល់ភ្លាម គេមែនចាប់ទេ គេសួរ។ គេ (តុលាការ) សួរទៅហើយយើងបង្ហាញហេតុផលទៅ»។
ភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥កន្លងទៅនេះ មិនមែនតែលោក សុន ឆ័យ នោះទេ ដែលចេញមុខរិះគន់នោះ។ ក្រុមអង្គការសង្គមស៊ីវិលឯករាជ្យនិងគណបក្សនយោបាយមួយចំនួនទៀតក៏រិះគន់ថា ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកនេះ មានស្ថានភាពអាក្រក់ជាងអាណត្តិមុនៗ ព្រោះគ្មានបរិយាកាសប្រកួតប្រជែងស្មើភាព មានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលលរដ្ឋមិនឲ្យចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិ ខណៈស្ថាប័នបោះឆ្នោតមិនទាន់ឯករាជ្យ។
ប្រធានគណៈកម្មាធិការអព្យាក្រិត្យនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា ការប្រកាន់ជំហររបស់លោក សុន ឆ័យ ក្នុងការចូលបំភ្លឺក្នុងតុលាការ គឺជារឿងល្អដើម្បីបកស្រាយឲ្យបានច្បាស់លាស់។ លោកយល់ថា បណ្តឹងប្រឆាំងលោក សុន ឆ័យនេះ បក្សកាន់អំណាច ទំនងជាគ្រាន់តែចង់គំរាមបំបាក់ស្មារតីអ្នកនយោបាយប្រឆាំងដែលមានប្រជាប្រិយភាពរូបនេះ ដោយមិនអាចឈានដល់ការចាប់ខ្លួននោះទេ។ លោកសង្ឃឹមថា ក្នុងសំណុំរឿងនយោបាយបែបនេះ អ្នកនយោបាយគ្រប់ភាគី និង គ.ជ.ប នឹងជជែកគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាការ៖ «រឿងបោះឆ្នោតរឿងអីនេះ គ.ជ.ប ក៏ដោយ គណបក្សណាក៏ដោយ យើងហៅទៅជួបផ្ទាល់មាត់ទៅ ជួបទល់មុខគ្នាដោះស្រាយគ្នាទៅ។ និយាយឲ្យដឹងលក្ខណៈជាក់ស្តែងយ៉ាងម៉េចៗ យើងដោះស្រាយទល់មុខវិញ ដោយមិនចាំបាច់ ឆ្លងកាត់ប្រព័ន្ធតុលាការទេ»។
គណបក្សប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកថា ការដែលរដ្ឋាភិបាលបន្តបង្ក្រាបកាន់តែខ្លាំងមកលើគណបក្សភ្លើងទៀនជាបន្តបន្ទាប់នេះ ដោយសារតែលោក ហ៊ុន សែន ព្រួយបារម្ភអំពីប្រជាប្រិយភាពរបស់គណបក្សភ្លើងទៀន ដែលជាឆ្អឹងទទឹងករបស់គណបក្សកាន់អំណាច។ ទោះជាយ៉ាងណា ពួកគាត់យល់ថា ប្រសិនបើរដ្ឋាភិបាល នៅតែបន្តបង្ក្រាបបែបនេះ កម្ពុជានឹងទទួលរងទណ្ឌកម្ម ឬសម្ពាធបន្ថែមពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។