ស្ត្រីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញតាមការកោះហៅនៅព្រឹកថ្ងៃទី២១ កញ្ញាពាក់ព័ន្ធនឹងរឿងដែលលោកស្រីបានប្ដឹងកងសន្តិសុខខណ្ឌ ៧មករា ប្រើហិង្សាបណ្ដាលឱ្យរបួសធ្ងន់ក្នុងពេលលោកស្រីចូលរួមតវ៉ាជាមួយក្រុមប្រពន្ធកូនរបស់សមាជិកបក្សប្រឆាំង ដើម្បីទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងនោះឡើវិញកាលពីថ្មីៗ នេះ។
ការចូលរួមបំភ្លឺនេះមានក្រុមស្ត្រីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំនួន៨នាក់បានចូលរួមផ្ដល់កម្លាំងចិត្តនៅមុខសាលាដំបូងរាជធានីភ្នំពេញ ។
ជនរងគ្រោះដែលកងសន្តិសុខខណ្ឌ ៧ មករា បង្ក្រាបដោយហិង្សាលោកស្រីសាត ផា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២១ កញ្ញាថា លោកស្រីហាក់គ្មានជំនឿលើស្ថាប័នតុលាការអាចជួយរកយុត្តិធម៌ជូនលោកស្រីបានទេ ក៏ប៉ុន្តែដើម្បីឱ្យអស់ចិត្តលោកស្រីសម្រេចចិត្តប្ដឹងឱ្យតុលាការចាត់វិធានការលើជនប្រព្រឹត្តតាមច្បាប់។ លោកស្រីបន្តថា លោកស្រីឈឺចាប់យ៉ាងខ្លាំង ដែលកងសន្តិសុខខណ្ឌ ៧មករា បានប្រើហិង្សាលើលោកស្រីបណ្ដាលឱ្យលោកស្រីរបួសធ្ងន់ កាលពីថ្ងៃទី៣១កក្កដាកន្លងទៅ ខណៈលោកស្រី គ្រាន់តែចូលរួមតវ៉ាដោយអហិង្សាទាមទារឲ្យ ដោះលែងសកម្មជនបក្សប្រឆាំង ១៦នាក់ ឲ្យមានសេរីភាពឡើងវិញ៖ «ហើយគាត់ក៏បានសួរខ្ញុំថា នៅពេលគេចាប់ហ្នឹងគេបានហាមឃាត់ខ្ញុំមិនឱ្យស្រែកហេតុអីក៏នាំគ្នាស្រែក។ខ្ញុំថាខ្ញុំតវ៉ាទាមទារឱ្យដោះលែងអ្នកទោសមនសិការព្រោះពួកគាត់អត់មានកំហុសអីទេ។ហើយគាត់សួរខ្ញុំមួយទៀតគាត់ថា ពួកខ្ញុំធ្វើហ្នឹងមានអ្នកណាដឹកនាំធ្វើខ្ញុំថាពួកខ្ញុំអត់មានអ្នកដឹកនាំធ្វើទេប្រជាពលរដ្ឋធ្វើរៀងៗខ្លួនគាត់ចង់ចោទខ្ញុំថាពួកខ្ញុំហ្នឹងបង្កើតជាសហគមន៍មួយទាមទារឱ្យដោះលែងអ្នកទោសអីចឹងពួកខ្ញុំសូមបដិសេធ » ។
លោកស្រីសាត ផាឱ្យដឹងថា តុលាការហាក់មិនបានយកចិត្តទុកដាក់រឿងដែលលោកស្រីប្ដឹងឱ្យចាត់វិធានការលើកងសន្តិសុខ ដែលបានប្រើហិង្សាមកលើលោកស្រីនោះទេពីព្រោះព្រះរាជអាជ្ញារងអមសាលាដំបូងភ្នំពេញលោក ស៊ុត វណ្ណៈ បានព្យាយាមសួរលោកស្រីម្ដងហើយម្ដងទៀតថាតើអ្នកណាជាមេក្លោងដឹកនាំក្រុមស្ត្រីតវ៉ា និងការធ្វើបាតុកម្មកន្លងមកមានសុំច្បាប់ពីអាជ្ញាធរឬអត់ទៅវិញ។
ការចូលបំភ្លឺនេះបន្ទាប់ពីលោកស្រីបានប្ដឹងទៅតុលាការឱ្យរកយុត្តិធម៌កាលពីថ្ងៃទី៥សីហាហើយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក ស៊ុត វណ្ណៈបានកោះហៅលោកស្រីសាត ផា សាកសួរអំពីដំណើរនេះជាលើកដំបូងនៅព្រឹកថ្ងៃទី២១ កញ្ញា។
អាស៊ីសេរីមិនទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២១កញ្ញាដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណាប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោកនី សុខាមានប្រសាសន៍ថាអាជ្ញាធរប្រើហិង្សាលើប្រជាពលរដ្ឋដែលតវ៉ាទាមទាររកយុត្តិធម៌សង្គមជាទង្វើខុសច្បាប់។លោកបញ្ជាក់ថាតុលាការគួរតែចាត់វិធានការលើរឿងនេះដោយភាពសុក្រឹតនិងយុត្តិធម៌ទាំងសង្ខាងដើម្បីកុំប្រជាពលរដ្ឋរិះគន់តុលាការអនុវត្តច្បាប់ស្ដង់ដារ ២៖ «យើងដឹងថាបើសម្រាប់មហាជនវិញជាទូទៅគេមើលឃើញអំពីរូបភាពទាំងអស់ហ្នឹងហើយសម្រាប់មហាជននោះ។អីចឹងតុលាការលោកគួរពិចារណាក្នុងការធ្វើម៉េចឱ្យមានផ្ដល់យុត្តិធម៌ឱ្យបានត្រឹមត្រូវដែរជៀសវាងឱ្យមហាជនមានការទិតៀនមហាជនមានយល់ច្រឡំអំពីបញ្ហាហ្នឹងដើម្បីឱ្យមហាជនមានជំនឿទុកចិត្តលើប្រពន្ធតុលាការតុលាការលោកត្រូវតែពិចារណានិងធ្វើយ៉ាងណាឱ្យបង្ហាញពីភាពឯករាជរបស់ខ្លួននៅក្នុងការដោះស្រាយនៅរឿងក្ដីហ្នឹង » ។
កាលពីថ្ងៃទី៣១កក្កដាកន្លងទៅមានប្រពន្ធ និងកូនព្រមទាំងអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ ៣០នាក់ តវ៉ានៅមុខតុលាការក្រុងភ្នំពេញទាមទារឱ្យដោះលែងសកម្មជនគណបក្សចំនួន១៦នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃសឱ្យមានសេរីភាពវិញ។ តុលាការបានចោទប្រកាន់អ្នកទាំង ១៦នាក់ពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់បង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមនិងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។
ការបង្ក្រាបដោយហិង្សានេះត្រូវបានកងសន្តិសុខខណ្ឌ ៧មករា ចាប់ខ្លួនលោកស្រី សាត ផា រុញបញ្ចូលក្នុងរថយន្តទាំងកម្រោលដឹកយកទៅនៅសាលាខណ្ឌហើយបង្ខំឲ្យធ្វើកិច្ចសន្យាឈប់ចូលរួម ហើយដោះលែងវិញនៅព្រឹកថ្ងៃដដែលបណ្ដាលឱ្យលោកស្រីរបួសជើងខាងឆ្វេងធ្ងន់ធ្ងរហើយរហូតមកទល់ថ្ងៃទី២១កញ្ញាមិនទាន់បានធូរស្រាលនៅឡើយទេ។លោកស្រីសាត ផា ឱ្យដឹងថា បើទោះពីជាលោកស្រីរបួសធ្ងន់យ៉ាងនេះក្ដីក៏លោកស្រីនៅតែប្រកាន់ជំហរចូលរួមសម្ដែងមតិស្វែងរកយុត្តិធម៌ដល់ជនជាប់ឃុំទាំងនោះនៅពេលខាងមុខដោយមិនមានការរាថយឡើយ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៦ ខែសីហាថា ករណីក្រុមប៉ូលិស និងក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ចាប់អូសស្ត្រីអ្នកតវ៉ាតាមដងផ្លូវ និងចាប់រុញលោកស្រី សាត ផា ចូលក្នុងឡាន គឺកំពុងបង្កើនការព្រួយបារម្ភជាសកលចំពោះការរំលោភបំពានរបស់ប៉ូលិសនៅក្នុងប្រទេសកម្ពុជា។ លោក ហ្វីល រ៉ូបឺតសុន ទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈប់ទង្វើហិង្សាប្រឆាំងក្រុមអ្នកតវ៉ាដោយសន្តិវិធីជាបន្ទាន់ និងត្រូវគោរពសិទ្ធិសេរីភាព បញ្ចេញមតិនិងការជួបជុំរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។